សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយក​ FBI ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដើម្បី​ពិភាក្សា​រឿង​បង្ក្រាប​​អំពើឆបោក​តាម​អនឡាញ​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក Kash Patel នៅ​វិមាន​សន្តិភាព​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២២​ ខែ​កក្កដា ឆ្នាំ​២០២៦​។ (STPM)
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក Kash Patel នៅ​វិមាន​សន្តិភាព​ក្នុង​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២២​ ខែ​កក្កដា ឆ្នាំ​២០២៦​។ (STPM)

លោក​នាកយ​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក នៅ​ថ្ងៃពុធ​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​​រួម​គ្នាធ្វើ​ប្រតិបត្តិការ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​នៅ​បន្ត​យក​ប្រជា​ពល​រដ្ឋអាមេរិក​ធ្វើ​ជាក្រុម​គោល​ដៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នេះ លោក Kash Patel ក៏​បាន​ជួប​អគ្គស្នងការ​នគរបាលជាតិ លោក ស ថេត ផងដែរ​។​ លោក Kash Patel ក៏បាន​ជួប​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក Anutin Charnvirakul មួយ​ថ្ងៃ​មុន​មក​កម្ពុជា​ដូច​គ្នា ដោយ​ទាំង​ថៃ និង​កម្ពុជា បាន​ព្រម​ព្រៀង​ពង្រីក​កិច្ច​សហការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជាពិសេស​បណ្ដាញ​ឆបោក​តាម​អនឡាញ​។

ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​គូស​បញ្ជាក់​ពី​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន​អនឡាញ​ រួម​ទាំង​ការ​បង្កើន​​កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​ផ្ដន្ទាទោស​ ដើម្បី​ចាប់​ខ្លួន «​ក្រុម​មេខ្លោងបោក​ប្រាស់​​កម្រិត​ខ្ពស់» និងការ​លើក​កម្ពស់​ការ​ចែកចាយ​ព័ត៌មាន​គ្នា​​«ពាក់​ព័ន្ធ​មន្ត្រី​ដែល​រួម​គំនិត និង​ម្ចាស់ទីតាំង​ប្រតិបត្តិការ​បោក​ប្រាស់ទាំងនោះ»។ ​

​បើ​តាម​ស្ថាន​ទូត​ដដែល សហរដ្ឋអាមេរិក​បាន​«សម្ដែងការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» ចំពោះ​ការ​កើន​ឡើង​នៃ​ប្រតិបត្តិការ​បោក​ប្រាស់​តាម​អនឡាញ​នៅ​កម្ពុជា ដែល​បាន​បណ្ដាល​ឲ្យ​មានការ​ខាត​បង់​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ​ពី​ជនរងគ្រោះជាជន​ជាតិអាមេរិក​ ដោយថា​បញ្ហានេះ​​នៅ​តែ​ជា​អាទិភាព​កំពូល​មួយ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក។ ​

នៅ​លើ​ទំព័រ​ហ្វេ​ប៊ុក​របស់​ខ្លូន លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើងថា រូបលោក និង​លោក Patel  បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោក​បន្ត​ថា​ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខែកញ្ញា ឆ្នាំ២០២៦ ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមតំបន់​ និងសកលលោកនេះ។

បើ​តាម​ស្ថាន​ទូតអាមេរិក រដ្ឋាភិបាល​របស់​ខ្លួន​បាន​វាយ​តម្លៃ​ខ្ពស់​លើ​ការ​ប្ដេជ្ញាចិត្តរបស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំង​នឹង​បញ្ហាទាំងនេះ និង​ថា​សហរដ្ឋអាមេរិក​កំពុង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។

ជំនួប​នេះ​កើត​ឡើង​ក្រោយ​ FBI បានសហការជាមួយ​ទីភ្នាក់​ងារ​ជា​ច្រើនទៀត​របស់អាមេរិក​ក្នុងការ​ស៊ើប​អង្កេត​ រហូត​ដល់​ឆ្នាំ​មុន​អាជ្ញាធរ​បាន​រឹបអូស​កាក់​ Bitcoin ក្នុង​ទំហំទឹកប្រាក់​ប្រហែល​១៥​ពាន់​លាន​ដុល្លារ ដោយចោទថា​ទ្រព្យសម្បត្តិ​ទាំង​នេះមានជាប់​ពាន់ព័ន្ធ​នឹងអំពើ​ឆបោក និង​មាន​លោក ចេន ហ្ស៊ី ពាក់​ព័ន្ធ​នៅ​ក្នុង​នោះដែរ។ លោក ចេន ហ្ស៊ី ជា​ស្ថាបនិក​ក្រុម​ហ៊ុន Prince Group និង​ក៏ជា​អតីតទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ផង​ដែរ។

លោក ចេន ហ្ស៊ី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជាចាប់​បញ្ចូន​ទៅ​ប្រទេស​ចិន​វិញ​កាល​ដើម​ឆ្នាំ​នេះ ក្រោយ​​​រដ្ឋាភិបាល​អាមេរិក​​​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន Prince Group ​ហើយ​លោក ហ៊ុន ម៉ាណែត ក្រោយ​មក​លើក​ឡើង​ថា​លោក​មិន​បាន​ដឹងថា​លោក ចេន ហ្ស៊ី គឺជា«មេខ្លោង»​នោះទេ។

អ្នកនាំពាក្យ​លោក​នាយរដ្ឋមន្ត្រី គឺលោក មាស សុភ័ណ្ឌ មិន​អាច​ទាក់​ទង​បាន​ភ្លាមៗ​ក្នុង​ការ​ធ្វើអត្ថាធិប្បាយ​លើ​រឿងនេះទេ​។

កម្ពុជា​បាន​ចាប់​ផ្ដើម​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​បទល្មើស​ឆបោក​​តាម​អនឡាញ​កាល​ពី​មួយ​ឆ្នាំ​មុន ចំពេល​ដែលកម្ពុជា​រង​សម្ពាធ​ទាំងពី​សហរដ្ឋអាមេរិក និងស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត ដោយ​ទាមទារ​ឲ្យ​កម្ពុជា​បង្ក្រាប​ឧស្សាហកម្ម​ឆបោក​មួយ​នេះ ដែល​នាំឲ្យ​ទីតាំង​ដែល​សង្ស័យ​ថា​បាន​ប្រើប្រាស់ជា​កន្លែង​ឆបោក​តាម​អនឡាញជាច្រើន​ត្រូវ​បិទទ្វារ និង​មាន​ជនបរទេស​រាប់ពាន់​នាក់​ដែលធ្វើការ​នៅទី​នោះ​ត្រូវ​បញ្ជូន​ចេញ​ទៅ​ប្រទេស​កំណើត​វិញ​។ នេះ​បើតាមព័ត៌មាន​របស់​រដ្ឋាភិបាល​។

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​រិះគន់លើ​វិធានការបង្ក្រាប​ថាមាន​ចំណុច​ខ្សោយច្រើន ដោយថា​អាជ្ញាធរ​បរាជ័យ​ក្នុង​ការ​ការពារ​ជនរងគ្រោះ​ដែល​ត្រូវ​គេជួញ​ដូរ និង​បាន​រកឃើញ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​ទាំង​នោះ​ ហើយ​ក៏​មិន​បាន​ស្វែង​រក និង​ដាក់ទោសទណ្ឌ​លើ​បុគ្គល​គ្រាក់ៗ​ដែល​ជាប់ពាក់​ព័ន្ធ​នឹង​ឧស្សាហកម្ម​នេះដែរ៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ FBI Chief Meets Hun Manet to Discuss Scam Crackdown

ព័ត៌មានថ្មី

អត្ថបទពេញនិយម