សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្រួសារថា បុរសជាអនុភូមិនៅខេត្តកំពង់ធំស្លាប់ដោយហិង្សាពីកម្លាំងអាវុធហត្ថ

ប្រជាពលរដ្ឋមកចូលរួមបុណ្យសពលោកសួង ឌ័ន ដែលបានស្លាប់ក្រោយពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។ រូបភាពថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ផ្តល់ឲ្យ
ប្រជាពលរដ្ឋមកចូលរួមបុណ្យសពលោកសួង ឌ័ន ដែលបានស្លាប់ក្រោយពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួន។ រូបភាពថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ផ្តល់ឲ្យ

កូនស្រីរបស់បុរសដែលមានតួនាទីជាអនុភូមិម្នាក់នៅក្នុងឃុំ ក្រវ៉ា ស្រុកបារាយ៍ ខេត្តកំពង់ធំ ទាមទាររកយុត្តិធម៌ដោយអះអាងថា សមត្ថកិច្ចចាប់ខ្លួនឪពុករបស់គាត់ទាំងមិនមានកំហុស ហើយសង្កត់កទាល់តែដាច់ខ្យល់ស្លាប់។​

កញ្ញា ឌីន នារតី អះអាងថា ឪពុករបស់គាត់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ មានតួនាទីជាអនុភូមិរូង ក្នុងឃុំក្រវ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៧ខែសីហា ហើយស្លាប់នៅថ្ងៃដដែលនោះ។​

កញ្ញា ឌីន នារតី ថ្លែងថា៖«គាត់ទៅប្រជុំហើយមកវិញម៉ោង៥ តែចៃដន្យអីភ្លៀង ភ្លៀងខ្លាំងណាស់។​ ហើយគាត់ជ្រកភ្លៀងនៅតូបកាហ្វេ ដែលតូបកាហ្វេហ្នឹងគេបើកឡូតូ អនឡាញ តែគេចុះអាជ្ញាបណ្ណត្រឹមត្រូវបានគេហ៊ានបើកចឹង។ ប៉ុន្តែគាត់ចូលមក គាត់អត់លេងទេ គាត់ចូលទៅផឹកហ្វេចឹងទៅ ព្រោះគាត់អត់ចេះលេងល្បែងទេ។ ហើយឈរអត់បាន៣នាទីផង ស្រាប់មានប៉េអឹម ២ឡាន ចុះបកស្រវ៉ាឪខ្ញុំ គៀកកណាបង​»

ក្រោយពេលលោក សួង ឌ័ន ស្លាប់នៅថ្ងៃដដែលនោះលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរាយការណ៍ទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសថា លោក សួង ឌ័ន មានបញ្ហាមិនស្រួលខ្លួនពេលបញ្ជូនពីកន្លែងចាប់ខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយ មានទឹកមុខស្លេកស្លាំង  ដកដង្ហើមញាប់ ហើយក៏ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។​ លោក ហង្ស ថុល មិនបញ្ជាក់ថា ករណីស្លាប់នេះមានពាក់ព័ន្ធអំពើហិង្សាឬអត់នោះទេ។​

កញ្ញា ឌីន នារតី បញ្ជាក់ថា ឪពុកគាត់ពិតជាស្លាប់ដោយអំពើហិង្សា ដោយទាញដៃមកក្រោយ ហើយសង្កត់ក ព្រោះមានស្នាមខ្នោះនៅជាប់ដៃ និង ជាំនៅត្រង់ចំណុចក។​ កញ្ញាក៏បញ្ជាក់ថា មុនពេលចាប់ខ្លួននោះឪពុករបស់កញ្ញាមានសុខភាពល្អ មិនមានជំងឺប្រចាំកាយទេ។​

កញ្ញា ឌីន នារតី បានបន្តថា៖«ឪពុកខ្ញុំអត់មានជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមទេ។​ មនុស្សគាំងបេះដូងឯណាដល់ថ្នាក់លេចអាចម៍ បងឯងគិតមើលថា គាត់លំបាកប៉ុណ្ណា? ខ្ញុំមានទាំងរូបភាពទៀតបង មានទាំងរូបភាពស្នាមខ្នោះ ស្នាមក និងលេចអាចម៌បង»។​

ខេមបូ​ចា ព្យាយាមទាក់ទង លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីសុំការពន្យល់បន្ថែមលើករណីនេះ ប៉ុន្តែលោកថា ជាប់ប្រជុំមិនអាចនិយាយបាន។​

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថា ករណីស្លាប់លោក សួង ឌ័ន នៅក្នុងខេត្តកំពង់ធំនេះ សមត្ថកិច្ចថ្នាក់ជាតិបានបង្កើតក្រុមការងារដើម្បីចុះទៅសិក្សាស្រាវជ្រាវហើយ។ លោកបន្តថា ការស្រាវជ្រាវនេះ បើរកឃើញថា កម្លាំងអាវុធហត្ថពាក់ព័ន្ធមានកំហុសព្រហ្មទណ្ឌនឹងបញ្ជូលសំណុំរឿងទៅតុលាការ។​

លោក ហេង ហ៊ី បានមានប្រសាសន៍ថា៖ «ករណីបើគាត់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនឹងបញ្ជូនទៅតុលាការ តែបើសិនប្រព្រឹត្តិពាក់ព័ន្ធបទវិន័យទូទៅ ឬមួយក្រមសីលធម៌វិជ្ជាជីវៈ ដែលមិនមែនជារឿងព្រហ្មទណ្ឌ អាហ្នឹងយើងអនុវត្តវិន័យទណ្ឌកម្ម»។​

ចំពោះលទ្ធផលបឋមនៃការស៊ើបអង្កេតលោកថា មិនទាន់អាចប្រាប់បានទេ ព្រោះត្រូវការផ្ទៀងផ្ទាត់ជាមួយប្រភពផ្សេងទៀត។​

ទាក់ទងករណីស្លាប់អនុភូមិនៅខេត្តកំពង់ធំនេះ កាលពីថ្ងៃអង្គារ៍ លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  បានបញ្ជាឱ្យឃាត់មន្ត្រីកងរាជអាវុធហត្ថ១១នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះដើម្បីស៊ើបអង្កេត។​

លោក ញ៉ែម សំអឿន មន្ត្រីអាដហុកប្រចាំខេត្តកំពង់ធំ ឱ្យដឹងថា លោកបានទៅដល់ផ្ទះបុណ្យសពលោក សួង ឌ័ន ហើយបានសួរព័ត៌មានមួយចំនួនតែមិនបានស៊ីជម្រៅទេ ដោយសារសាក្សីដឹងរឿងនេះ ត្រូវមន្ត្រីមិនឱ្យនិយាយ។ ចំណែកមន្ត្រីពាក់ព័ន្ធចាប់ពីថ្នាក់ ឃុំ ស្រុក និង ខេត្ត ក៏មិនផ្តល់ព័ត៌មានជុំវិញករណីនេះដែរ។​

លោក ញ៉ែម សំអឿន បានមានប្រសាសន៍ថា៖ «ទាំងមេប៉ុស្តិ៍ទាំងអធិការ ទាំងមេបញ្ជាការមេប៉េអឹមនៅស្រុកហ្នឹង គេបដិសេធមិនបំភ្លឺជាមួយយើងទេ។ ដោយសារតែគាត់ថា នេះជាការអនុវត្តរបស់ថ្នាក់ខេត្ត»។​

ករណីបង្ក្រាបល្បែងអនឡាញនៅខេត្តកំពុងធំដែលឈានដល់ការស្លាប់អនុភូមិម្នាក់នោះ គឺនៅល្ងាចថ្ងៃទី៧ខែសីហានោះ កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបុរស៤នាក់ ប៉ុន្តែក្រោយពេលលោក សួង ឌ័ន ស្លាប់ បុរស៣នាក់ក៏ត្រូវដោះលែងវិញ។

ខេមបូចា ព្យាយាមសាកសួរបុរស៣នាក់ទៀត ដែលរងការចាប់ខ្លួនជាមួយលោក សួង ឌ័ន ប៉ុន្តែពួកគេបដិសេធ ដោយបញ្ជាក់ថា ស្ថិតនៅក្នុងការសាកសួររបស់ក្រុមមន្ត្រីស៊ើបអង្កេត។

កាលពីដើមឆ្នាំ២០២១ ក៏មានករណីចោទប្រកាន់ថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រើអំពើហិង្សាលើប្រជាការពារភូមិម្នាក់ឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់ ក្រោយពេលចាប់ខ្លួនរូបលោកជាមួយពលរដ្ឋ៤នាក់ផ្សេងទៀតពាក់ព័ន្ធករណីតវ៉ារឿងដីធ្លី។ ករណីនេះតុលាការបានកាត់ទោស លោក ស ប៊ុន​សឿង អតីត​មេ​បញ្ជាការ​រង​នៃ​កង​រាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ ឲ្យ​ជាប់​ពន្ធនាគារ ​៤ ​ឆ្នាំនិងលោក ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋរងគ្រោះហៅថា «សឿង៣៨» ឲ្យជាប់ពន្ធនាគារចំនួន ៧ ឆ្នាំ៕

610 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម