សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករនៅតាមខេត្តមួយចំនួនខកចិត្តដោយអះអា​ថា ធនាគារផ្អាកផ្តល់កម្ចីសម្រាប់ធ្វើកសិកម្ម

ស្ត្រីជាកសិករម្នាក់កំពុងតែធ្វើសកម្មភាពកើបលាមកគោដាក់ដំណាំនៅក្នុងចម្ការរបស់គាត់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ (ខេមបូចា/ អាន វិចិត្រ)
ស្ត្រីជាកសិករម្នាក់កំពុងតែធ្វើសកម្មភាពកើបលាមកគោដាក់ដំណាំនៅក្នុងចម្ការរបស់គាត់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ (ខេមបូចា/ អាន វិចិត្រ)

កសិករធ្វើស្រែចម្ការ និងចិញ្ចឹមសត្វនៅតាមបណ្តាខេត្តមួយចំនួនអះអាងថា ពួកគេអស់សង្ឃឹមព្រោះធនាគារផ្អាកផ្តល់កម្ចីសម្រាប់ធ្វើកសិកម្ម ធ្វើឱ្យពួកគេទុកដីនៅទំនេរចោល និងមួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក​រកការងារដើម្បីចិញ្ចឹមជីវិត។​​ ករណីនេះ​ កសិករចាត់ទុកថា ជាការ​រើសអើង​ដល់ពួកគាត់។​

កសិករនៅស្រុកកោះធំ ខេត្តកណ្តាល អ្នកស្រី សែម ភា ឱ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រីត្រូវការលុយប្រមាណជាង១ម៉ឺនដុល្លារជាទុនធ្វើរបរដាំបន្លែ និងធ្វើស្រែលើផ្ទៃដីប្រមាណ​៥​ហិកតា។ អ្នកស្រីឱ្យដឹងថា ពេលនោះអ្នកស្រីបានរៀបចំឯកសារជាមួយមន្ត្រីផ្តល់កម្ចី​របស់​ធនាគារ អ៊ូរី(Woori)រួចរាល់អស់ហើយ គឺរង់ចាំតែការផ្តិតស្នាមមេដៃទទួលប្រាក់តែប៉ុណ្ណោះ។

ប៉ុន្តែអ្នកស្រីថា រូបគាត់បែរជាខកចិត្តដោយសារជិតដល់ថ្ងៃទទួលប្រាក់បុគ្គលិកនៃធនាគារនោះ ប្រាប់អ្នកស្រីតាមទូរសព្ទថា ស្ថាប័នពួកគេបិទកម្ចីសម្រាប់វិស័យកសិកម្មហើយ។

អ្នកស្រី សែម ភា ឱ្យដឹងថា៖«និយាយរួមតាំងពីកសិករ ប្រាសាក់ ស្ថាបនា ស្អីៗឱ្យតែគេចុះមក​ព័ត៌មាន​ខ្ញុំចេះ​តែ​សួរ ខ្ញុំមិនមែនទៅសួរដល់កន្លែងទេ។ ឱ្យតែគេចុះមក លោកគ្រូខ្ញុំចង់​ស្នើអ៊ីចឹង​ហា​ណា៎! គេថាអត់អី។ គេមើល ដល់ពេលគេមើលអ៊ីចឹងកាលអ៊ូរី មុនដំបូងខ្ញុំស្នើ​គេធ្វើឱ្យ​អស់​ហើយ​។ យើងគិតថាយើងយក១ម៉ឺ៥ពាន់ដុល្លារទេ គេធ្វើហើយអស់ហើយ នៅតែថ្ងៃបើកលុយទេ ដល់​ពេល​ជិត​ដល់ថ្ងៃ​បើក​លុយ គេតេប្រាប់យើងថា​បងហ្អើយគេថាបិទឡូន[កម្ចី]ហើយ គេបិទឡូន​ហើយ​ខាង​កសិកម្ម»

កសិករម្នាក់ទៀតនៅស្រុកស្ទោង ខេត្តកំពង់ធំ អ្នកស្រី អែម ណុំ ឱ្យដឹងថា នៅដើមឆ្នាំ២០២៤ រូប​គាត់​​ត្រូវការលុយជាង១ម៉ឺនដុល្លារថែម សម្រាប់ទិញជី និងថ្នាំ រួមទាំងការចំណាយលើការ​ភ្ជួរ​រាស់​ដើម្បី​ធ្វើ​ស្រែ​លើ​ដី​២០ហិកតា។ អ្នកស្រីឱ្យដឹងថា រូបគាត់បានទាក់ទងសាក​សួរ​​​ធនាគារ​ជាច្រើន ប៉ុន្តែ​ពេល​ដឹង​ថាខ្ចីយកមកធ្វើស្រែខាងធនាគារតែងតែបដិសេធ។ កសិកររូបនេះឱ្យដឹងថា រូបគាត់ជួប​ការ​លំបាក​ដោយសារដេប៉ូខ្លះមិនព្រមជំពាក់ជី និងថ្នាំទេ ចំណែកកន្លែងខ្លះដែលជំពាក់ក៏គិតការប្រាក់​ប្រចាំ​ខែខ្ពស់ដែរ។​

អ្នកស្រី អែម ណុម លើកឡើងថា៖«ជឿជីគេ បណ្តាក់ពូជ បណ្តាក់ជី បណ្តាក់ថ្នាំគេទៅ។ បណ្តាក់គេតាំងពីយូរមកម្ល៉េះ។ ទៅខ្ចីលុយ​ធនគារមិនបានក៏បណ្តាក់គេទៅ។ ខ្ចីធនគារចំណេញជាង បណ្តាក់ការប្រាក់ថ្លៃណាស់ នៅនេះខុសគ្នាច្រើនណាស់​១លាន​១ខែ​៣ម៉ឺន​រៀលណា»

ចំណែកនៅឯខេត្តកំពង់ឆ្នាំង លោក សុខ សុវណ្ណ ជាកសិករចិញ្ចឹមជ្រូកជាង១០០ក្បាលឱ្យដឹងថា លោក​ខាតបង់បន្តបន្ទាប់ដោយសារជ្រូកលក់ចេញបានតែប្រមាណ៦ពាន់រៀលក្នុង១គីឡូជាតម្លៃ​ខាត​បង់ច្រើន បើប្រៀបធៀបថ្លៃដើមផលិត គឺត្រូវចំណាយអស់ប្រមាណ៩ពាន់ទៅ១ម៉ឺន​ក្នុងការ​ចិញ្ចឹម​ជ្រូកបាន១គីឡូក្រាម។

លោក សុខ សុវណ្ណ ឱ្យដឹងថា លោកបានទាក់ទងទៅធនាគារ ABA​ ដើម្បីខ្ចីលុយប្រមាណ២ម៉ឺន​ដុល្លារ​បន្ថែមដើម្បីបន្តដើមទុន។ ប៉ុន្តែលោកថា ខាងមន្ត្រីធនាគារអះអាងថាថ្នាក់លើរបស់ពួកគេ​សម្រេចផ្អាកផ្តល់កម្ចីចិញ្ចឹមជ្រូកព្រោះជ្រូកកំពុងធ្លាក់ថ្លៃខ្លាំង។

លោក សុខ សុវណ្ណ ថ្លែងថា៖ «មានអីឱ្យ! ហើយបើវាគិតថាជ្រូកខាតប៉ុណ្ណេះ ដាក់ជ្រូកខាតប៉ុណ្ណេះ​ហើយ សិក្សាcashflow​ម៉េច​[ចរន្តសាច់ប្រាក់]? មានតែជប់? មានអ្នកណាដឹង បើបុគ្គលិកធនាគារគេ​ដឹងជាងយើងទៀត។ ថាថ្នាក់លើអត់ឱ្យខ្ចី ខាងពីលើមកពី​[Head office]មក ព្រោះគេសិក្សា​អ្នកចិញ្ចឹម​ជ្រូកជួប​វិបត្តិ ចឹងទៅឱ្យទៅវាriskមានហានិភ័យ ចឹងអត់អាចទម្លាក់កម្ចីបានទេ ចាំមើល៦ខែទៀត។ [ធនាគារ]ចាំមើលដូចតែគ្នា ចាំមើលដូចតែយើងហ្នឹងដែរ»

លក្ខណៈស្រដៀងគ្នានេះដែរ កសិករនៅស្រុកដងទង់ខេត្តកំពត អ្នកស្រី អ៊ុន សារ៉ាយ ឱ្យដឹងថា រូបគាត់ និងកសិករផ្សេងទៀតនៅតំបន់​នោះមិនអាចខ្ចីលុយពីស្ថាប័នផ្តល់កម្ចីបានទេបច្ចុប្បន្ននេះ ព្រោះ ខាងស្ថាប័នផ្តល់កម្ចីពិនិត្យឃើញថា កសិករមិនមានលទ្ធភាពរកចំណូលបាន សម្រាប់​សង​បំណុល។

កសិករទាំងនេះអះអាងថា ពេលដែលពួកគេត្រូវការដើមទុនគឺព្យាយាមទាក់ទងស្ទើរគ្រប់ស្ថាប័ន​ផ្តល់កម្ចីនៅតំបន់របស់ពួកគេ ប៉ុន្តែជាលទ្ធផលនៃការឆ្លើយតប គឺប្រហាក់ប្រហែលគ្នា ដោយសារ​ស្ថាប័នបិទកម្ចីកសិកម្ម ឬពួកគាត់មានលក្ខខណ្ឌមិនគ្រប់គ្រាន់ដើម្បីទទួលបានកម្ចីទេ។  ​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)លោក ថេង សាវឿន ថ្លែងថា បច្ចុប្បន្ន​កសិករ​ភាគច្រើននៅទូទាំងប្រទេសកំពុងជួបការលំបាកក្នុងការខ្វះដើមទុនដើម្បីធ្វើកសិកម្មបន្ត។

ទោះយ៉ាងណាលោក ថេង សាវឿន មិនជឿថា ស្ថាប័នផ្តល់កម្ចីរើសអើងកសិករទេ​ ព្រោះ​ស្ថាប័ន​ទាំងនេះស្វែងរកប្រាក់ចំណេញបើវិភាគឃើញថា ផ្តល់កម្ចីបានចំណេញនោះពួកគេ និងផ្តល់ឱ្យ​ហើយ។ ចំពោះបញ្ហានេះលោកជំរុញឱ្យស្ថាប័នផ្តល់កម្ចី និងស្ថាប័នពាក់ព័ន្ធបកស្រាយ ដើម្បីកុំឱ្យ​ការច្រឡំគ្នាក្លាយជាបញ្ហាបន្តទៅថ្ងៃខាងមុខទៀត។

លោក ថេង សាវឿន ថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំគិតថាអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ​គួរត្រូវបាន​សិក្សា​ស្រាវជ្រាវ និងស្វែងយល់រឿងនេះឱ្យបានច្បាស់ អាហ្នឹងរឿងទី១ [ហើយ]រឿងទី២ ធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុឯកជនខ្លួនឯងត្រូវតែពន្យល់អំពីកត្តាមូលហេតុដែលមិនឱ្យកសិករដាក់ពាក្យ​សំណើសុំខ្ចី ហើយមិនបានហ្នឹង ឈរលើមូលដ្ឋានអី ដើម្បីជៀសវាងការយល់ច្រឡំ ជៀសវាង​គាត់ចោទប្រកាន់ទៅលើការរើសអើង។ អានេះគឺជាកត្តាដែលយើងត្រូវអាចដោះស្រាយ»

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក កាំង តុងងី បញ្ជាក់ថា ស្ថាប័នផ្តល់កម្ចី ប្រតិបត្តិការ ដោយផ្នែកលើច្បាប់ និងលក្ខខណ្ឌនានា។ លោកបន្តថា ចំពោះការបដិសេធ​មិនផ្តល់កម្ចីកន្លង​មក​នេះ​អាចមកពីការខ្វះលក្ខខណ្ឌណាមួយមិនមែនដោយសារការរើសអើសលើវិស័យកសិកម្មទេ។​

លោក កាំង តុងងី បញ្ជាក់យ៉ាងដូច្នេះថា«ការផ្តល់ឥណទានត្រូវគោរពតាមច្បាប់បញ្ញត្តិ និង​លក្ខខណ្ឌ​អាស្រ័យតាមផលិតផល របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីធានាបានថា ឥណទាន នឹងជួយ​លើក​កម្ពស់ជីវភាពរបស់អតិថិជន និងប្រើប្រាស់បានចំគោលដៅ។ ប្រសិនគ្រឹះស្ថានបដិសេធ មិន​ផ្តល់​សេវាហិរញ្ញវត្ថុ ដូចជាឥណទាន ជូនដល់អតិថិជន គឺអាចបណ្តាលមកពីអតិថិជនមិនមាន​លក្ខខណ្ឌគ្រប់គ្រាន់។ ក្នុងករណីនេះ អតិថិជនអាចសាកសួរព័ត៌មានបន្ថែម ពីមូលហេតុចំពោះ​ការ​បដិសេធនេះ ឬអាចសាកល្បងស្វែងរកសេវានៅតាមគ្រឹះស្ថានដទៃទៀត»

ខេមបូចា បានផ្ញើសារតាមតេឡេក្រាមដើម្បីសូមការពន្យល់ពីអគ្គទេសាភិបាល ធនាគារជាតិ​នៃកម្ពុជា លោកស្រី ជា សិរី ប៉ុន្តែមិនមានការឆ្លើយតបទេ រហូតដល់ថ្ងៃទី២៥ ខែមករានេះ។  

ជុំវិញករណីនេះ ខេមបូចា បានព្យាយាមទាក់ទងតាមទូរសព្ទ និងសារអ៊ីម៉ែលទៅ​ធនាគារ​ខេប៊ី​ប្រាសាក់​(KBPrasac Bank) និងធនាគារអ៊ូរី(Woori) ប៉ុន្តែពុំមានការឆ្លើយតប រហូតដល់ថ្ងៃទី២៤ ខែមករានេះ។

ដោយឡែកស្ថាប័ន៥ផ្សេងទៀតរួមមាន ធនាគារអេស៊ីលីដា (ACLIDA Bank) ធនាគារអេប៊ីអេ (ABA Bank) ធនាគារហត្ថា (Hatthabank) ធនាគារស្ថាបនា (Sathapana Bank) និងធនាគារអ៊ិលអូអ៊ិលស៊ី (LOLC Bank) បញ្ជាក់ថា ពួកគេមិនមានគោលការណ៍បិទកម្ចីលើវិស័យកសិកម្ម​ដូចការលើកឡើង​របស់​កសិករមួយចំនួននោះទេ។​

ជំនួយការផ្នែកផ្តល់ព័ត៌មាននៃធនាគារស្ថាបនាលោក ណុប រដ្ឋា បញ្ជាក់ថា ស្ថាប័នលោក​មាន​ការ​វិភាគ​ច្បាស់លាស់លើលក្ខខណ្ឌរួមទាំងទ្រព្យបញ្ចាំមុនផ្តល់កម្ចី។ លោកបញ្ជាក់ថា អ្នកខ្ចីយកទៅ​ប្រើ​ប្រាស់​ក្នុងវិស័យណាក៏ដោយ បើលក្ខខណ្ឌគ្រប់ និងផ្តល់កម្ចីហើយ។​

លោក ណុប រដ្ឋា បញ្ជាក់ថា៖ «ទាក់ទងជាមួយនឹងការផ្តល់កម្ចីជូនអតិថិជន​ពីយើង គឺផ្តល់បាន​ទៅ​តាមប្រភេទនៃកម្ចី ឬក៏តម្រូវការរបស់អតិថិជន ប៉ុន្តែគឺយើងត្រូវសិក្សាទៅលើចំណូលចំណាយ ឬក៏​ទ្រព្យធានារបស់គាត់ដែរ[អតិថិជន] ហើយនឹងការឆែកទៅលើប្រវត្តិCBCរបស់គាត់ ទើបយើង​[ធនាគារ]​​ធ្វើការបដិសេធគាត់ បើសិនជាក្នុងករណីលក្ខខណ្ឌបង់សងរបស់គាត់អត់គ្រប់គ្រាន់ ឬក៏​ប្រវត្តិCBCរបស់គាត់ ប្រវត្តិបង់សងរបស់គាត់អត់ល្អ»

សាខាធនាគារ LOLC ក្នុងរាជធានីភ្នំពេញ ថតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្នុងហេតុផលដូចគ្នាដែរ អ្នកផ្តល់ព័ត៌មាននៃធនាគារLOLC លោកស្រី ផៃ ផល្លា បញ្ជាក់ថា ខាង​LOLC មិនមានការបិទកម្ចី ឬរើសអើងដល់វិស័យកសិកម្មនោះទេ។ ទន្ទឹមនឹងនេះលោកស្រី​បញ្ជាក់​ថា ស្ថាប័ន​LOLCបានកំណត់វិស័យកសិកម្មជាវិស័យអាទិភាពក្នុងការផ្តល់កម្ចី។

លោកស្រី ផៃ ផល្លា ថ្លែងថា៖ «កសិកម្មជាវិស័យអាទិភាពដែលអិលអូលអិលស៊ី តែងតែយកចិត្តទុក​ដាក់ គាំទ្រ និងចូលរួមចំណែកក្នុងការជំរុញឱ្យវិស័យនេះកាន់តែមានភាពរីកចម្រើន។ បច្ចុប្បន្ន​អតិថិជន​អិលអូអិលស៊ីជាច្រើន កំពុងទទួលប្រាក់កម្ចីយកទៅប្រើប្រាស់ ក្នុងវិស័យកសិកម្ម។

អិលអូអិលស៊ីផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ មានការតាំងចិត្តមុតមាំ​ក្នុង​កិច្ចការពារ​អតិថិជនក្នុងកម្រិតស្តង់ដារខ្ពស់»

ទន្ទឹមនឹងមានការបកស្រាយថា មិនមានការបិទកម្ចី ឬរើសអើងលើវិស័យកសិកម្មនេះក៏ដោយក៏​បញ្ហា​កសិករខាតបង់ការជំពាក់បំណុលធ្ងន់ធ្ងរ និងមិនមានដើមទុនធ្វើ​កសិកម្មនៅតែបន្ត​ចោទ​ជា​បញ្ហាមិនមានដំណោះស្រាយដដែល។

តាមរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២០របស់វិទ្យាស្ថានស្ថិតិ(NIS)នៃក្រសួងផែនការបង្ហាញថា ពលរដ្ឋចំនួនជាង២លានគ្រួសារ( ១ ០៣៣ ០០០ គ្រួសារ)ស្មើនឹង៥៧ភាគរយ​នៃ​ប្រជាជន​សរុប គឺជាកសិករ។

របាយការណ៍ឱ្យដឹងទៀតថា ដីកសិកម្មបែងចែកជា៤ភូមិសាស្ត្រ គឺទំនាបកណ្តាលមាន​ប្រជាជន​ធ្វើ​កសិកម្មច្រើនជាងចំនួន៤៣ភាគរយ បន្ទាប់ទំនាបកណ្តាល៣៥ភាគរយ តំបន់ខ្ពង់រាប និងភ្នំ១៥​ភាគរយ និងតំបន់ឆ្នេរសមុទ្រ៧ភាគរយ។

នៅឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យ៣សំខាន់ៗដែលទ្រទ្រង់ សេដ្ឋកិច្ចជាតិ គឺវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

ទោះយ៉ាងណាក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច ហើយផលដំណាំកសិករខូចខាត ដោយទឹកជន់លិច​នៅ​ខែវស្សា និងខូចខាតដោយខ្វះទឹកស្រោចស្រពនៅខែប្រាំងនេះ កំពុងធ្វើឱ្យកសិករខាតបង់ជំពាក់ បំណុលធ្ងន់ធ្ងរ និងខ្វះដើមទុនធ្វើកសិកម្មបន្ត។

អ្នកស្រី សែម ភា ឱ្យដឹងថា ដីស្រែ និងដីចម្ការជាច្រើនកន្លែងនៅតំបន់អ្នកស្រីកសិករបាន​ទុក​ទំនេរ​ចោល ដោយសារមិនមានដើមទុនធ្វើបន្តព្រោះកន្លងមកធ្វើខាតបន្តបន្ទាប់។

ដូចគ្នាអ្នកសម្របសម្រួលសហគមន៍សាមគ្គីរមាសហែក នៅស្រុករហែសហែក ខេត្តស្វាយរៀង អ្នកស្រី ខៀវ សារុន ឱ្យដឹងថា កសិករបានបោះបង់របរកសិកម្មជាបន្តបន្ទាប់ ចំណែក​មនុស្ស​ពេញ​កម្លាំង ប្រមាណ៧០ទៅ៨០ភាគរយធ្វើចំណាកស្រុករកការងារធ្វើនៅតំបន់ផ្សេងៗ​ទាំងក្នុង​ប្រទេស និងឆ្លងដែនទៅប្រទេសថៃ។

អ្នកស្រីថ្លែងថា បញ្ហាធំនៅពេលនេះ កសិករអស់លទ្ធភាព មិនមានដើមទុនធ្វើស្រែ និង​ចម្ការបន្ត​ទៀត​នោះទេ។

អ្នកស្រី ខៀវ សារុន ថ្លែងថា៖ «សូមឱ្យរាជរដ្ឋាភិបាលមានជាដើមទុនសម្រាប់ឱ្យកសិករខ្ចី​នៅក្នុងការ​ទាប​បំផុតសម្រាប់កសិករដែលគាត់អាចធ្វើបានលោកគ្រូ»

អ្នកនាំពាក្យក្រសួងកសិកម្មលោក លោក ឃឹម ហ្វីណង់ ថ្លែងឱ្យដឹងថា ក្រសួងបានដឹងពី​បញ្ហា​កសិករ​ខ្វះដើមទុន​នេះ ហើយក៏កំពុងរៀបចំគោលនយោបាយ ដោះស្រាយដែរ។ លោកបន្តថា កសិករ​ដែល​ធ្វើកសិកម្មជាលក្ខណៈគ្រួសារ ពិតជាលំបាកក្នុងការរកខ្ចីទុន​ពីស្ថាប័នពាក់ព័ន្ធ​មក​ធ្វើបន្ថែម។

លោក ឃឹម ហ្វីណង់ ជំរុញឱ្យកសិករចងក្រងជាសហគមន៍ និងរៀបចំផែនការធ្វើកសិកម្មច្បាស់ លាស់ គឺអាចខ្ចីលុយពីក្រសួងកសិកម្មបានក្នុងកម្រិតការប្រាក់ទាបតាមរយៈធនាគារអភិវឌ្ឍន៍​ជនបទ​។

លោក ឃឹម ហ្វីណង់ ថ្លែងថា៖  «កសិករបើចង់ឱ្យរដ្ឋជួយ គឺគាត់ត្រូវចូលរួមជាមួយនឹង​សហគមន៍​​កសិកម្ម ដើម្បីទទួលបាននូវការគាំទ្រ។ មែនទែនមិនមែនតែទុនទេ ទាំងទុន ទាំងទីផ្សារ ទាំង​បច្ចេកទេស ការជួយកាត់បន្ថយថ្លៃដើម។ ឯការធ្វើកសិកម្មជាលក្ខណគ្រួសារ យើងជឿថាវា​នឹងជួប​ការលំបាកដោយសារតែគាត់ធ្វើមិនមានទីផ្សារច្បាស់លាស់ គាត់ខ្វះខាតទុនហើយ​នៅពេលរក​ធនាគា​រ​ឱ្យជួយក៏ប្រហែលជាលំបាកដែរ»

នៅក្នុងកម្មវិធីនយោបាយអាទិភាពទាំង៦នៃគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋា​ភិបាលទី៧នៅក្នុងកម្មវិធីទី៥ បានលើកឡើងពីយន្តការសម្របសម្រួល និងកម្មវិធីផ្តល់ហិរញ្ញប្បទាន សំដៅ​លើការលើកស្ទួយផលិតកម្ម រកទីផ្សារ រក្សាលំនឹងតម្លៃកសិផល តាមរយៈការ​ដាក់ចេញ​កញ្ចប់​ថវិកា ជាក់លាក់ចាប់ផ្តើមពីចំនួន១០០លានដុល្លារ។

ទន្ទឹមនឹងកសិករខ្វះទុនធ្វើកសិកម្មបន្តហើយទុកដីទំនេរចោលនេះ បញ្ហានាំចូលបន្លែ១ថ្ងៃ​២ពាន់​៥​រយ​តោន និងនាំចូលសាច់ប្រមាណ១ពាន់តោនរួមទាំងសាច់បង្កកនោះ កំពុងក្លាយជាក្តីកង្វល់ផ្នែក សុខភាព និងជីវភាពអ្នកប្រកបរបរកសិកម្មក្នុងស្រុក៕

708 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម