សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

តំណាងកសិកររងការពិន័យពាក់ព័ន្ធនឹងការតវ៉ាលើជម្លោះគម្រោងប្រឡាយទឹកនៅស្វាយរៀង

អ្នកភូមិកំពុងតវ៉ាលើដីស្រែរបស់ពួកគេកាលពីថ្ងៃចន្ទ។ ដីជម្លោះស្ថិតក្នុងព្រំប្រទល់នៃគម្រោងស្ដារប្រឡាយទឹកឡើងវិញ។ រូបភាពផ្ដល់ឲ្យ

តំណាង​របស់​សហគមន៍​កសិករ​ក្នុង​ខេត្ត​ស្វាយរៀង​ពីរ​នាក់​ បាន​រង​ការពិន័យ​ពី​មន្ត្រី​ស្រុក​ជា​ប្រាក់​សរុប​បួនលាន​រៀល ចំពោះ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​កាល​ពី​​ដើម​សប្ដាហ៍​នេះ ក្នុង​រឿង​ជម្លោះដី​ពាក់​ព័ន្ធ​នឹង​គម្រោង​ស្ដារ​ប្រឡាយ​ទឹក​ឡើង​វិញ​។​

កាល​ពី​ថ្ងៃចន្ទ​ ប្រ​ជា​ពល​រដ្ឋ​ចំនួន​​១២០​គ្រួសារ ដែល​អះអាង​ថា​មាន​ដី​ជាង​៩៩​ហិកតា​ រងផល​ប៉ះ​ពល​ដោយ​សារ​គម្រោង​ស្ដារ​ប្រឡាយ បាន​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ខេត្ត ដែល​ក្រុម​អ្នក​ភូមិ​បាន​ចោទ​ថា​បង្ខំ​ពួកគាត់​ឲ្យ​ទទួល​យល​ប្រាក់​សំណង​ក្នុង​តម្លៃ​ទាប ដើម្បី​យក​ដី​ស្ដារ​ប្រឡាយ​ឡើង​វិញ​។ ជាការ​ឆ្លើយ​តប​អាជ្ញាធរ​បាន​ចោទ​ប្រកាន​តំណាង​ក្រុម​អ្នក​តវ៉ា​ថា​បាន​បំពាន​ទៅ​នឹងវិធានការ​ក្រ​សួង​សុខាភិបាល ក្នុង​ការ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩ និង​ត្រូវ​ពិន័យ​ម្នាក់ៗ​ចំនួន​ពីរ​លាន​​រៀល​។​

ការ​ពិន័យនេះ​ ជា​រឿង​ថ្មី​មួយ​ទៀត​ក្នុង​ជម្លោះ​យូរ​ឆ្នាំ​ក្នុង​គម្រោង​ប្រឡាយ​ទឹក​កំពង់​ជ្រៃ ដែល​គ្រប់​គ្រង​ដោយ​ក្រ​សួង​ធនធានទឹក​។ សមាជិក​សហគមន៍​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា​គម្រោង​​ពង្រីក និង​ស្ដារ​ប្រឡាយ​ទឹក​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០០៩ ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​ទៅ​វិញ​ដោយ​សារ​មាន​ការ​តវ៉ា​ពី​ប្រ​ជា​ពល​រដ្ឋ​។ គម្រោង​ស្ដារ​ប្រឡាយ​ទឹក​នេះ អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ដី​ប្រ​ជាពល​រដ្ឋ​ចំនួន​ពីរ​ឃុំ​នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រុំ​។​​

​ក្រដាស​ពិន័យ​ចេញ​ដោយ​រដ្ឋបាល​ខេត្ត ដែល​ខេមបូចា បាន​ឃើញ កសិករ​ចំនួន​ពីរ​នាក់ គឺ​អ្នក​ស្រី ឥន សូត្រ ប្រធាន​សមាគមន៍​សាមគ្គីចេក​មាស និង​អ្នកស្រី យស សុភ័ណ្ឌ ត្រូវ​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​២លាន​រៀល ដោយសារ​បាន​បំពាន​ទៅ​នឹង​វិធានការ​ច្បាប់​បង្ការ​ជំងឺ​កូវីដ១៩​។​

តំណាង​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​និយាយ​ថា​ខ្លួន​ត្រូវ​តែ​បង់​ពិន័យ ឬ​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​ទៅ​តុលាការ​។ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ហៅ​ទង្វើ​របស់​មន្ត្រី​នេះ​ថាជា​ការ​គំរាម​កំហែង​ដល់​ក្រុម​អ្នក​តវ៉ា និង​ជា​ការ​រឹត​ត្បិត​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​។​

អ្នក​ស្រី ឥន សូត្រ បាន​ប្រាប់​ខេមបូចា ថាអ្នកស្រី និង​អ្នកស្រី យស សុភ័ណ្ឌ ត្រូវ​បានអាជ្ញាធរ​កោះ​ហៅ​ និង​បាន​ចោទអ្នកទាំង​ពីរ​ថាបាន​ញុះញង់​ និង​ប្រមូល​ផ្ដុំ​គ្នា​ដោយ​ខុស​ច្បាប់ មិន​មាន​ពាក់​ម៉ាស និង​រក្សា​គម្លាត​។

អ្នក​ស្រី និយាយថា៖ «យើង​ត្រូវ​បាន​គេ​ហៅ​ឲ្យ​ទៅ​អាន​សេចក្ដីប្រកាស​ពី​វិធានការ​ការពារ​ជំងឺ​កូវីដ១៩ របស់​ក្រ​សួង​សុខាភិបាល ហើយ​បន្ទាប់ពី​អាន​រួច ពួកគេ​បង្ខំខ្ញុំ​ឲ្យ​ផ្ដិតមេដៃ​យល់ព្រម​បង់​ប្រាក់​ពីន័យ​ក្នុង​រង្វង់​មួយខែ​​»។

អ្នក​ស្រីបានបន្ថែមថា៖ «​វា​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ដូច​ខ្ញុំ ពួកគេ​យក​ដីខ្ញុំ​ហើយ ឥឡូវ​មកពិន័យ​ខ្ញុំ​ទៀត»។​

អ្នក​ស្រី សុភ័ណ្ឌ លើក​ឡើង​ថា អាជ្ញាធរ​មិន​បាន​ជួយ​ដោះ​ស្រាយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នោះទេ តែ​បែរជាង​ប្រើ​លេស​កូវីដ១៩ មក​គំរាម​ពួកគាត់​។​

អ្នក​ស្រី បន្ថែម​ថា៖ «[ពួកគេ​] បាន​ចោទ​ប្រកាន់​ថាបានញុះញង់​ដោយសារ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទាក់ទង​នឹង​ប្រ​ជា​ពល​រដ្ឋ​តវ៉ា​ទាម​ទារ​សំណង​សមរម្យ»។​

​លោក ហែម សារិទ្ធ អភិបាល​ស្រុក​ស្វាយ​ជ្រុំ ប្រាប់ខេមបូចា ថា​ប្រជា​ពល​រដ្ឋ​បាន​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃអង្គារ បំពាន​ទៅ​នឹង​វិធានការ​ដែល​បាន​ផ្សព្វផ្សាយ​ទៅ​ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​។​

លោកនិយាយ​ថា៖ «​ការ​ពិន័យ​នេះ​ធ្វើឡើង​ទៅ​តាម​ច្បាប់​បង្ការ​កូវីដ១៩…​ពួកគេ​ត្រូវ​តែបង់​ប្រាក់​ពិន័យ​ក្នុង​រង្វង់​៣០​ថ្ងៃ​ ហើយ​បើ​ពួក​គេ​បដិសេធ អាជ្ញាធរ​នឹង​រៀប​ចំពាក្យ​បណ្ដឹង​ទៅ​តុលាការ ដោយ​ផ្អែក​តាម​ច្បាប់​»។​

បើ​តាម លោក ហែម សារិទ្ធ អ្នក​ទាំង​ឡាយ​ណា​ដែល​បំពាន​ទៅ​នឹង​វិធាការ​រដ្ឋបាល​អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះពី​មួយ​លាន​ទៅ​ពី​រលាន​រៀល ផ្អែក​តាម​មាត្រា​១០ នៃ​ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​។​

លោក អភិបាល​ស្រុក​រូប​នេះ បញ្ជាក់​ដែរ​ថា​ប្រ​ជា​ពល​រដ្ឋ​នៅ​អាច​បន្ត​ការ​ទាម​ទារ​បាន​តាម​រៈ​ការ​ដាក់ញត្តិ​ទៅ​អាជ្ញាធរ ដោយ​គ្មាន​ការ​ជួប​ជុំ​។​

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មាន​ប្រសាសន៍​ថា បញ្ហា​ដី​ធ្លី​កើត​មាន​ស្ទើរ​គ្រប់​កន្លែង​ក្នុង​ប្រទេស ហើយ​ជា​ញឹក​ញាប់ការ​ដោះ​ស្រាយ​ធ្វើ​ឡើង​ដោយ​មិន​សមស្រប​។​

លោក​និយាយ​ថា៖ «វិធានការ​នេះ​គឺ​មិន​សមស្រប​​ទេ និង​មិន​គួរ​អនុវត្ត​ទេ​។​ អាជ្ញាធរ​គួរ​តែ​ដោះ​ស្រាយ​​ជាមួយ​ប្រ​ជា​ពល​រដ្ឋ​រង​ផល​ប៉ះពាល់​»។ លោក​បន្ត​​ថា៖ «ការ​ពិន័យ​នឹង​ជា​បន្ទុក​បន្ថែម​ទៀត​ដល់​កសិករ ដែល​បាន​រង​ផល​ប៉ះពាល់ពី​កូវីដ១៩ ស្រាប់​ហើយ»។​

លោក អំ សំអាត លើក​ឡើង​ថា ការ​សិក្សា​ពី​សំណង​លើ​ដីជម្លោះ​គួរ​តែ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​វាយ​​តម្លៃត្រឹម​ត្រូវ​មួយ​។ ពេល​និយាយ​ដល់​រឿង​ពិន័យ​លើ​តំណាង​ប្រ​ជា​ពល​រដ្ឋ លោក​ថា វាង​នឹង​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បាត់​បង់​ជំនឿ​លើ​អាជ្ញាធរ​បន្ថែម​ទៀត។​

លោកបន្ថែមថា៖ «ក្នុង​រូប​ភាព​នេះ អាជ្ញាធរ​ប្រើ​វិធានការ​រដ្ឋបាល​នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបើ​មើល​ជាទូទៅ​វា​ជាការ​គំរាម​កំហែង​ច្រើន​ជាង»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Farmer representatives in Svay Rieng canal dispute fined over protests

235 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម