សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក កឹម សុខា បដិសេធថាលោក​មិន​​​ជាប់​ពាក់​ព័ន្ធ​បដិវត្តន៍​ពណ៌

សាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
សាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នៅក្នុងសវនាការលើកទីប្រាំមួយលើបណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃព្រហស្បតិ៍ លោក កឹម សុខា អតីត​មេដឹកនាំគណបក្សប្រឆាំង បានបដិសេធថា មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​បាតុ​កម្មទេ​​ អំឡុងពេល​មាន​យុទ្ធនាការ​​មួយ​ដែល​​គេហៅថា ថ្ងៃចន្ទពណ៌ខ្មៅ ដែលរៀប​​ចំដោ​យសកម្មជនសិទ្ធិមនុស្ស ដោយលោកបានអះអាងបន្ថែមទៀតថា ការចោទ​​ប្រកាន់លោក​ពីបទក្បត់ជាតិមិនមានពាក់ព័ន្ធនឹងបាតុកម្មនោះទេ។

 លោក​ស្រី ម៉េង សុភារី មេធាវី​របស់​លោក កឹម សុខា ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​​សវនាការ​ថា សំណួរ​​ផ្តោត​​ជុំវិញ​បដិវត្តន៍​ពណ៌​​ទាក់ទង​នឹង​បាតុកម្ម អំឡុង​ពេលនោះ​គេ​​​​ឃើញ​ប្រជាពលរដ្ឋ​លើក​កណ្តាប់ដៃ និង​កាន់​ផ្កាឈូក។ 

លោកស្រី ម៉េង សុភារី បាន​មាន​ប្រសាសន៍​ថា៖ «កូន​ក្តី​ខ្ញុំ​​បានបញ្ជាក់ហើយ​ថា វា [បាតុកម្ម] មិន​ទាក់​ទង​នឹង​គាត់​ទេ។ យើងសង្កេតឃើញថា ភស្តុតាងវា​មិនគ្រប់គ្រាន់ ដើម្បីបង្ហាញថា​ កូនក្តីរបស់យើងបានប្រព្រឹត្តបទល្មើសនោះទេ​។ ភ័ស្តុតាង​នៃ​បាតុកម្មដែល​បាន​បង្ហាញ​មនុស្ស​កាន់​ផ្កាឈូក​នោះ មិន​ពាក់ព័ន្ធ​នឹង​គាត់​ទេ»​ ។ 

លោក​ស្រី​បាន​បន្ថែម​ថា លោក កឹម សុខា បាន​ប្រាប់​តុលាការ​ថា លោក​មិន​បាន​បញ្ជា​ឲ្យ​ធ្វើ​​បាតុកម្មទាំង​​នោះ​ទេ ហើយ​ស្នើសុំ​​​ទុក​ឲ្យ​​អ្នកដែល​​រៀប​ចំ​បាតុកម្មទាំងនោះ​ឆ្លើយ​​ជំ​នួស​​វិញ។ យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបានចាប់ផ្តើមនៅឆ្នាំ២០១៦ ដើម្បីទាមទារឱ្យរដ្ឋាភិបាល​ដោះលែងបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុកចំនួន៤នាក់ និងមន្ត្រី​គណៈកម្មាធិការជាតិ​​រៀបចំការបោះឆ្នោតម្នាក់ ដែលតាមចោទថា ត្រូវបានចាប់ខ្លួន​​ពីបទសូកប៉ាន់នារីវ័យក្មេងម្នាក់ពាក់ព័ន្ធនឹង​រឿងអាស្រូវផ្លូវភេទដែល​​ពាក់ព័ន្ធនឹងលោក កឹម សុខា។

លោក កឹម សុខា ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល​២៧ឆ្នាំពីបទ​ក្បត់ជាតិកាលពីខែមីនា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៧ ដែលតាម​ចោទ​ពី​បទសមគំនិតជាមួយសហរដ្ឋអាមេរិកធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល​។ ពីរខែក្រោយមក តុលាការកំពូលបានរំលាយគណបក្សរបស់លោក​ គឺគណបក្សសង្គ្រោះជាតិ។ 

ក្រៅ​ពីការកាត់​ទោ​ស​ឲ្យ​ជាប់​ពន្ធនាគារ សាលាដំបូងរាជធានីភ្នំពេញបានហាមឃា​ត់​លោក​មិន​ឲ្យ​ធ្វើ​សកម្មភាពនយោបាយអស់មួយជីវិត និងបានហាម​លោក​មិន​ឲ្យ​ទាក់ទង​ជាមួយអ្នក​ផ្សេង​ក្រៅពីសមាជិកគ្រួសារដោយគ្មានការអនុញ្ញាតពីតុលាការឡើយ​។ 

​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នានា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបាន​រិះគន់​យ៉ាង​ខ្លាំង​​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​​។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​បាន​​បង្ហោះសារ​នៅលើបណ្តាញសង្គម​ X (ពីមុន Twitter) កាលពីខែមីនាឆ្នាំមុនថា​៖ «ការកាត់របស់​លោក​ ដែលត្រូវបានធ្វើ​ឡើងតាម​ការ​ចោទ​ប្រ​កាន់​​ពី​បទ​សម​គំនិត​បែប​ប្រឌិត​នេះ គឺ​ជា​ការ​ខុស​ធ្លោយ​ក្នុង​ការ​ជម្រះ​​ក្តី​» ។

 លោក គី តិច មេធាវី​រដ្ឋាភិបាល​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​។ លោកមាន​ប្រ​សា​សន៍ថា៖ «ខ្ញុំ​មិន​អាច​ធ្វើ​បទ​សម្ភាស​ជាមួយ​បណ្តាញ​ព័ត៌មាន​បាន​ទេ ដោយ​សារ​​​ការងារខ្លះរបស់​​ជា​មេធាវី​មិន​អាច​និយាយ​ជា​សាធារណៈ​បាន​ទេ»។ 

លោក អំ សំអាត នាយកគ្រប់​គ្រង​កិច្ច​ការ​ទូទៅ​អង្គការការ​ពារ​សិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមសវនាការមានប្រសាសន៍ថា ក្រុមអង្គការ​សង្គមស៊ីវិលធ្វើការ​ងារ​​​លើបញ្ហាសិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត កត់សំគាល់ឃើញថាសំណុំរឿងដែល​ពាក់ព័ន្ធអ្នក​នយោបាយនឹងបញ្ចប់នៅពេលដែលមានដំណោះស្រាយផ្នែកនយោបាយ។

 លោកមាន​ប្រសាសន៍​ថា៖ «តាំងពីដំបូង​មក មានការចោទប្រកាន់មកលើអ្នកនយោ​​បាយ ក៏ដូចជាគណបក្សនយោបាយ។ នៅ​ពេល​ដែល​មាន​ការ​សម្រុះ​សម្រួល​នយោបាយ យើង​​ឃើញ​ថា ​ករណី​ទាំង​នោះ​អាច​ត្រូវ​បាន​ដោះស្រាយ​»​ ។

 លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍បដិសេធធ្វើអត្ថាធិប្បាយ​។

 សវនាការនឹងបន្តនៅថ្ងៃទី២៥ ខែមេសា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Ex-Opposition Leader Kem Sokha Denied Color Revolution Involvement

220 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម