ជិតប្រាំមួយខែបន្ទាប់ពីមន្ត្រីបានចុះកត់ត្រាទ្រព្យសម្បត្តិរបស់អ្នកភូមិក្រុមដំបូងដែលរងផលប៉ះពាល់ដោយគម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១,២ពាន់លានដុល្លារ ពេលនេះអ្នកភូមិនិយាយថា ពួកគេនៅតែមិនទាន់ទទួលបានព័ត៌មានថ្មីៗអំពីសំណង ឬពេលណាគ្រឿងចក្រនឹងមកដល់ទេ។
ភាពមិនច្បាស់លាស់នេះបានធ្វើឱ្យអ្នកភូមិជាច្រើនពិចារណាថាគួរដាំដំណាំថ្មីសម្រាប់រដូវកាលនេះឬអត់ ព្រោះវាជាប្រភពចំណូលដ៏សំខាន់សម្រាប់ពួកគេ។
ព្រែកជីកហ្វូណនតេជោ ដែលមានឈ្មោះផ្លូវការថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជាផ្លូវទឹកប្រវែង ១៨០គីឡូម៉ែត្រ ដែលគ្រោងតភ្ជាប់កំពង់ផែនៅភ្នំពេញទៅកាន់ឈូងសមុទ្រថៃ។
ដំបូងឡើយគម្រោងនេះមានតម្លៃ ១,៧ពាន់លានដុល្លារ តែក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ១,១៥៦ពាន់លានដុល្លារវិញ។ ព្រែកជីកនេះបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញបញ្ហាបរិស្ថាន និងភូមិសាស្ត្រនយោបាយ។
ចាប់តាំងពីពិធីបើកការដ្ឋានសាងសង់កាលពីជាងមួយឆ្នាំមុនមក គេឃើញមានការអភិវឌ្ឍតិចតួចណាស់។ រឿងនេះកើតឡើងស្របពេលដែលការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពីចិននៅតែមិនទាន់ច្បាស់លាស់ បើទោះបីជាមានការលើកឡើងម្តងហើយម្តងថាចិនគាំទ្រយ៉ាងខ្លាំងក៏ដោយ តែមិនមានតួលេខផ្លូវការណាមួយឡើយ។ ក្រោយមកទៀត រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកនឹងកាន់កាប់ភាគហ៊ុនភាគច្រើនវិញ ដើម្បីបំបាត់ការព្រួយបារម្ភអំពីភាពជាម្ចាស់របស់ព្រែកជីកនេះ។
ខណៈដែលគម្រោងនេះជួបឧបសគ្គនៅថ្នាក់ជាតិ អ្នកដែលរស់នៅតាមតម្រាយផ្លូវគម្រោងព្រែកជីកនេះនិយាយថា ភាពមិនប្រាកដប្រជាកំពុងតែប៉ះពាល់ដល់ជីវិតពួកគេហើយ។
អ្នកភូមិនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាទីតាំងនៃគម្រោងក្នុងដំណាក់កាលដំបូងនៃការតភ្ជាប់ទន្លេមេគង្គទៅទន្លេបាសាក់ បានប្រាប់ខេមបូចាថា មន្ត្រីបានចុះកត់ទ្រព្យសម្បត្តិរបស់ពួកគេកាលពីខែមេសា តែពួកគេមិនទាន់ទទួលបានព័ត៌មានថ្មីៗអំពីកញ្ចប់សំណងសម្រាប់ការផ្លាស់ទីលំនៅនៅឡើយទេ។
ដោយសាររដូវដាំដុះកាន់តែខិតជិតមកដល់ អ្នកភូមិជាច្រើនដែលភាគច្រើនជាកសិករ កំពុងប្រថុយប្រថាននឹងការខាតលុយកាក់ដោយការទិញគ្រាប់ពូជ ទាំងមិនដឹងថាដំណាំរបស់ពួកគេនឹងត្រូវគេកាប់បំផ្លាញចោលឬអត់ បើការសាងសង់ចាប់ផ្តើមភ្លាមៗ។
លោក ឌឹម ម៉ិច ដែលរស់នៅតាមបណ្តោយគម្រោងព្រែកជីកនេះក្នុងខេត្តកណ្តាលអស់រយៈពេលជិតបីទសវត្សរ៍មកហើយបាននិយាយថា៖ «ប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ព្រោះដល់រដូវកាលចុះទៅដាំដំណាំហើយ ខ្លាចតែដល់ទិញពូជដំណាំរួចរាល់ត្រៀមសម្រាប់ដាំ ស្រាប់តែគេចាប់សាងសង់ក្នុងខែ១១អីហ្នឹង កសិករខូចខាតដំណាំអស់ហើយ។ តែបើគាត់មិនធ្វើទេដោយរងចាំគេធ្វើព្រែកជីក ពលរដ្ឋមិនមានអីហូបទេ».
លោក ម៉ិច បាននិយាយថា លោកនិងអ្នកភូមិផ្សេងទៀតបានឮពាក្យចចាមអារ៉ាមថា ការសាងសង់អាចចាប់ផ្តើមនៅខែវិច្ឆិកា តែមិនមានការបញ្ជាក់ជាផ្លូវការទេ។ លោកថា ភាពមិនច្បាស់លាស់នេះបានធ្វើឱ្យអ្នកភូមិព្រួយបារម្ភ ក្រោយពីបានចំណាយលុយរាប់លានរៀលទៅលើគ្រាប់ពូជដំណាំ ដូចជា ល្ហុង ត្រប់ និងម្ទេស។ លោកបានអំពាវនាវឱ្យអាជ្ញាធរប្រកាសកាលបរិច្ឆេទសាងសង់ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យអ្នកភូមិខាតបង់ថែមទៀតដោយសារការចំនាយលើការដាំដុះនេះ។
អ្នកភូមិក៏បារម្ភដែរថា ដំណាំថ្មីដែលដាំក្រោយពីមន្ត្រីចុះបញ្ជីកាលពីខែមេសា អាចនឹងមិនត្រូវបានគិតបញ្ចូលក្នុងការគណនាសំណងទេ។
លោក ម៉ិច បានបន្ថែមថា៖ «និយាយរឿងសំណងហ្នឹង ងងឹតដូចយប់»។
ព័ត៌មានទាក់ទងជាផ្លូវការអំពីសំណងនេះមានតិចតួចណាស់។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកថា គេបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដើម្បីធានាថាគ្រួសារដែលរងផលប៉ះពាល់ទទួលបានសំណងសមរម្យ។
សម្រាប់លោក ធីម តុងអេង ដែលជាអ្នកភូមិនៅស្រុកកៀនស្វាយភាពស្ងប់ស្ងាត់អស់រយៈពេលជាងមួយឆ្នាំជុំវិញបញ្ហាសំណងនេះបានធ្វើឱ្យលោកព្រួយបារម្ភនិងគេងមិនលក់ឡើយ។
លោកបាននិយាយថា៖ «ខ្ញុំគ្រាន់តែចង់បានសំណងសមរម្យ»។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រែកជីកហ្វូណនតេជោ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅរដូវប្រាំងចុងឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។
បង្គោលព្រំត្រូវបានបោះរួចហើយកាលពីថ្ងៃទី២៥ ខែកក្កដា ហើយក្រុមបច្ចេកទេសកំពុងចុះបញ្ជីទ្រព្យសម្បត្តិតាមគម្រោងផ្នែកទីពីរ ដែលឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។
សារព័ត៌មានខេមបូចា បានព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ដែលទទួលបន្ទុកការបោះបង្គោលព្រំនៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាធម្មតាគ្រប់គ្រងសំណងសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគម្រោងបែបនេះ។ តែមិនមានក្រសួងទាំងពីរមិនបានឆ្លើយតបភ្លាមៗទេ។
ទោះយ៉ាងណា អ្នកយកព័ត៌មានខេមបូចា បានផ្ញើសារតាមតេឡេក្រាមទៅអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រីម ដើម្បីសុំការបំភ្លឺអំពីមូលហេតុដែលអ្នកភូមិមិនទាន់ទទួលបានព័ត៌មានថ្មីៗ ហើយសារនោះត្រូវបានអ្នកនាំពាក្យរូបនេះអានរួចហើយ ប៉ុន្តែមិនមានការឆ្លើយតប។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត បានថ្លែងថា៖ «រដ្ឋាភិបាលគួរតែធ្វើបច្ចុប្បន្នភាពជាប្រចាំទៅកាន់ពលរដ្ឋអំពីវឌ្ឍនភាពរបស់គម្រោង និងពេលវេលាសាងសង់ ហើយពលរដ្ឋក៏គួរតែត្រូវបានលើកទឹកចិត្តឱ្យលើកឡើងពីកង្វល់ផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Farmers Risk Crops as Funan Techo Canal Compensation Remains Unclear










