ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់ដោយសារការបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុកាលពីជាង៣ឆ្នាំមុន នៅមិនទាន់ទទួលបានសំណងពីជនជាតិចិនដែលជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះនៅឡើយទេ។ ពួកគេស្នើកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីជួយដោះស្រាយឱ្យពួកគេទទួលបានសំណង។
ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះដែលជាកម្មករសំណង់ស្លាប់ដោយសារតែការបាក់រលំអគារមួយកាលពីឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ប្រមាណ១០នាក់ បានធ្វើដំណើរពីខេត្តកំពត មកដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ តែមិនមានមន្រ្តីណាចេញមកទទួលញត្តិនោះទេ។
អ្នកស្រីប៉ែន សារុន មានស្រុកកំណើតនៅខេត្តកំពត បានប្រាប់ឱ្យដឹងថា តុលាការបានសម្រេចឱ្យក្រុមគ្រួសារជនរងគ្រោះ ទទួលបានសំណង និងឈ្នះក្ដីនេះហើយ។ ប៉ុន្តែអ្នកស្រីមិនទាន់ទទួលបានសំណងសូម្បីលុយមួយរយរៀល ពីជនបង្កទាំងនោះនៅឡើយទេ ដូច្នេះអ្នកស្រីមកសុំការអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី។
អ្នកស្រីថា៖ «ខ្ញុំមកនេះ សុំឱ្យសម្ដេចជួយរឿងបាក់រលំអគារនៅកំពង់សោមតាំងពី២០១៩ ឡើងតុលាការកំពូលហើយស្ងាត់ជ្រាបដល់ឥឡូវអត់ឃើញសង ចឹងសុំឱ្យសម្ដេចជួយប្រជាជន ម្ដេចកាត់ហើយអត់ឃើញសំណងចឹង»។
អ្នកស្រីបន្ថែមថា តាមរយៈការសម្រេចរបស់តុលាការ ជនបង្ក ត្រូវសងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ ដែលមានសមាជិកស្លាប់ក្នុងម្នាក់ចំនួន១០០លានរៀល ខណៈអ្នករងរបួសបាន២០លានរៀល។
អ្នកស្រី សារុន ក្លាយជាស្រ្តីមេម៉ាយក្រោយប្ដីអ្នកស្រីស្លាប់ ដោយសារតែការបាក់រលំអគារ ប្រាប់ទៀតថា ជីវភាពក្រុមគ្រួសារអ្នកស្រីកាន់តែមានភាពលំបាកមួយកម្រិតទៀត ត្បិតបាត់បង់បង្គោលគ្រួសារ និងកំពុងជាប់បំណុលធនាគារជាង៣ម៉ឺនដុល្លារ។
អ្នកស្រីថា៖ «ពិបាក ខ្ញុំពិបាកមាំណាស់ចិញ្ចឹមកូន៣រៀនទាំង៣ទៀត ហើយជំពាក់ធនាគារច្រើនណាស់៣ម៉ឺនជាង»។
មិនខុសគ្នាប៉ុន្មានពីអ្នកស្រី សារុន អ្នកស្រី បេន ស្រីកា អះអាងថា អ្នកស្រីក៏មិនទាន់ទទួលបានសំណងដូចក្រុមគ្រួសារឯទៀត ថ្វីបើតុលាការបានសម្រេចឱ្យជនបង្កផ្ដល់សំណងមកក្រុមជនរងគ្រោះរួចហើយក៏ដោយ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកស្រីថា៖ «ប្អូនប្រុសខ្ញុំស្លាប់អាយុ១៨ឆ្នាំ តាំងពី២០១៩ មិនទាន់ទទួលបានសំណងទេពីចិនទេ»។
អ្នកស្រីបន្តថា ក្រុមគ្រួសារជនរងគ្រោះខ្លះបានប្តឹងទាមទារសំណងខុសៗគ្នា ដោយគ្រួសារខ្លះទាមទារ៦ម៉ឺនដុល្លារ ខ្លះទៀត៥ម៉ឺនដុល្លារ តែមកទល់ពេលនេះ មិនដឹងដំណឹងអ្វីទាល់តែសោះពីលុយសំណងទាំងនោះ។
អ្នកស្រីថា៖ «តុលាការកំពូលដោះស្រាយសម្រេច ដល់តែសម្រេចអត់ឃើញមានលទ្ធផលថាត្រូវសងយើង ឬមិនសងក៏អត់ប្រាប់»។
អ្នកស្រីរំពឹងសុំត្រឹមតែមានការអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីជំរុញឱ្យដោះស្រាយបញ្ហាសំណង ត្បិតក្រុមគ្រួសារជនរងគ្រោះមានជីវភាពលំបាកកំពុងត្រូវការថវិកា។
អ្នកស្រីបន្ថែមថា៖«យើងចង់បានឱ្យសម្ដេចជួយ សំណងចិនហ្នឹងបានឬក៏អត់ បើអត់ប្រាប់កូនចៅឱ្យអស់ចំងល់»។

យ៉ាងណាមិញ នៅពេលដែលពលរដ្ឋទាំងនោះបានធ្វើដំណើរមកដាក់ញត្តិសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី គេមិនឃើញមានមន្រ្តី ឬអ្នកតំណាងណាចេញមកទទួលញត្តិឡើយ តែគេឃើញមានមន្រ្តីនៅក្បែរផ្ទះសម្ដេចនៅទួលក្រសាំង បានប្រាប់ឱ្យពលរដ្ឋត្រឡប់ទៅផ្ទះវិញ ហើយដាក់សំណើរទាំងនោះទៅថ្នាក់ខេត្តជាមុនសិន។
បើតាមអ្នកស្រីសារុន ប្រាប់ថា មូលហេតុដែលអ្នកស្រីមកភ្នំពេញ ដើម្បីដាក់ញត្តិទៅនាយករដ្ឋមន្រ្តី ព្រោះក្រុមអ្នកស្រីយល់ថា មានតែលោកនាយករដ្ឋមន្រ្តីប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហានេះបាន។
អ្នកស្រី សារុន បញ្ជាក់បន្ថែមថា៖ «មេធាវីកាន់ក្ដីខ្ញុំហ្នឹងគាត់ថា បើបងឯងចង់លឿន បងឯងទៅជួបខាងសម្ដេចទៅពន្លឿនឱ្យហើយ»។
លោក គង់ ចំរើន មន្រ្តីខុន្ទកាល័យនាយករដ្ឋមន្រ្តី ថ្លែងតាមទូរសព្ទថា ពលរដ្ឋទាំងនោះធ្លាប់មកដាក់ញត្តិនៅខុទ្ទការល័យម្ដងកាលពីខែសីហាកន្លងទៅ ប៉ុន្តែពួកគេមិនមានលិខិតត្រឹមត្រូវឡើយ ដូច្នេះលោកមិនបានដឹងទេ ថាពួកគេទៅដាក់ញត្តិដល់ផ្ទះនាយករដ្ឋមន្រ្តីកាលពីថ្ងៃម្សិលមិញនេះ។
លោកបន្ថែមថា៖ «ពួកគាត់ធ្លាប់មកកាលពីចុងខែ៨ ហើយមកអត់មានឯកសារ បានខ្ញុំចាត់ចែងជួយរៀបចំឯកសារឱ្យគាត់ដើម្បីទៅសុំអនុវត្តនៅកំពង់សោម តែគាត់នេះមកពីណា? ហើយគាត់ផ្ដេសផ្ដាស់អ៊ីចឹង គាត់អត់ឃើញ គាត់ចេះតែនិយាយតាមទូរសព្ទដូចអ្នកសារព័ត៌មានអ៊ីចឹង អាហ្នឹងសរសេរខ្យល់ហើយ»។
ជុំវិញករណីនេះ លោកស្រីទន់ គីមហួយ មេធាវីការពារក្ដី របស់បុរសជនជាតិចិនឈ្មោះ Cheng Kun មិនអាចទាក់ទងសុំការបកស្រាយបានទេ។ខណៈលោក ជីវ កេង អនុប្រធានតុលាការកំពូល និងជាប្រធានចៅក្រមជនុំជម្រះនៃសំណុំរឿងនេះ បានអះអាងថា ថ្វីបើតុលាការកំពូលបានកាត់ក្ដីនេះរួចហើយក៏ដោយ តែចំពោះនីតិវិធីអនុត្តគឺនៅស្ថិតនៅសាលាដំបូងខេត្តព្រះសីហនុ។
លោក ជីវ កេង ថ្លែងថា៖ «សួរខ្ញុំ ខ្ញុំអត់ដឹងផង នីតិវិធីនេះនៅសាលាដំបូងទេ»។
ទន្ទឹមនឹងនេះ លោក ម៉ម ចាន់ណេត ជាមេធាវីមួយរូបក្នុងចំណោមមេធារវីស្ម័គ្រ៣រូបរបស់ជនរងគ្រោះ បានបដិសេធសុំមិនអត្ថធិប្បាយ ដោយលោករង់ចាំការឆ្លងយោបល់ពីក្រុមការងាររួម។
លោកបញ្ជាក់ថា៖ «សុំអាធ្យាស្រ័យ ឥឡូវខ្ញុំកំពុងជាប់ប្រជុំ។ ក្នុងនាមខ្ញុំជាសមាជិកមួយរូប ក្នុង ចំណោមមេធាវីបីរូប ដែលត្រូវបានចាត់តាំងដោយឯកឧត្តមប្រធានក្រុមមេធាវីស្ម័គ្រចិត្ត ដើម្បីជួយការពារសិទ្ធិជូនជនរងគ្រោះ ការណ៍នេះ ខ្ញុំសុំការឆ្លងយោបល់ពីក្រុមការងាររួមសិន»។
ចំណែកលោក សួរ ឆ្លូញ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) យល់ឃើញថា ជារឿងចម្លែកមួយ ដែលមកទល់ពេលនេះហើយ ក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានប្រាក់សំណង ក្រោយតុលាការប្រកាសសាលក្រម ហើយមេធាវីការពារក្ដីឱ្យក្រុមគ្រួសារជនរងគ្រោះមានចំណាត់ការលើរឿងនេះបន្ត។
លោកថ្លែងថា៖ «ជារឿងចំណែកដែរ ដែលចូលជាង៤ខែហើយដែលសាលក្រមប្រកាសហើយ បែជាមិនបានធ្វើការទូទាត់សំណងទៅដល់ពួកគាត់»។
គួររំលឹកថាជនជាប់ចោទម្នាក់ដែលប្តឹងសារទុក្ខឈ្មោះ CHENG KUN ជនជាតិចិន មុខរបរពាណិជ្ជករ ទីកន្លែងកំណើតនៅខេត្តហ៊ូប៉ី ប្រទេសចិន ត្រូវបានឃុំខ្លួនតាមដីកាបង្គាប់ឱ្យឃុំខ្លួនចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ នៅពន្ធនាគារខេត្តព្រះសីហនុ។
ជនជាតិចិនរូបនេះ ជាប់ចោទពីបទ «មនុស្សឃាតដោយអចេតនា, បង្កឲ្យមានរបួសស្នាមដោយអចេតនា និងបទធ្វើឱ្យ ទូចខាតមានស្ថានទម្ងន់ទោសដោយសារការបង្ករបួសដល់អ្នកដទៃ» ប្រព្រឹត្តទៅក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៧ មាត្រា ២៣៦ និង មាត្រា ៤១៨ នៃក្រមព្រហ្មទណ្ឌ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះ បានទទួលសំណងពីរដ្ឋាភិបាល ដោយអ្នកស្លាប់ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនដុល្លារអាមេរិក និងអ្នករបួស ម្នាក់ៗទទួលបាន ១ម៉ឺនដុល្លារ ប៉ុន្ដែសម្រាប់អ្នករបួស២នាក់ ដែលស្ថិតនៅក្រោមគំនរបាក់បែកប្រមាណជិត ៦០ម៉ោង ត្រូវបានជួយសង្គ្រោះនោះ ទទួលបានការឧបត្ថម្ភ៣ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់។
តុលាការកំពូលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក៍បានតម្កល់ទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ លើបុរសជនជាតិចិនម្នាក់ដែលត្រូវបានកាត់ទោសក្រោយការបាក់អគារមិនទាន់សាងសង់នៅខេត្តព្រះសីហនុ ឆ្នាំ២០១៩ បន្ទាប់ពីសវនាការនៅថ្ងៃទី៨ ខែមិថុនា។
សាលាឧទ្ធរណ៍ក្នុងខែសីហា ឆ្នាំ២០២១ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តព្រះសីហនុដែលកាលពីឆ្នាំមុនបានកាត់ទោសជនជាតិចិនបួននាក់ឱ្យជាប់ពន្ធនាគារពី ២,៥ ឆ្នាំទៅ ៣ ឆ្នាំពីបទប្រព្រឹត្តករណីបាក់អគារនៅខេត្តព្រះសីហនុឆ្នាំ ២០១៩ ដែលបានសម្លាប់មនុស្ស ២៨ នាក់ និងរបួស ២៦ នាក់។
សាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានកាត់ទោសជនជាតិចិន៤នាក់ និងជនជាតិវៀតណាមម្នាក់ ដាក់ពន្ធនាគារតិចជាង៣ឆ្នាំ ពីបទពាក់ព័ន្ធការដួលរលំអគារនៅក្រុងព្រះសីហនុ ដែលបានសម្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំមុន។
ពេលនោះ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង មានប្រសាសន៍ថា តុលាការបានសម្រេចផ្ដន្ទាទោសអ្នកទាំង៥នាក់ ឱ្យជាប់ពន្ធនាគារពី ២,៥ ទៅ ៣ឆ្នាំ ក្នុងម្នាក់ៗ និងបង្គាប់ឱ្យបង់ប្រាក់សរុបពី ៦០ ទៅ ១០០លានរៀល ដល់គ្រួសារនៃជនរងគ្រោះដែលស្លាប់ក្នុងម្នាក់ៗ។ ព្រមទាំងឱ្យសងប្រាក់២០លានរៀលដល់កម្មកររងរបួសម្នាក់ៗ។ តុលាការក៏បានបញ្ជាឱ្យពួកគេចេញថ្លៃខូចខាតផ្ទះនៅក្បែរកន្លែងបាក់ស្រុតនោះផងដែរ។
ជនជាតិ៤នាក់ដែលត្រូវបានផ្តន្ទាទោសរួមមាន Cheng Kun, 39; Deng Xing Gui, 48; Xie Ya Ping, 43; and Gao You, 29, ពួកគេទាំង៤នាក់បានជាប់ពន្ធនាគារ និងជនជាតិវៀតណាមម្នាក់ទៀតឈ្មោះ Nguyen Thi Thuy Hao ដែលបានរត់គេចខ្លួន។
សូមជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានការបាក់រលំអគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ បណ្ដាលឱ្យមនុស្ស២៨នាក់បានស្លាប់ និងរបួស២៦នាក់ នាវេលាម៉ោង៤ទៀបភ្លឺនៅពេលដែលពួកគេកំពុងដេកលង់លក់ ខណៈកម្មករ២នាក់ត្រូវបានគេរកឃើញថារស់រានមានជីវិតបន្ទាប់ពីគាបនៅក្រោមគំនរអគាបាក់បែករយៈពេល៣ថ្ងៃ៕