អតីតបុគ្គលិកបម្រើការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កំពុងទាមទារប្រាក់អត្ថប្រយោជន៍១០០ភាគរយ បន្ទាប់ពីអ្នកទាំងនោះត្រូវបានបញ្ឈប់ពីការងារដោយសារតែវិបត្តិកូវីដ១៩ ប៉ុន្តែខាងមន្ត្រីមន្ទីរការងារថាអ្នកទាំង១៣០នាក់បាត់បង់សិទ្ធិក្នុងការចរចា ពេលពួកគេបានដើរចេញមកតវ៉ាជាសាធារណៈកាលពីសប្ដាហ៍មុន។
អតីតបុគ្គលិកបុគ្គលិកទាំងនោះត្រូវបានព្យួរការងារតាំងពីខែមេសា ហើយកាលពីខែធ្នូកន្លងទៅអ្នកទាំងនោះបានបដិសេធទទួលប្រាក់អតីតភាពការងារ៨០ភាគរយ ពេលត្រូវបញ្ឈប់ពីការងារ ដោយអ្នកទាំងនោះទាមទារ១០០ភាគរយ។
បើតាមការបញ្ជាក់របស់អតីតបុគ្គលិក និងថ្នាក់ដឹកនាំសហជីព បានឲ្យដឹងថា ក្រុមហ៊ុនបារាំង VINCI Airports ដែលគ្រប់គ្រងចំណែកហ៊ុនក្នុងអាកាសយានដ្ឋាននេះ បាននិយាយថាខ្លួននឹងបើកប្រាក់អត្ថប្រយោជន៍៥០ភាគរយទៅអ្នកដែលមិនយល់ព្រមទាំងនោះ និងថាប្រាក់នោះបានចាប់ផ្ដើមផ្ដល់ទៅអតីតបុគ្គលិកហើយដែរ។
លោក លី ម៉ូលីន ដែលបានបម្រើការជាអ្នកផ្តល់សញ្ញាដល់អ្នកបើកយន្តហោះ (air marshal) ជាង១០ឆ្នាំមកហើយនោះ បាននិយាយថា៖ «អ្វីដែលក្រុមហ៊ុនបានធ្វើគឺលម្អៀង និងបានបំពានសិទ្ធិរបស់ពួកយើងដែលមានចែងក្នុងមាត្រា៩៥ [ក្នុងច្បាប់ស្ដីពីការងារ]។ ពួកគេធ្វើជាអាជ្ញាកណ្ដាលខ្លួនឯង កាត់ក្ដីខ្លួនឯង»។
បន្ទាប់ពីបានបដិសេធកិច្ចព្រមព្រៀងកាលពីខែធ្នូ លោក លី ម៉ូលីន បានឃើញប្រាក់ចំនួន ៥ ០០០ ដុល្លារផ្ទេរចូលក្នុងកុងធនាគាររបស់លោកចេញពីអតីតនិយោជក។ ប៉ុន្តែលោកថានៅប្រាក់អតីតភាពការងារ និងប្រាក់សំណងពាក់កណ្ដាលទៀតនៅមិនទាន់បាន ដែលនេះបំពានទៅនឹងច្បាប់ស្ដីពីការងារ។
លោកបន្ថែមថា៖ «ពួកគេបញ្ឈប់យើងដោយគ្មានការជូនដំណឹងជាមុន…យើងធ្លាប់តែមានប្រាក់ហូបគុយទាវ ផឹកកាហ្វេ តែឥឡូវយើងជួបការលំបាក និងមានបញ្ហាធំក្នុងការរកប្រាក់សងធនាគារ»។ លោកថាក្នុងមួយខែៗលោកត្រូវបង់ធនាគារប្រហែល៥០០ដុល្លារ។
ក្រុមអតីតបុគ្គលិក បាននិយាយថាខ្លួនបានទទួលប្រាក់ខែ៥០ភាគរយតាំងពីខែមេសា ដល់ខែធ្នូ ប៉ុន្តែខាងនិយោជកថាបុគ្គលិកមានប្រាក់ខែតិចជាង៥០០ដុល្លារនៅបើកពេញ ហើយអ្នកមានប្រាក់ខែលើសពី៥០០ដុល្លារកាត់ចំនួន២០ភាគរយ។
អ្នកពាក្យក្រុមហ៊ុន Cambodia Airport លោក ខែក នរិនដា មានប្រសាសន៍ថា ដោយសារតែជើងហោះហើរមានការធ្លាក់ចុះរហូតដល់៩៩ភាគរយតាំងពីខែមេសា ក្រុមហ៊ុនបានព្យាយាមជួយបុគ្គលិកតាមច្រើនវិធី ប៉ុន្តែនៅពេលនេះជាពេលត្រូវសម្រេចចិត្តជម្រុះបុគ្គលិក១៣០នាក់។
លោកឲ្យដឹងទៀតថា៖ «ដោយសារតែស្ថានភាពបែរទៅជាកាន់តែអាក្រក់ វាជារឿងដែលយើងមិនអាចជៀសរួច ហើយត្រូវតែអនុវត្តវិធានការជម្រុះនេះ»។ លោកបន្ថែមថា ការធ្វើនេះគឺស្របទៅតាមច្បាប់ និងជាអ្វីដែលក្រសួងការងារបានមើលឃើញ។
លោកបន្តថា៖ «យើងបានជួបប្រជុំជាច្រើនដងជាមួយសហជីពប្រចាំអាកាសយាន្ដដ្ឋាន ដើម្បីឲ្យតំណាងពួកគេបានដឹងពីផែនការរបស់យើង»។
លោកបញ្ជាក់ដែរថា កម្មករដែលត្រូវបញ្ឈប់ពីការងារនឹងអាចត្រូវជួលឲ្យធ្វើការវិញបើសិនជាមានតំណែងណាមួយបើកឡើងវិញ។ លោកបន្តថា ដូចគ្នាដែរ ក្រុមហ៊ុន Cambodia Airports ក៏នឹងជួយដល់អតីតបុគ្គលិកទាំងនោះក្នុងការរកការងារថ្មី ឬក៏បើកអាជីវកម្មណាមួយ។
លោកឲ្យដឹងទៀតថាបុគ្គលិកចំនួន៣១នាក់ដែលត្រូវបានផ្អាកការងារបណ្ដោះអាសន្នកាលពីខែមេសា បានត្រឡប់ចូលធ្វើការវិញក្នុងតួនាទីផ្សេង។
មាត្រា៩៥ នៃច្បាប់ស្ដីពីការងារបានចែងថាការបញ្ឈប់បុគ្គលិកពីការងារ និយោជកត្រូវពិនិត្យលើដំណាក់កាលជាបន្តបន្ទាប់ នៅពេលដែលគ្រឹះស្ថានបន្ថយសម្មភាព។
ខណៈពេលដែលបុគ្គលិកត្រូវបញ្ឈប់ការងារទៅតាមច្បាប់ អាជ្ញាធរក៏បានធ្វើទៅតាមស្ថានការណ៍ក្នុងវិបត្តិកូវីដ១៩ ស្របពេលដែលអាជីវកម្មក្នុងវិស័យទេចរណ៍ប្រហែលពាក់កណ្ដាលត្រូវបានផ្អាក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា មានប្រសាសន៍ថា៖ «លោកអាចស្រម៉ៃមើលថាក្រុមហ៊ុននៅលើពិភពលោកណាដែលមិនបញ្ឈប់ការងារបុគ្គលិកពេលប៉ះពាល់ដោយវិបត្តិកូវីដ១៩?»។ លោកបញ្ជាក់ដែរថា ជើងហោះហើរបានធ្លាក់ចុះ៩៩ភាគរយ។
លោកបន្ថែមថា៖ «ក្រុមហ៊ុនមានហេតុផលសមរម្យក្នុងការបញ្ឈប់បុគ្គលិក ពួកគេគោរពទៅតាមកិច្ចសន្យា និងតាមច្បាប់»។
កាលពីថ្ងៃសុក្រ កន្លងទៅ បុគ្គលិកដែលត្រូវបញ្ឈប់ពីការងារប្រហែល១០០នាក់ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍១០០ភាគរយ និងបានអះអាងថានិយោជកបានព្យាយាមបំបិទការទាមទាររបស់ពួកគេ ដោយបានងាកទៅផ្ដល់ដំណោះស្រាយជាលក្ខណៈបុគ្គល ជាជាងចរចាជាក្រុម។
លោក ផេង ឆេងលី ប្រធានការិយាល័យដោះស្រាយវិវាទការងារនៃមន្ទីរការងារខេត្តសៀមរាប មានប្រសាសន៍ថា អ្វីដែលពួកគេធ្វើ បានរំខានដល់ដំណើរការដោះស្រាយជម្លោះ និងធ្វើឲ្យពួកគេខាតបង់នៅលើតុចរចា។
លោកមានប្រសាសន៍ថា៖ «ពួកគេបានរៀបចំបដាមុននឹងចូលមកមន្ទីរការងារ ហើយឡាយតាមហ្វេសប៊ុក ដូចនេះមានន័យថាពួកគេមិនចង់សហការនោះទេ»។
លោកបន្ថែមថា៖ «ដើមបណ្ដឹងមិនបានសហការជាមួយមន្ត្រី ដូចនេះពួកគេបានបោះបង់សិទ្ធិ ដែលពេលនេះគឺទុកជាមោឃៈ»។
លោក ឆេងលី ឲ្យដឹងទៀតថាកាលពីខែវិច្ឆិការកន្លងទៅគណៈកម្មការដោះស្រាយវិវាទនៃក្រសួងការងារបានធ្វើបទបង្ហាញអំពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនអំឡុងពេលវិបត្តកូវីដ១៩។ ក្រុមហ៊ុនមានសិទ្ធិបញ្ឈប់ការងារបុគ្គលិកខណៈពេលដែលដំណើរការប្រតិបត្តិការរបស់ខ្លួនមានការធ្លាក់ចុះខ្លាំង។
ប៉ុន្តែ សម្រាប់លោក រ៉ុន រ៉ាវ៉ាន់ ប្រធានសហជីពកម្មករវិស័យទេចរណ៍កម្ពុជាប្រចាំអាកាសយានដ្ឋានសៀមរាប ថាការទាមទារប្រាក់អតីតភាពការងារពេញ១០០ភាគរយនឹងនៅតែបន្ត។
លោកថា បណ្ដឹងថ្មីមួយទៀតនឹងត្រូវដាក់ទៅកាន់ក្រសួងការងារ បន្ទាប់ពីបណ្ដឹងមួយមុនកាលពីថ្ងៃទី១៥ ខែធ្នូ ត្រូវក្រសួងសម្រេចថាវិវាទគួរតែត្រូវដោះស្រាយជាលក្ខណៈបុគ្គលម្នាក់ៗ។
លោកថា៖ «វាមិនយុត្តិធម៌ទេ ដែលក្រុមហ៊ុនបានគិតប្រាក់អតីតភាពការងារឲ្យត្រឹម៥០ភាគរយ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Fired during Covid, Siem Reap airport staff demand bonuses paid in full