សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំនាញថា ការកើនឡើងនៃការលក់ដូរតាមអនឡាញ និងផ្សារទំនើបធ្វើឱ្យការលក់ដូរនៅតាមផ្សាររដ្ឋធ្លាក់ចុះ

ទិដ្ឋភាពនៅផ្នែកខាងលិចនៃផ្សារច្បារអំពៅ ថតកាលពីម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ វិសាល វិស្ណុ)
ទិដ្ឋភាពនៅផ្នែកខាងលិចនៃផ្សារច្បារអំពៅ ថតកាលពីម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ វិសាល វិស្ណុ)

អាជីវករជាច្រើន​នៅ​តាម​ផ្សារ​រដ្ឋបាន​ត្អូញត្អែ​រពីការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​​​ចំណូ​ល​​​​​​​ដោយ​សារ​តែបច្ចុប្បន្ន​តាម​ផ្សារ​នានា​​មិន​សូវ​មាន​អតិថិជន​ដើរ​ផ្សារ​​​ទិញ​អីវ៉ាន់​ឡើយ​។

ការលក់ដូរ​ធ្លាក់​ចុះ​​​របស់​អាជីវករ​នៅតាម​ផ្សារ​​រដ្ឋ​នេះត្រូវបាន​​អាជ្ញាធរ​ផ្សារ អ្នក​ជំនាញ​​សេដ្ឋ​កិច្ច ​និង​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​លើក​ឡើង​ថា បណ្តាល​មកពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​​ធ្លាក់​ចុះ ហើយការកើនឡើង​នៃការ​លក់ដូរ​តាម​អន​ឡាញ ​និង​ផ្សារ​ចល័ត ​រួម​ទាំង​ការ​រីកលូត​លាស់​នៃ​ផ្សារ​ទំនើប​ផងដែរ​។

អ្នក​ជំនាញ​សេដ្ឋកិច្ច​​លើកឡើង​ថា ក្នុង​បរិបទបែប​នេះ​អាជ្ញាធររដ្ឋ​គួរ​មាន​វិធាន​ការ​ជួយ​សម្រួល​​ដល់​​​ការលក់ដូររបស់​អាជីវករ​​​តាម​រយៈ​ការ​ធ្វើទំនើប​កម្មផ្សារ​រដ្ឋ​ឱ្យមាន​សោភ័ណ​​ភាព, មាន​អនាម័យ, មាន​សណ្តាប់ធ្នាប់ល្អរួម​ទាំង​​បន្ធូរបន្ថយពន្ធ​ផាស៊ី​​ដើម្បី​​​ឱ្យ​អាជីវករអាច​មានលទ្ធភាព​បន្តការលក់​ដូរ​តាម​បែប​​ប្រពៃណីនេះឱ្យបាន​យូរអង្វែង​តទៅ​មុខ​ទៀត។

យ៉ាងណាក្តីលោក មាស សុខសេនសាន ​​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​លើក​បង្ហាញ​ឯកសារ​​ថា គ្រប់ស្ថាប័ន​វាយតម្លៃទាំងអស់បាន​សន្និដ្ឋាន​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២៤នេះ​គឺអាច​នឹងមានកំណើនក្នុង​រង្វង់​៦ភាគ​រយ​​ដែល​ទ្រទ្រង់​ដោយ​ទី១ ការបន្ត​រក្សា​បាន​នូវការ​រីកលូតលាស់នៃ​វិស័យ​កមន្តសាលមិន​មែនកាត់ដេរ ​និង​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​ផ្សេងៗទៀត។ ទី២​ ការបន្ត​រក្សា​បាន​នូវស្ថិរភាព​នៃវិស័យកសិកម្ម និង​ទី៣​ការ​ងើប​ឡើង​វិញ​នៃវិស័យកាត់​ដេរ​ស្រ​ប​តាមនិន្នាការ​នៃសេដ្ឋកិច្ច​សកល​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​​ស្ថាន​ភាព​សេដ្ឋកិច្ច​​នៅតែប្រឈម​ទៅនឹង​​ភាព​មិន​ប្រាកដប្រជា​ខ្ពស់។

ស្ត្រីអាជីវករ​លក់​សម្លៀកបំពាក់​នៅផ្សារ​ច្បារអំពៅ​​ឈ្មោះ ​អ៊ឹង សៀវម៉ី ​​បាន​​និយាយថា ឥឡូវ​លក់​ដូរ​មិនសូវដាច់ទេក្នុង​ផ្សារ​មាន​តែអ្នកលក់ប៉ុន្តែ​មិនសូវ​មាន​អ្នក​ទិញទេ។ ស្ត្រី​រូប​នេះ​លើក​ឡើង​ថា៖ «ចាប់​តាំង​ពីបើកផ្សារ​ឡើង​វិញ​នៅក្រោយ​កូវីដ១៩មក​ការ​លក់​ដូរ​មិនសូវ​ដាច់​ទេ តែ​មិន​ដឹង​រក​អី​ យើង​មាន​តូប​ខ្លួនឯង​ក៏ចេះ​តែមក​លក់​ដូរទៅគ្រាន់​បាន​ផ្សែផ្សំគ្នា​ជាមួយប្រាក់​ខែប្តី​ដើម្បី​ចិញ្ចឹមកូន»

អ្នក​ស្រី លី ពិសី និង​អ្នក​ស្រី ម៉ៅ ធីតា ជា​អាជីវករ​លក់​ស្បែកជើង​​នៅ​ផ្សារ​ច្បារ​អំពៅ​ក៏បាន​ត្អូញ​ត្អែរ​ដូចគ្នា​ដែរថា ការលក់ដូរកាន់តែពិបាកទៅៗមិនដឹង​ថា ពេល​ណា​ទើប​មាន​មនុស្ស​ដើរផ្សារ​ច្រើន​វិញនោះ​ទេ បើម្នាក់​ៗ​ឮ​តែត្អូញ​ពីការ​បាត់បង់ប្រាក់​ចំណូល។

អ្នក​ស្រី​ ម៉ៅ ធីតា បាន​ត្អូញត្អែរ​​ថា៖ «លក់​មិនដាច់​ទេបងអើយ គ្មាន​មនុស្ស​ដើរផ្សារ​ទេចង់​ដាច់បាយហើយ​។ សព្វ​​ថ្ងៃទ្រាំ​លើសពី​ទ្រាំមិន​ដឹង​ប្រាប់​អ្នកណា បើគេដឹង​ក៏នាំតែគេសើច​ទេបងអើយ មាន​តែពាក្យ​ថា​ខំទ្រាំ»

ចំណែក​ស្ត្រី​អាជីវករលក់​សាច់ជ្រូកនៅ​ផ្សារច្បារ​អំពៅ​ម្នាក់​ទៀត​​​​ឈ្មោះ ណា ស្រីពេជ្រ ​ក៏​បាន​​​ត្អូញ​ដែរ​ថា៖ «ឥឡូវ លក់​មិនសូវ​ដាច់ទេ​ពីព្រោះមានគេ​លក់​ច្រើន កាលពីមុន​ក្នុង​១ថ្ងៃ​ខ្ញុំលក់​អស់ប្រមាណ៣០០គីឡូ តែឥឡូវ​លក់​តែ១០០គីឡូមិនចង់​អស់ផង»។​

នៅផ្សា​រ​ច្បារ​អំពៅ​ឃើញ​មាន​តូបជាច្រើន​បាន​បិទ​ទ្វារ​ក្នុង​នោះមានតូប​មួយចំនួន​​បាន​ដាក់​ស្លាកលក់ ឬជួល។ តាម​ការ​សាកសួរ​អ្នក​លក់​នៅក្បែរនោះ​បាន​អះ​អាង​ថា​ ដោយ​សារ​តែ​ការ​លក់ដូរនៅផ្សារ​មិនដាច់ម្ចាស់​តូប​មួយ​ចំនួន​ទៅបើក​លក់​នៅផ្ទះ និង​មួយ​ចំនួន​ទៀត​ទៅ​ប្រកប​មុខរបរផ្សេងៗ។

មិន​មែន​មាន​តែអាជីវករ​ផ្សារ​ច្បារ​អំពៅ​នៅជាយ​ក្រុង​ភ្នំពេញនោះ​ទេដែល​ត្អូញត្អែរ​លក់​ដូរ​មិនដាច់​​អាជីវករ​នៅផ្សារ​ធំថ្មី និង​ផ្សារ​អូរឫស្សី ដែល​ស្ថិត​នៅចំកណ្តាល​ទីក្រុង​ភ្នំពេញ​​ក៏ត្អូញត្អែ​រមិន​ខុសគ្នា​ប៉ុន្មាន​ដែរ។

កាលពីរសៀល​ថ្ងៃពុធ​ទី​១២​ខែមិថុនា ខេមបូចាបាន​ទៅ​ផ្សារ​ធំថ្មី និង​ផ្សារ​អូរឫស្សី​ដើម្បី​សង្កេត​មើល​ទិដ្ឋភាព​ទូទៅ​នៅក្នុង​ផ្សារ​​ទាំង​២ឃើញថា ​មាន​សភាព​ស្ងប់​ស្ងាត់​មិន​សូវ​មាន​អ្នក​ដើរ​ផ្សារ​​ទេ ឃើញ​តែអ្នកលក់​ព្រោង​ព្រាត។

នៅផ្សារ​ធំថ្មី​ឃើញ​មាន​តូប​មួយចំនួន​តូច​បាន​បិទទ្វារ​ក្នុង​នោះ​មាន​តូបខ្លះមាន​ដាក់​ស្លាក​«លក់ឬជួល»។ ប៉ុន្តែ​ផ្សារ​អូរឫស្សី​ដែល​ជាផ្សារ​បោះ​ដុំ​ឃើញ​បើកលក់​គ្រប់​តូប។

លោក សុង ទ្រី ជាអាជីវករ​លក់ខោអាវ​បុរស និង​អ្នក​ស្រីចាន់ ណៃអ៊ាង​ ជាអាជីវករ​លក់​ខោ​អាវ​កូន​ក្មេង​នៅ​ផ្សារ​ធំថ្មី បាន​និយាយ​ស្រដៀងគ្នា​​ថា ឥឡូវ​ការ​លក់ដូរ​ស្ងាត់​ខ្លាំង​​ពីព្រោះ​មិនសូវ​មាន​អ្នក​ដើរ​ផ្សារ​ទេ បើ​ថ្ងៃសៅរ៍​ថ្ងៃ​អាទិត្យ​មាន​អ្នក​ដើរ​ផ្សារ​រាង​ច្រើន​បន្តិច។

លោក សុង ទ្រី និយាយ​​ថា៖ «ឥឡូវ​ថ្ងៃខ្លះលក់​បាន៣ម៉ូយ ៥-៦ម៉ូយ​ឬក៏១០ម៉ូយ​អីទេ ខណៈ​កាល​ពី​មុន​​លក់ដាច់​រហូត។ តូប​ខ្ញុំ​នៅខាង​ក្រៅ​ចំមុខ​លក់​រាង​ដាច់ បើ​តូប​លក់​ខោអាវ​បងស្រី​ខ្ញុំ​នៅ​​ខាង​ក្នុង​ផ្សារ​កាន់​តែយ៉ាប់​ទៅទៀត​។ បងមើលទៅឃើញ​ហើយ​គ្មាន​អ្នក​ដើរផ្សារ​ទេ»

អាជីវករលក់អីវ៉ាន់ក្នុងផ្សាររដ្ឋមួយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ចំណែក​អ្នកស្រី គាម ហ្គិចអ៊ីម លក់គ្រឿង​ទេស​បោះដុំ និង​អ្នក​ស្រី ផន ធីតា លក់​ខោអាវ​ទ្រនាប់​បោះដុំ​នៅផ្សារ​អូរឫស្សី​ក៏​និយាយ​ស្រដៀងគ្នា​​ដែរ​ថា ឥឡូវ​ការលក់ដូរ​មិនសូវ​ដាច់ដូចកាលពីមុន​ព្រឹត្តិការណ៍​កូវីដនោះទេ។

​អ្នកស្រី ហ្គិចអ៊ីម បញ្ជាក់​ថា៖ «កាល​ពីមុន​ម៉ូយ​មក​ទិញ និង​កម្ម៉ង់អីវ៉ាន់​ច្រើន តែឥឡូវ​មិនសូវមក​ទិញ និង​មិនសូវ​កម្ម៉ង់​ទេ កាត់បន្ថយ​ប្រហែល​ពាក់កណ្តាល​»។

បន្ថែមពី​​នេះលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ថ្លែង​ថា​បច្ចុប្បន្ន​មិនថា ផ្សារ​រដ្ឋឬផ្សារ​ឯក​ជននោះទេគឺស្ងាត់ជ្រងំ។ស្ថាន​ភាពស្ងប់​ស្ងាត់​នៅ​តាម​ទីផ្សារ​នេះ ​បណ្តាល​មកពី​ប្រាក់​ចំណូល​​របស់​ប្រជា​ពលរដ្ឋ​មាន​ការ​ធ្លាក់​ចុះគ្រប់គ្នា ហើយ​​​ពល​រដ្ឋ​ជាច្រើន​ជំពាក់​បំណុលធនាគារ​គឺជំពាក់​វ័ណ្ឌក និង​ថែម​ទាំង​ជំពាក់​បំណុលឯក​ជន​ផ្សេងៗទៀត។

លោក​ថ្លែង​ថា៖ «អ្នកលក់ខ្លះ​លក់យូរៗ​រក​តែលុយ​បង់ថ្លៃតូបគ្មាន​ផង​ដែល​នេះ​បញ្ជាក់​ថា សេដ្ឋកិច្ច​យើង​កំពុង​តែដាំក្បាល​ចុះខ្លាំងមែន​ទែន ពល​រដ្ឋ​លំបាក​ក្នុង​ការ​រស់នៅ​ក្នុង​ការប្រកប​មុខរប​រអាជីវកម្ម​ប្រចាំថ្ងៃ​មិនថាអ្នក​លក់​មិនថាអ្នកធ្វើដំណើរ ឬក៏អ្នក​រត់​រ៉ឺម៉ក អ្នករត់​ម៉ូតូ​ឌុប អ្នករត់ឡាន​តាក់​ស៊ីអីទេ គឺដូចៗគ្នា​ទាំង​អស់​ប្រាក់​ចំណូល​ធ្លាក់​ចុះមែនទែនធ្លាក់​ស្ទើ​តែ​ដល់​កម្រិត​សូន្យ​»។

ជាមួយគ្នា​នេះ​លោក គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ​សេដ្ឋកិច្ចថ្លែង​ប្រាប់ ​ខេមបូចា ​ថា ចំពោះការ​ថម​ថយ​​នៃការ​លក់​របស់​​​អាជីវករ​នៅតាម​បណ្តា​ផ្សារ​ប្រពៃណី​(ផ្សាររដ្ឋ)នេះគឺ​ទី១ ដោយ​សារ​ប្រជា​ពលរដ្ឋ​មាន​ការ​ថមថយចំណូល ទី២មាន​ផ្សារ​អន​ឡាញកើតឡើងច្រើន​​ និង​ទី៣មានការ​រីករាល​ដាល​នៃ​​​​ផ្សារ​ចល័ត​រួម​ទាំង​ផ្សារ​ទំនើប​​ផង​ដែរ។

ចំពោះ​ការ​រីរាលដាល​នៃផ្សារ​ចល័តធ្វើឱ្យមាន​ការ​ប្រឈម​ទៅ​ដល់​​អាជីវករ​ដែល​លក់​នៅ​តាម​​ទីតាំងសមស្រប​ដែល​មានការ​បង់ពន្ធ​ជូនរដ្ឋ​ ខណៈ​ដែល​ផ្សារ​ចល័ត​​បាន​និង​កំពុង​តែ​ធ្វើឱ្យ​ខូចសណ្តាប់​ធ្នាប់​​​ទីក្រុង ដូចជារ៉ឺម៉ក​ធំ​ៗជិះលក់​បន្លែត្រីសាច់​តាមផ្លូវ​ធ្វើឱ្យមានការ​កក​ស្ទះ​​​ចរាចរណ៍ បាត់​បង់សណ្តាប់ធ្នាប់ទីក្រុង។

លោកគី សេរីវឌ្ឍន៍ ថ្លែង​ថា៖ «អ្នក​លក់ដូរចល័ត​ទាំង​នោះ មិនបាន​បង់ពន្ធជូនរដ្ឋ ហើយ​ក៏​បាន​បំផ្លាញនូវផ្សារ​ដែល​ប្រជាពលរដ្ឋ​លក់ដូរជួល​ទីតាំង​ដែរ ដូច្នេះ​ការងើបឡើងនៃផ្សារ​ប្រភេទ​នេះ​ជាកក្តា​មួយ​រារាំង​ក្នុង​វិស័យសេដ្ឋកិច្ច បានន័យថា វាធ្វើឱ្យមានការ​ផ្លាស់ប្តូរ​រច​នា​សម្ព័ន្ធ​​នៃការ​លក់​រាយនៅក្នុង​ទីផ្សារ​»

លោក គួច​ ចំណាន ប្រធានផ្សារ​ច្បារ​អំពៅ​បាន​ទទួល​ស្គាល់​ចំពោះការ​លើកឡើងដែលថា កំណើនផ្សារទំនើប និងការលក់ដូរតាម​អនឡាញ​​ច្រើន​បានរួម​ចំណែក​ធ្វើ​ឱ្យប៉ះពាល់ដល់អ្នកលក់ដូរនៅតាមផ្សាររដ្ឋ។

លោកប្រធានផ្សារ​ច្បារអំពៅ​បានថ្លែង​មក​កាន់​​ខេមបូចា​កាលពីថ្ងៃទី​២០​ខែមិថុនា​ថា៖«ម្យ៉ាង​ទៀត​វាពាក់ព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក​ផង សេដ្ឋកិច្ច​ក្នុងស្រុក​មិនសូវសម្បូរបែប​ផង អនឡាញ​ក៏​ច្រើន ទីផ្សារ​ទំនើប​ក៏ច្រើន ការលក់ដូរតាម​រ៉ឺម៉កក៏ច្រើន ​អ៊ីចឹង​ធ្វើឱ្យសេដ្ឋកិច្ចវាពិបាក អ៊ីចឹង​វា​ធ្វើឱ្យ​បងប្អូនយើង​អត់​សូវ​ចូលផ្សារ​។ ​គ្រប់ផ្សារ​ទាំង​អស់​មិនថា​តែផ្សារ​ច្បារអំពៅទេ វាទូទៅ​​​វាស្ងប់​ស្ងាត់[អ្នកទិញ]​ដូចតែគ្នា​»។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ខេមបូចា​កាលពីថ្ងៃ​ទី២០​ខែមិថុនា​ដោយ​បាន​ពន្យល់​ពីស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​និង​ពិភពលោក​​ថា មានកក្តា​ប្រឈម​មួយ​ចំនួនដែល​ជា​កក្តាសត្យានុម័ត​នៃស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុងនោះ​មាន​កក្តាភាព​តាន​តឹង​​នៃភូមិសាស្ត្រ​នយោបាយនៅ​លើ​សកលលោក បញ្ហា​សង្គ្រាម​នៅមជ្ឈិមបូព៌ា បញ្ហា​នៅអឺរ៉ុប បញ្ហា​មាន​និន្នា​ការ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បន្ត​អនុវត្ត​ដោយ​ប្រទេស​មហា​អំណាចធំៗ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​បើ​ប្រទេស​មហា​អំណាចធំៗជល់គ្នា​វាប្រៀប​ដូចសុភាសិតខ្មែរ​យើង​ពីដើមថា​ដំរីជល់​គ្នា​ដល់ស្លាប់​ស្លាប់ពីណា ? ស្លាប់ស្រមោច។ អ៊ីចឹង​នៅក្នុងកក្តា​ទី១​នេះ​គឺ​ជាកក្តា​ហានីភ័យ​ថ្វីដ្បិត​តែ​វាធំ​​បើប្រៀប​ធៀប​មកស្ថានភាព​ទីផ្សារ​កម្ពុជាយើង ​តែ​វា​ជា​កក្តា​​ដែល​ជះឥទ្ធិពល​ចំៗ»

កក្តា​​តម្លៃ​ទំនិញលើទីផ្សារ​​អន្តរ​ជាតិ​នៅ​មិនទាន់​ធ្លាក់​ចុះ​នៅឡើយទេ​ទោះបី​ជាមាន​និន្នាការ​ថា​ចង់​បញ្ចុះអត្រាកាប្រាក់យ៉ាង​ម៉េច ប៉ុន្តែតម្លៃ​ទំនិញ​វាចុះយឺត​វាមិន​ចុះ​លឿន​ទេ។

បន្ថែមពីនេះ​វត្ថុធាតុដើមឡើងថ្លៃ ទំនិញ​ឡើង​ថ្លៃនៅលើ​ពិភពលោក​វាក៏​ជាកក្តា​ជះឥទ្ធិពល​មួយ​ដល់​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​នៅ​លើ​ពិភពលោកផងដែរ។

លោក​បន្ថែមថា៖ «អ៊ីចឹង​ផលិតកម្មមួយចំនួន​ក៏ត្រូវ​ថយ​ទៅតាមហ្នឹងដែរ ពីព្រោះ​នៅពេល​ដែល​តម្លៃទំនិញកើនឡើងសេចក្តីត្រូវការ​ក៏វាអាច​ថយ​ចុះ​ហើយ​វានឹងទាញជះឥទ្ធិពល​ទៅ​ដល់​ការ​ថយ​ចុះនៃចង្វាក់ផលិតកម្ម។ អ៊ីចឹង​កក្តា​ទំនិញឡើង​ថ្លៃនៅលើឆាក​អន្ត​រ​ជាតិគេ​ហៅ​ថា អតិផរណា​នៅ​មិនទាន់​គ្រប់គ្រង​បាន​១០០ភាគ​រយ​ដូចកាលពីមុនកូវីដនោះ​ទេ»

បច្ចុប្បន្នកំណើន​សេដ្ឋកិច្ច​សកល ​គឺ​នៅទាប​នៅឡើយខណៈ​ពិភពលោក​​មានការ​បែក​ខ្ញែក​ជាប៉ូលៗ ​ប៉ូលសេដ្ឋកិច្ច​ផង​ ប៉ូលនយោបាយ​ផង​ ដែល​ប៉ូលទាំង​នេះ​វា​មិនមែន​ជាការ​ជួយគ្នា​ទេ តែ​វាជាការ​ប្រជែងគ្នា​ ជាការ​ទប់ទល់គ្នា​ទៅវិញទៅមក​ធ្វើឱ្យ​សេដ្ឋកិច្ចវាអត់​រីក​ចម្រើន​រួម​គ្នា​ទេ តែ​វាជាការ​ប៉ែង​ជើងគ្នាទៅ​វិញ ខណៈ​ពិភពលោក​ទាំង​មូល​​នៅ​តែ​បន្ត​ឥទ្ធិពល​ពីកូវីដ​មក​​ដែល​​​នៅមិន​ទាន់​អាចដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​បាន​១០០ភាគ​រយនៅ​ឡើយ។

លោក សុខសេនសាន ​បន្តថា៖ «កក្តា​ទាំងអស់នេះហើយ​ដែលវា​ជាកក្តា​ខាងក្រៅដែល​កម្ពុជា​យើង​ជាប្រទេស​មួយអាស្រ័យ​ទៅនឹង​សេដ្ឋកិច្ច​សកលដែរ​ពីព្រោះ​ទីផ្សារ​ធំរបស់​យើង​គឺនៅសកលលោកហើយកាលណា​វាប៉ះទង្គិច​កក្តា​ទាំងអស់​ហ្នុង​វានឹង​ជះឥទ្ធិពល​​​មក​ដល់កក្តាសេដ្ឋកិច្ចនៅខាងក្នុង​ទាំងទីផ្សារ​ទាំងចង្វាក់ផលិតកម្ម ទាំងការ​នាំចេញអី​ទាំងអស់​គឺ​វាប៉ះទង្គិច​ជារួម​តែម្តង»។

លោកឱ្យដឹងទៀតថា ជាស្ថានភាពជាក់ស្តែង​វិស័យ​លក់​ដុំលក់​រាយ​គឺនៅទ្រឹង​អត់​ឃើញ​មាន​ងើប​ឡើង​ទេ​បើ​ធៀប​នឹងឆ្នាំទៅ ហើយ​ឆ្នាំទៅវាជះឥទ្ធិពល​ពីឆ្នាំមុនៗ​ឆ្នាំ២០២២​ឆ្នាំ២០២១​មាន​ការ​ប៉ះទង្គិច​ខ្លាំង​ហើយ ហើយ​បើ​ប្រៀបធៀបពីឆ្នាំមុនៗ​រហូតមកដល់​ពេល​នេះ​អត់​ទាន់​មាន​ងើបឡើង​វិញទេ។ «អ៊ីចឹងនេះ ដែល​អាជីវករ​នៅមិន​ទាន់​មាន​អារម្មរណ៍​មកដូចដើមវិញ​ហើយ​​នេះជា​បញ្ហា​ធំ​ពីព្រោះ​​ស្ថានភាពគឺវាបែបហ្នឹង»។កក្តាផ្សេង​ទៀតដែល​ជាបញ្ហា​ប្រឈម​គឺ​វិស័យ​សំណង់​និង​អចលនទ្រព្យ​គឺមិនទាន់​ងើបឡើង​វិញនៅឡើយ​ទេ។

ក្មេងស្រីសិស្សសាលាម្នាក់ ដើរក្នុងផ្សារទំនើបមួយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ភាពខុសគ្នា​រវាង​ផ្សាររដ្ឋ​និងផ្សារ​ទំនើប

អ្នក​ស្រីពេជ្រ សោភា មាន​លំនៅដ្ឋាន​នៅខាងមុខវត្ត​វាលស្បូវ ខណ្ឌច្បារ​អំពៅ​បាន​ប្រាប់​ខេមបូចា នៅ​ពេល​កំពុង​ជញ្ជូន​អីវ៉ាន់​​ចេញពីផ្សារ​ទំនើប​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ នៅជិតបុរីប៉េង​ហួត​បឹងស្នោ​កាលពីល្ងាចថ្ងៃទី​១៥​ខែមិថុនា​ថា កាលពីមុននៅ​រៀង​រាល់​ថ្ងៃចុង​សប្តាហ៍​អ្នក​ស្រី​តែង​តែ​ទៅទិញអីវ៉ាន់​និង​គ្រឿង​ហូប​ចុក​ផ្សេងៗ​នៅ​ផ្សារ​ច្បារ​អំពៅ។

ប៉ុន្តែ​ប្រហែល​ជាជាង​១ឆ្នាំ​មកនេះ អ្នកស្រីមិនសូវ​​បាន​ទៅផ្សារ​ច្បារ​អំពៅ​ដូច​កាលពីមុន​ទៀត​​​​ទេ ដោយ​សារ​នៅតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ១​មានផ្សារ​ទំនើប​ច្រើន។អ្នក​ស្រីសោភា​និយាយ​ថា៖ «ចូល​ផ្សារ​ទំនើប​យើង​ស្រួលទិញអីវ៉ាន់​ជាង​ដោយ​សារ​តែផ្សារ​ទំនើប​គ្រប់​មុខទំនិញ​គេសុទ្ធ​តែមាន​ដាក់​តម្លៃ ចំណែក​នៅផ្សារ​រដ្ឋ​តម្លៃនៅលើមាត់អ្នកលក់​ពេល​ខ្លះអ្នកលក់​ លក់កោរយើង»

ចំណែក​នារីវ័យក្មេងម្នាក់រស់នៅក្នុង​សង្កាត់និរោធ​ ឈ្មោះ ព្រំ វណ្ណី ក៏បាន​លើកឡើង​ពីភាព​ងាយស្រួល​ក្នុង​ការ​ចូលទិញអីវ៉ាន់​នៅផ្សារ​ទំនើប​ផងដែរថា ក្នុង​ផ្សារ​ទំនើបមាន​ម៉ាស៊ីន​ត្រជា​ក់ មុខទំនិញ​ត្រូវបាន​រៀប​ចំយ៉ាងមាន​របៀប​ទៅតាមលំដាប់​លំដោយ​ងាយ​ស្រួល​ដើរ​​ទិញ​។

វណ្ណី និយាយ​ថា៖ «ផ្សារទំនើប​វាខុសពីផ្សារ​រដ្ឋ​ ផ្សារ​រដ្ឋ​ក្តៅ បរិស្ថាន​អត់ស្អាត ផ្លូវដើរ​ចង្អៀត​​អីវ៉ាន់​ត្រូវបាន​ដាក់​លក់​ច្របូកច្របល់​គ្មាន​ដាក់​តម្លៃ​។ ពេល​ខ្លះ​អ្នកលក់​សម្តីអាក្រក់​ជេរ​យើង​អ្នក​ទិញ​ក៏មាន។ ដូចទិញ​សម្លៀក​បំពាក់​នៅផ្សារ​រដ្ឋ​គេកាត់ថ្លៃខ្ពស់ តែនៅផ្សារ​ទំនើប​គេដាក់​តម្លៃលក់​តែម្តង​ វាស្រួល»

យុវជន​២នាក់​ម្នាក់​ឈ្មោះ សំ សម្រេច និង​ម្នាក់​ទៀត​ឈ្មោះ អួន ម៉ានុ ដែល​កំពុង​ដើរ​រក​ទិញ​ស្បែកជើង​នៅផ្សារ​ទំនើប​អ៊ី​អន​១ កាល​ពី​យប់​ថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ២០២៤​បាន​និយាយ​ដូចគ្នា​ថា ផ្សារ​ទំនើប​ក្រៅពីមាន​ទីធ្លា​ធំទូលាយ​មាន​ភាពងាយ​ស្រួល​ក្នុង​ការ​ដើរ​ទិញ​ទំនិញ​ដែល​គេចុះថ្លៃ វាក៏ជាទីកន្លែង​សម្រាប់​ដើរលម្ហែ​ផង​ដែរ​ពីព្រោះ​វាមាន​ម៉ាស៊ីនត្រជាក់ បរិយាកាសទូទៅ​មានផាសុកភាពល្អ។

សម្រេចនិយាយ​ថា៖ «លោកពូមើលទៅ ស្បែកជើង កាបូប ខោអាវ និងទំនិញផ្សេងៗ​ទៀត​សុទ្ធ​តែ​មាន​ដាក់​តម្លៃ ហើយ​មាន​អាលក់​ចុះថ្លៃ២០​ភាគ​រយ ឬ៣០​ភាគ​រយ​ទៀត​ដែល​ធ្វើ​ឱ្យ​យើង​ស្រួល​ទិញ​ទៅ​តាម​ទឹក​លុយ​ដែល​យើង​មាន»។

ផ្សារ​ចល័ត​​ផ្សារ​​តាម​អនឡាញ និង​ផ្សារ​ទំនើប​ធ្វើឱ្យប៉ះពាល់​ដល់ផ្សារ​រដ្ឋ​​

លោកគី សេរីវឌ្ឍន៍ បាន​ថ្លែងថា ការ​លក់ដូរ​ចល័ត​​តាម​រ៉ឺម៉ក​ដែល​ជា​ទម្រង់​​អាជីវកម្ម​ថ្មី​តាម​បែប​​ប្រទេស​វៀតណាម​ ​​ក្រៅពីធ្វើឱ្យប៉ះពាល់​​ដល់​អាជីវករ​ដែល​លក់​ដូរនៅតាម​ផ្សារ វា​ក៏​បាន​​បង្កឱ្យ​មាន​ភាព​រញ៉េរញ៉ៃនិង​ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់​​​នៅ​តាម​ផ្លូវ​ផង​ដែរ​​។​

ចំណែក​ផ្សារ​អនឡាញដែល​ជាគំរូអាជីវកម្មថ្មីដែល​ប្រទេសណាក៏ដូចជាប្រទេស​ណា​ដែរ​​​គឺ​កំពុង​តែកើតមាន​ច្រើនបាន​និង​កំពុង​ធ្វើឱ្យ​ទីផ្សារ​បុរាណ​ឬក៏ផ្សារ​ប្រពៃណី​ដែល​លក់មាន​ទីតាំង​តែគ្មាន​ម៉ាស៊ីនត្រជាក់​នឹង​ត្រូវ​បាត់​បង់បន្តិចម្តង​ៗនៅពេល​ដែល​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ ដូចគ្នា​នេះដែរ​បច្ចុប្បន្ន​នេះ​វិស័យ​ឌីជីថលនិង​ផ្សារ​ទំនើប​ក៏បាន​រួម​ចំណែក​នៅ​ក្នុង​ការ​​ធ្វើឱ្យថម​ថយ​នូវការ​លក់បែប​ប្រពៃណី​​​នៅ​តាម​ផ្សារ​រដ្ឋ​ផង​ដែរ។

អាជ្ញាធរ​ត្រូវ​បន្តធ្វើទំនើបកម្មផ្សារ​រដ្ឋដើម្បីឱ្យផ្សារ​រដ្ឋ​មាននិរន្តរភាព

​ដើម្បីលើកកម្ពស់​ឱ្យផ្សារ​ប្រពៃណី(ផ្សារ​រដ្ឋ)ឱ្យនៅមាននីរន្តរភាពអ្នក​វិភាគ​សេដ្ឋកិច្ច​លោកគី សិរីវឌ្ឍន៍​លើក​ឡើង​ថាទី១ គឺអាជ្ញាធរ​ត្រូវមានការ​រៀប​ចំទីតាំងផ្សារ​ឱ្យបាន​សមស្រប​ទាំង​ការ​​​លក់ដូរ ទាំងអនាម័យទាំងទីកន្លែង​ទាំង​ចំណត​​សម្រាប់​ម៉ូតូ​និង​រថយន្ត​ជាដើម​ពីព្រោះ​​ថា ផ្សារ​ប្រពៃណីនេះ​ប្រឈមនឹង​ការលំបាកលើចំណត។

ទី២ ទី​កន្លែង​​លក់​​ដូរ​របស់​អាជីវករមានភាពចង្អៀតថែមទាំង​ក្តៅរញ៉េរញ៉ៃ អ្នកលក់ដាក់​អីវ៉ាន់​លក់ហៀរមកមុខ​ដណ្តើម​ប្រជែងគ្នាធ្វើឱ្យ​បិទជិត​ផ្លូវ​​អតិថិជន​ដើរ​ឆ្លង​កាត់ហើយ​ពេល​ខ្លះ​កើតមាន​រឿង​​ឈ្លោះប្រកែកគ្នាក៏មាន ដែល​ចំណុច​អវិជ្ជមាន​​ទាំង​នេះ​ត្រូវ​ធ្វើការ​កែប្រែ។

លោកគី សេរីវឌ្ឍន៍​បញ្ជាក់​ថា​៖ «ដូច្នេះ​ត្រូវតែកាត់បន្ថយទាំង​អស់នេះហើយ​បន្ធូរបន្ថយពន្ធ​ផាស៊ី​សម្រាប់​ពួកគាត់​(អាជីវករ)ដើម្បី​​​ឱ្យពួកគាត់​ហ្នឹង​អាច​មានលទ្ធភាព​បន្តការលក់​ដូរ​ហ្នឹង​បានពីព្រោះវាជាផ្សារនៃសង្គម​ប្រពៃណីមួយ​ដែល​មិនអាចកាត់ចោល​បានទេ ហើយ​​អ្នក​នយោ​បាយ​​ទាំង​អស់​ត្រូវតែថែរក្សានូវក្រុម​ប្រភេទការលក់ដូរនេះ»

ចំពោះការ​វិនិយោគ​ផ្សារ​រដ្ឋ​មួយចំនួន ​​គឺ​បាន​សាង​សង់​​រួច​ហើយក៏​​ប៉ុន្តែអ្នក​លក់មួយចំនួន​មិនបាន​លក់​​​នៅក្នុង​ផ្សារ​ទេ​បែជា​ទៅ​លក់​នៅលើ​ផ្លូវ​ខាងក្រៅផ្សារ​។

អ្នក​សេដ្ឋកិច្ច​រូប​នេះ​បន្ត​ថា៖ «កន្លែង​នេះ​ក៏យើង​មើល​ឃើញដែរថា ផ្សារបែប​ប្រពៃណី​ភាគច្រើនគឺ​ជាផ្សារ​ដែល​មានការ​ពិបាក​នៅ​ក្នុងការ​គ្រប់គ្រងឬក៏អាជ្ញាធរ​​គ្មាន​សមត្ថភាព​នៅក្នុងការ​គ្រប់គ្រងផ្សារ​ដែល​ធ្វើឱ្យ​អាជីវករ​​គាត់លក់​ហៀរចេញ​ទៅ​ក្រៅ​ធ្វើឱ្យ​បាត់​បង់​​សណ្តាប់​ធ្នាប់»។

លោក​ថ្លែងថា ដើម្បី​ជំរុញ​ឱ្យផ្សារ​រដ្ឋ​មានសកម្មភាព​ប្រសើរ​ឡើង​វិញ​អាជ្ញាធរផ្សារ​ទាំង​អស់​ត្រូវតែរៀបចំសណ្តាប់ធ្នាប់​ឱ្យបាន​​ល្អ​ប្រសើរ​​ដើម្បី​ងាយស្រួលនៅក្នុងការលក់ដូរ​ ហើយ​អ្នក​លក់​លែង​ប្រជែងគ្នា​នៅក្នុងការដណ្តើមម៉ូយ​ មាន​ទីតាំង​ចំណតសម្រាប់​​រថយន្ត​និងម៉ូតូ ហើយ​​ចំណត​ទៀត​សោត​ត្រូវតែជា​ចំណត​ដែល​បង់ប្រាក់​​តិចតួច។

បច្ចុប្បន្ន​ផ្សារ​ទំនើបត្រូវ​បាន​បង្កើតឡើង​នៅស្ទើរគ្រប់ទីកន្លែងក្នុង​រាជធានីភ្នំពេញ​ ដោយ​ផ្សារ​ទំនើប​ទាំង​នោះ​​​មានផាសុកភាព មាន​អនាម័យ​ មានម៉ាស៊ីន​ត្រជាក់​​ថែម​ទាំង​មាន​មុខទំនិញ​ដ៏សម្បូរបែប​ ហើយ​គ្រប់​មុខទំនិញ​សុទ្ធ​តែត្រូវ​បាន​ដាក់​តម្លៃ​​ដោយ​មិន​ពិបាក​តថ្លៃ​ដូច​នៅ​តាម​​ផ្សារ​​រដ្ឋឡើយ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញមិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើរ​សុំធ្វើអត្ថាធិប្បាយ​​លើ​បញ្ហា​នេះ​ទាំង​តាមទូរសព្ទ​និង​ទាំង​​តាម​បណ្តាញ​តេឡេក្រាម​នោះ​ទេ។ បើ​តាម​រដ្ឋ​បាល​​រាជធានីភ្នំពេញ​ បច្ចុប្បន្ន​នៅភ្នំពេញ​មាន​ផ្សាររដ្ឋទាំង​អស់​ចំនួន២៥។

អតិថិជនដើរទិញអីវ៉ាន់ក្នុងផ្សាររដ្ឋមួយ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្តីរំពឹង និងផែនការ​សកម្មភាព​​របស់កម្ពុជាក្នុងការ​ស្តារសេដ្ឋកិច្ច​​

លោក មាស សុខសេនសានបាន​ថ្លែង​ថា ទន្ទឹម​នឹង​ការ​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ស្ថាន​ភាព​សេដ្ឋកិច្ច​​កម្ពុជាក៏មានកក្តាអំណោយផលដែរ​ពីការ​បែងចែកប៉ូលសេដ្ឋកិច្ច​និង​ការ​​បែង​ចែកប៉ូលនយោបាយ​របស់ពិភពលោក ។

​ការ​ប្តូរពីសកលភាវូបនីយកម្មមក​តំបន់ភាវូបនីយកម្ម​នេះ ​គឺវាបានផ្តល់ឱកាសសម្រាប់​កម្ពុជា​​ពីការ​ផ្គត់ផ្គង់​ទីផ្សារ​អន្តរជាតិ​មក​ផ្គត់ផ្គង់​ទីផ្សារ​តំបន់​វិញ មាន​ន័យ​ថា កម្ពុជា​ត្រូវពង្រឹង​សមត្ថភាពនៃការផលិត​ដើម្បីផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់។

បន្ថែម​ពី​នេះ​កម្ពុជា​មាន​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរី​ដែល​បើកចំហទីផ្សារ​ធំ​ក្នុង​​តំបន់​ជាមួយចិនជាមួយកូរ៉េ​​ខាង​ត្បូង​និង​មានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់​ Regional Comprehensive Economic Partnership (RCEP)។ «អ៊ីចឹង​​បាន​​កំណើន​ពាណិជ្ជកម្ម​កម្ពុជា​​​មានការ​ហក់ឡើង​ជាបណ្តើរៗ​ ក្នុង​នោះ​ការនាំចេញក៏​ចាប់ផ្តើម​​កើនឡើង​ជាបណ្តើរៗ»។

ក្រៅពីនេះ​តម្លៃ​​ពលកម្មកម្ពុជា​​ទាបដែល​អនុញ្ញាត​ឱ្យ​​កម្ពុជា​​មាន​ភាព​ប្រកួត​ប្រជែង​បូករួម​នឹង​ការ​កែទម្រង់ វាជាកាលានុវត្ត​ភាពដែលអំណោយ​ផល។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​លើកឡើង​ថា ​អ៊ីចឹង​សួរ​ថា​តើ​រដ្ឋាភិបាល​ធ្វើអី? រដ្ឋាភិបាល​នឹង​បន្ត​រៀបចំគោលនយោបាយ​និង​យុទ្ធសាស្ត្រនានា​ដើម្បីឆ្លើយ​តប​ឱ្យ​ទាន់​នៅ​ក្នុង​​ពេល​ដែល​សភាពការផ្លាស់ប្តូរនេះ​។

លោក​បញ្ជាក់​ទៀត​ថា៖ «ហើយ​វិធីសាស្ត្រ​គឺ​ត្រូវ​ពង្រឹង​ខ្លួន​យើង​ ក្នុង​នោះការ​ពង្រឹងធនធាន​មនុស្សបង្កើនជំនាញ​ហើយ​ដែល​រដ្ឋាភិបាល​កំពុង​បង្កើនការ​យកចិត្ត​ទុកដាក់​លើ​ការបង្កើន​ជំនាញ​នេះដែល​មាន​គោលដៅបណ្តុះ​បណ្តាល​ដល់​​យុវជន១លានកន្លះ​​នាក់​ដែល​សុទ្ធ​តែជា​គោល​ដៅ​ឆ្លើយ​តប​ជាក់​ស្តែង​ដែល​យើង​កំពុងធ្វើ»។

ក្រៅពីនេះ​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សេដ្ឋកិច្ច​ដោយ​កម្ពុជា​មិនអាស្រ័យ​តែទៅ​លើ​ការកាត់ដេរ​តែមួយ​ទៀត​ទេគឺកម្ពុជា​​រំពឹង​ទៅលើវិស័យ​មិន​មែនកាត់ដេរកមន្តសាលដែល​វាកំពុង​មានការ​ហក់​ឡើង​ដូចជាសំបកកង់​រថយន្ត​,វ៉ាលី,គ្រឿង​បង្គុំរថយន្ត​អីជាដើម​ដែល​ជាការប្រព្រឹត្តិកម្ម​សេដ្ឋកិច្ច និង​ត្រូវ​ពង្រឹងលើវិស័យឯកជនដោយសព្វថ្ងៃនេះមាន​ការ​យក​ចិត្ត​ទុកដាក់តាម​រយៈ​ការ​​សម្រាល​នូវបន្ទុកនានា​​ដោយ​​បន្ធូបន្ថយ​ពន្ធដើម្បីលើកទឹកចិត្ត​ធ្វើឱ្យពួកគាត់​មានភាព​ប្រកួត​ប្រជែង​ជាដើម​។

ក្រៅពីនេះ​លោក សុខសេនសាន ​លើកឡើង​ថា គឺ​ត្រូវ​ពង្រឹង​លើ​ផ្នែក​សេដ្ឋកិច្ចទីផ្សារ​​ដែល​នេះជាវិធីសាស្ត្រដែល​កម្ពុជា​បាន​ធ្វើ ប៉ុន្តែសួរ​ថា ទាំងអស់នេះ​វា​បាន​ជះឥទ្ធិពល​មកលើអ្នកលក់ដុំលក់រាយ​យ៉ាងម៉េច?«ជះឥទ្ធិពល​និយាយ​ទៅដូចឆ្ងាយ​ ប៉ុន្តែអ្វី​ដែល​អាចផ្សារភ្ជាប់គ្នា​បាន​គឺថា ប្រសិនបើសេដ្ឋកិច្ចខាងក្រៅ​ប្រសើរ​ទីផ្សារ​របស់កម្ពុជាយើង​សម្រាប់​នាំចេញល្អប្រសើរ​វានឹង​ជួយ​ឱ្យការ​ផលិតទាំង​ឡាយ​ក្នុង​ស្រុកហ្នឹង​អាចនាំចេញបាន​ច្រើនហើយ​ចំណូល​ប្រជាពលដ្ឋ​ក៏បាន​ច្រើន នៅពេល​ដែល​ចំណូល​របស់​ប្រជាពលរដ្ឋ​បានច្រើនគាត់នឹង​បង្កើនការទិញ»។

​សម្រាប់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធបាន​លើក​ឡើង​ថា ការដែលសេដ្ឋកិច្ច​​កម្ពុជា​ធ្លាក់​ចុះ​ធ្វើឱ្យប្រជាពល​រដ្ឋ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុង​ការ​រកប្រាក់​ចំណូលនេះ ក៏បណ្តាល​មកពី​​អាជ្ញាធររដ្ឋ​ខ្វះយន្តការដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ស្តារឡើង​វិញ​នូវសេដ្ឋកិច្ច​ជាតិជាពិសេស​សេដ្ឋកិច្ច​ពលរដ្ឋ​ អ្នក​ប្រកបរបរសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​​និង​ការ​ប្រកបមុខរបរផ្សេងៗ​ទៀតផងដែរ​។ លោក ​វន់ ពៅ ​បន្ថែម​ថា​៖ «កក្តាមួយ​ទៀត​មក​ពីបច្ចុប្បន្ន​កម្ពុជា​អត់មាន​អ្នក​វិនិយោគ​ទុន​មក​ពីអឺរ៉ុប​មកពីអាមេរិកអីទេ មាន​តែ​អ្នក​វិនិយោគ​ជាជនជាតិចិន។ ជន​ជាតិ​​ចិន​កាលណាមក​ គឺចាយត្បិតត្បៀត​មិនទូលាយ​ដូចជន​ជាតិ​អឺរ៉ុប​ និង​អាមេរិកទេ»

459 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម