សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករនៅតែបន្តព្រួយបារម្ភអំពីការខាតបង់ក្រោយក្រុមហ៊ុន២០​ថែមទៀតមានសិទ្ធិនាំចូលសាច់បង្កក

ស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់លុយតថ្លៃទិញសាច់ជ្រូកនៅផ្សារមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)
ស្ត្រីចំណាស់ម្នាក់កំពុងឈរកាន់លុយតថ្លៃទិញសាច់ជ្រូកនៅផ្សារមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ អាន វិចិត្រ)

កសិករចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនបារម្ភថា តម្លៃសត្វចិញ្ចឹមរបស់ពួកគេនឹងខាតបង់បន្តដោយសារតែក្រុមហ៊ុន២០ថែមទៀត ទទួលបានសិទ្ធិនាំចូលសាច់បង្កក​នៅក្នុង​ខែ​មេសា​​​កន្លង​​​ទៅនេះ។

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ លោក ម៉េង អ៊ាង ឱ្យដឹងថា ​លោកចិញ្ចឹម​ទាំង​គោ ជ្រូក និងមាន់។ លោកឱ្យដឹងថា ពីមុនធ្លាប់ចិញ្ចឹមជ្រូកជិត១ពាន់ក្បាល ចំណែក​គោរាប់​រយ​ក្បាល ប៉ុន្តែពេលនេះ លោកបន្ថយចិញ្ចឹមគោមកត្រឹមជាង២០ក្បាល ចំណែកជ្រូក​មក​ត្រឹម​៥០​ក្បាល។

លោកបន្តថា ការបន្ថយចំនួនសត្វចិញ្ចឹមនេះដោយសារតែខាតបង់ ហើយលោកបានលក់ដី​មួយ​​ចំនួនបង់​សងធនាគារលើបំណុលដែលលោកខ្ចីមកចិញ្ចឹមជ្រូក និងគោ។

លោក ម៉េង អ៊ាង បន្តថា ដើម្បីបន្ថយថ្លៃដើមគោ លោកបានលែងឱ្យវាស៊ីស្មៅខាងក្រៅ ចំណែក​​ជ្រូកលោកទិញស្វាយ និងបន្លែក្នុងភូមិខ្លះដាក់ឱ្យវាស៊ី។ ទោះយ៉ាងណា លោកបារម្ភថា បើក្រុមហ៊ុនដែលទទួលបានសិទ្ធិនាំចូលសាច់បង្កកកាន់តែច្រើន អាចនឹងបន្តធ្វើឱ្យប៉ះពាល់​ដល់​​​សត្វចិញ្ចឹមក្នុងស្រុកនោះ លោកមិនអាចស៊ូលើសពី៤ខែទៀតទេ។

លោក ម៉េង អ៊ាង ថ្លែងថា៖ «យើងនៅចិញ្ចឹមតិចសព្វថ្ងៃនេះ ដូចជាទុនយើងអាចទប់បាន​ត្រឹម​៤ខែ តែអាហ្នឹងប្រមូលអស់ហើយណា៎! អាហ្នឹងយើងចិញ្ចឹមត្រឹមតែ៨០​ទៅ១០០ក្បាលផង ព្រោះខ្ញុំដាក់ឥឡូវ ខ្ញុំអត់ដាក់ដូចគេទេ ខ្ញុំដាក់កន្លះខែ ឬ២០ថ្ងៃក្រោយ ទើបខ្ញុំថែម២០ៗ​ក្បាល​​ទៀត ព្រោះឥឡូវអត់ដាក់ដូចមុនមកទាំងដុំបានទេ»

កសិករនៅខេត្តកណ្តាល លោក ណូ មីស្សី ឱ្យដឹងថា លោកចិញ្ចឹមគោអំឡុងឆ្នាំ២០១៨ លក់​បាន​ចំណេញ១ក្បាលប្រមាណ៣០ម៉ឺនរៀល ប៉ុន្តែលោកថា ក្រោយមកទៀត គឺមាន​ការខាត​បង់​រហូត ហើយកសិករជាច្រើននៅទីនោះបានឈប់ចិញ្ចឹម។ កសិកររូបនេះរំឭកថា លោកធ្លាប់​ទិញគោចូលពូជល្អ១ក្បាលតម្លៃ៣ពាន់ដុល្លារ មើលថែមួយរយៈពេលលក់ចេញវិញ​បានតែ​៧រយ​ដុល្លារ​តែប៉ុណ្ណោះធ្វើឱ្យលោកខាត់បង់ជាង២ពាន់ដុល្លារលើគោមួយក្បាលនោះ។

លោក ណូ មីស្សី បញ្ជាក់ថា កសិករនៅស្រុកខ្មែរចំណាយដើមទុនខ្ពស់លើការចិញ្ចឹមសត្វ ហើយ​បើបើកឱ្យមានការនាំចូលច្រើននោះជាគ្រោះថ្នាក់ធំសម្រាប់អ្នកចិញ្ចឹមសត្វនៅក្នុង​ប្រទេស។

លោក ណូ មីស្សី ថ្លែងថា៖ «វាអាចជាចំណុចមួយដែលអាក្រក់បំផុតណាស់សម្រាប់​ប្រជាកសិករ​យើងទី១ដោយសារប្រជាកសិករយើងភាគច្រើនយើងចិញ្ចឹម​តាមរបៀប​បុរាណ​តាមរបៀបតៗគ្នា អ៊ីចឹងយើងអត់អាចទៅប្រជែងនឹងសាច់ធំៗបានទេ គោវាមិនអាច​សាច់​ធាត់​ល្អដូចគោគេចិញ្ចឹមចំណីឬក៏គេនាំចូលទេនឹងទី១។ ទី២យើងចំណាយពេលវែង​ហើយ​បាន​ផលតិចតួចអ៊ីចឹងហើយអាហ្នឹងក៏ជាចំណែកមួយធ្វើឱ្យប្រជាកសិករយើងខាត»

កសិករចិញ្ចឹមគោនៅខេត្តកណ្តាលម្នាក់ទៀត លោក ស៊ំ ចាន់សា ឱ្យដឹងថា លោកបានចាប់​យក​របរចិញ្ចឹមគោ៧ឆ្នាំហើយ។ លោកឱ្យដឹងថា នៅមុនការឆ្លងរាលដាលមេរោគកូវីដ លោក​ចិញ្ចឹម​គោជាង២០ក្បាល ប៉ុន្តែបច្ចុប្បន្ននៅសល់តែ១០ក្បាលទេ។ លោកបារម្ភពីការបន្ត​ខាត​បង់ហើយឈានដល់ការបិទក្រោលឈប់ចិញ្ចឹមព្រោះឥឡូវនេះទន្ទឹមនឹងគោធ្លាក់ថ្លៃ គឺពេល​ខ្លះមិនមានអ្នកទិញទៀត។

លោក ស៊ំ ចាន់សា អំពាវនាវសុំឱ្យបិទការនាំចូលសាច់បង្កក​ទាំងអស់ដើម្បី​ផ្តល់ឱកាសឱ្យ​កសិករ​នៅក្នុងស្រុកចិញ្ចឹមសត្វបានទទួលផលចំណេញ។

លោក ស៊ំ ចាន់សា ថ្លែងថា៖ «គំនិតខ្ញុំដែលខ្ញុំគិតឃើញគួរតែបិទម៉ងអត់មាននេះទេ​ត្រូវតែ​បិទម៉ងមិនគួរទេត្រូវតែបិទម៉ងអារឿងនាំចូល[បំណែកសាច់បង្កក] ព្រោះអីបើនៅចឹងកសិករ​យើង​ផលិតម៉េចបានឥឡូវហ្នឹងគ្នាចង់ចិញ្ចឹមគ្នាមានស្អី ខ្លះខំចិញ្ចឹមបួនដប់ចងការ​លុយគេ​ផង​អីផងស្រាប់តែបះជើងភីងគ្រប់គ្នាមានអីទៀត។ បើបិទបានកសិករយើងមានសង្ឃឹម»

កសិករនៅខេត្តកំពង់ឆ្នាំងលោក រ៉ា នី ឱ្យដឹងថា លោកធ្លាប់ចិញ្ចឹមគោប្រមាណ៦០ក្បាល ប៉ុន្តែ​មួយរយៈចុងក្រោយនេះផ្អាកចិញ្ចឹមទាំងស្រុងហើយ។ លោកមានចម្ងល់ថា ផែនការ​រឹត​បន្តឹង​ការ​នាំចូលបំណែក និងគ្រឿងក្នុងសាច់បង្កកមិនទាន់បាន៦ខែតាមផែនការផង​បែរជា​ផ្តល់​សិទ្ធិ​ឱ្យ​មានការនាំចូលបន្ថែមទៀត។

លោក រ៉ា នី ថ្លែងថា៖ «របៀបថាប្រតិកម្មជាមួយខាងព្រំដែនយើងទៅគេនិយាយថា គេបិទតែ​បំណែក​សាច់ មានបានបិទសាច់បង្កកឯណា។ គេនិយាយអ៊ីចឹងវិញ។ ដល់ពេលឥឡូវ​ប្រកាស​​ឱ្យនាំចូលបណ្តោយមានអីទៀត។ ឥឡូវសាច់វាអត់មានឡើងថ្លៃអីទេ គោយើង​នៅ​ស្រុកខ្មែរវាបច្ចុប្បន្នខើចដែរ ខើចអ្នកចិញ្ចឹម ដល់ពេលអ៊ីចឹងបន្តិចទៀតអត្រានៃអ្នកចិញ្ចឹម​នៅ​ក្នុងស្រុកវាដឹងតែដាច់ហើយ»

កសិករនៅខេត្តកំពង់ឆ្នាំងម្នាក់ទៀត លោក រស់ ពិសិដ្ឋ ឱ្យដឹងថា លោកធ្លាប់​ចិញ្ចឹម​គោតាំង​ពីឆ្នាំ២០១៣ ក្នុងរង្វង់២០០ក្បាល។ លោកឱ្យដឹងថា នៅដើមឆ្នាំ២០២៤ លោកសម្រេចផ្អាក​ចិញ្ចឹមទាំងស្រុងហើយ រង់ចាំមើលស្ថានភាពតម្លៃល្អប្រសើរឡើងវិញ។

លោក រស់ ពិសិដ្ឋ ថ្លែងថា៖ «ផ្អាកតាំងពីដើមឆ្នាំ២០២៤មកផ្អាក​ចិញ្ចឹមគោដោយសារខាត​ពេក​។ និយាយរួមខាតរហូតតាំងពីចិញ្ចឹមមកអត់ដែលចំណេញ ឥឡូវកាន់តែធ្លាក់តម្លៃ ហើយអត់មានអ្នកទិញទៀត»

លោក រស់ ពិសិដ្ឋ ឱ្យដឹងថា ពីមុនដៃគូអាជីវកម្មរបស់លោកដែលធ្លាប់​កាប់គោមួយ​ថ្លៃ​១០​ក្បាល​សម្រាប់លក់លើទីផ្សារក៏ផ្អាកទាំងស្រុងដែរ។

អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា បានចេញសេចក្តីសម្រេចផ្អាកការនាំចូលបំណែក និងគ្រឿងក្នុងសត្វចំនួន៦ខែគឺចាប់ពីថ្ងៃទី១២ខែមីនាដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤។

ស្ថាប័នគយដដែលនេះបានសម្រេចឱ្យក្រុមហ៊ុនចំនួន២០ និងបើកច្រកថ្មីថែមមួយ​ដែល​អាច​នាំ​ចូល​សាច់បង្កកបានចាប់ពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៤។ នាំឱ្យក្រុមហ៊ុនដែលមានសិទ្ធិ​នាំចូល​សាច់បង្កកសរុបកើនឡើងដល់៤០ ចំណែកច្រកនាំចូលកើនឡើងដល់៦។

ច្រកទ្វារទាំង៦ដែលអាចនាំចូលសាច់បង្កកបានរួមមាន កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិ​រាជធា​នីភ្នំពេញ ច្រកព្រំដែនអន្តរជាតិបាវិត ច្រកព្រំដែនអន្តរជាតិដូង ​និង​តាម​អាកាស​យានដ្ឋាន​អន្តរជាតិ។

ចាប់តាំងពីវិធានការផ្អាកការនាំចូលបំណែក និងគ្រឿងក្នុងសាច់បង្កកនេះ កាលពីថ្ងៃទី១២​ខែមីនា មក កសិករចិញ្ចឹមជ្រូករីករាយនឹងតម្លៃដែលកើនឡើងពី៧ពាន់រៀល​ដល់៩ពាន់​៥រយ​រៀល​​ក្នុង១គីឡូក្រាម។  ប៉ុន្តែតម្លៃគោនៅតែស្ថិតនៅចន្លោះពី៧ពាន់រៀលទៅ​៩ពាន់រៀល​ទៅ​តាមប្រភេទគោ។

សកម្មភាពមន្ត្រីនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរកឃើញទីតាំង​ស្តុកថ្មីមួយ​កន្លែង នៅរាជធានីភ្នំពេញ។ រូបភាពនេះត្រូវបានថតចេញពីហ្វេសប៊ុកផេក​របស់​អគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

កសិករឱ្យដឹងថា តម្លៃជ្រូកពី៩ពាន់រៀលឡើងទៅពួកគាត់អាចចំណេញបានខ្លះ ចំណែកគោ​តម្លៃ​ពី១ម៉ឺន២ពាន់រៀលឡើងទៅទើបបានចំណេញ។

អ្នកឯកទេសចិញ្ចឹមសត្វ លោក រស់ ឆាំងគី បញ្ជាក់ថា ត្បិតតែសត្វចិញ្ចឹមឡើងថ្លៃខ្លះធ្វើឱ្យ​កសិករ​​​មួយចំនួនសប្បាយចិត្ត ប៉ុន្តែលោកថា អ្នកពាក់ព័ន្ធកំពុងតាមដានបន្ត​លើបញ្ហា​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុងស្រុក និងសាច់បង្កក។

លោក រស់ ឆាំងគី មានប្រសាសន៍ថា៖ «តម្លៃជ្រូកវានៅតែបន្តហក់ឡើងសន្សឹមៗ​រហូត​មក​ដល់​ថ្ងៃនេះវាឡើងចន្លោះពី៩០ ទៅ៩៥[៩៥០០៛/គីឡូក្រាមសម្រាប់ជ្រូករស់] អ៊ីចឹង​មាន​ន័យ​ថាអាការអនុញ្ញាតនេះវាមិនប៉ះពាល់ខ្លាំង ព្រោះប្រសិនបើវាប៉ះពាល់​វាមិនអាចឡើង​តម្លៃ​ជ្រូក​បានទេ ប៉ុន្តែយើងនៅតែតាមដានមើលបន្ថែមថាតើវានឹងបន្តឡើង ឬក៏វានៅតម្លៃទ្រឹង​ប៉ុណ្ណា ព្រោះតម្លៃបច្ចុប្បន្ននេះ បើសិនជាតម្លៃល្អ វានៅក្នុងតម្លៃដែលល្អហើយសម្រាប់​ជ្រូក»

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ ឱ្យដឹងថា ចាប់តាំងពីការផ្អាកការ​នាំ​ចូល​​បំណែក និងគ្រឿងក្នុងសាច់បង្កកមក កសិករចិញ្ចឹមជ្រូកទូទាំងប្រទេសសប្បាយរីករាយ​នឹងតម្លៃកើនឡើង។ លោក ស្រ៊ុន ពៅ អំពាវនាវដល់ស្ថាប័នព័ន្ធបិទការនាំចូលបំណែក និង​គ្រឿង​ក្នុងសត្វនេះជារៀងរហូតព្រោះលោកថា វាប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។

ចំណែកបញ្ហាគោស្ថិតនៅក្នុងតម្លៃទាប លោក ស្រ៊ុន ពៅ ឱ្យដឹងថា ដោយសារបញ្ហាការនាំចូល​ច្រើនពីប្រទេសថៃ និងឥណ្ឌា។

លោក ស្រ៊ុន ពៅ មានប្រសាសន៍ថា៖ «ព្រោះគោនៅប្រទេសឥណ្ឌាគេសម្លាប់ចោលទេក្នុង​មួយ​ឆ្នាំៗ រដ្ឋាភិបាលត្រូវសម្លាប់ប៉ុន្មានម៉ឺនប៉ុន្មានសែនក្បាលចោល។ ដោយសារអី? ដោយសារ ពេលដែលវាអត់ទឹកវាទៅអុកឡុកតាមភូមិតាមស្រុកគេហ្នឹងវាល្អក់ទឹកគេ គេប្រើអត់បាន អ៊ីចឹងគេបង្ខំឱ្យសម្លាប់ចោលរាល់ឆ្នាំ១ឆ្នាំប៉ុន្មាន បួនប្រាំសែនក្បាល​អីចឹង​ទៅ។ អាហ្នឹងហើយ ពេលហើយបង្កក មានត្រង់ណាទៅ គឺទៅគ្រប់ប្រទេស មិនមែនមកតែ​កម្ពុជាទេ។ ចឹងវាថោកបានន័យថារបស់នេះរបស់ហ្វ្រី របស់ព្រៃអាហ្នឹងហើយប៉ះពាល់ដល់​យើង យើងក៏ចេះតែឱ្យចូល»

លោកបន្តថា បញ្ហានេះ សមាគមលោក និងស្ថាប័នពាក់ព័ន្ធ​កំពុងប្រឹងប្រែង​ដោះស្រាយ​បន្ត​បន្ទាប់ ហើយជួបការលំបាកច្រើនដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចអន្តរជាតិ។

ចំពោះការបន្ថែមឱ្យក្រុមហ៊ុនចំនួន២០ និងច្រកមួយបន្ថែមទៀតនៅខែមេសានោះ លោកស្រ៊ុន ពៅ មិនបារម្ភថា បញ្ហាធ្វើឱ្យប៉ះពាល់ដល់តម្លៃសត្វចិញ្ចឹមក្នុងស្រុក និងបញ្ហាសុខភាពទេ ព្រោះលោកថា ក្រុមហ៊ុនទាំងនោះនាំចូលស្របច្បាប់ និងមានការត្រួតពិនិត្យត្រឹមត្រូវ។

កាលពីចុងឆ្នាំ២០២៣ ភាគីពាក់ព័ន្ធការចិញ្ចឹមសត្វ រួមទាំងសមាគមចិញ្ចឹមសត្វកម្ពុជា និង សមាជិក​ព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ម៉ុង ឫទ្ធីផងធ្លាប់មាន​ប្រតិបត្តិ​ដោយ​បើកចំហចំពោះការនាំចូលសាច់បង្កកច្រើនពិសេសការនាំចូលខុសច្បាប់ដែលនាំឱ្យប៉ះពាល់​ធ្ងន់​ធ្ងរដល់តម្លៃសត្វចិញ្ចឹមក្នុងស្រុក និងសុខភាពអ្នកបរិភោគ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា មានប្រសាសន៍ថា ចាប់តាំងពី​ការ​សម្រេចឱ្យផ្អាកការនាំចូលបំណែក និងគ្រឿងក្នុងចំនួន៨ប្រភេទកាលពីថ្ងៃទី១២ខែមីនាមក នៅ​​មិន​​​ទាន់​មានអ្វីប្រែប្រួលគួរឱ្យគាត់សម្គាល់នៅឡើយទេ។ ចំពោះករណីកសិករ​ស្នើ​ឱ្យបិទ​ការ​នាំចូលសាច់បង្កកទាំងស្រុងដើម្បីលើកម្ពស់តម្លៃសត្វចិញ្ចឹមក្នុងស្រុកនោះ លោកថា រដ្ឋាភិបាលធ្វើសេចក្តីសម្រេចណាមួយត្រូវផ្អែកលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។

លោក មាសសុខសីហា មានប្រសាសន៍ថា៖ «និយាយរួមយើងធ្វើអីយើងគោរពទៅតាមWTO តាម​អាស៊ានដែរ បើសិនជាយើងធ្វើក្តួងក្តាំងពេកគេប្រាកដជាឡើងទៅក្តីក្តាំតទៀត យើង​ពិបាកដោះស្រាយ។ យើងអត់មានមូលដ្ឋានបង្អែករឹងមាំសម្រាប់ដោះស្រាយជាមួយគេ គេban​[ហាមឃាត់]ទំនិញយើងវិញ យើងមិនខាតទាំងអស់គ្នាមិនចឹង? អ៊ីចឹងហើយ​បាន​យើង​​​ក្នុងការស្ទាបស្ទង់ហើយនឹងដោយមានមូលដ្ឋានបង្អែករឹងមាំផ្អែកវិទ្យាសាស្ត្រ [ដោយ]​យើងធ្វើតេសរកឃើញមេរោគ មានប៉េស្តអាហ្វ្រិកមានអីចឹងទៅបាន​យើងអាច​​បេន​[ហាម​ឃាត់]​គេបាន»

អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ទន្ទឹមនឹងកសិករ​កំពុង​រីករាយ​នឹងថ្លៃសត្វចិញ្ចឹមឡើងថ្លៃខ្លះនេះ ក្រសួងក៏កំពុងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន​នាំចូល​សាច់​បង្កក​ងាកមកទិញសាច់ក្នុងស្រុករបស់កសិករដើម្បីចែកចាយវិញ។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖ «ការផ្អាកជាបណ្តោះអាសន្ននេះ ​គឺដើម្បីទុកពេល​ឱ្យ​អ្នកចិញ្ចឹម​សត្វក្នុងស្រុកអាចរៀបចំខ្លួនឡើងវិញ និងបង្កើនសមត្ថភាពរបស់ខ្លួនតែប៉ុណ្ណោះ ហើយ​​ក្រសួង​​ក៏បានជំរុញលើកទឹកចិត្តឱ្យអ្នកធ្លាប់នាំចូលបំណែកសាច់បង្កកពីមុនមក ងាក​មក​ជួយគាំទ្រអ្នកផលិតក្នុងស្រុកវិញ ក្នុងស្មារតីខ្មែរជួយខ្មែរផងដែរ»

ខេមបូចា មិនអាចសុំការឆ្លើយតបពីលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋករកម្ពុជា និង លោក សែ សុឃន អ្នកនាំពាក្យស្ថាប័ននេះបានទេ ដោយហៅតាមទូរសព្ទ និងផ្ញើសារតាមតេឡក្រាមមិនមានការឆ្លើយតប។

ទោះយ៉ាងណា កាលពីចុងឆ្នាំ២០២៣ លោក គុណ ញឹម ធ្លាប់ធ្វើសន្និសីទបកស្រាយថា កម្ពុជា​មិនអាចបិទការនាំចូលសាច់បង្កកតាមការស្នើរបស់កសិករបានទេព្រោះកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី។ ហេតុផលមួយទៀតលោកបញ្ជាក់ថា បើបិទការនាំចូលនឹងអាចខ្វះប្រភេទ​សាច់​ដែល​អតិថិជនត្រូវការ ហើយកសិករក្នុងស្រុកផលិតមិនបាន។

លោក គុណ ញឹម មានប្រសាសន៍ថា៖ «ជាការពិតអ្នកចិញ្ចឹមសត្វគាត់គិតគូរ​ពីអាជីវកម្ម​របស់​គាត់ ប៉ុន្តែរាជរដ្ឋាភិបាលគិតគូរមិនមែនតែអ្នកចិញ្ចឹមសត្វទេ។ រាជរដ្ឋាភិបាល​ត្រូវ​គិតគូរ ពីអ្នកហូបសាច់ដែរ បើចិញ្ចឹមសត្វមិនគ្រប់វាត្រូវតែនាំចូល ដើម្បីមកបង្គ្រប់ទីផ្សារ កុំឱ្យវាអតិផរណាសាច់ ឬថាឡើងថ្លៃ សាច់ឡើងថ្លៃ»

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាស្ថាប័នគ្រប់គ្រងលើអគ្គនាយកគយ និងរដ្ឋករ​កម្ពុជា លោក មាស សុខសេនសាន បញ្ជាក់យ៉ាងខ្លីថា ការអនុញ្ញាតឱ្យក្រុមហ៊ុន​ចំនួន​២០​បន្ថែមអាចនាំសាច់បង្កកចូលបាននេះដោយសារតែក្រុមហ៊ុនទាំងនេះមានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់។

លោក មាស សុខសេនសាន មានប្រសាសន៍ថា៖ «ខ្ញុំសូមឆ្លើយខ្លីថា ក្រុមហ៊ុន២០ចុងក្រោយ​ដែល​បានសួរមកខ្ញុំនេះ ជាទូទៅនៅក្នុងក្របខណ្ឌនៃការផ្គត់ផ្គង់តាមបែបទីផ្សារសេរី យើង​សង្កេតឃើញក្រុមហ៊ុនណាដែលគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចមានសមត្ថភាព​បំពេញបែបបទត្រួតពិនិត្យត្រឹមត្រូវតាមអ្វីជាលក្ខខណ្ឌដែលយើងបានពិនិត្យហើយ គឺគាត់​ត្រូវបានក្លាយជាក្រុមហ៊ុនដែលអាចផ្គត់ផ្គង់បាន។ ចឹងនេះជាក្របខណ្ឌនៃទីផ្សារសេរីបាទ»​  

បញ្ហាសត្វចិញ្ចឹម និងកសិផលផ្សេងៗទៀតនៅក្នុងស្រុកមានតម្លៃទាប ហើយមានការ​នាំចូល​ច្រើនគឺកើតឡើងជាច្រើនឆ្នាំមកហើយ បើទោះជា លោក ឌិត ទីណា ធ្លាប់សន្យាដោះស្រាយ​បញ្ហានេះនៅពេលលោកឡើងកាន់តំណែងក៏ដោយក៏បញ្ហានេះនៅតែបន្តកើតមានដល់ពេល​បច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្មលោក ឌិត ទីណា ធ្លាប់ប្តេជ្ញាកាលពីចុងឆ្នាំ២០២២ ពេលលោកឡើង​កាន់តំណែងថា នឹងធ្វើឱ្យតម្លៃដើមនៃការផលិតធ្លាក់ចុះហើយកសិករ​ទទួលបាន​​ផល​ចំណេញ​ និងមានជីវភាពធូរធារ។

លោក ឌិត ទីណា មានប្រសាសន៍ថា៖ «បើយើងចំណាយ ឥឡូវយើងថាលក់បាន​ប្រាំបី​រយ​ហា​ប្រាំបួនរយមួយគីឡូឧបមាចឹងចុះ ប៉ុន្តែបើការចំណាយរបស់យើងធ្លាក់មកនៅត្រឹមតែ​បួនរយប្រាំរយឃើញយើងចំណេញច្រើនទេ។ អត់ចាំបាច់ទារឱ្យឡើងតម្លៃទេ ប៉ុន្តែយើង​បញ្ចុះ​​ការចំណាយ អាចំណុចនេះហើយដែលយើង​កំពុងតែប្រឹងធ្វើការងារ​ជាមួយជំនាញ​ដែល​ខ្ញុំមកថ្មីខ្ញុំចេះតែសួរហើយជំនាញធ្វើម៉េចឱ្យចំណាយវាធ្លាក់ចុះ? ជីត្រូវប្រើប៉ុន្មាន?»

តាមរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ដែលធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​​ស្ថិតិនៃក្រសួងផែនការ និងក្រសួងកសិកម្ម បានបង្ហាញថា គ្រួសារកសិករសរុបនៅ​ប្រទេសកម្ពុជា​មានចំនួនជាង៣លាន៥សែនគ្រួសារ( ៣ ៥១១ ៥៨១គ្រួសារ)។ តាមសូចនាករ​បង្ហាញថា គ្រួសារកាន់កាប់កសិកម្មមានចំនួនជាង១លាន៧សែនគ្រួសារ( ១ ៧២៦ ៣៣៧ គ្រួសារ​) ចំនួនគ្រួសារដែលដាំដុះមានចំនួនជាង១លាន៥សែនគ្រួសារ( ១ ៥១៦ ៩៦៧ គ្រួសារ​) កសិករអ្នកចិញ្ចឹមបសុសត្វ និង/ឬ បសុបក្សី និង/ឬ សត្វល្អិត មានជាង១លាន៣សែនគ្រួសារ​(១ ៣០០ ៧២៥ គ្រួសារ)។

របាយការណ៍សមាគមចិញ្ចឹមសត្វកម្ពុជាបង្ហាញតម្រូវជ្រូកទូទាំងប្រទេសក្នុង១ថ្ងៃប្រមាណ១​ម៉ឺនក្បាលស្មើនឹង១ពាន់តោន និងមាន់ត្រូវការប្រមាណ១៨ម៉ឺនក្បាលក្នុង១ថ្ងៃ។ ចំណែក​គោ​សមាគមមិនមានរបាយការណ៍ជាក់លាក់ទេ។

ទាំងសមាគមចិញ្ចឹមសត្វ និងកសិករនៅតាមខេត្តនានាអះអាងប្រហាក់ប្រហែលគ្នា កសិករ​ចិញ្ចឹម​ទូទាំងប្រទេសបានបោះបង់ការចិញ្ចឹមទាំងស្រុងអស់ប្រមាណ៧០ភាគ ហើយអ្នកខ្លះ​រង់ចាំតម្លៃសត្វប្រសើរឡើងទើបចិញ្ចឹមវិញហើយអ្នកខ្លះទៀតក្ស័យធនទាំងស្រុងមិនអាច​ចិញ្ចឹម​បានទៀតទេ៕

602 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម