ក្រុមគ្រួសារមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសាលាឧទ្ធរបានច្រានចោលសំណើសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ ៥នាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦-៨ឆ្នាំ ក្រោមបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ។
ក្រុមគ្រួសារ មានទាំងភរិយា ប្អូនបង្កើត ព្រមទាំងមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រ បានបញ្ចេញប្រតិកម្មភ្លាមៗ នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីសវនាការលើសំណើសុំនៅក្រៅឃុំបណ្ដោះអាសន្ន បានដំណើរការពេញមួយរសៀល ប៉ុន្តែជាលទ្ធផលត្រូវបានច្រានចោល ។
កម្មវត្ថុនៃសំណើសុំក្រៅឃុំរួមមាន ហេតុផលផ្នែកសុខភាព និងជីវភាព ដោយសកម្មជនខ្លះចង់បានឱកាសរស់នៅថែទាំឪពុកម្ដាយចាស់ជរាដែលកំពុងតែមានជំងឺប្រចាំកាយរហូតដល់ជំងឺមហារីកកម្រិតធ្ងន់ ខ្លះដើម្បីបានមើលថែគ្រួសារ កូន ប្រពន្ធដែលកំពុងតែមានផ្ទៃពោះជិតដល់ថ្ងៃសម្រាល ហើយសកម្មជនខ្លះដើម្បីបានឱកាសព្យាបាលជំងឺផ្ទាល់ខ្លួន ។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង ៥នាក់ ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារតាមបណ្ដាខេត្តដាច់ៗដោយឡែកពីគ្នានោះមាន លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និង កញ្ញា ភួន កែវរស្មី ។
សកម្មជន ៤នាក់ ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួនភ្លាមៗ ខណៈពួកគេកំពុងរង់ចាំការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលទី២ ខែកក្កដា ឆ្នាំ២០២៤ ចំណែកសកម្មជនម្នាក់ទៀតគឺ លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួនតាមផ្លូវនៅថ្ងៃដដែល ។
ក្រៅពីការខកចិត្តចំពោះលទ្ធផលនៃសំណើសុំនៅក្រៅឃុំ ភរិយារបស់ លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត រស្មី រៀបរាប់ថា អវត្តមានស្វាមីបានបង្កនូវការលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់លោកស្រី ដែលត្រូវរ៉ាប់រងជីវភាព និងមើលថែកូនប្រុសតូចៗពីរនាក់ ។ បន្ទុកកាន់តែធ្ងន់ជាងនេះទៅទៀតនោះ គឺលោកស្រីនឹងត្រូវសម្រាលកូនទី៣ក្នុងខែក្រោយ ។
ចំណែកប្អូនបង្កើតរបស់ កញ្ញា ឡុង គន្ធា កញ្ញា ឡុង សុខលីន បង្ហាញនូវការមិនពេញចិត្តចំពោះហេតុផល ដែលត្រូវបានលើកឡើងដោយព្រះរាជអាជ្ញា ទីវ គឹមកល្យាណ ក្នុងការច្រានចោលសំណើសុំនៅក្រៅឃុំ ។
ក្រុមយុវជនដែលបានមកគាំទ្រនិងលើកទឹកចិត្តសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចង់ឃើញការដោះលែងសកម្មជនទាំង ៥នាក់ ឱ្យមានសេរីភាព និងអាចបន្តការងារការពារបរិស្ថាន តាមសមានចិត្តរបស់ពួកគេ ។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ( ADHOC ) លោក យី សុខសាន្ត ដែលបានតាមឃ្លាំមើលករណីនេះជាប្រចាំ បញ្ជាក់ប្រាប់ ខេមបូចា ថា ក្រៅពីសំណើសុំនៅក្រៅឃុំ ទាំងមេធាវីការពារ ទាំងជនជាប់ចោទ បានស្នើឱ្យផ្ទេរការឃុំខ្លួនពីពន្ធនាគារនៅតាមបណ្ដាខេត្ត មករាជធានីភ្នំពេញវិញ ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងកាត់បន្ថយការចំណាយបានមួយចំណែក ។
លោក យី សុខសាន្ត ទទូចសូមឱ្យតុលាការពិចារណាទម្លាក់ទោស និងដោះលែងសកម្មជនទាំង ៥នាក់ ៕