កសិករមួយចំនួននៅស្រុកស្អាងខេត្តកណ្តាលអះអាងថា ពួកគាត់បន្ថយការដាំបន្លែ៨០ភាគរយនៃផ្ទៃដីចម្ការ ដោយទុកដីទំនេរចោល ហើយអ្នកខ្លះទៀតដូរទៅដាំដំណាំផ្សេងដោយសារ បន្លែដាំបានហើយគ្មានទីផ្សារ។
កសិករនៅឃុំទឹកវិល ស្រុកស្អាង លោក ហាក់ សុភាព ថ្លែងថា លោកដាំបន្លែលើផ្ទៃដី២ហិកតា រួមមានខ្ទឹមស្លឹក និងបន្លែរួមផ្សំផ្សេងទៀត។ លោកថា បើគិតតែត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ លោកខាតបង់លើការដាំបន្លែប្រមាណ៥០០០ដុល្លារទៅ៦០០០ដុល្លារ ដោយសារដាំបានហើយមិនមានទីផ្សារ។
លោកបន្តថា ការសម្រេចដាំបន្លែតិចតួច ហើយទុកដីមួយចំនួនធំឱ្យទំនេរចោលនេះដោយសារអស់ដើមទុន និងបារម្ភខ្លាចដាំបានហើយគ្មានអ្នកមកទិញ។
លោកហាក់ សុភាពថ្លែងថា៖«បើគិតសាច់បន្ថយវិញគឺ១០បន្ថយអស់៨ទៅហើយ នៅសល់តែ២ទេ។ យើងគិតថា បើលោភទៅទៀតហ្នឹងខ្លាចអត់មានទីផ្សារទៀត ណាមួយដើមទុនយើងក៏ចំណាយអស់ច្រើនហើយ វាអត់លទ្ធភាពធ្វើតទៅទៀត»។
លោក ហាក់ សុភាព ថ្លែងថា ការខាតបង់បន្តបន្ទាប់ទៀត ធ្វើឱ្យលោកមិនមានទឹកចិត្តធ្វើបន្តទេ ដោយភ័យខ្លាចខាតបង់ម្តងហើយម្តងទៀត។
លោក ងៀប តៃសុង កសិករនៅឃុំទឹកវិលម្នាក់ទៀត ដែលដាំដុះបន្លែលើផ្ទៃដី៦ហិកតា អះអាងថា លោកបានបន្ថយការដាំដុះប្រមាណ៨០ភាគរយដូចលោក ហាក់ សុភាព ដែរ។ លោកថា ក្នុងឆ្នាំ២០២១នេះ លោកភ្ជួរសាឡាដចោល៤ដង គិតជាទម្ងន់ប្រមាណ១០០តោន ធ្វើឱ្យខាតបង់អស់លុយជាង២០ ០០០ ដុល្លារ។
លោក ងៀប តៃសុង ថ្លែងថា៖«បើគិតជាលុយវិញ ដោយគិតទាំងថ្លៃដីគេផង មិនក្រោម២០ ០០០ដុល្លារទេ។ ដីដាំបន្លែភាគច្រើនជួលគេ ដីមានខ្លួនឯងមានតិចតួច»។
លោក ងៀប តៃសុង ឱ្យដឹងថា ដីដែលលោកជួលគេគឺប្រភេទដីលិចទឹកក្នុងតម្លៃពី២លានទៅ៣លានរៀលក្នុង១ហិកតាក្នុង១ឆ្នាំ ចំណែកដីមិនលិចទឹក លោកជួលពី៦ទៅ៨លានរៀលក្នុង១ហិកតា ក្នុង១ឆ្នាំ។
កសិករម្នាក់ទៀតនៅឃុំស្វាយប្រទាល ស្រុកស្អាង លោក ហង់ ម៉ី ថ្លែងថា រូបលោក និងកសិករនៅតំបន់នោះ នៅបន្តដាំបន្លែក្នុងទំហំតិចតួចព្រោះ បារម្ភខ្លាចខាតបង់ទៀត។
លោក ហង់ ម៉ី ថ្លែងថា៖«គេបន្ថយច្រើនដែរ គេដាំនេះដាំនោះទៅទៀតទៅ គេបោះបង់បន្លែចោលខ្លះដោយគ្រាន់តែដាំល្មមៗ ងាកទៅដាំបន្លែចាស់ ដូចជាដាំចេកទៅវិញ»។
លោក ហង់ ម៉ី តែងតែយកបន្លែដែលលោកដាំ និងទិញបន្លែពីអ្នកភូមិខ្លះដឹកតាមរ៉ឺម៉កយកទៅលក់នៅភ្នំពេញ។ លោកថា កាលមុនព្រឹត្តិការណ៍ផ្ទុះមេរោគកូវីដ១៩ ក្នុង១ថ្ងៃបន្លែដែលលោកដឹកយកទៅលក់នៅភ្នំពេញបានប្រមាណ៥០០គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននេះ ក្នុង១ថ្ងៃលក់បានតែ១០០គីឡូក្រាមប៉ុណ្ណោះ។
កសិករអះអាងថា ពួកគេជាង៩០ភាគរយបានខ្ចីលុយពីធនាគារដើម្បីដាំបន្លែ ហើយអ្នកខ្លះទៀតប្រើប្រាស់លុយផ្ទាល់ខ្លួន ហើយពេលនេះពួកគាត់ជួបការលំបាកខ្លាំង។
ខេមបូចាព្យាយាមទំនាក់ទំនងប្រធានមន្ទីរកសិកម្មខេត្តកណ្តាល លោក ប៊ុនទួន ស៊ីមូណា និងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការពន្យល់ជុំវិញករណីនេះ ប៉ុន្តែលោកទាំង២មិនលើកទូរសព្ទ។ ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ក៏មិនលើកទូរសព្ទ និងមិនឆ្លើយតបសារតាមប្រព័ន្ធតេឡេក្រាម។
ចំណែកអភិបាលស្រុកស្អាង លោក ញឹម វណ្ណឌិន ថ្លែងថា អាជ្ញាធរបានប្រឹងប្រែងរៀបចំផ្សារឱ្យមានកន្លែងលក់បន្លែ ហើយថា ពេលនេះស្ថានភាពនៃការដាំដុះនិងលក់បន្លែនៅក្នុងស្រុកស្អាងមានភាពប្រសើរឡើង។
លោក ញឹម វណ្ណឌិន ថ្លែងថា៖«យើងមានទីតាំងមួយជាមួយក្រុងតាខ្មៅ នៅទួលក្រសាំង កន្លែងហ្នឹងយើងខ្ចីដីគេសិន ដីឯកជន។មួយទៀតផ្សារស្អាងដែលយើងផ្អាកមួយរយៈយើងបានរៀបកន្លែងមួយទៀត ដើម្បីឱ្យបងប្អូនដោះដូរនៅកន្លែងដែលយើងផ្អាក ហើយផ្សារព្រែកឃ្លោកក៏ចឹងដែរ។ ចឹងអ្វីៗនៅមូលដ្ឋានយើងអត់មានអីទេយើងមានដំណោះស្រាយ»។
ចំពោះកសិករដែលផ្សព្វផ្សាយថា បន្លែមិនមានទីផ្សារលក់ ឬ ផ្សព្វផ្សាយរូបភាពភ្ជួរចោលនោះលោកថា ជាកសិករដែលដាំដុះមិនធ្វើតាមការណែនាំរបស់មន្ត្រីជំនាញ។
លោក ញឹម វណ្ណឌិន ថ្លែងថា៖«បន្លែម្នាក់ដែលគាត់ថតផ្សាយហ្នឹងគាត់ដាំគ្មានផែនការ អត់ទាក់ទងបណ្តុំតាមការណែនាំខាងកសិកម្ម។ មិនដឹងម៉េចទេឃើញផ្សាយថា ចង់ភ្ជួរចោលទៀតហើយ ចាំឱ្យខាងកសិកម្មទៅមើល មនុស្សដដែលៗហ្នឹង»។
កាលពីទី៣០ខែមេសា មន្ត្រីមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្មនៅខេត្តកណ្តាល និងអាជ្ញាធរដែនដីដែលមានគ្នាទាំងអស់ជាង១០នាក់ បានចុះទៅដល់ផ្ទះរបស់លោក ងៀប តៃសុង ដើម្បីធ្វើការណែនាំឲ្យលោកបញ្ឈប់ធ្វើការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុកពីករណីបន្លែគ្មានទីផ្សារ និងភ្ជួរដំណាំចោល។ ទោះជាមានការព្រមានយ៉ាណាក៏ដោយ លោក ងៀប តៃសុង នៅតែភ្ជួរដំណាំចោល និងថតរូបង្ហោះតាមបណ្តាញសង្គម។
ចំពោះកសិករដែលខេមបូចាបានសម្ភាសន៍អះអាងថា មន្ត្រីកសិកម្មមិនដែលទៅបង្រៀនពួកគាត់ពីររៀបដាំដុះ ឬវិធីស្វែងរកទីផ្សារនោះទេ។
លោក ហាក់ សុភាព វ័យ៣៨ឆ្នាំឱ្យដឹងថា លោកដាំបន្លែជាង២០ឆ្នាំហើយតែមិនដែលបានជួបមន្ត្រីកសិកម្មនោះទេ។
លោក ហាក់ សុភាព បានបន្ថែមថា៖«ដំណោះស្រាយអីណាទេបងអើយ តាំងពីដើមមកមិនដែលមានមន្ត្រីណាមកជួយដោះស្រាយទេ»។
របាយការណ៍មន្ទីរកសិកម្មខេត្តកណ្តាលឱ្យដឹងថា នៅស្រុកស្អាងមានផ្ទៃដីដាំបន្លែសរុប ចំនួន ៨ ១៦៩ហិកតា មាន១២សហគមន៍ដាំបន្លែ ដែលផលិតបន្លែបានក្នុងថ្ងៃ១១៥តោន។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ជំរុញឱ្យកសិករបន្តជ្រើសរើសយកវិធីសាស្ត្រនាំយកបញ្ហាទាំងនេះជជែកជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយជាជាងការភ្ជួរចោលនិងកាត់បន្ថយការដាំដុះ។លោកថា ការទុកដីទំនេរចោលប៉ះពាល់កសិករនិងសេដ្ឋកិច្ចជាតិ។
លោក ថេង សាវឿន ថ្លែងថា៖«ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាអ្នកដាំដុះហ្នឹង។ មួយទៀតជាឱកាសសម្រាប់ឈ្មួញបរទេសជិតខាងពិសេសដូចជាវៀតណាម ក្នុងការនាំបន្លែផ្លែឈើមកលក់ កាន់តែច្រើនឡើងៗ ហើយលំហូរសេដ្ឋកិច្ចជាតិក៏ធ្លាក់ចុះ»។
លោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម លើកឡើងថា ដើម្បីដោះស្រាយវិបត្តិទីផ្សារ ក្រសួងកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវជួយរៀបចំផែនការដាំដុះឲ្យកសិករ និងជ្រើសរើសប្រភេទបន្លែ និងដំណាំឲ្យបានច្បាស់លាស់។
លោក យ៉ង សាំងកុមារ៖«យើងអាចមើលកសិករមានប៉ុន្មាននាក់? ហើយរដូវកាលដែលគាត់ដាំ តើគាត់ដាំបានគ្រប់រដូវទេ? បន្ទាប់មកទើប ពិនិត្យមុខដំណាំ ចែកគ្នាដាំ ថាតើដាំអី ក្នុងបរិមាណប៉ុន្មាន? បើយើងធ្វើចឹងបានយើងអាចធានាដល់ការដាំ និងអាចប្រកួតប្រជែងជាមួយការនាំចូលបាន»។
បើតាមលោក យ៉ង សាំងកុមារ គឺនៅកម្ពុជាបច្ចុប្បន្នកសិករទូទៅមានប្រមាណ៧០ភាគរយ។ ចំណែកកសិករអាជីពដែលរបរចិញ្ចឹមជីវិតពឹងលើវិស័យកសិកម្មមានប្រមាណពី៣០ទៅ៤០ភាគរយ ចំណែកកសិករដាំបន្លែមានតែប្រមាណ១០ម៉ឺននាក់តែប៉ុណ្ណោះ។
លោក យ៉ង សាំងកុមារឱ្យដឹងទៀតថា បន្លែដែលនាំចូលពីបរទេសដើម្បីបំពេញបន្ថែមតម្រូវការនៅក្នុងស្រុកមានប្រមាណ៤០០តោននៅក្នុង១ថ្ងៃ៕