អ្នកជំនាញគុណភាពសាច់ និងប្រជាពលរដ្ឋបារម្ភពីគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតអ្នកប្រើប្រាស់ ដែលបណ្តាលពីសាច់បង្កក ខណៈសមត្ថកិច្ចរកឃើញទីតាំងស្តុកថ្មីមួយកន្លែងទៀតនៅរាជធានីភ្នំពេញ មានលាក់សាច់បង្កកខុសច្បាប់ជិត៤រយតោន។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ថ្លែងថា សាច់បង្កកបាននាំចូលច្រើន ស្តុកទុកនៅក្នុងប្រទេស ហើយជនខិលខូចនៅតែបន្តនាំចូលថែមទៀត។
លោកស្រ៊ុន ពៅ៖«បាទ! ដោយសារសាច់បង្កកដែលចូលមកមិនមែនតិចទេ រាប់ពាន់តោន រាប់ម៉ឺនតោន តាំងពី១ឆ្នាំមកហើយ យើងឃើញហើយថាសាច់បង្កកចូលមកប្រទេសកម្ពុជារាប់ម៉ឺនតោន។ អ៊ីចឹង! យើងអត់ដឹងដែរ។ ជាស្ថាប័នខាងសមាគមយើងក៏អត់ចាប់អារម្មណ៍ដល់ក្រោយៗមកទៀតមកស្រាវជ្រាវឃើញថាវាប៉ះពាល់ អាវិស័យចិញ្ចឹមសត្វទាំងអស់ប៉ះពាល់ដោយសាច់បង្កកនេះឯង។ អ៊ីចឹង! ទាំងអស់នេះ យើងមានបញ្ហាពិបាកនឹងដោះស្រាយដោយសារសាច់បង្កកវាចូលក្នុងឃ្លាំងហើយ»។
លោកបន្តថា សាច់បង្កកខូចគុណភាពដែលនៅក្រៅប្រទេសគេយកទៅកប់ចោល ហើយបែរជាលួច យកមកលក់ឱ្យពលរដ្ឋបរិភោគ នេះជាមូលហេតុធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនមានជំងឺច្រើន។
លោកស្រ៊ុន ពៅ៖«គ្រាន់តែយើងដឹងថាមនុស្សឥឡូវ ប្រជាជនយើងឥឡូវនេះល្មមៗ គឺពេទ្យរកកន្លែងដេកគ្មានទេ គ្រាន់តែពេទ្យសម្តេចទើបតែសម្ពោធហើយនៅកប់ស្រូវ ហើយដូចជាកាល់ម៉ែត ពេញអស់រកកន្លែងដេកគ្មានទេ។ អាយុទើបនឹងសែ ហាសិបឆ្នាំអីចឹងទៅ គឺចាប់ផ្តើមជំងឺដែលគ្រប់ទាំងអស់។ អាហ្នឹងក៏វាប៉ះពាល់នឹងអាសាច់បង្កកក៏ដូចជាផលិតផលដែលនាំចូលខូចគុណភាពហ្នឹងដែរ»។
សមាជិកព្រឹទ្ធសភា និងជាមហាសេដ្ឋីលើវិស័យកសិកម្មលោក ម៉ុង ឫទ្ធី ថ្លែងថា នៅឆ្នាំ២០២៣ ការនាំចូលសាច់បង្កកចូលកាន់តែច្រើនដែលប៉ះពាល់ខ្លាំងដល់សុខភាពមហាជន។ លោកបន្តថា នៅប្រទេសរីកចម្រើន សត្វងាប់ទាំងនោះគេយកទៅកប់ចោលដោយប្រុងប្រយ័ត្ន។
លោក ម៉ុង ឫទ្ធី៖ «សត្វដែលឆ្លងរោគគេត្រូវឱ្យកប់ចោលមិនត្រូវឱ្យលក់ទេ បក់នោះកប់ជម្រៅឱ្យ បាន៤ម៉ែត្រទៅទៀត លប់ដីពីលើ។ តែអភព្វ គេមិនកប់ចោលគេកាប់ដាក់ក្នុងធុងបង្កកយកមកលក់ឱ្យយើងគឺជាកំហុសឆ្គងមួយធ្ងន់ ព្រោះអីយើងមើលអត់ដឹង អ្នកហូបមើលអត់ដឹងថា អាណាមានមេរោគអាណាអត់មេរោគ។ តែខ្ញុំនៅតែសន្និដ្ឋានថា បើសិនណាជាសាច់ហ្នឹងមិនត្រូវ សត្វហ្នឹងមិនត្រូវរដ្ឋាភិបាលគេឱ្យកប់ចោលទេ គេមិនអាចយកមកលក់តម្លៃថោកអ៊ីចឹងបានទេ»។
ប្រជាពលរដ្ឋរស់នៅក្រុងសំពៅពូន ខេត្តកណ្តាល អ្នកស្រី ជី ភី ថ្លែងថា ប្រជាពលរដ្ឋនៅតំបន់អ្នកស្រី នៅតែជ្រើសរើសទិញយកសាច់បង្កកទៅបរិភោគទោះដឹងថា ប៉ះពាល់ដល់សុខភាពក៏ដោយ ព្រោះ ពួកគេក្រគឺបរិភោគឱ្យតែរស់។ អ្នកស្រីអំពាវនាវឱ្យរដ្ឋាភិបាលមានវិធានការច្បាស់លាស់ទប់ស្កាត់ការនាំចូល សាច់បង្កកខូចគុណភាពទាំងនេះឱ្យបានទាន់ពេល។
អ្នកស្រី ជី ភី ឱ្យដឹងថា៖«ចាស! បារម្ភណាស់។ ចង់សំណុំពរឱ្យរដ្ឋាភិបាលហ្នឹងគាត់ល្មមបិទហើយសាច់បង្កកសាច់អីហ្នឹង កុំឱ្យចូលខូចសុខភាពប្រជាពលរដ្ឋអស់ហើយ។ ខ្មែរតែអត់លុយស្អីក៏ហូបដែរ តែបើយើងកុំយកចូលមក វាមិនប៉ះពាល់ទេ ប៉ុន្តែយើងនៅតែឱ្យចូលមកនៅតែប៉ះពាល់ហ្នឹង។ ចង់ថាឃាត់ម៉េចក៏នៅតែទិញដែរ អ្នកអត់លុយហូបសិនហើយ ឱ្យតែរស់មួយគ្រាៗសិន [បន្តែ]បើកុំយកចូលមកម៉ងវាអត់អី ចេះតែទិញនេះបន្តិចបន្តួចហូបទៅ»។
ចំណែកពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញ លោក លឹម ប៊ុងគា ថ្លែងថា លោកពិតជា មានការព្រួយបារម្ភខ្លាំង ខ្លាចប៉ះពាល់សុខភាពខ្លួនឯង និងសមាជិកគ្រួសារ បណ្តាលពីបញ្ហាអាហារ មានសារធាតុគីមី ពិសេសសាច់បង្កកដែលកំពុងចែកចាយស្ទើរគ្រប់កន្លែងនេះ។ លោក លឹម ប៊ុងគា បន្តថា លោកបានតាមដានវិធានការរបស់រដ្ឋាភិបាលដែលប្រកាសកន្លងទៅបន្តបន្ទាប់ តែការទប់ស្កាត់សាច់បង្កកទាំងនេះមិនមានប្រសិទ្ធិភាពទេ។
លោក លឹម ប៊ុងគា៖«ខ្ញុំនិយាយទៅវាពាក់ព័ន្ធនឹងអាអំពើពុករលួយហ្នឹងម៉ង ដែលធ្វើឱ្យអាចំណាត់ការទាំងឡាយដែលរដ្ឋាភិបាលដាក់ចេញ ឬក៏ក្រសួង ឬក៏មន្ទីរណាដាក់ចេញទៅហ្នឹងវាអត់មានប្រសិទ្ធភាព គឺទាក់ទងនឹងរឿងហ្នឹងខ្លាំង។ អ៊ីចឹងបើខ្ញុំគិតថា យើងតែងតែហើយឱ្យគាត់[រដ្ឋាភិបាល]មានយន្តការឱ្យច្បាស់លាស់ ទៅលើសុខភាពប្រជាជន ហើយយើងចង់ឱ្យពួកគាត់គិតគូរពីអនាគតប្រជាជនយើងទាំងអស់គ្នា»។
សាច់បង្កកកំពុងចរាចរណ៍លក់ទូទាំងប្រទេស រួមទាំងផ្សារទំនើប និងតាមផ្សារ ប្រពៃណីរបស់អ្នកភូមិ។ អ្នកជំនាញសាច់ឱ្យដឹងថា ពលរដ្ឋមួយចំនួនមិនស្គាល់សាច់បង្កកទេ ខណៈមួយចំនួនទៀតស្គាល់តែនៅតែទិញយកទៅបរិភោគព្រោះវាមានតម្លៃថោក។
អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»នៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន ពន្យល់ថា សាច់បង្កកមិនមែនសុទ្ធតែប៉ះពាល់ដល់សុខភាពទេ។ លោកបន្តថា សាច់បង្កកដែលដាក់ថ្នាំ និងរក្សាទុកត្រូវតាមបទដ្ឋានស្តង់ដារអាចទុកបានច្រើន ខែហើយមិនប៉ះពាល់ដល់សុខភាពទេ។
លោក ផាន អូន លើកឡើងថា៖«សាច់ស៊ីសងសីតុណ្ហភាពរបស់វា ជាទូទៅយ៉ាងតិចក៏បាន៦ខែដែរ សីតុណ្ហភាពវា រក្សាទុកបាន(Store)។ អាហ្នឹងទាល់តែខ្ញុំសួរជំនាញទៀត ពីព្រោះបើយើងរក្សាទុក(Store)ដោយត្រឹមត្រូវអាហ្នឹងបានយូរ បើយើង ការដឹកជញ្ជូនយើងប្រើឧបករណ៍ណាមួយ ឡានណាមួយមិនប្រើសីតុណ្ហភាពគេអនុញ្ញាតអាហ្នឹងវាប្រែប្រួលវាឆាប់ខូច»។
អ្នកធ្វើការលើការចិញ្ចឹមសត្វលើកឡើងការនាំចូលសាច់បង្កកចូលមិនស្របច្បាប់មានចំនួនច្រើនជាមូលហេតុធ្វើឱ្យពួកគេអាចលក់ថោកជាងសាច់កសិករចិញ្ចឹមនៅក្នុងស្រុក ដែលសាច់នាំចូលមួយ ចំនួនជាសាច់សត្វឈឺ និងសាច់ខូចគុណភាពដោយសារទុកដាក់មិនត្រឹមត្រូវ។
កាលពីថ្ងៃទី៤ ខែធ្នូ សមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងស្តុកសាច់បង្កកខុសច្បាប់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ដែលមានសាច់ជិត៤០ម៉ឺនគីឡូក្រាមស្មើនឹងជិត៤០០តោន (៣៧៧ ៨៧០គីឡូក្រាម)។ សមត្ថកិច្ចជំនាញពីស្ថាប័នពាក់ព័ន្ធកំពុងយកសាច់ទាំងនោះទៅពិនិត្យ។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៦ខែធ្នូ។
របាយការណ៍អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មគឺរយៈពេល១១ខែ បានដកហូតសារធាតុគីមីម្សៅស Sodium Hydrosulfite ចំនួន៨៥គីឡូក្រាម និងសាជូរ ចំនួន២៨បាវ ស្មើនឹង៨៣០គីឡូក្រាម ដែលអាជីវករយកទៅប្រើប្រាស់លើបន្លែស្រស់។ ក្នុងរយៈពេលដដែលស្ថាប័ននេះក៏បានចុះពិនិត្យ តាមទីតាំងស្តុក ចែកចាយ និងដឹកជញ្ជូន ហើយរឹបអូសបានសាច់បង្កកចម្រុះដែលមានសារធាតុគីមី និងមេរោគ បានជាង ១៩តោន (១៩តោន និង៩៩៥គីឡូក្រាម)។
អ្នកជំនាញចិញ្ចឹមសត្វ និងគុណភាពសាច់ទាំងនេះឱ្យដឹងទៀតថា សាច់បង្កកនាំចូល អាចមានប្រើប្រាស់សារធាតុគីមីផ្សេងៗរួមទាំងសារធាតុបូរ៉ាក់ (Borax) ដើម្បីរក្សាទុកបានយូរ។
តាមគេហទំព័រហេឡូគ្រូពេទ្យ សារធាតុបូរ៉ាក់គឺជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ អ្នកជំនាញមិនឱ្យប្រើសារធាតុនេះលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅនៃអគ្គនាយកដ្ឋានកាំកុងត្រូលលោក ខួន សាវុទ្ធ មានប្រសាសន៍ថា មន្ត្រីបានត្រួតពិនិត្យ និងទប់ស្កាត់ជាប្រចាំរាល់ផលិតផល នៅលើទីផ្សារនានានៅទូទាំងប្រទេស ជាពិសេសផលិតផលម្ហូបអាហារ ។ លោក ខួន សាវុទ្ធ បានបញ្ជាក់ថា សាច់ និងម្ហូបអាហារផ្សេងទៀតដែលរឹបអូសបាន គឺប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។
លោក ខួន សាវុទ្ធ បន្ថែមថា៖ «ផលិតផលខាងលើ ជាផលិតផលដែលមានប្រភពនាំចូលមកពីបរទេស និង ផលិតផលមួយចំនួនត្រូវបានផលិត និងកែច្នៃនៅក្នុងស្រុក។ ផលិតផលទាំងអស់នេះ អាចប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដូចជាអាចបង្កជំងឺថ្លើម មហារីក ក្រពះ ឬជំងឺផ្សេងទៀត»។
របាយការណ៍ក្រសួងកសិកម្មនៅចុងឆ្នាំ២០២២បង្ហាញថា កម្ពុជានាំចូលបន្លែជាង២ពាន់៥រយតោនក្នុងថ្ងៃស្នើនឹងប្រមាណ១លានតោនក្នុងឆ្នាំ ចំណែកសាច់នាំចូលប្រមាណ១ពាន់តោនក្នុង១ថ្ងៃស្មើនឹងជាង៣០ម៉ឺនតោនក្នុង១ឆ្នាំ។ បន្លែត្រីសាច់ទាំងនេះនាំចូលច្រើនជាងគេពីប្រទេសវៀតណាម ថៃ និងប្រទេសចិន។
ការនាំចូលបន្លែត្រីសាច់ច្រើនលើសលប់នេះ ក្រៅពីធ្វើឱ្យខាតបង់ចំណូលកសិករ និងចំណូល ជាតិនោះ វាក៏កំពុងធ្វើឱ្យមានការបារម្ភពីបញ្ហាគុណភាពដែលអាចប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ព្រោះការនាំចូលមួយចំនួនធ្វើឡើងដោយខុសច្បាប់មិនមានការត្រួតពិនិត្យត្រឹមត្រូវទេ។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រកឃើញថា កសិករចិញ្ចឹមជ្រូកប្រមាណ៨០ទៅ៩០ភាគរយ បានបោះបង់ការចិញ្ចឹម ចំណែកកសិករចិញ្ចឹមគោ មាន់ និងទា បោះបង់ការចិញ្ចឹមស្ទើរទាំងស្រុង។
អ្នកឯកទេសចិញ្ចឹមសត្វកម្ពុជា លោក រស់ ឆាំងគី មានប្រសាសន៍ថា តម្លៃជ្រូករបស់កសិករលក់ចេញនៅពេលនេះ កន្លែងខ្លះបាន៧ពាន់រៀលក្នុង១គីឡូ កន្លែងខ្លះទៀតទាបជាង តម្លៃនេះ ធ្វើឱ្យកសិករ ក៏ដូចជាក្រុមហ៊ុនចិញ្ចឹមជ្រូកខាតបង់ធ្ងន់ធ្ងរ។
លោក រស់ ឆាំងគី៖ «ជាមធ្យមគឺ៧០[៧ពាន់រៀល] ប៉ុន្តែអាចមាននៅក្រោមចិតសិប ហុកប្រាំពីរ ហុកប្រាំបី អីក៏មានដែរ។ មិនចាំបាច់ដល់តម្លៃចិតសិបទេ តែតម្លៃប៉ែតហ្នឹងក៏ចង់យ៉ាប់ផង។ បើបានតម្លៃកៅសិប ទៅកៅប្រាំ[៩ពាន់រៀល ទៅ៩ពាន់ប្រាំរយរៀល] អាហ្នឹងវារាងគ្រាន់ តែវាមិនមានចំណេញអីច្រើនចឹងហាណា៎ ព្រោះតម្លៃដែលអាចចំណេញបានគឺ កៅប្រាំទៅ១ម៉ឺន អាហ្នឹងល្អ»។
មាត្រា១១២ នៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ចែងថា ត្រូវរងពិន័យអន្តរការណ៍ ជាប្រាក់៧លានរៀល ចំពោះបុគ្គលណាដែលធ្វើពាណិជ្ជកម្ម និងអាជីវកម្មសត្វ ប្រព្រឹត្តអំពើ បោះបង់ចោល លែងចោល ពិឃាតយកសាច់ធ្វើជាអាហារ ដើម្បីយកផលិតផលធ្វើជាអាហារ លក់ដូរ កែច្នៃ ឬចែកចាយដល់សាធារណជន ឬធ្វើចរាចរណ៍សត្វ ឬផលិតផលសត្វដែលមានជំងឺ ឬសង្ស័យថា ឆ្លងជំងឺវិញ្ញត្តិ និងរងពិន័យអន្តរការណ៍ដូចគ្នាដែរ ចំពោះការលក់ដុំ ឬលក់រាយនូវសាច់សត្វ ឬផលិតផលសត្វដែលផ្ទុកសំណល់សារធាតុគីមីលើសកម្រិតបមាណីយ។
មាត្រា១១៥ នៃច្បាប់ដដែលនេះក៏បានចែងផងដែរថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាប់ចំនួន១០លានរៀលទៅ៥០លានរៀល ចំពោះបុគ្គលណាដែលប្រព្រឹត្តអំពើ នាំចូលដោយចេតនានូវសត្វ ឬផលិតផលសត្វ ដែលដែលមានជំងឺឆ្លង ឬផ្ទុកមេរោគបង្កជំងឺ ខូចគុណភាព ឬបង្កគ្រោះថ្នាក់ដល់សុខភាព មនុស្ស សត្វ មកក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម លោក តាន់ ផាន់ណារ៉ា មិនបកស្រាយជុំវិញបញ្ហាគុណភាពសាច់ និងការលួចនាំចូល សាច់ខុសច្បាប់ទេ ដោយលោកឱ្យសួរទៅអ្នកនាំពាក្យ។
អ្នកព័ត៌មានខេមបូចា ព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម ទទួលបន្ទុកផ្នែកជលផល និងផលិតកម្មសត្វ កញ្ញា អ៊ឹម រចនា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ប៉ុន្តែមិនមានការឆ្លើយតប។
នៅក្នុងកម្មវិធីនយោបាយអាទិភាពទាំង៦នៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ក៏បានចែងពីការយកចិត្តទុកដាក់ដោះស្រាយបញ្ហា ទាំងនេះដែរ គឺកម្មវិធីទី១និយាយពីការថែទាំសុខភាពពលរដ្ឋ ចំណែកកម្មវិធីទី៥ និងទី៦ និយាយអំពី ការពង្រឹងគុណភាពកសិកម្មនៅក្នុងប្រទេសដើម្បីលើកស្ទួយជីវភាពកសិករ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ឱ្យដឹងថា សមាគមលោកក៏បាន ដាក់សំណើទៅនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យកែប្រែច្បាប់ និងគោលការណ៍ មួយចំនួន ពង្រឹងការនាំចូលសាច់ខុសច្បាប់ និងបិទមិនឱ្យនាំចូលផលិតកសិកម្មដែលកសិករខ្មែរអាចផលិតបានដើម្បីពង្រឹងសុខភាព និងជីវភាពកសិករ៕






