សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្ដី​រំពឹង​របស់​បេក្ខជនប្រឡងសញ្ញាបត្រ​បាក់ឌុប ឆ្នាំ២០២៤ និង​ចំណាប់អារម្មណ៍អាណាព្យាបាល​

នៅថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃចាប់ផ្ដើមនៃការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ឬ​បាក់ឌុប នៅ​ទូទាំងប្រទេស ហើយ​​​ការ​​​ប្រឡង​នេះមាន​រយៈ​ពេល​ពីរ​ថ្ងៃ ដែល​​នឹងត្រូវ​​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​តុលា ឆ្នាំ​២០២៤ ។

ឆ្លើយ​តប​នឹង​​សំណួរ​របស់​អ្នកយកព័ត៌មាន បេក្ខជនបេក្ខនារី​សុទ្ធ​​តែ​បង្ហាញ​នូវ​ក្ដីរំពឹងអំពី​ជោគជ័យរៀងៗ​ខ្លួន ព្រម​ទាំង​​ការ​ប្តេជ្ញាចិត្តថា​នឹង​​ខិតខំ​ដោះស្រាយ​វិញ្ញាសា​ប្រឡងឱ្យជាប់ទទួល​បាន​សញ្ញាបត្រ ដើម្បីឈានដល់ការជ្រើសរើសមុខវិជ្ជា ឬជំនាញ សម្រាប់​បន្តការ​សិក្សា​នៅសកលវិទ្យាល័យ ។

ដោយឡែក បេក្ខជនខ្លះ​ហាក់​នៅ​ស្ទាក់ស្ទើរមិន​ទាន់​ច្បាស់លាស់​ក្នុង​ចិត្ត​ថាអ្វីជា​អ្វី​នៅឡើយ ។

ចំណែក​ក្រុមអាណាព្យាបាលដែលបានមកតាម​លើកទឹកចិត្តកូន​ៗ​​របស់​ពួកគាត់ ពួក​គាត់​អះអាងថា នឹងខិតខំធ្វើអ្វី​ៗ​គ្រប់បែបយ៉ាង ដើម្បីឱ្យកូនៗបានចូល​​រៀននៅថ្នាក់ឧត្តមសិក្សាឱ្យទាល់តែបាន ។

មួយ​ថ្ងៃ​មុន​សម័យ​ប្រឡង​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បង្ហាញនូវ​​រូបភាព​ក្រុម​យុវជន​មួយ​ចំនួន ​នាំ​គ្នាថ្វាយ​ចេក​និង​អុជ​ធូប​បួងសួង​បន់ស្រន់នៅ​​ចំពោះ​បដិមានៃ​​ព្រះពុទ្ធ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត និង​ កវី ក្រម​ង៉ុយ ។ បេក្ខជនក្នុង​បញ្ជី​​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឆ្នាំ​២០២៤ មាន​ចំនួន​សរុប​ជាង ១៣​ម៉ឺន​នាក់ (១៣៧.០៤០) ហើយ​ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់​យក​​​មណ្ឌលប្រឡងចំនួន ២៣០មណ្ឌល ស្មើនឹង ៥.៦៣៦បន្ទប់ ៕

29 views