សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អតីតនាយករដ្ឋមន្ត្រីក្លាយជាប្រធានព្រឹទ្ធសភាដែលមានសមាជិកសរុប​៦២​រូប រួមមានបីរូបមកពីបក្សប្រឆាំង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកព្រឹទ្ធសភាថ្មីថតនៅខាងមុខវិមានព្រឹទ្ធសភាក្នុងសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ (SHS Media)
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកព្រឹទ្ធសភាថ្មីថតនៅខាងមុខវិមានព្រឹទ្ធសភាក្នុងសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ (SHS Media)

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​បាន​ធ្វើជា​អធិបតីដ៏​ខ្ពង់​ខ្ពស់​​ក្នុង​សម័យ​ប្រជុំ​ព្រឹទ្ធសភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥​ ​នៅ​ថ្ងៃពុធ។ ​ព្រឹទ្ធសភា​មាន​​សមាជិក​ចំនួន​៦២​រូប បាន​ចូល​សច្ចាប្រណិធាន​ ក្នុង​នោះ​រួម​មាន​ទាំង​សមាជិក​បី​រូប​ពី​គណបក្ស​​ឆន្ទៈ​ខ្មែរ​ផង​ដែរ។​

អតីតលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបោះ​​ឆ្នោត​ជាប់ជា​ប្រធាន​ព្រឹទ្ធសភា លោក ​ប្រាក់ សុខុន ជាប់ជា​អនុប្រធានទី១ និង​លោក អ៊ុច បូររិទ្ធ ជា​អនុប្រធាន​ទី​២។​

ក្នុង​ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ថា ​ព្រឹទ្ធសភា​ត្រូវ​រួម​ចំណែក​ធ្វើឲ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ​ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ​ភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារ​បាននូវរដ្ឋធម្មនុញ្ញ និង​រាជានិយម​។​

ព្រះអង្គមានព្រះរាជបន្ទូល​ថា៖ «ព្រឹទ្ធសភា​ត្រូវ​ការពារ​ផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ និង​សេចក្ដីថ្លៃថ្នូរ»។ ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា៖ «ហើយ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់​យើង​ត្រូវ​បាន​អនុវត្ត​ប្របក​ដោយ​វិចារណញ្ញាណ​ ក្នុង​ស្មារតីបង្រួប​បង្រួមផ្សះផ្សាជាតិ​»

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​មាន​ព្រះរាជបន្ទូលក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ព្រឹទ្ធសភា នាថ្ងៃទី​៣ ខែមីនា ឆ្នាំ២០២៤​។ (SHS Media)

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ប្ដេជ្ញាចិត្ត​ដឹក​នាំ​អង្គនីតិប្បញ្ញត្តិ​មួយ​នេះ​ក្នុងការបំពេញ​តួនាទី និងភារកិច្ចរបស់ខ្លួនដើម្បី​ចូលរួមជាមួយរដ្ឋសភា និងរដ្ឋាភិបាល ដើម្បីបំពេញ​កាតព្វកិច្ច​​របស់​ខ្លួន​ចំពោះប្រទេសជាតិ​។

​លោក​មាន​ប្រសាសន៍​ថា៖ «​យើង​ប្ដេជ្ញាការពារ​រដ្ឋធម្មនុញ្ញ រាជានិយម ប្រជា​ធិបតេយ្យសេរី​ពហុបក្ស និង​នីតិរដ្ឋ»។​

កាលពី​ខែ​កុម្ភៈ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ទទួល​អាសនៈ​ចំនួន​៥៥​ក្នុង​ចំណោម​៥៨​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​។ ខណៈ​ដែល​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ទទួល​បី​អាសនៈ​។ សម្រាប់​ចំនួន​សមាជិក​ក្រៅ​ពី​នេះ គឺ​មាន​ពីររូប​ជ្រើស​តាំង​ដោយ​រដ្ឋសភា និង​ពីររូបទៀត​តែង​តាំង​ដោយ​អង្គ​ព្រះ​មហាក្សត្រ​។​

លោក គង់ មូនីកា សមាជិក​ព្រឹទ្ធសភា មក​ពី​គណបក្ស​ឆន្ទៈខ្មែរ មាន​ប្រសាសន៍​ថា ​ការ​ទទួល​បាន​បី​អាសនៈ​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​បែប​វិជ្ជមាន​មួយ​សម្រាប់​អង្គនីតិប្បញ្ញត្តិ​ ដែល​ពីមុន​មក​លោក​ថា​គឺ​មាន​តែ​សមាជិក​មក​ពី​គណក្ស​ប្រជា​ជន​កម្ពុជា​តែ​ប៉ុណ្ណោះ​។​

លោក​បន្ត​ថា​៖ «នេះ​គឺ​ជា​ការ​រីកពន្លក​ឡើង​វិញ​នៃ​របបប្រជា​ធិបតេយ្យ​សេរីពហុបក្ស​ និង​បើ​ទោះ​បី​ជា​ពួក​យើង​មាន​ចំនួន​តិច​ យើង​នឹង​ព្យាយាមអនុវត្តឲ្យមានប្រសិទ្ធភាពតួនាទី​ក្នុង​ព្រឹទ្ធសភា​»​

លោកបន្ថែម​ថា៖ «​ពេលនេះ​ [យើង​]មាន​គ្នា​បី​នាក់​។ យើង​គិត​ថា​នេះ​ជា​វេទិកា​សម្រាប់​យើង​ពិភាក្សា​ជាមួយ​បក្ស​កាន់​អំណាច​ទាក់​ទង​នឹង​បញ្ហាអ​យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស»។​

លោក​បន្ថែម​ថា៖ «តួនាទី​របស់​​ព្រឹទ្ធសភា ​​គឺ​ពិនិត្យ​ច្បាប់ និង​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។ ​យើង​​​នឹង​ឃ្លាំ​មើល​[ការអនុវត្ត​ច្បាប់] និង​នាំ​យក​កង្វល់​ [ប្រជាពល​រដ្ឋ​] ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ក៏ដូច​ជា​រដ្ឋាភិបាល​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ»។​

សមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ថតរូបក្នុងសម័យ​ប្រជុំលើក​ដំបូង​នៅវិមាន​ព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ (ទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ​លោក មាស នី មាន​ប្រសាសន៍​ថា ​កៅអីព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​គឺ​មាន​តិច​តួច​មិន​អាច​កែ​ប្រែ​ស្ថានការ​ ឬ​ស្ដារ​ស្ថានភាព​មិន​ល្អ​របស់​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះ​ទេ​។​

លោក​ថ្លែងថា​៖ «​យើង​បាន​ឃើញ​ពី​អតីតកាល​រួច​ហើយ​។ សមាជិក​ព្រឹទ្ធសភា [បក្ស​ប្រឆាំង] បីរូប​[នឹង​]មិនមាន​ឥទ្ធិពល​លើ​ព្រឹទ្ធសភាទេ ពី​ព្រោះ​ថា​សំឡេង​របស់​ពួក​គេ​មាន​តិច​»។​

និយាយ​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ពេល​ដែល​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវតុលាការ​កំពូល​​រំលាយ បាន​ឈ្នះ​៥៥​កៅអីនៅ​រដ្ឋសភា លោក មាស នី មាន​ប្រសាសន៍ថា សមាជិក​ព្រឹទ្ធសភា​នឹង​មិន​អាច​ធ្វើ​អ្វី​​​ជំទាស់នឹង​បក្ស​កាន់​អំណាច​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ex-PM Hun Sen Made Senate President As House Validates 62 Members, Including Three Opposition Leaders

255 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម