អាជ្ញាធរបានអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យដែលបានឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតកាលពីចុងខែធ្នូនោះទេ ប៉ុន្តែសាច់ញាតិរបស់ស្ត្រីខ្មែរម្នាក់ដែលជាប់នៅក្នុងអគារនោះ នៅពេលមានអគ្គិភ័យបានរៀបចំពិធីបុណ្យសពរបស់នាងរួចហើយ។
លោក ហ៊ាង ប៊ុននឿន និយាយថា លោករៀបចំពិធីរំឭកដល់មរណភាពរបស់ប្អូនថ្លៃស្រីរបស់លោកឈ្មោះ អឿ ធី ដោយមានព្រះសង្ឃបីអង្គធ្វើពិធីសូត្រមន្ត។ អឿ ធី គឺជាស្ត្រីមេម៉ាយអាយុ៤១ឆ្នាំមានកូន៧នាក់ ដែលធ្វើការជាអ្នកបោសសម្អាតនៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City មុនពេលមានករណីផ្ទុះសេខ្សែភ្លើងឆាបឆេះកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោក ប៊ុននឿន បាននិយាយថា៖ «គ្មានសាកសពទេ ហើយក៏គ្មានផ្កាភ្ញីនៅពីមុខមឈូសដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ គាត់ត្រឡប់មកវិញ»។
ពីរសប្តាហ៍បន្ទាប់ពីអគ្គិភ័យ ហើយអាជ្ញាធរបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២៦នាក់បានស្លាប់ និង៥៧នាក់រងរបួស បន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះរួមគ្នាកម្ពុជា-ថៃរយៈពេល៣៩ម៉ោងមក គ្រួសាររបស់អ្នកស្រី អឿ ធី និងក្រុមគ្រួសាររបស់បុគ្គលិកខ្មែរដែលបាត់ខ្លួនយ៉ាងតិចពីរនាក់ផ្សេងទៀត មិនទាន់បានឮដំណឹងអំពីជោគវាសនារបស់ពួកគេនៅឡើយទេ។
ក្រុមគ្រួសារបុគ្គលិកខ្មែរដែលបាត់ខ្លួន ឬរងរបួសក៏កំពុងរង់ចាំស្តាប់ដំណឹងដែរថា តើអាជ្ញាធរនឹងផ្តល់សំណងអ្វីខ្លះចំពោះការបាត់បង់ពួកគេ។
អ្នកស្លាប់ភាគច្រើនគឺជាជនជាតិថៃ ប៉ុន្តែជនជាតិម៉ាឡេស៊ី ចិន និង នេប៉ាល់ ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងចំណោមអ្នកស្លាប់និងរបួសផងដែរដោយអាជ្ញាធរកម្ពុជា ដែលបានបញ្ជាក់ម្តងហើយម្តងទៀតថា មិនមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ក្នុងអគ្គិភ័យនោះទេ។
ប៉ុន្តែអាជ្ញាធរកម្ពុជាបាននិយាយកាលពីថ្ងៃអង្គារថា សាកសពប្រាំមួយនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយកំពុងរង់ចាំការធ្វើតេស្ត DNA នៅប្រទេសថៃ។
អាជ្ញាធរថៃបានរាយការណ៍ថា ជនជាតិថៃបួននាក់នៅបន្តបាត់ខ្លួន នេះបើយោងតាមលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ អាជ្ញាធរកម្ពុជាបាននិយាយថា ពួកគេមិនបានដឹងចំនួនសរុបនៃបុគ្គលិកខ្មែរដែលរាយការណ៍ថាបាត់ខ្លួននោះទេ ប៉ុន្តែបានកត់សម្គាល់ថា ខ្លួនបានទទួលសេចក្តីរាយការណ៍ពីក្រុមគ្រួសារមួយចំនួន។
លោក សិទ្ធិ ឡោះ បានប្រាប់ខេមបូចានៅថ្ងៃអង្គារថា៖ «ខ្ញុំមិនអាចប្រាប់បានថា តើមានបុគ្គលិកខ្មែរណាម្នាក់ស្លាប់ឬអត់នោះទេ»។ កន្លងមក លោកបានអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ក្នុងគ្រោះអគ្គិភ័យនោះទេ។
ការខ្វះភាពច្បាស់លាស់នេះ បានធ្វើឱ្យគ្រួសារបុគ្គលិកដែលបាត់ខ្លួនខកចិត្ត។ បន្ទាប់ពីអគ្គិភ័យឆាបឆេះ លោក ប៊ុននឿន បានស្វែងរកប្អូនថ្លៃរបស់លោករយៈពេលពីរថ្ងៃ រួមទាំងការធ្វើដំណើរតាមតំបន់ព្រំដែនថៃក្បែរនោះ ដើម្បីស្វែងរកព័ត៌មានពីអាជ្ញាធរ និងមណ្ឌលសុខភាពនៅទីនោះ។
លោក ប៊ុននឿន បាននិយាយថា៖ «ខាងថៃប្រាប់ខ្ញុំថា ពលរដ្ឋខ្មែរដែលរបួស ឬស្លាប់ គឺនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខាងកម្ពុជាថា [អ្នកទាំងនោះ] នៅក្នុងប្រទេសថៃ។ ខ្ញុំមិនដឹងថា ត្រូវជឿប្រភពណាទេ»។

ក្រោយបិទបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃទី៣០ ខែធ្នូ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «គ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ឬរងរបួសនោះទេ»។
លោក ប៊ុននឿន បាននិយាយថា៖ «ពួកគេ [អាជ្ញាធរ] ទំនងជាមិនដឹងអ្វីសោះ ហើយពួកគេគ្រាន់តែប្រាប់ខ្ញុំថា គ្មានពលរដ្ឋខ្មែរស្លាប់នៅក្នុងអគារកាស៊ីណូទេ។ ខ្ញុំនិយាយមិនចេញតែម្តង ហើយមិនដឹងថា ត្រូវនិយាយយ៉ាងម៉េចទេ ព្រោះកាស៊ីណូមានទីតាំងនៅស្រុកខ្មែរ ហើយគេថា អត់មានខ្មែរស្លាប់»។
លោក ប៊ុននឿន បានដាក់ពាក្យបណ្ដឹងពីរទៅបីថ្ងៃ បន្ទាប់ពីអគ្គិភ័យនេះទៅអាជ្ញាធរខេត្ត ដើម្បីស្វែងរកព័ត៌មាន។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
គណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលដឹកនាំប្រតិបត្តិការពន្លត់អគ្គិភ័យ និងត្រួតពិនិត្យមើលការវាយកម្ទេចអគារ Grand Diamond City ក៏កំពុងស៊ើបអង្កេតលើសាកសពមិនស្គាល់អត្តសញ្ញាណទាំងប្រាំមួយរូបនោះ នេះបើតាមលោក សេក សុខុម អ្នកនាំពាក្យខេត្ត។
លោក សុខុម មានប្រសាសន៍ថា៖ «បុគ្គលិកខ្មែរភាគច្រើនធ្វើការនៅជាន់ទីមួយ ហើយសម្រាប់អ្នកធ្វើការនៅជាន់ទីមួយអត់មានអ្នកណាម្នាក់ស្លាប់នោះទេ ពួកគេបានរត់ចេញ»។
លោក សុខុម មានប្រសាសន៍ថា គ្រួសារបុគ្គលិកដែលបានស្លាប់ ឬរងរបួសក្នុងអគ្គិភ័យនៅកាស៊ីណូ នឹងមានសិទ្ធិទទួលបានសំណង ប្រសិនបើពួកគេបានចុះឈ្មោះក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)។
លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើពួកគេធ្វើការនៅទីនោះ ហើយពួកគេចុះឈ្មោះសមនៅបេឡាជាតិរបបសន្តិសុខសង្គម ពួកគេនឹងទទួលបានសំណងពីរដ្ឋាភិបាលនៅពេលដែលពួកគេប្រឈមមុខនឹងគ្រោះថ្នាក់នៅកន្លែងធ្វើការរបស់ពួកគេ។ ប៉ុន្តែប្រសិនបើពួកគេធ្វើការនៅកាស៊ីណូនោះ [ Grand Diamond City] ហើយមិនមែនជាសមាជិក ប.ស.ស នោះពួកគេមិនអាចទទួលបានសំណងទេ»។
លោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួលសមាគមអាដហុកនៅខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សាច់ញាតិបុគ្គលិកអាចប្ដឹងក្រុមហ៊ុន ដើម្បីទទួលបានសំណង ប៉ុន្តែលុះត្រាតែបុគ្គលិកនោះត្រូវបានគេបញ្ជាក់ថាស្លាប់។ លោកបានបន្ថែមថា កាស៊ីណូហាក់ដូចជាខ្វះសញ្ញាគ្រាមានអាសន្ន និងហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាពពេលមានអគ្គិភ័យដូចជាបណ្តាញបាញ់ទឹក និងច្រកគេចខ្លួនពេលមានអគ្គិភ័យ។
លោក ច័ន្ទគា មានប្រសាសន៍ថា៖ «ដោយសារអាជ្ញាធរបានអះអាងថា គ្មានបុគ្គលិកខ្មែរស្លាប់ ដូច្នេះក្រុមគ្រួសារជនរងគ្រោះមានការពិបាកនឹងប្ដឹងឬទទួលបានសំណង»។
លោក ប៊ុននឿន និយាយថា តំណាងកាស៊ីណូ Grand Diamond មកពីប្រទេសថៃ ដែលមិនបានប្រាប់ឈ្មោះ ឬលេខទំនាក់ទំនងនោះបានមកផ្តល់ថវិកាដល់ក្រុមគ្រួសារចំនួន១០.០០០បាត (២៩៩ដុល្លារ) សម្រាប់ចំណាយបុណ្យសព ហើយបាននិយាយថា ក្រុមហ៊ុននឹងផ្តល់ប្រាក់ចំនួន៥.០០០បាត (ប្រហែល ១៥០ ដុល្លារ) ទៀត ដើម្បីជួយឧបត្តម្ភដល់កូនរបស់អ្នកស្រី អឿ ធី សម្រាប់រយៈពេល ៣ខែបន្ទាប់។
លោក ប៊ុននឿន បាននិយាយថា លោកមានអារម្មណ៍ថា អាជ្ញាធរកម្ពុជាកំពុងគេចពីការទទួលខុសត្រូវក្នុងការជួយគ្រួសារដែលបាត់បង់មេគ្រួសារ។
លោក ប៊ុននឿន បាននិយាយថា៖ «ពួកគេគ្មានការទទួលខុសត្រូវចំពោះពលរដ្ឋបាត់ខ្លួននោះទេ ហេតុនេះហើយពួកគេឆ្លើយមកខ្ញុំគ្រាន់តែជាលេស និងគ្មានដំណោះស្រាយ»។
ស្ត្រីម្នាក់ទៀតគឺអ្នកស្រី កែវ វណ្ឌី បាននិយាយកាលពីថ្ងៃអង្គារថា គាត់កំពុងតាមរកស្វាមីរបស់គាត់ជនជាតិខ្មែរឈ្មោះ កែវ វិសុទ្ធ បន្ទាប់ពីបានរង់ចាំជាច្រើនថ្ងៃនៅខាងក្រៅវត្ត និងទៅមើលមណ្ឌលសុខភាពក្នុងមូលដ្ឋាន ដោយសង្ឃឹមថា នឹងដឹងថា វិសុទ្ធ ស្លាប់ឬនៅរស់។
អ្នកស្រី វណ្ឌី បាននិយាយថា៖ «ខ្ញុំមិនមានព័ត៌មានអំពីប្តីខ្ញុំទេ ប៉ុន្តែខ្ញុំកំពុងរង់ចាំការធ្វើតេស្ត DNA ដើម្បីដឹងថា តើប្តីខ្ញុំស្លាប់ឬអត់»។

ដោយខ្វះចម្លើយពីអាជ្ញាធរ លោក បាន ដូច បានទៅរកគ្រូទាយដែលប្រាប់គាត់ថា ក្មួយស្រីដែលបាត់ខ្លួនឈ្មោះ សំ ស្រីមុំ អាយុ៣២ឆ្នាំ នៅមានជីវិតនិងកំពុងទទួលការព្យាបាលនៅប្រទេសថៃ។
លោក ដូច បាននិយាយថា៖ «ខ្ញុំបានទៅប្រទេសថៃ ហើយបានឃើញជនជាតិថៃផ្សេងទៀតរកឃើញសពសាច់ញាតិរបស់ពួកគេ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមិនទាន់រកឃើញគាត់ទេ ទោះបីខ្ញុំទៅរកតាមវត្តជាច្រើន និងមន្ទីរពេទ្យជាច្រើនក៏ដោយ»។
លោក បាន ដូច បន្តថា ក្រុមគ្រួសាររបស់ ស្រីមុំ មិនបានទទួលប្រាក់សំណងពីអាជ្ញាធរ ឬក្រុមហ៊ុនទេ ហើយប្រាក់ខែ២០០ដុល្លារក្នុងមួយខែ ជាបុគ្គលិកបោសសម្អាតនៅ Grand Diamond City គឺជាប្រភពចំណូលតែមួយគត់របស់គ្រួសារ។
លោក បាន ដូច បាននិយាយថា៖ «យើងក្រីក្រ ហើយប្តីរបស់គាត់ធ្វើការជាកម្មករសំណង់។ ខ្ញុំកំពុងព្យាយាមរកម្ចាស់ក្រុមហ៊ុនដើម្បីសួរថា តើយើងអាចបើកប្រាក់ខែរបស់ ស្រីមុំ ដើម្បីឧបត្ថម្ភកូនរបស់គាត់បានឬអត់?»។
ខណៈអាជ្ញាធរអះអាងថា មិនស្គាល់ម្ចាស់កាស៊ីណូនោះ ឯកសាររបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា លោកឧកញ៉ា លី យ៉ុងផាត់ ជាជនជាតិខ្មែរ និងសហការីជនជាតិថៃចុះបញ្ជីក្នុងឋានៈជានាយកក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងកាស៊ីណូនេះ។
ដូចគ្នានេះដែរ ក្រុមហ៊ុនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធមួយទៀតគឺចុះឈ្មោះ សឿម សាអ៊ីម និង មាន វាសនា ភរិយារបស់អ្នកនយោបាយជនជាតិថៃដែលរត់គេចពីការចាប់ខ្លួនឈ្មោះ Vatana Asavahame ជានាយក។ ទាំងលោកស្រី មាន វាសនា និងលោក Asavahame គឺជាពលរដ្ឋថៃដែលបានទទួលសញ្ជាតិខ្មែរ ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៨ ប៉ុន្មានខែមុនលោក Asavahame ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំក្នុងប្រទេសថៃពីបទពុករលួយ។
ខណៈសាច់ញាតិរបស់បុគ្គលិកខ្មែរដែលបាត់ខ្លួនរង់ចាំព័ត៌មាន លោក ប៊ុននឿន បាននិយាយថា លោកនៅតែជឿថា ប្អូនថ្លៃស្រីរបស់លោកប្រហែលនៅមានជីវិត។
លោក ប៊ុននឿន បាននិយាយថា៖ «ខ្ញុំគិតថា គាត់មានរបួសធ្ងន់ ហើយមិនទាន់ដឹងខ្លួននៅមន្ទីរពេទ្យ។ វាគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនសង្ឃឹមច្រើនទេ ត្រឹមតែ ១០ ឬ ២០ ភាគរយប៉ុណ្ណោះ។ វាពិតជាសោកស្តាយណាស់ ព្រោះពួកគេ [កាស៊ីណូ និងអាជ្ញាធរ] មិនទាន់រកដំណោះស្រាយសម្រាប់ខ្ញុំ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស ៖ Families of Missing Casino Workers Seek Compensation and Closure as Authorities Remain Vague Over Possible Cambodian Deaths