សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករក្នុងខេត្តកំពតមិនទាន់ទទួលបានសំណង បន្ទាប់ពីដីស្រែ​ពួកគាត់រងផលប៉ះពាល់ដោយសារការអភិវឌ្ឍផ្លូវក្រវ៉ាត់ព្រំដែន

លោក សុខ សារឿន កំពុងមើលដីស្រែរបស់ខ្លួនដែលត្រូវបានកងវិស្វកម្មកាយយកដីនិងដីស្រែរបស់ខ្លួនដែលបានក្លាយជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត
លោក សុខ សារឿន កំពុងមើលដីស្រែរបស់ខ្លួនដែលត្រូវបានកងវិស្វកម្មកាយយកដីនិងដីស្រែរបស់ខ្លួនដែលបានក្លាយជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ស្ត្រីវ័យកណ្តាលម្នាក់ដែលមានឈ្មោះ ធន ខុន បានរៀបរាប់អំពីផលលំបាកក្នុងជីវភាព បន្ទាប់​ពីដីស្រែរបស់គាត់រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

អ្នកស្រី ធន ខុន អាយុ៤០ឆ្នាំ បានប្រាប់ថា កាលពីឆ្នាំទៅ គាត់បានសម្រេចិត្តឱ្យកូនប្រុសដែល​ទើបតែ​ប្រឡង​ជាប់​បាក់ឌុបធ្វើចំណាកស្រុកទៅធ្វើការសំណង់នៅខេត្តព្រះសីហនុ ដើម្បីបាន​លុយ​មក​ផ្គត់​ផ្គង់​ជីវភាពគ្រួសារ បន្ទាប់ពីដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍​ផ្លូវក្រវ៉ាត់​ព្រំដែន​កម្ពុជា-វៀតណាម និងម៉្យាងទៀតគាត់មានជំងឺដុំគីសដោះប្រចាំកាយ​មិនអាច​ធ្វើការ​អ្វីបានទេ។

អ្នកស្រី ខុន បានឱ្យដឹងថា៖ «អត់មានលុយឱ្យកូនរៀន ណាមួយខ្ញុំខ្វះថវិកាច្រើនណាស់ ខ្ញុំឈឺ​ផង ហើយត្រូវចាយវាយច្រើនណាស់ ណាមួយអត់មានស្រូវអង្ករហូប គេគាស់​ដី​អស់ចឹង»

គ្រួសារអ្នកស្រី ខុន គឺជាគ្រួសារមួយក្នុងចំណោម១០០គ្រួសារផ្សេងទៀត ដែលដីស្រែរបស់​ពួកគាត់បានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ត្រង់​ចំណុច​បង្គោលលេខ៣០១ដល់៣០៧ នៃឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

អ្នកស្រី ខុន បានបន្តថា៖ «អត់ចង់[ឱ្យកូនឈប់រៀន]ទេ ប៉ុន្តែនេះទាល់ហើយ មិនដឹងគិតទៅ​ណារួច នឹកឃើញអនាគតកូនទៅមុខទៀត រៀនដល់ថ្នាក់ទី១២ប្រឡងជាប់ យើងអត់មាន​លុយហ្មង ឱ្យរៀនម៉េច។ យើងខ្វះខាតខ្លាំងទៀត អត់មានលុយផ្ដល់ឱ្យកូនរៀនសូត្រស្នាក់នៅ ហើយកូនអត់ចង់ឈប់ទេ ហើយលូវបោះបង់កូនហ្នឹងចោលហើយ»។

កំពុងអង្គុយលើកៅអី ដោយទឹកមុខក្រៀមក្រំ អ្នកស្រី ធន ខុន បានប្រាប់អ្នកសារព័ត៌មាន​ខេមបូចា ដោយទឹកភ្នែកគាត់បានធ្លាក់ចុះតក់ៗថា ដីស្រែរបស់អ្នកស្រីដែលជាកេរតំណែល​បន្សល់​ទុកពីម្ដាយចំនួន៧០អា ដែលអាចប្រមូលផលស្រូវប្រមាណ១០០បាវក្នុងមួយឆ្នាំ ត្រូវ​បានកងវិស្វកម្មដែលស្ថិតក្រោមចំណុះក្រសួងការពារជាតិ ធ្វើការឈូសឆាយដើម្បី​អភិវឌ្ឍ​ផ្លូវក្រវ៉ាត់ព្រំដែនទាំងពុំទាន់ផ្ដល់សំណងសមរម្យឡើយ។

អ្នកស្រី ខុន បានបញ្ជាក់ថា៖ «មួយបាវ៥ម៉ឺនរៀល ឥលូវអត់មានមុខរបរអ្វីជំនួស ទាល់ហ្មង ហើយណាមួយខ្ញុំឈឺអស់រាប់លាន ស្រែហ្នឹងខ្ញុំបញ្ចាំទៀតរាល់ថ្ងៃ»។

គ្រួសារអ្នកស្រី ខុន សព្វថ្ងៃរស់នៅអាស្រ័យលើការផ្ញើប្រាក់ពីប្ដីនិង​កូនប្រុសដែល​បានចំណាក​ស្រុក ខណៈកូនស្រីពីរនាក់កំពុងសិក្សាថ្នាក់វិទ្យាល័យ ក្នុងនោះម្នាក់រៀនថ្នាក់ទី៨ និងម្នាក់​ទៀត​រៀនថ្នាក់ទី១២។

ពលរដ្ឋរងផលប៉ះពាល់ម្នាក់ទៀតគឺ អ្នកស្រី សុន លត់ មានវ័យ៦១ឆ្នាំ បានរៀបរាប់ថា ដីស្រែ​របស់អ្នកស្រីចំនួន ជាង១ហិកតា ដែលបានផ្តល់ទិន្នផលស្រូវប្រមាណ៤តោនក្នុងមួយឆ្នាំ តែ​រយៈពេលជិត៤ឆ្នាំមកនេះ ពុំបានអាស្រ័យផលទៀតឡើយ ព្រោះដីស្រែនោះប៉ះចំ​គម្រោង​សាង​សង់ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ។

អ្នកស្រីបន្តថា ទោះបីជាមានបណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់ក៏ដោយ តែ​អ្នកស្រីមិនហ៊ាន​ចេញមុខតតាំងជាមួយអាជ្ញាធរ ដោយសារបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួន គឺបានត្រឹមឈរយំ​ស្រណោះ​ដីកេរដូនតាប៉ុណ្ណោះ នៅពេលដែលឃើញគ្រឿងចក្រឈូសឆាយដី។

អ្នកស្រីនិយាយថា៖ «គេ(អាជ្ញាធរ)ថា (រដ្ឋាភិបាល)ត្រូវធ្វើចូលចឹង ខាងវៀតណាម​ក៏ចូល៣០ម៉ែត្រ ខាងនេះ[កម្ពុជា]ក៏ចូល៣០ម៉ែត្រ។ និយាយអត់ចេញខ្ញុំឈរយំ។ គេថាដី​ចំណីថ្នល់ ប៉ុន្តែប្លង់ខ្ញុំធ្វើដល់ថ្នល់។គេមិនមើល(ប្លង់)របស់យើងផង»។

ស្រី្តវ័យចំណាស់រូបនេះបន្តថា ក្រោយពេលបាត់បង់ដីធ្វើរបរកសិកម្ម អ្នកស្រីត្រូវចំណាយ​ថវិកាប្រមាណ២០ម៉ឺន រៀលដើម្បីទិញអង្ករជារៀងរាល់ខែ។ ចំណែកកូនៗរបស់​អ្នកស្រី​ចំនួន២នាក់ក្នុងនោះកូនស្រី វ័យ២១ឆ្នាំ និងកូនប្រុសវ័យ៣០ឆ្នាំ ក៏បានធ្វើចំណាកស្រុក​ដើម្បីរកចំណូលដោះបំណុលផងដែរ។

អ្នកស្រីឱ្យដឹងថា៖ «កូនអើយកូនគេយកដីអស់ហើយ ទៅរកស៊ីណាចេះតែទៅរកស៊ីទៅ [បាន​លុយ] បង់រដ្ឋ»។

យ៉ាងណាអ្នកស្រីបានស្នើទៅរដ្ឋាភិបាលផ្តល់សំណងសមរម្យមួយ ក្រោយបាត់បង់​ដីស្រែ​ដែល​ធ្លាប់អាស្រ័យផងតាំងពីដូនតាមក ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរមិនទាន់មាន​ដំណោះ​ស្រាយ​សម្រាប់អ្នកភូមិនៅឡើយទេ។

អ្នកស្រីថា៖ «បើកម្លាំងឥឡូវ និយាយរួមទៅលែងចង់បានដីហ្មង! ចង់បានថវិកា។ ធ្វើ(ស្រែ)លែងរួចហើយ ជីក៏ថ្លៃ អីក៏ថ្លៃ យ៉ាប់ហ្មង»

លោក សុខ សារឿន ជាកសិកររងផលប៉ះពាល់ដីស្រែ ចង្អុល​ប្រភពទឹក​ប្រៃដែលហូរចូល​ស្រែធ្វើឱ្យប៉ះពាល់ដល់ស្រូវ ដោយហូរតាមរណ្ដៅ​ដីដែលកាយយក​ធ្វើ​ផ្លូវ​ក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថតកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពលរដ្ឋមួយរួបទៀត លោក ខែម ញីម វ័យ៦៤ឆ្នាំ ប្រាប់ថា ​លោកបានបាត់បង់ដី​ស្រែ​ចំនួន​៣៩អា ជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ដែលលោកបានកាន់កាប់​ជាង៤០ឆ្នាំមក​ហើយ។ ក្នុងមួយឆ្នាំលោកខែម ញីម ធ្វើស្រែ២ដង ដោយបានទិន្នផលស្រូវជាង៣តោន។

លោកលើកឡើងថា បច្ចុប្បន្នលោកត្រូវចំណាយថវិកាប្រមាណ១២ម៉ឺនរៀលក្នុងមួយខែ ដើម្បីទិញអង្ករទទួលទានជាមួយសមាជិកគ្រួសារដែលមានគ្នា៦នាក់ ក្រោយពេល​បាត់​បង់​ដីស្រែ។

លោក ខែម ញីម និយាយថា៖ «ខ្ញុំមិនមានធ្វើស្រែទេ ទិញអង្ករហូប អត់ស្រែធ្វើ។ បើរឿងសួរប្លង់មានគ្រប់គ្រាន់ គ្រាន់តែអត់ដី»

តំណាងពលរដ្ឋនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត អ្នកស្រី សុខ សាវ៉ាន់ បានថ្លែង​ថា ប្រជាកសិករដែលរងផលប៉ះពាល់ដោយសារផ្លូវក្រវ៉ាត់ព្រំដែននេះ មានខ្លះជិត១ហិកតា ឬ២ហិកតា ជាដើម។ ហើយមកដល់ឥឡូវមានរយៈពេល៤ឆ្នាំ ប៉ុន្តែនៅពុំទាន់មានការផ្ដល់​សំណងណាមួយដល់ប្រជាពលរដ្ឋឡើយ បើទោះបីជាប្រជាពលរដ្ឋបានស្វែង​រកកិច្ច​អន្តរាគមន៍​ពីស្ថាប័នរដ្ឋនានា។

អ្នកស្រី សាវ៉ាន់ សង្កេតឃើញថា ប្រជាកសិករខ្លះដែលមានមុខរបរតែមួយ ហើយរងផល​ប៉ះពាល់ដីស្រែស្ទើរតែទាំងស្រុង បានសម្រេចចិត្តធ្វើចំណាកស្រុកដើម្បីជីវភាពគ្រួសារ។

អ្នកស្រីបន្ថែមថា៖ «សំខាន់ចង់ឱ្យសម្ដេចពុកជួយ ខាងប្រជាពលរដ្ឋសូមជាដោះដូរ មិនថា​ជាការដោះដូរដី ឬលក្ខខណ្ឌជាសំណងអីទេ គ្រាន់តែថាជាការដោះដូរ​ជូន​ប្រជាពលរដ្ឋវិញ គឺពួកគាត់សប្បាយចិត្ត មិនថាតិចឬច្រើន។ អត់មានសោះមកដល់ឥលូវ»។

យោងតាមលិខិតដាក់ទៅសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(Adhoc)  នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យដឹងថា កងកំលាំងវិស្វកម្មដែលសាងសង់ខ្នងផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​-វៀតណាម បានបង្កឱ្យមានផលប៉ះពាល់ដីស្រែអស់មួយចំនួនធំ​របស់កសិករ​ចំនួន១០៣​គ្រួសារ ដោយគ្រប់ដណ្ដប់លើភូមិចំនួន៥គឺ ភូមិព្រែកក្រឹស ភូមិព្រៃព្រួស ភូមិកោះត្នោត ភូមិកោះតាកូវ និងភូមិព្រះទ្រហឹង ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ ដីស្រែដែលបាត់បង់អស់មួយចំនួនធំគឺសុទ្ធតែប្លង់រឹង។

បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៤ បានឱ្យដឹងថា កម្មសិទ្ធិឯកជន​ស្រប​ច្បាប់​ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ​លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញតិ្តទុក ហើយត្រូវ​ផ្ដល់​​សំណងជាមុន ដោយសមរម្យនិងយុត្តិធម៌។

លោក សេក ឈិន មេឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ជាង១០០គ្រួសារដែលរស់នៅក្នុងភូមិចំនួន៥ នៃឃុំព្រែកក្រឹស ពិតជាបានរងផលប៉ះពាល់​ដី​ស្រែ​ដោយសារគម្រោងសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

យ៉ាងណាក៏ដោយ លោកថា លោកបានត្រឹមតែរាយការណ៍ពីផលប៉ះពាល់​របស់ពលរដ្ឋ​តាម​រយៈលិខិតដាក់ទៅស្ថាប័នថ្នាក់ជាតិប៉ុណ្ណោះ ដោយថាអាជ្ញាធរថ្នាក់មូលដ្ឋានមិនមានលទ្ធភាព​ដោះស្រាយករណីនេះទេ។

លោក សេក ឈិន ថ្លែងថា៖ «អ៊ុំរាយការណ៍ហើយ ២[ទៅ]៣ ដងហើយក្នុងអង្គប្រជុំ។ លិខិត​ស្នាមក៏ដល់លើអស់ហើយក្រសួង ទីស្តីការគណៈរដ្ឋមន្រ្តី ក្រុម​ប្រឹក្សាពិគ្រោះយោបល់ គេចុះ​ផ្ទាល់អស់ហើយ។ ហួសសមត្ថកិច្ចអ៊ុំ យើងមេឃុំគ្មាន​សិទ្ធអីទេ​បានត្រឹមផ្តល់ព័ត៌មានអីទេ»។

ចំពោះករណីដែលពលរដ្ឋលើកឡើងថា មិនមានដីអាស្រ័យផលបានដូចពីមុន ហើយត្រូវ​ចំណាកស្រុករកចំណូលទ្រទ្រង់ជីវភាពនោះ ត្រូវបានលោក សេក ឈិនច្រានចោល​ករណី​នេះ ដោយថា បច្ចុប្បន្ននេះពលរដ្ឋនៅតែអាចធ្វើស្រូវបានដូចធម្មតា ព្រោះផ្លូវក្រវ៉ាត់​ព្រំដែន​នេះមិនទាន់បានសាងសង់នៅឡើយទេ។

លោក សេក ឈិន ៖ «អ្នកថា ចេះតែថាទៅ! បើនិយាយរួមខ្លីគេមិនឃាត់អី។ យើងមិនធ្វើ​[ស្រែ]​ចេះតែចាំទាមទារលុយ លុយម៉េច បើរដ្ឋាភិបាលអត់ទាន់ដោះស្រាយផង ព្រោះអាហ្នឹង​ថ្នាក់​ខេត្ត ថ្នាក់ក្រសួង ទីស្តីការគណៈរដ្ឋមន្រ្តីដឹងអស់ហើយ»។

រណ្ដៅទឹកដែលកើតឡើងដោយសារការកាយយកដីធ្វើផ្លូវក្រវ៉ាត់ព្រំដែន និងបង្គោល​ព្រំដែនលេខ៣០២ចំណុចដែលដីស្រែរបស់កសិកររងផលប៉ះពាល់ដោយសារការធ្វើផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម នៅភូមិព្រៃព្រួស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ រូបថតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពាក់ព័ន្ធករណីនេះដែរ អភិបាលស្រុកកំពង់ត្រាច លោក អូន ខន មិនបានឆ្លើយតបសំណួរ​អ្នកសារព័ត៌មាននោះទេ ដោយនិយាយយ៉ាងខ្លីថា អាជ្ញាធរកំពុងដោះស្រាយហើយ។

លោកគ្រាន់បញ្ជាក់ខ្លីថា៖ «រឿងចឹងៗគេដឹងហើយ គេចេះគិតគូរអស់ហើយ»។

កាលពីចុងឆ្នាំ២០២១ តំណាងពលរដ្ឋបានដាក់លិខិតសុំអន្តរាគមន៍ទៅកាន់អភិបាលខេត្តកំពត ដើម្បីជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋចំនួន១០៣គ្រួសារ ដែលរងផលប៉ះពាល់ពី​ផ្លូវក្រវ៉ាត់​ព្រំ​ដែន​កម្ពុជាវៀតណាម តាមបណ្ដោយបង្គោលព្រំដែនលេខ៣០១ដល់៣០៧។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ​មានប្រសាសន៍យ៉ាងខ្លីថា ចំពោះប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នេះអាចឡើងទៅកាន់សាលាខេត្តដើម្បីជួបលោក។

លោក ម៉ៅ ធនិន និយាយថា៖ «ស្នើឱ្យគាត់ឡើងមកសាលាខេត្តមក ឱ្យគាត់ឡើងមកជួបបង​មក។ ទាន់អត់អូន!»។

លោក កែវ រ៉េន នាយលេខាធិការដ្ឋាននៃបញ្ជាការដ្ឋានកងវិស្វកម្មនៃក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា កងវិស្វកម្មពុំមានសម្ថកិច្ចដោះស្រាយ​ករណីវិវាទដីធ្លី​របស់​ប្រជាពលរដ្ឋ​ឡើយ ហើយលោកក៏ពុំបានដឹងថា រដ្ឋាភិបាលសម្រេចឱ្យបញ្ជាការដ្ឋានវិស្វកម្ម​ដោះស្រាយ​ជម្លោះ​ដីធ្លីនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នេះដែរ។

លោក កែវ រ៉េន ថ្លែងថា៖ «កងកម្លាំងវិស្វកម្មធ្វើតែតំបន់ណាដែលអាជ្ញាធរជាតិទទួលបន្ទុក​ការងារព្រំដែន និងអាជ្ញាធរថ្នាក់ក្រោមជាតិដែលប៉ះពាល់ពាក់ព័ន្ធទាំងអស់​ដោះស្រាយ​រួច​បានកងកម្លាំងវិស្វកម្មចូលទៅធ្វើបាន។ យើងអត់មានសម្ថកិច្ចដោះស្រាយបញ្ហាឡើយ»។

លោកបន្តថា ការកសាងផ្លូវក្រវ៉ាត់ព្រំដែនតាំងពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០២២នេះ ធ្វើបាន​សរុប​ចំនួន១៣១៤គីឡូម៉ែត្រ នៃបណ្ដោយព្រំដែនប្រទេសថៃ ឡាវ និងវៀតណាម ដោយ​ផែនការមេគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០។ ដោយឡែកផ្លូវក្រវ៉ាត់ព្រំដែនវៀតណាម​ចាប់ផ្ដើម​សាងសង់នៅឆ្នាំ២០១៧ ដែលមានប្រវែងព្រំដែនសរុប១២៧០គីឡូម៉ែត្រ ខណៈបច្ចុប្បន្នផ្លូវ​បានសាងសង់ប្រវែងជាង៦០០គីឡូ។

ទាក់ទិននឹងប្រវែងផ្លូវបន្ទាត់ព្រំដែនសរុបនិងការចំណាយថវិកាលើការសាងសង់ លោក កែវ រ៉េន ថាពុំអាចសន្និដ្ឋានពីការចំណាយបានទេ ដោយសារត្រូវធ្វើមួយជំហានៗ ខណៈប្រវែង​សរុប​ក៏លោកពុំបានដឹងដែរ ព្រោះពុំមានឯកសារក្នុងដៃ។

បើតាមនាយដ្ឋានរូបនេះ ការធ្វើផ្លូវតាមបណ្ដោយព្រំដែន គឺចន្លោះ៣០ទៅ៥០ម៉ែត្រ ពីបង្គោល​ព្រំដែន ដោយព័ទ្ធជុំវិញប្រទេស។

លោក រ៉េន មានប្រសាសន៍ថា៖ «ធ្វើព័ទ្ធជុំវិញប្រទេសយើងហ្នឹង ព្រំដែនវៀតណាម​មានជាង​១ពាន់គីឡូ ឡាវជាង៣០០គីឡូ ថៃជាង៥០០គីឡូ នេះដកប្រវែងព្រំដែនដែលមាន​វិវាទ​មិន​ទាន់ដោះស្រាយបាននៅឡើយ»។

សារព័ត៌មានខេមបូចាពុំអាចសូមការអត្ថាធិប្បាយពីលោក ខ្វាន់ ស៊ាម មេបញ្ជាការ​នៃបញ្ជាការ​ដ្ឋានវិស្វកម្មបានឡើយ ដោយខលពុំមានអ្នកលើកទូរសព្ទ ខណៈតេលេក្រាម​លោកចូល​មើល​ប៉ុន្តែពុំមានការឆ្លើយតប។

កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលបានចេញសេចក្ដីណែនាំឱ្យលោក ខ្វាន់ ស៊ាម ​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឱ្យពិនិត្យ​និង​ដោះ​ស្រាយ​ករណីវិវាទដីធ្លីនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតនេះ។


លោក យន់ ផល្លី អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត ថ្លែងថា អាជ្ញាធរ​ពាក់ព័ន្ធត្រូវមានដំណោះស្រាយសមរម្យមួយសម្រាប់ប្រជាពលរដ្ឋ ព្រោះថាដីស្រែទាំងនោះ គឺសុទ្ធតែមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។

លោក ផល្លី និយាយថា៖ «បើយើងបានចេញបណ្ណកម្មសិទ្ធិទៅឱ្យពួកគាត់ហើយ ដល់ពេល យកដីគេទៅអភិវឌ្ឍតែគ្មានដំណោះស្រាយជូនពួកគាត់ ចឹងគួរតែមានវិធានការ​រកដំណោះ​ស្រាយណាមួយ។ ប្រជាពលរដ្ឋគាត់ក៏មិនជំទាស់នឹងការអភិវឌ្ឍដែរ។ ជួបពិភាក្សាគ្នា​រក​ដំណោះស្រាយណាមួយជាចំណុចកណ្ដាលដែលអាចសមស្របសម្រាប់ទាំងអស់គ្នា»

420 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម