សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំនាញបញ្ជាក់ថាគួរតែបង្កើនអ្នកជំនាញសង្គ្រោះបឋម ខណៈរថយន្តសង្គ្រោះបន្ទាន់តែងតែយឺតយ៉ាវ

សកម្មភាពហាត់សមក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនៅចុងឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុក កាកបាទក្រហមកម្ពុជា
សកម្មភាពហាត់សមក្នុងវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនៅចុងឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុក កាកបាទក្រហមកម្ពុជា

ជាអ្នកធ្លាប់មានបទពិសោធន៍ជួយសង្គ្រោះបឋមដល់ជនរងគ្រោះនៅពេលជួបគ្រោះថ្នាក់នៅលើដងផ្លូវ អ្នកនាង ប៉ាត់ ស្រីមុំ ជាមគ្គុទេស្ទក៏ទេសចរណ៍បានរៀបរាប់ថា នៅក្នុងឆ្នាំ២០១៨ អ្នកនាង​ជួបករណីភ្ញៀវរបស់អ្នកនាងពេលកំពុងជិះកង់នៅកោះដាច់ ខេត្តកណ្តាល បានដួល​សន្លប់​ដោយសាររោគប្រចាំកាយ។ ពេលនោះអ្នកនាងបានទាក់ទង​ទៅឡានសង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញដោយមានការឱ្យយោបល់ពីក្រុមហ៊ុន ប៉ុន្តែខាងមន្ទីរពេទ្យបានប្រើរយៈពេលយូរក្នុង​ការសួរនាំទើបរថយន្តសង្គ្រោះបន្ទាន់មកដល់ទីកន្លែងកើតហេតុដែលត្រូវចំណាយពេលជាង​មួយម៉ោងកន្លះ។

ដោយធ្លាប់ទទួលបានការបណ្តុះបណ្តាលវិធីសង្គ្រោះបឋម ខណៈពេលរង់ចាំនោះ អ្នកនាង​បាននិយាយលួងលោមជនរងគ្រោះកុំឱ្យ​ភ័យ និងដាក់ជនរងគ្រោះឱ្យមានដំណេកសុវត្ថិភាព ហើយយកអង្រឹងសែងជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរនោះដើម្បីជួយសង្គ្រោះ មុនឡានសង្គ្រោះបន្ទាន់មកដល់។

ករណីមួយទៀត នៅឆ្នាំ​២០២១ អ្នកនាងបានឃើញជនរងគ្រោះបុកគ្នាដោយម៉ូតូ និងម៉ូតូនៅ​ក្នុង​ស្រុកដែលអ្នកនាងរស់នៅក្នុងខេត្តកណ្តាល ធ្វើឱ្យជនរងគ្រោះរបួសជើងមានសភាពហើម ដោយសង្ស័យ​អាច​មានការបាក់ អ្នកនាងក៏ជួយ ដោយមើលឃើញថា​មិនសូវធ្ងន់ធ្ងក៏ដឹក​ជនរង​គ្រោះ​ដោយ​រ៉ឺម៉ក​កង់បីទៅមន្ទីរពេទ្យ ក្រោយទាក់ទងទៅមន្ទីរពេទ្យ​ស្រុកតែរថយន្ត​សង្គ្រោះ​បន្ទាន់​​ជាប់រវល់ទៅដឹក​អ្នកជំងឺ​ផ្សេងទៀត។

អ្នកនាង ស្រីមុំ បញ្ជាក់ថា៖​ «ពេលលើកគាត់លើកគ្នា៤នាក់ គឺយើងលើកបែប​ទម្រង់អង្គុយ​ដូចកៅអី ជើងគាត់យើងរុំឡាំងកេស យើងរុំដើម្បីកុំឱ្យជើងលៀនឆ្អឹង បើសិនវាបាក់អីវា​នៅ​ស្ថានភាពដើម វាអត់មូលរមួលកាច់ចុះកាច់ឡើង»

អ្នកនាងបន្តថា ពេលជួយជនរងគ្រោះត្រូវរកជំនួយនិងរករថយន្តសង្គ្រោះបន្ទាន់​ពី​មន្ទីរពេទ្យ​ដែលនៅជិតបំផុត និងដាក់សញ្ញាសម្គាល់កំឡុងពេលរង់ចាំ៖ «បើយើងមិនច្បាស់ពីការ​សង្គ្រោះ​​​​បឋម ឬអត់ដឹងពីស្ថានភាពអ្នកជំងឺ យើងព្យាយាមត្រូវសាកសួរអ្នកជំងឺ បើគាត់​នៅ​ដឹងខ្លួនសួរគាត់ថាត្រូវកន្លែងណា ឈឺកន្លែងណា។​ ហើយមួយទៀតបើយើង​នៅម្នាក់ឯង​អត់​មានអ្នកជួយ យើងកាត់មែកឈើសម្គាល់ធ្វើសញ្ញាបង្ហាញថាកន្លែងនេះមានគ្រោះថ្នាក់នៅ​៣០​ម៉ែត្រ​ពីយើង ដាក់សងខាង ហើយសួរអ្នកគ្រោះថ្នាក់រកលេខទាក់ទងគ្រួសារគាត់ ហើយ​ស្វែង​រកអ្នកជុំវិញយើងបើអាចធ្វើទៅបាន តែបើជំងឺណាមួយយើងអត់ច្បាស់ តើគាត់មានហូរ​ឈាម​ខាងក្នុងខាងក្រៅ ឬបាក់ឆ្អឹងយើងកុំព្យាយាមប៉ះពាល់គាត់ក៏បាន វាល្អទាំងយើង ល្អទាំង​គាត់​ដូចគ្នា»

លោក គឹម បញ្ញា ប្រធានអង្គការ​​មូលនិធិ​​​បង្ការ​របួស​​អាស៊ី​(AIPF)បានមានប្រសាសន៍ថា នៅ​តាម​តំបន់និងតាមផ្លូវជាតិផ្សេងៗដែលងាយនឹងកើតហេតុ ករណីអាជ្ញាធរដែល​មិនទាន់​ចេះ​ការ​​ជួយសង្គ្រោះបឋម ត្រូវទាក់ទងរកអ្នកដែលស្ម័គ្រចិត្តដែល​ធ្លាប់បណ្តុះបណ្តាល​ជំនាញ​សង្គ្រោះ​បឋមនៅតាមតំបន់នោះ។ លោកលើកទឹកចិត្តដល់មន្ត្រីដែលមិនទាន់បានទទួល​វគ្គ​បណ្តុះ​បណ្តាល គួរទទួលបានការសហការពីមន្ទីរសុខាភិបាល​ដើម្បីបំពេញបន្ថែមដល់មន្ត្រី​ពាក់ព័ន្ធ​គ្រាប់ជាន់ថ្នាក់តាមមូលដ្ឋាន ដើម្បីទទួលចំណេះដឹង​ និងងាយស្រួល​ជួយ​ដល់​ពលរដ្ឋ​នៅតាម​គ្រប់តំបន់នានាឱ្យបានប្រសើរ ព្រោះអ្នករងគ្រោះថ្នាក់​មាន​ច្រើនករណីផ្សេងៗគ្នា​។

លោក បញ្ញា ថ្លែងថា៖ «យើងឃើញបញ្ហាប្រឈមមួយគឺរាងចំណាយពេលវេលាយូរបន្តិច នៅក្នុងការជួយជនរងគ្រោះគាត់បានទៅពីកន្លែងកើតហតុទៅមន្ទីរពេទ្យដើម្បីផ្តល់ការសង្គ្រោះពេញលេញ អីចឹងខ្ញុំសំណូមពរថា​អាជ្ងាធរពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល​ លោកគួរ​មាន​លទ្ធភាពក្នុងការបង្កើនចំនួនរថយន្តសង្គ្រោះបន្ទាន់ដើម្បីផ្តល់សេវា ផ្តល់ការដឹកជញ្ជូន​ដល់ជន​រងគ្រោះឱ្យបានទាន់ពេលវេលា»

ពលរដ្ឋដែលមិនធ្លាប់ទទួលការបណ្តុះបណ្តាលពីវិជ្ជាសង្គ្រោះបឋម កញ្ញា ស៊ីថា ជាបុគ្គលិក​ក្រុមហ៊ុន បានឱ្យដឹងថា កញ្ញាឧស្សាហ៍ឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងតាមផ្លូវ ធ្វើឱ្យ​កញ្ញា​មាន​ក្តី​បារម្ភ​នៅពេលបើកបរម៉ូតូម្តងៗ។​ ក្នុងឆ្នាំ២០២១ កញ្ញាចាំមិនភ្លេច ឃើញ​ឧប្បត្តិហេតុ​​បុកគ្នា រវាង​អ្នកបើកម៉ូតូម្នាក់​ និង​ស្ត្រីរុញរទេះលក់បបរ នៅជិតស្ពានអាកាស​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។ កញ្ញាថា ​ពេល​នោះកញ្ញាបានចតម៉ូតូចុះឈរមើល និង​សួរទៅអ្នករងរបួស​ដែលដេក​ជិតម៉ូតូដើម្បីរកលេខ​ទំនាក់​ទំនងទៅបងប្អូន តែជនរងគ្រោះ​មានស្មារតីមិននឹងហ៎្ន ហើយស្រែកថា គេលួចទូរសព្ទ​គាត់បាត់ហើយ ក៏សន្លប់ទៅវិញ។ ចំណែកអ្នកលក់បបរស្រែក​យំ​ដើរឆោឡោ ថាក្តៅណាស់ៗ ឱ្យគេជួយដោយសារ​រលាក​កម្តៅបបរ។

កញ្ញាបន្តថា មួយសន្ទុះក្រោយមក មានរថយន្តសង្គ្រោះបន្ទាន់បានមកដល់ តែរថយន្ត​លើក​តែអ្នករបួស​ដែលបើកម៉ូតូដាក់លើឡាន ខណៈពេលស្ត្រីលក់បបរសុំឡើងទៅជាមួយ តែអ្នក​មកទទួល ថាឱ្យទៅមន្ទីរពេទ្យកម្ពុជា-សូវៀត ដែលនៅជិតនោះ ខណៈដែលស្ត្រីនោះ​នៅតែ​ស្រែក​ថាក្តៅណាស់ៗ។ ហើយរថយន្តក៏បើកចេញដោយយកតែបុរសនោះទៅ បន្ទាប់​មក​កញ្ញា ស៊ីថា ក៏បានឃើញរថយន្តសង្គ្រោះបន្ទាន់២ទៀត ជិះកាត់បើកបង្អង់យឺតៗនៅចំណុច​នោះ មិន​ដឹងថាមកយកជាន់គ្នា ឬបើកទៅណា តែរថយន្តមិនបានឈប់ទេ។

កញ្ញា ស៊ីថា បញ្ជាក់ថា៖ «ខ្ញុំនៅឈរមើលកន្លែងហ្នឹង ខ្ញុំអត់យល់សោះ ហេតុអីរថយន្ត​សង្គ្រោះបន្ទាន់មិនយកគាត់ទៅជាមួយ ថាឱ្យគាត់ទៅមន្ទីរពេទ្យនៅជិតហ្នឹងវិញ ហើយ​មិនដឹងថាគេយកបុរសនោះទៅពេទ្យណាតែម្នាក់ឯង ខ្ញុំពិបាកនិយាយមិនយល់ ហេតុអី​គេមិនយកទៅមន្ទីរពេទ្យនៅជិតហ្នឹងដឹកទៅទាំងអស់គ្នា»។​  

ចំណែកពលរដ្ឋម្នាក់ទៀត លោក ជឿន ឌីណូ ជាមេក្រុមដឹកនាំភ្ញៀវបរទេស​បាន​ថ្លែងថា ពេល​យើងហៅរថយន្តសង្គ្រោះបឋមនៅមន្ទីរពេទ្យណា គេដឹកទៅមន្ទីរពេទ្យនោះ គេមិន​ដឹក​ទៅ​មន្ទីរ​​ពេទ្យ​ផ្សេងទេ ដូច្នេះអាស្រ័យលើអ្នកទូរសព្ទហៅរកការសង្គ្រោះ ហើយក៏មាន​បណ្តាញ​ឡាន​ពេទ្យសង្គ្រោះបន្ទាន់ផ្សេងៗមកទទួលដែរ យើងគួររកមន្ទីរពេទ្យ​ណាដែល​នៅជិត និង​ច្បាស់លាស់​។

លោកធ្លាប់ជួបករណីចោរឆក់កាបូបរបស់ភ្ញៀវលោក ធ្វើឱ្យដួលសន្លប់នៅលើចិញ្ចើមថ្នល់ នៅម្តុំវត្តកោះ រាជធានីភ្នំពេញ លោកទុកឱ្យអ្នករបួសនៅសភាពដើម មិនហ៊ានផ្លាស់ទី​ជន​រងគ្រោះ​​ដោយខ្លាចមានបញ្ហាបន្ថែម លោកបញ្ចៀសការចោមរោមដើម្បី​ឱ្យ​មានលំហូ​ខ្យល់​ចេញចូលដល់ជនរងគ្រោះនិងដាក់សញ្ញាដើម្បីបង្ការហានិភ័យអាចបង្កឡើង​បន្ថែមទៀត  កំឡុងពេលរង់ចាំរថយន្តសង្គ្រោះបន្ទាន់មកដល់ លោកត្រូវរងចាំប្រហែល​៤០នាទី។

លោកបន្ថែមថា ការជួយសង្គ្រោះជនរងគ្រោះតាមទម្លាប់បុរាណដូចករណីខ្យល់គ ការដកសក់ ខាំកែងជើង គឺមិនត្រឹងត្រូវទេ លោកសំណូមពរនិងចង់ឃើញពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈមាន​ការ​យល់ដឹងពីវិធីជួយសង្គ្រោះបឋមឱ្យបានត្រឹមត្រូវ។

លោកមានប្រសាសន៍ថា៖​ «First Aid Training ការសង្គ្រោះបឋម មានច្រើន មានបាក់ដៃ​បាក់ជើង រលាកទឹកក្តៅ ឆក់ខ្សែភ្លើង សន្លប់ខ្យល់គ គាំងបេះដូង វាមានទាំងអស់ លង់ទឹក​ជាពិសេសនៅស្រុកយើង សម្បូរអ្នកលង់ទឹក បើគាត់ដឹងវិធីហ្នឹងល្អ ព្រោះអីយើង​ប្រើ​ទម្លាប់​ចាស់ ជួនកាលវាប៉ះពាល់ ជួនកាលជួយវាបែរទៅជាសម្លាប់​អ្នករងគ្រោះវិញ​ដោយសារ​យើងអត់ចេះបច្ចេកទេសច្បាស់លាស់»

រថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ចេញសំឡេងសុំផ្លូវនៅលើដងផ្លូវលេខ២៧១ នៅពេលល្ងាច ខណៈពេលចរាចរណ៍កំពុងមមាញឹកនិងកកស្ទះ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១។ ខេមបូចា/ នង ម៉ៃចរីយា

អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ លោក ឱក សេរីសោភក្តិ៍ មើលឃើញថា ការសង្គ្រោះ​បឋម​គ្រប់ប្រភេទ គឺត្រូវការជំនួយចំបាច់ជាបន្ទាន់ បើទោះបីកន្លង​មកមានការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល តែបច្ចុប្បន្នសេវាកម្មជួយសង្គ្រោះបឋម និងរថយន្តសង្គ្រោះបន្ទាន់​ជាពិសេស​នៅ​តំបន់ឆ្ងាយពីទីប្រជុំជន នៅខ្វះខាតច្រើន គឺត្រូវការពេលវេលាដើម្បីអភិវឌ្ឈ។

លោកចង់ឱ្យមានការគិតគូពីអាយុជីវិតរបស់មនុស្សនិងការបំរើសេវា ទាំងវិស័យ​ឯកជននិងរដ្ឋ ព្រោះជីវិតមនុស្សដែលអាចរង់ចាំពន្យារការព្យាបាលមានរយៈពេលតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។ រដ្ឋត្រូវតែត្រួតពិនិត្យលើអាជ្ញាបណ្ណ​និងត្រួតពិនិត្យលើវិស័យឯកជន​ទាំងអស់​ឱ្យបាន​ម៉ត់ចត់​ដើម្បីការពារកុំឱ្យមានការបំរើសេវាកម្មខុសបច្ចេកទេសដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកជំងឺយ៉ាងធ្ងន់ធ្ងរ។ មានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន​មួយចំនួន​នៅខ្វះ​ក្រម​សីលធម៌ ដោយមើលឃើញតែផលប្រយោជន៍ជាជាងបំរើសេវាដល់អ្នករងគ្រោះ។

លោក សោភក្តិ៍ មានប្រសាសន៍៖ «​អ្នកដែលបើកអមឡង់​[Ambulance] គាត់ឆ្លៀតខ្លួនឯង​ទៅ​ទៀត​ដើម្បីនឹងយកកម្រៃផ្ទាល់ បើ​សិន​ឱ្យដល់ដៃគាត់ទៅ បានគាត់រហ័សរហួន​ដឹក​យក​ទៅ​នេះ​ទៅនោះ អត់មាន Ethic (ក្រមសីលធ៍ម)វិជ្ជាជីវៈគ្រប់គ្រាន់ទេក្នុងរឿងហ្នឹង ដូច្នេះការអប់រំ ការ​ហ្វឹក​ហាត់ត្រូវតែមានឱ្យពិតប្រាកដ មិនមែនគ្រាន់តែថាមានលុយទៅបើកគ្លីនិក ទិញ​អមឡង់ ហើយជួលតៃកុងឡានមកបើកហើយចប់ទេ។ ក្រសួងសុខខាភិបាលត្រូវយក​ចិត្តទុក​ដាក់​ដើម្បី​ត្រួតពិនិត្យឱ្យបានដិតដល់»

លោកបន្ថែមថា ការជួយជនរងគ្រោះតាមមនុស្សធម៌ ក៏ត្រូវគិតពីផលលំបាក​ដែលអាចកើត​ឡើង​នៅពេលមិនមានជំនាញច្បាស់លាស់ និងឧបករណ៏គ្រប់គ្រាន់ យើងត្រូវទាក់ទងរក ជំនួយ​​​សង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលភ្លាមៗ ហើយជួយបញ្ចៀសការចោមរោមដើម្បី​មាន​លំហ​ខ្យល់​គ្រប់គ្រាន់ ឬជួយដោះឡេវអាវបើសិនតឹងកជនរងគ្រោះ ត្រូវថ្នម និងប្រយ័ត្នប្រយែង ហើយ​មើលក្រែងមានជនឆ្លៀតឱកាសមកយករបស់របរជនរងគ្រោះ វាក៏ជាការចូលរួម​ជួយ​បាន​ខ្លះ​ដែរ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មិនអាចឆ្លើយតបបានទេដោយសារ​ជាប់រវល់។ សារាចរណែនាំពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពី​​ខែសីហា ២០២២ មិន​អនុញ្ញាត​ឱ្យគ្លីនិកឯកជនយករថយន្តសង្គ្រោះបន្ទាន់របស់ខ្លួនទៅដឹកអ្នករងគ្រោះទៀតទេ ដោយគន្លងមកមានការឈ្លោះប្រកែកដណ្តើមគ្នាដឹក ដែលធ្វើឱ្យជះឥទ្ធិពល​មិនល្អ​ដល់​វិស័យសុខាភិបាលទាំងមូល។

លោក យ៉ា សុផាត គ្រូបង្គោលបណ្តុះបណ្តាលសង្គ្រោះបឋមនៃកាកបាទក្រហមកម្ពុជា បាន​មាន​​ប្រសាសន៍ថា ពេលជនរងគ្រោះជួបឧប្បត្តិហេតុភ្លាមៗ យើងត្រូវអនុវត្តន៍​តាម​គោលកាណ៍​សង្គ្រោះបឋមរួមមាន ការពារ ពិនិត្យ ប្រកាសអាសន្ន និងធ្វើការសង្គ្រោះបឋម​ទៅតាម​ស្ថាន​ភាព​​​របស់ជនរងគ្រោះជាក់ស្តែង។ បើសិនជាមានការយឺតយាវក្នុងការជួយសង្គ្រោះបឋមធ្វើ​ឱ្យ​ជនរងគ្រោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន ឬអាចបាត់បង់ជីវិតបាន។

លោកបន្តថា បើជនរងគ្រោះបាត់បង់ស្មារតី និងមានដង្ហើម គេត្រូវដាក់ជនរងគ្រោះក្នុង​ដំណេក​សុវត្ថិភាព បើមិនប៉ះពាល់ដល់ឆ្អឹង ត្រូវ​ឱ្យអ្នករងគ្រោះដេកផ្អៀងដើម្បីកុំឱ្យជាប់ស្លេះ​នៅក្នុង​បំពង់ក និងបើកមាត់អ្នករងគ្រោះក្រែងខាំអណ្តាត។ ករណីមានឈាមហូរ​ត្រូវធ្វើការឃាត់​ឈាម លាងសំអាត​របួស និងរុំរបួស ហើយលើកទឹកចិត្តដល់ជនរងគ្រោះ។ ការជួយតាម​ទម្លាប់​​បុរាណខ្លះ​គឺ​ខុស​បច្ចេកទេសធ្វើឱ្យអ្នករងគ្រោះកាន់តែមានសភាពធ្ងន់ធ្ងរ។ លោកមើល​ឃើញថា ប្រជាពលរដ្ឋ​មានការយល់ដឹងវិជ្ជាសង្គ្រោះបឋមនៅមានចំនួនតិចតួចណាស់ ត្រឹមតែ​ពីរសែននាក់​ប៉ុណ្ណោះ​បើធៀបទៅនឹងប្រជាជនចំនួន១៦លាននាក់។

លោកបន្ថែមថា រថយន្តសង្គ្រោះបន្ទាន់នៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល កាកបាទក្រហមកម្ពុជាបានខិតខំបណ្តុះបណ្តាល និងបានដាក់សំណើរទៅក្រសួងអប់រំ​ដើម្បី​បញ្ចូលជាកម្មវិធីសិក្សាសំរាប់សិស្ស។ ពលរដ្ឋអាចស្វ័យសិក្សាបន្ថែមនិងអាចរៀនតាមApp “ First Aid Cambodia” ។ ករណីពលរដ្ឋត្រូវការជំនួយសង្គ្រោះបន្ទាន់នៅគ្រប់ទីកន្លែង​សូមទាក់​ទង​តាមលេខទូរស័ព្ទ ១១៩ ឬ 023 724 891 ដែលជាសេវារថយន្តសង្គ្រោះ​បន្ទាន់​របស់​ថ្នាក់ជាតិ និងមានការរៀបចំបណ្តាញចុះទៅជួយ​តាមតំបន់នានា។

គ្រោះថ្នាក់ចរាចណ៍ជាគ្រោះថ្នាក់មួយដែលមានច្រើនលើសលប់ក្នុងចំណោមគ្រោះថ្នាក់​ផ្សេងៗ ក្នុងឆមាសទី១ ឆ្នាំ២០២២ បានកើតឡើងចំនួន ១​ ៦០៩ករណី បណ្តាលឱ្យស្លាប់ចំនួន ៩៤២នាក់ និងរបួសចំនួន ២ ២៣៥នាក់  គិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ១០នាក់។

របាយការណ៍របស់ គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ ក្នុងរយៈពេល១១ឆ្នាំ ពីឆ្នាំ ២០០៩-២០១៩​ បង្ហាញថាអ្នកដែលបាត់បង់ជីវិតច្រើនជាងគេ គឺជាអ្នកបើកទោចក្រយានយន្ត (ម៉ូតូ) បន្ទាប់មកអ្នកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងចុងក្រោយអ្នកប្រើប្រាស់​យាន​យន្ត​ដឹកទំនិញ។ កត្តាគ្រោះថ្នាក់បណ្តាលមកពី ផ្លូវថ្នល់ យានជំនិះ ពេលយប់ ប៉ះទង្កិចហើយ​រត់ បើកបរមិនប្រុងប្រយ័ត្ន មិនគោរពច្បាប់ បើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង រឺគ្រឿង​ញៀន បើកបរក្នុងល្បឿនលឿន ប្រើទូរសព្ទ​កំឡុងពេលបើកបរ និងងងុយ។

អ្នកស្លាប់ក្នុងឆ្នាំ២០២១ មានចំនួន ១ ៤៩៧នាក់​ និង ឆ្នាំ២០២០ មាន ១ ៦៦៤នាក់។ នៅ​ឆ្នាំ​២០១៩ អត្រាកំណើនកើនខ្ពស់មាន ៤ ១៤១​ករណី ជនរងគ្រោះមាន ១៣ ៦៥៤នាក់ ស្លាប់​ដល់​ទៅ ២ ១៥២នាក់ ។ ឆ្នាំ២០១៨ មានអ្នកស្លាប់ ១ ៨៧១នាក់ ហើយអ្នករបួសធ្ងន់​និង​ស្រាល​មាន ៩ ៦៤១នាក់​ ក៏មានចំនួនអ្នកមិនមានរបួសស្នាម និង​មិនដឹង​របួស​ស្នាម​ផ្សេងទៀត។

ធ្វើឱ្យខាតបង់ថវិកាជាតិជិត ៤៦៧លានដុល្លារ ក្នុងចំណោមការ​ខាតបង់​សរុប ៨៨,៨% ជាការ ខាតបង់ ដោយសារបាត់បង់ជីវិត និងបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបាន ពេញ​​មួយជីវិត ខ្លះធ្លាក់ខ្លួនពិការភាព។ ថ្លៃចំណាយជាមធ្យមនៅមន្ទីរពេទ្យរបួសធ្ងន់ ៥ ០០០​ដុល្លា របួសមធ្យម ២ ៥០០ដុល្លារបួស​ផ្សេងៗ ២០០ដុល្លា និងថ្លៃចំណាយលើមរណភាព។​ ភាគរយអ្នកស្លាប់ខ្ពស់ជាងគេនៅចន្លោះ​ម៉ោង ៦ល្ងាច-៩យប់ និងស្លាប់ច្រើនជាងគេ នៅតាម​ផ្លូវជាតិក្នុងរាជធានីភ្នំពេញ បន្ទាប់​មក​ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

របាយការណ៍បញ្ជាក់ថា ករណីបាត់បង់ជីវិតជាង៨០ភាគរយកើតឡើងភ្លាមៗ​នៅនឹង​កន្លែង ជនរងគ្រោះត្រឹមតែ៣៥​ភាគរយ តែប៉ុណ្ណោះដែលបានទទួលសេវា​សង្គ្រោះ​បឋម ។ អ្នករង​គ្រោះត្រឹមតែ១០ភាគរយតែប៉ុណ្ណោះដែលបាន​ទៅដល់មន្ទីរ​ពេទ្យ ក្រោយ​៣០​​នាទី ខណៈ​ពេល​ដែលជនរងគ្រោះ​ភាគ​ច្រើន​ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យយ៉ាងហោច​ណាស់១ម៉ោង​ក្រោយ​ពេលរងគ្រោះថ្នាក់ បើ​មានការសង្គ្រោះបានត្រឹមត្រូវ និងទាន់ពេលវេលា អត្រា​មរណភាព​និងភាពធ្ងន់ធ្ងររបស់ជនរងគ្រោះនឹងត្រូវកាត់បន្ថយ។

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បាន​ថ្លែង​ថា វិជ្ជាសង្គ្រោះបឋមជាអទិភាពចម្បង​ទី១និងសំខាន់ណាស់ កាកបាទក្រហម​កំពុងខិតខំ​ប្រឹង​ប្រែង​បណ្តុះបណ្តាល​វិជ្ជាសង្គ្រោះបឋម និងពង្រីកឱ្យបានទូទាំងប្រទេស ដោយការ​ផ្សព្វ​ផ្សាយ​បណ្តុះបណ្តាលទៅដល់គ្រប់មន្ទីរ អង្គការ ស្ថាប័ន សហមគន៍ ឱ្យបានទូលំទូលាយ​ដើម្បី​ឱ្យ​ពលរដ្ឋអាចជួយ​សង្គ្រោះ​ជីវិតមនុស្សបាន។ គោលដៅយុទ្ធសាស្ត្រ​របស់កាកបាទ​ក្រហម​​កម្ពុជា​​នៅឆ្នាំ២០២១-២០៣០ ក្នុងគ្រួសារមួយមានសមាជិកម្នាក់ចេះវិជ្ជាសង្គ្រោះបឋមដើម្បី​ឱ្យកាន់តែប្រសើរជាងមុន មានប្រសិទ្ធភាព និងតម្លាភាព។

ចំណែកនាយកប្រតិបត្តិអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការជួយ​សង្គ្រោះ​បឋម គឺនៅខ្វះខាត និងមានការ​យឺតយ៉ាវពីអ្នកជំនាញពិតប្រាកដ។ មានការ​ប្រជែង​គ្នារវាងរថយន្តសង្គ្រោះបន្ទាន់មកយកអ្នករងគ្រោះដើម្បីទៅមន្ទីរពេទ្យរៀងៗខ្លួន អាចធ្វើ​ឱ្យ​ការសង្គ្រោះមានការយឺតយ៉ាវ បើសិនមិនយកទៅមន្ទីរពេទ្យដែលមានជំនាញ និងការជួយ​សង្គ្រោះ​​​បឋម​មិនត្រឹមត្រូវទេ ការជួយនោះក៏មិនទទួលបានជោគជ័យដែរ។

លោកបន្ថែមថា ក្រសួងសុខាភិបាលគួរធ្វើការសហការជាមួយសាលាក្រុង និង​តាម​ខេត្ត គ្រប់តំបន់ដើម្បីមានយន្តការច្បាស់លាស់ ដែលអាចផ្តល់សេវាឡើង​និងឆាប់​រហ័ស​ក្នុង​ការ​ជួយសង្គ្រោះបឋម ការជួយសង្គ្រោះបន្ទាន់ ជាពិសេសនៅពេលមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងដើម្បីអាចឆ្លើយតបបានឡើងរហ័សដូចនៅប្រទេសគេ ហើយរថយន្ត​សង្គ្រោះ​បន្ទាន់ត្រូវមានឧបករណ៍គ្រាប់គ្រាន់និងអ្នកជំនាញច្បាស់លាស់។

អនុសាសន៍របាយការណ៍ SPF សម្រាប់ប្រព័ន្ធដឹកជញ្ជូនសង្គ្រោះបន្ទាន់ ត្រូវចាប់ផ្តើមពង្រឹង​សមត្ថភាពរបស់ក្រុមសង្គ្រោះបឋម និងក្រុមសង្គ្រោះបន្ទាន់ដែលមាន​ស្រាប់នៅតាមមន្ទីរពេទ្យ​បង្កើនចំនួនក្រុមនិងរៀបចំផែនការបង្កើនជំនាញ និងការទទួលបានបរិក្ខារថ្មីៗ។ ត្រូវចាត់​វិធានការ ឱ្យស្របតាមស្ថានភាពក្នុងមូលដ្ឋាននិងការបញ្ជូន បែងចែករថយន្តគិលានសង្គ្រោះ​ទៅ​តាម​ទីប្រជុំជននានា មានសហការល្អរវាងអន្តរស្ថាប័ន ត្រូវមានតម្លៃទាបនៅតាមជនបទ ផ្តល់​អាទិភាពសង្គ្រោះជីវិត និងត្រូវយកចិត្តទុក្ខដាក់ ថែទាំអ្នកជំងឺមុនពេលមកដល់មន្ទីរពេទ្យ។

អ្នកនាង ប៉ាត់ ស្រីមុំ  សំណូមពរចង់ឱ្យមានវគ្គសិក្សាខ្លីៗស្តីពីសង្គ្រោះបឋម នៅតាម​សាលា​រៀន តាមភូមិនានា និងបង្កើនរថយន្តសង្គ្រោះបឋម ហើយចង់បានសេវាកម្មល្អ។

អ្នកនាង ស្រីមុំ បន្ថែមថា៖ «សេវាកម្មស្រុកខ្មែរ ខ្លាំងបំផុតគឺទាក់ទងនិងការសង្គ្រោះប្រជាជន​យើងមួយចំនួននៅមានកម្រិតទាប ចេះដឹងពីការជួយសង្គ្រោះបឋម ហើយមួយទៀត​ទាក់ទង​និងសេវាកម្មឡានពេទ្យ ឡានពេទ្យមានតិចមែនទែន ការដឹកជញ្ជូនអ្នកជំងឺពីតំបន់មួយ​ទៅ​តំបន់​មួយគឺត្រូវការពេលវេលា និងសុវត្ថិភាព តែស្រុកខ្មែរយើងខ្សោយមែនទែន»

413 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម