លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានចាត់ឲ្យរដ្ឋមន្រ្តី មេបញ្ជាការយោធា កូនប្រុសបីរូបរបស់លោក និងកូនរបស់មន្រ្តីជាន់ខ្ពស់ឲ្យចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជំហានដំបូងនៅកម្ពុជា ខណៈវ៉ាក់សាំងពីក្រុមហ៊ុន ស៊ីណូហ្វាម (Sinopharm) ផ្តល់ដោយប្រទេសចិនបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោក ហ៊ុន សែន បានថ្លែងសរសើររដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ ចំពោះការធានាបាននូវការបេ្តជ្ញាផ្តល់វ៉ាក់សាំងចំនួន ១លានដូសពីរដ្ឋាភិបាលក្រុងប៉េកាំង និងបានបន្ថែមថា អ្នកសារព័ត៌មានស្ថិតនៅក្នុងបញ្ជី «អ្នកនៅជួរមុខ» ដែលមានអាទិភាពទទួលបានវ៉ាក់សាំង នៅក្នុងពិធីទទួលវ៉ាក់សាំងជំហានដំបូងចំនួន ៦សែនដូស។
បន្ទាប់ពីសម្រេចចិត្តលុបចោលការចាក់វ៉ាក់សាំងផ្ទាល់ខ្លួនក្រោយពីទទួលដំណឹងថា វ៉ាក់សាំងស៊ីណូហ្វាម គឺសម្រាប់អ្នកមានអាយុពីវាង ១៨ ដល់ ៥៩ឆ្នាំ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ថា រដ្ឋមន្រ្តី មេបញ្ជាការយោធា មន្រ្តីជាន់ខ្ពស់ និងក្រុមគ្រួសារ ដែលស្ថិតនៅក្រុមអាយុអាចចាក់វ៉ាក់សាំង នឹងចូលរួមចាក់វ៉ាក់សាំងជំនួសរួបលោក។
លោកបានថ្លែងថា៖ «ខ្ញុំមានកូនប្រុសបីនាក់ និងកូនប្រសារស្រីបីនាក់។ បើគេគ្រប់លក្ខខណ្ឌ ឲ្យគេទៅចាក់»។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឈ្មោះរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក កើត រឹទ្ធិ ក្នុងចំណោមមន្រ្តីក្រោមអាយុ ៥៩ឆ្នាំ ដែលស្ថិតនៅក្នុងចំណោមអ្នកអាចចាក់វ៉ាក់សាំងដំបូងគេ។
លោកហ៊ុន សែនបានថ្លែងបន្តថា៖ «យើងនឹងប្រមូលកូនៗរបស់មន្រ្តីជាន់ខ្ពស់ឲ្យមកចាក់វ៉ាក់សាំងមុនគេ»។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជួនណារ៉ុន និងរដ្ឋមន្រ្តីបរិស្ថានលោក សាយ សំអាល់ មិនអាចទាក់ទងសុំយោបល់បាននោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោករំពឹងថា ចិននឹងបំពេញសំណើសុំវ៉ាក់សាំងបន្ថែម និងថា ឥណ្ឌាបានសម្រេចលក់វ៉ាក់សាំងចំនួន ១សែនដូសមកកម្ពុជា និងថា កម្ពុជា និងឥណ្ឌាកំពុងពិភាក្សាលើសំណើទិញវ៉ាក់សាំងរវាង ១ និង៤លានដូសបន្ថែមទៀត។
លោក ហ៊ុន សែន បានស្នើឲ្យក្រសួងព័ត៌មានសហការជាមួយនឹងក្រសួងសុខាភិបាលដើម្បីធានាថា អ្នកសារព័ត៌មានក្រោមអាយុ ៦០ឆ្នាំ អាចទទួលបានវ៉ាក់សាំង ដោយសារលក្ខខណ្ឌការងាររបស់ពួកគេ មុនពេលងាកទៅនិយាយពីការសម្រេចការលុបចោលការចាក់វ៉ាក់សាំងរបស់លោក។
លោកបានថ្លែងថា៖ «ខ្ញុំបានត្រៀមខ្លួនចាក់វ៉ាក់សាំងរួចហើយ»។ «វាមិនមានន័យថា ខ្ញុំខ្លាចប្រតិកម្មវ៉ាក់សាំងនោះទេ។ ប៉ុន្តែបើសិនយើងចាក់ យើងអាចចាក់ ហើយមិនមានបញ្ហានោះទេ»។
កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅក្នុងសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ អាយុ ៧៥ឆ្នាំ បានចាក់វ៉ាក់សាំងរួចរាល់ហើយ ដោយមិនបានបញ្ជាក់ពីទីកន្លែង ពេលវេលា និងប្រភេទវ៉ាក់សាំងនោះទេ។
រដ្ឋមន្រ្តីការពារជាតិលោក ទៀ បាញ់ និងអ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ មិនអាចទាក់ទងសុំយោបល់បាននោះទេ។
លោក ស្រី វ៉ាន់ថា នាយករងមន្ទីរពេទ្យព្រះកេតុមាលា និងជាវេជ្ជបណ្ឌិតផ្ទាល់របស់លោករដ្ឋមន្រ្តីការពារជាតិ បាននិយាយថា លោកជាប់រវល់នៅខេត្ត ហើយមិនមានសេចក្តីលម្អិតណាមួយនោះទេ។ ប៉ុន្តែលោកគិតថា លោក ទៀ បាញ់ បានចាក់វ៉ាក់សាំង ស៊ីណូហ្វាម។

នៅក្នុងពិធីប្រគល់វ៉ាក់សាំង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានកត់សម្គាល់ថា ចិនក៏បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន១០លានដូសទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈយន្តការកូវ៉ាក់ជាសាកលផងដែរ។
លោក Wentian បានថ្លែងថា៖ «ចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការពារកម្ពុជាពីជំងឺកូវីដ១៩។ [ចិន] នឹងបន្តផ្តល់ជំនួយផ្អែកតាមលទ្ធភាពដល់មិត្តកម្ពុជាដើម្បីជម្នះជំងឺកូវីដ១៩»។
ក្រសួងសុខាភិបាលបានប្រកាសថា វ៉ាក់សាំងនឹងត្រូវផ្តល់ដល់ក្រុមអាទិភាពពីវាងអាយុ ១៨ ដល់៥៩ឆ្នាំ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បដិសេធមិនផ្តល់សេចក្តីលម្អិតពីគម្រោងផ្តល់វ៉ាក់សាំងនោះទេ ដោយលោកស្រីគ្រាន់តែលើកឡើងថា ក្រសួងសុខាភិបាល និងក្រសួងការពារជិតនឹងរក្សាទុកវ៉ាក់សាំងចំនួន ៣សែនដូសរៀងៗខ្លួនពីវ៉ាក់សាំងផ្តល់ឲ្យក្នុងដំណាក់កាលដំបូង។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បដិសេធមិនផ្តល់យោបល់។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យមានការប្រុងប្រយ័ត្នពីការប្រើប្រាស់វ៉ាក់សាំងស៊ីណាហ្វាម ដោយលើកឡើងពីការច្រានចោលវិញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលលោកបានថ្លែងថា កម្ពុជានឹងទទួលយកតែវ៉ាក់សាំងអនុម័តដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។
លោកស្រី សុភាព បានថ្លែងថា៖ «រដ្ឋាភិបាលអះអាងថា គាត់នឹងទទួលបានវ៉ាក់សាំងដំបូង ប៉ុន្តែនរណាទទួលបានដំបូងនោះមិនមែនជាបញ្ហានោះទេ។ អ្វីដែលសំខាន់គឺធានាថា វ៉ាក់សាំង ឬថ្នាំណាមួយនឹងមិនប៉ះពាល់ដល់សុខភាពប្រជាជន។ ហើយសំខាន់គឺត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក»។
លោក យង់ គីមអេង នាយកមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានស្នើឲ្យរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្វែងរកព័ត៌មានបន្ថែមពីផលប៉ះពាល់ជាប្រតិកម្មពីការប្រើប្រាស់ និងប្រសិទ្ធភាពរបស់វ៉ាក់សាំង ដោយលោកលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធការដែលមន្រ្តីកម្ពុជាដឹងពីអាយុមានលទ្ធភាពចាក់វ៉ាក់សាំងយឺតយ៉ាវ។
លោកបានថ្លែងថា៖ «វាជាការប្រសើរ ប្រសិនបើរដ្ឋាភិបាលមានព័ត៌មានច្រើនជាងនេះ»។
កម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ តិចជាង ៥០០ករណី ដែលក្នុងនោះមានកម្មករចំណាកស្រុកចំនួន ៨១នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ដោយមិនមានករណីស្លាប់ ហើយអ្នកជំងឺភាគច្រើនបានជាសះស្បើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ First shipment of Covid-19 vaccines lands in Cambodia