សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ថ្លៃសេវាតេស្តរហ័សរកជំងឺកូវីដ-១៩តាមមន្ទីរពេទ្យ បន្ថែមបន្ទុកសម្រាប់អ្នកជំងឺក្រីក្រ

ប្រជាពលរដ្ឋឈរនៅមុខច្រកចូលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង
ប្រជាពលរដ្ឋឈរនៅមុខច្រកចូលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

លោក ម៉ក់ ប៊ុនធឿន ជាប្រជាពលរដ្ឋ​ម្នាក់​ដែលបាន​ចូល​​និវត្តន៍ ​រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក​បាន​ចំណាយ​ជាង​៦០ដុល្លារលើការពិគ្រោះ​ និង​ព្យាបាលជំងឺទឹកនោម​ផ្អែមនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនៅសប្តាហ៍នេះ​។

លោកថា​ ការចំណាយបាន​កើនឡើងបន្ថែម​លើ​ថ្លៃ​ធ្វើ​តេស្តរហ័ស ៦០,០០០រៀល នៅ​ពេល​​​​លោក​ទៅ​មន្ទីរពេទ្យ។

លោកនិយាយ​ថា៖ «ខ្ញុំត្រូវពិនិត្យជំងឺទឹកនោមផ្អែមរបស់ខ្ញុំមួយដងក្នុងមួយខែ ហើយ​ តម្លៃនេះ [១៥ដុល្លារ] គឺច្រើនគួសម​ដែរ សម្រាប់ខ្ញុំ ហើយខ្ញុំគិតថាវាថ្លៃពេកសម្រាប់គ្រួសារក្រីក្រជាច្រើនទៀត »។

ខណៈមន្ទីរពេទ្យជាច្រើនស្វះស្វែងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមបន្ទប់ព្យាបាលអ្នកជំងឺនៃ​មន្ទីរពេទ្យទាំងនោះចាប់ផ្តើមតម្រូវឲ្យអ្នកជំងឺ ដែលមានហានិភ័យខ្ពស់ និងភ្ញៀវដែលចូលមកមន្ទីរពេទ្យឲ្យធ្វើតេស្តរហ័ស។ ប៉ុន្តែថ្លៃសេវ៉ានេះគឺជាបន្ទុក មួយសម្រាប់គ្រួសារក្រីក្រ ដែលជារឿយៗជួបការពិបាករួចទៅហើយក្នុងការបង់ថ្លៃព្យាបាល។

លោក ប៊ុនធឿន បាននិយាយថាអ្នកមើលថែអ្នកជំងឺជាច្រើនបានប្រាប់លោក​ថាពួកគេមិនហ៊ានចេញពីមន្ទីរពេទ្យទេដោយបារម្ភខ្លាចមន្ទីរពេទ្យតម្រូវឲ្យពួកគេ

ធ្វើ​តេស្តជាថ្មីអ្នកខ្លះលួចចេញ​តាម​របងដើម្បី​ចេញ​ទៅ​ទិញ​​របស់ប្រើប្រាស់​នៅខាងក្រៅដោយ​​ឲ្យ​លុយសន្តិសុខ​យាម។ លោកបន្តថា មន្ទីរពេទ្យបានប្រាប់ លោកថាលិខិត​បញ្ជាក់​ពី​លទ្ធ​​ផល​តេស្តអាចប្រើបាន​តែ៥ថ្ងៃទៅ៦ថ្ងៃប៉ុណ្ណោះ ។

លោកបាននិយាយថា ខណៈដែលលោកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់​មន្ទីរពេទ្យ​ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ថ្លៃសេវា​ធ្វើ​តេស្តរហ័សនេះ​គឺខ្ពស់ពេកសម្រាប់អ្នក​ក្រីក្រ​។  

លោកថ្លែងថា៖ «ប្រសិនបើវាជាមន្ទីរពេទ្យឯកជន ខ្ញុំមិនជំទាស់ទេ ព្រោះវាជាអាជីវកម្មរបស់​ពួកគេប៉ុន្តែមន្ទីរពេទ្យរដ្ឋមិនគួរគិតថ្លៃខ្ពស់ពេកទេ»។ ដោយបន្ថែមថា៖ «រដ្ឋាភិបាលអាច​ផ្តល់វ៉ាក់ សាំងដោយមិនគិតថ្លៃដល់​ប្រជាជន ដូច្នេះគួរតែបញ្ចុះតម្លៃនៃការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ​ដើម្បីជួយដល់ជនក្រីក្រពីព្រោះយើងកំពុងជួបការលំបាកដោយសារការឆ្លងរាលដាលជំងឺនេះរួចទៅហើយ»។

លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែតមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេខណៈខេមបូចាក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដើម្បី បញ្ជាក់ថាតើមានការលើកលែងចំពោះអ្នកដែលកាន់បណ្ណក្រីក្រ និងទទួលការគាំទ្រពីរដ្ឋាភិបាលដែរទេ។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ខេមបូចាថាការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩លើអ្នកជំងឺទូទៅ និងអ្នក​កំដរអ្នក​ជម្ងឺគឺកិច្ចការចាំបាច់ ដើម្បីទប់ស្កាត់កុំឲ្យវីរុសឆ្លងចូលមន្ទីរពេទ្យ។ ទោះយ៉ាងណាលោកស្រីមានប្រសាសន៍ថា ថ្លៃសេវ៉ាតេស្តនេះត្រូវបានកំណត់ដោយមន្ទីរពេទ្យនីមួយៗដោយខ្លួនឯង។

លោកស្រីមានប្រសាសន៍ថា៖ «ក្នុងបរិបទនេះ មន្ទីរពេទ្យគ្មានថវិកាគ្រប់គ្រាន់ទេពួកគេ​ត្រូវការថវិកា ដើម្បីគាំទ្រប្រតិបត្តិការ ដូច្នេះ [យើង] ត្រូវចូល​រួម​ចំណែកពីអ្នកដែលប្រើប្រាស់ សេវាសុខភាព បើមិនដូច្នេះទេមន្ទីរពេទ្យនឹងគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញឧបករណ៍ទេ​»។ លោកស្រីបានបន្ថែមថារដ្ឋបានផ្តល់ការគាំទ្រដ៏ច្រើន ដល់វិស័យសុខាភិបាលរួចហើយ ហើយថា វាដល់ពេលដែលបុគ្គលម្នាក់ៗត្រូវ​ជួយគ្នា​ក្នុង​ពេល​នេះ។

លោកស្រីបានមានប្រសាសន៍ថា បើប្រៀបធៀបនឹងថ្លៃសេវានៅតាមមន្ទីរពេទ្យឯកជន ១៥ដុល្លារគឺទាបណាស់។

លោកស្រីថ្លែង​ថា៖ «មន្ទីរពេទ្យចំណាយច្រើនណាស់ ហើយពួកគាត់មិនអាច រ៉ាប់រងការចំណាយបានទេប្រសិនបើយើងផ្តល់ជូនដោយឥតគិតថ្លៃ។ ក្មួយ​អាចស្រម៉ៃមើលថា ប្រសិនបើយើងមិនចូលរួមវិភាគទានខ្លះវានឹងប៉ះពាល់ដល់សេវាគាំពារ​​សម្រាប់មនុស្សគ្រប់គ្នា»។

ទោះបី​យ៉ាងនេះក្តី ​លោកស្រី​ថាការធ្វើតេស្តនេះ គឺតម្រូវសម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ប៉ុណ្ណោះ។

ខណៈពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅ​តែ​កើនឡើង ទាំងមន្ទីរពេទ្យរដ្ឋនិងឯក ជនមួយចំនួនកន្លងមកត្រូវបានគេរាយការណ៍ថា បានបដិសេធមិនទទួលអ្នកជម្ងឺមួយចំនួនដោយខ្លាចឆ្លងជំងឺនេះចូលក្នុងមន្ទីរពេទ្យ។

កាលពីដើមខែឧសភា ក្រសួងសុខាភិបាលបានបញ្ជា ឲ្យ​មន្ទីរពេទ្យទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតចំពោះការរីករាលដាលវីរុសកូវីដ១៩ ដែលអាចកើតមាន ហើយ​បានស្នើឲ្យ​មន្ទីរពេទ្យរដ្ឋទាំងអស់ប្រើតេស្តអង់ទីហ្សែនរហ័សរកជំងឺកូវីដ-១៩ លើអ្នកជំងឺទូទៅ។

កាលពីថ្ងៃពុធ រដ្ឋាភិបាលបានប្រកាសអំពីការឧបត្ថម្ភជាសាច់ប្រាក់ថ្មីទៀតក្រោមកម្មវិធីជំនួយសង្គមសម្រាប់ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានជួបប្រទះការលំបាកក្នុង​ពេលស្ថិតនៅក្រោមការបិទខ្ទប់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនិង ខេត្តព្រះសីហនុ រួមមាន​​កម្មករ និងក្រុមគ្រួសារអ្នក ដែលបានឆ្លងជំងឺកូវីដ-១៩ ។

លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា អ្នកកាន់បណ្ណក្រីក្រមិនគួរត្រូវបានយកថ្លៃចំពោះការធ្វើតេស្តរកជំងឺនោះទេ ។

លោកមានប្រសាសន៍​ថា៖ «ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារស្ថាន​ភាព​សេដ្ឋកិច្ចធ្លាក់​ចុះ ហើយពួកគាត់កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល។ ខ្ញុំគិតថា ការធ្វើតេស្តរហ័ស រកជំងឺកូវីដ-១៩ មិនគួរគិតថ្លៃទេ»។  ដោយបន្ថែមថា៖ «ដូចយើងដឹងស្រាប់ហើយថា រដ្ឋាភិបាល បានបញ្ចេញថវិការាប់រយលានដុល្លារក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដូច្នេះ ថ្លៃសេវា តេស្តរហ័សនេះ មិនគួរឲ្យក្លាយជារឿងឈឺក្បាល​​ សម្រាប់គ្រួសារ ពលរដ្ឋក្រីក្រទេ​»។

កាលពីខែមុន ខេមបូចាបានធ្វើសេចក្តីរាយការណ៍ អំពីកម្មការិនី​រោងចក្រកាត់ដេរ ម្នាក់ដែលព្រួយបារម្ភអំពីការខ្វះខាតថវិកាសម្រាប់ការសម្រាលកូននៅមន្ទីរពេទ្យ ទោះបីជានាងប្រើប្រាស់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមក៏ដោយ។ នាងបាននិយាយថា នាងត្រូវបម្រុងទុកប្រាក់ពី៣០០ទៅ៤០០ដុល្លារ សម្រាប់ការចំណាយក្រៅផ្លូវការ និងដើម្បីទិញគ្រឿងផ្គត់ផ្គង់ផ្សេងៗ។

យោងតាមក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ កម្ពុជាបានរកឃើញករណីឆ្លងថ្មីចំនួន៤២៦ករណី និងមានអ្នកស្លាប់ចំនួន១១នាក់។ រហូតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៦.៦៦៦ករណី ដែលក្នុងនោះមានអ្នកស្លាប់សរុបចំនួន៣០០នាក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Fee for COVID-19 rapid tests at hospitals add more burden for poor patients and family members

528 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម