ប្រជាពលរដ្ឋ៦០គ្រួសារដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ព្រលានយន្តហោះដែលមានទឹកប្រាក់១,៥ពាន់លានដុល្លារនៅក្នុងខេត្តកណ្តាលបានជួបជាមួយតំណាងរបស់ក្រុមហ៊ុននិងមន្ត្រីមកពីក្រសួងរៀបចំដែនដីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីសំណងសម្រាប់លំនៅដ្ឋានរបស់ពួកគាត់។
អស់រយៈពេលបួនឆ្នាំមកហើយ ដែលគ្រួសារប្រជាពលរដ្ឋទាំងនេះបានជាប់គាំងនៅក្នុងជម្លោះជុំវិញគម្រោងសាងសង់ព្រលានយន្តហោះខ្នាតយក្ស ដែលកំពុងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជាកម្មសិទ្ធិរបស់លោក ពុង ឃាវសែ ជាឧញ៉ាដែលមានខ្នងក្រាស។
ពលរដ្ឋនៅភូមិកំពង់តាឡុងដែលនឹងត្រូវបានផ្លាស់ទីលំនៅ ដើម្បីបើកផ្លូវសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋាននេះបានបដិសេធរួចហើយ នូវសំណងដែលផ្តល់ឲ្យក្នុងតម្លៃដី៨ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីស្រែដែលប៉ះពាល់។ កាលពីថ្ងៃព្រហស្បតិ៍ ប្រជាពលរដ្ឋទាំងនេះបានសម្តែងការព្រួយបារម្ភថា តើពួកគាត់នឹងទទួលបាន សំណងប៉ុន្មាន សម្រាប់លំនៅដ្ឋានរបស់ពួកគាត់។
អំឡុងពេលជួបជាមួយអាជ្ញាធរ ក្រុមហ៊ុនបានស្នើឲ្យអ្នកភូមិផ្តិតមេដៃលើឯកសារដែលបញ្ជាក់ពីការវាយតម្លៃលើអចលនទ្រព្យរបស់ពួកគាត់ ប៉ុន្តែ អ្នកភូមិបានទាមទារឲ្យក្រុមហ៊ុនបង្ហាញតម្លៃ និងរបៀបនៃការ វាយតម្លៃដែលត្រូវបានធ្វើតាំងពីឆ្នាំ ២០២១ ដោយពួកគាត់បារម្ភខ្លាចត្រូវគេបោកប្រាស់។
ពលរដ្ឋម្នាក់ឈ្មោះ ណៃ ភន អាយុ៥០ឆ្នាំបាននិយាយថា៖ «យើងមិនដឹងថា គេវាយតម្លៃអចលនទ្រព្យរបៀបណាទេ។ ពួកគេគ្រាន់តែប្រាប់យើងថា ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញអចលនទ្រព្យ ចំណែកយើងដែលជាម្ចាស់អចលទ្រព្យគ្មានព័ត៌មានអ្វីទាំងអស់»។
លោក ភន បាន និយាយថា ទាំងអាជ្ញាធរនិងក្រុមហ៊ុនកំពុងព្យាយាមបំបែកអ្នកភូមិដោយហៅឲ្យទៅជួបម្នាក់ម្តងៗ ដើម្បីចរចា។
លោកបាននិយាយថា៖ «នេះគឺជាយុទ្ធសាស្ត្ររបស់ពួកគេ ដើម្បីបំបែកយើង ពីព្រោះអ្នកខ្លះដែលមិនយល់នឹងយល់ព្រមតាម។ យើងចង់ឲ្យក្រុមហ៊ុនបង្ហាញតារាងតម្លៃអចលនទ្រព្យនីមួយៗឲ្យបានច្បាស់»។
អ្នកភូមិម្នាក់ទៀតឈ្មោះ ពៅ យ៉ង ដែលបានចូលរួមប្រជុំបាននិយាយថា ដោយសារតែអ្នកស្រីមើលឯកសារនោះមិនយល់ អ្នកស្រីបានបដិសេធមិនផ្តិតមេដៃលើឯកសារនោះ។
អ្នកស្រីបាននិយាយថា៖ «ពួកគេស្នើឲ្យខ្ញុំផ្តិតមេដៃលើឯកសារ ប៉ុន្តែយើងមិនដឹងថា គេឲ្យតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ ហើយខ្ញុំចង់ដឹងពីតម្លៃ។ ពួកគេបានវាយតម្លៃលើផ្ទះរបស់ខ្ញុំដោយគ្រាន់តែប៉ាន់ស្មាន ដូច្នេះខ្ញុំមិនយល់ព្រមទេ»។

ផ្ទះចំនួន៦៤ខ្នងនៅភូមិកំពង់តាឡុងក្នុងស្រុកកណ្តាលស្ទឹងបានរងផលប៉ះពាល់ដោយសារគម្រោងសាងសង់អាកាសយានដ្ឋានដ៏ធំមួយនេះ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនបានចាប់ផ្តើមវាស់វែងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីគិតគូរពីអត្រាសំណង។
ក្រុមហ៊ុននឹងផ្តល់សំណងជាសាច់ប្រាក់សម្រាប់លំនៅដ្ឋាន ដំណាំ ដើមឈើនិងសំណង់ផ្សេងៗទៀតនៅលើដីរបស់ប្រជាពលរដ្ឋ នេះបើតាមឯកសារវាយតម្លៃដែលខេមបូចាបានឃើញ។
ទោះបីជាយ៉ាងណា ឯកសារនេះមិនបានបញ្ជាក់ថា តើក្រុមហ៊ុននឹងផ្តល់សំណងចំនួនប៉ុន្មានទេ ខណៈតំណាងរបស់ក្រុមហ៊ុននិយាយថា ចំណុចនេះនឹងត្រូវពិភាក្សានៅដំណាក់កាលក្រោយ។
សម្រាប់ដីធ្លី អ្នកភូមិត្រូវបានគេផ្តល់ជម្រើស គឺតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះត្រូវបានពលរដ្ឋបដិសេធដោយសារទាបពេកឬទទួលយកដីនៅកន្លែងតាំងទីលំនៅថ្មី។
លោក ជីវ កុកសាយ ដែលទទួលបន្ទុកលើការរកទិញដីសម្រាប់គម្រោងអាកាសយានដ្ឋានថ្មីនេះបានប្រាប់ខេមបូចាថា ដំបូងឡើយ ក្រុមហ៊ុនចង់ធ្វើឲ្យប្រាកដថា ព័ត៌មានរបស់ពួកគាត់គឺត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលយើងកំពុងពិភាក្សាគឺគ្រាន់តែនិយាយអំពីទំហំនិងប្រភេទសំណង់និងចំនួន និងប្រភេទដើមឈើឬដំណាំនៅនឹងកន្លែង។ យើងមិនបានជជែកពីតម្លៃអចលនទ្រព្យនៅឡើយទេ ពីព្រោះយើងត្រូវដោះស្រាយការផ្តល់ជូនដោយផ្អែកលើកត្តាទាំងអស់នេះ»។
ទោះបីជាយ៉ាងណា លោក កុកសាយ បានប្រាប់អ្នកភូមិនៅក្នុងកិច្ចប្រជុំនោះថា សំណងនឹងមិនក្រោម២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េទេ សម្រាប់ផ្ទះថ្មី។ ជម្លោះដីធ្លីគឺជាបញ្ហាធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជម្លោះខ្លះ អ្នកភូមិបានទទួលសំណងសម្រាប់ដីធ្លីឬដំណាំរបស់ពួកគាត់ ប៉ុន្តែជារឿយៗក្នុងតម្លៃទាបជាងអត្រាទីផ្សារ។ នៅក្នុងករណីផ្សេងទៀត អ្នកភូមិត្រូវគេបង្ខំឲ្យចាកចេញដោយគ្មានសំណង ដែលអាជ្ញាធរអះអាងថា ពួកគាត់មករស់នៅលើដីរបស់គេដោយខុសច្បាប់។
លោក អំ សំអាត នាយកចាត់ការទូទៅនៅអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា អាជ្ញាធរនិងក្រុមហ៊ុនចាំបាច់ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋថា តើពួកគេធ្វើការវាយតម្លៃរបៀបណាហើយថា តើពួកគាត់នឹងទទួលបានសំណងអ្វីមុនពេលពួកគាត់យល់ព្រមផ្តិតមេដៃលើឯកសារណាមួយ។
លោកបានមានប្រសាសន៍ថា៖ «ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋគឺជារឿងត្រឹមត្រូវ ហើយចាំបាច់ត្រូវពន្យល់ឲ្យបានច្បាស់។ នៅពេលពលរដ្ឋគាត់មិនយល់ វាមិនអាចដោះស្រាយ [ បញ្ហា ] បានទេ ពីព្រោះប្រជាពលរដ្ឋបារម្ភអំពីទ្រព្យសម្បតិរបស់ពួកគាត់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Families affected by Kandal airport demand clarity on compensation