ប្រជានេសាទជាច្រើនមានការត្អូញត្អែរអំពីទិន្នផលត្រីមានការធ្លាក់ចុះជារៀងរាល់ឆ្នាំដោយសារការនេសាទខុសច្បាប់ និងបម្រែបម្រួលអាកាសធាតុ។
លោក ពៅ ឌីណា ជាអ្នកនេសាទមកពីឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រាប់អ្នកព័ត៌មានខេមបូចា ថា ចាប់តាំងពីបើកការនេសាទវិញក្នុងខែមិថុនាមកដល់ខែធ្នូ ឃើញថាទិន្នផលត្រីមានការធ្លាក់ចុះដោយសារតែលោកជាធម្មតាអាចនេសាទត្រីជាមធ្យម៥០គីឡូក្រាមក្នុងមួយថ្ងៃប៉ុន្តែក្នុងឆ្នាំនេះវិញថ្ងៃខ្លះលោកចាប់ត្រីមិនបានមួយក្បាលផង។
លោក ពៅ ឌីណា បាននិយាយថា៖ «ត្រីដូចជាមិនទៀងថ្ងៃខ្លះមានថ្ងៃខ្លះអត់មានថ្ងៃខ្លះទៀតទៅនេសាទហើយមកវិញខាតតែសាំង។ ខ្ញុំធ្វើមងលក់ផងអីផង បើពឹងលើនេសាទឥឡូវលេងបានហើយ»។
បើយោងតាមការបាយការណ៍របស់រដ្ឋបាលជលផលដែលស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំ២០២២ ផលិតកម្មទឹកសាបមានចំនួន ២៤ ៥០០តោន ធ្លាក់ចុះចំនួន ៧ ៤១០តោនបើធៀបប្រាំពីរខេត្តដូចគ្នានឹងឆ្នាំ២០២១។
លោក នី ណៃ ជាអ្នកនេសាទមកពីខេត្តសៀមរាប មានអាយុ៥០ឆ្នាំ មានកូនចំនួន៦នាក់ ហើយកូនប្រុស២នាក់និងកូនស្រីម្នាក់ទៀតបានរៀបការបែកផ្ទះ។ សព្វថ្ងៃលោកពូនៅកូនស្រី៣នាក់ក្នុងបន្ទុកដែលលោកពូត្រូវចិញ្ចឹមនិងក្នុងនោះកូនស្រីម្នាក់ដែលបានបញ្ចប់ថ្នាក់ទី១២។ លោកមានចំណូលជាមធ្យម ៧០ ០០០រៀល ទៅ ១០០ ០០០រៀលក្នុងមួយថ្ងៃ។
លោកបានបន្តថា កាលពី១០ឆ្នាំមុននៅពេលដល់រដូវនេសាទម្តងៗសម្បូរត្រីចាប់ តែមកដល់ពេលបច្ចុប្បន្នវិញមិនសូវសំបូរត្រី រីឯប្រភេទត្រីដែលសម្បូបែបជាមិនសូវសំបូរទៅវិញ។ គាត់នេសាទភាគច្រើនប្រភេទត្រីឆ្កោក ត្រីប្រម៉ា ជាដើម។ ការធ្លាក់ចុះផលត្រីនេះ ក៏ដោយ សារការនេសាទខុសច្បាប់មកពីស្រុកដទៃមកនេសារនៅតំបន់របស់គាត់។
លោក នី ណៃ បានបន្ថែមថា៖ «ខ្ញុំប្រកបមុខរបរនេសាទតាំងពីធំដឹងក្តីមកម្លេះ មិនដែលបានប្រកបមុខរបរអ្វីផ្សេងទេ រកតែនេសាទហ្នឹង វាបានខ្លះដែល ១០ទៅ២០ គីឡូមិនអត់សុទ្ធទេ។ ខ្ញុំនេសាទជារៀងរាល់ថ្ងៃ គ្រាន់តែរដូវគេបិទគេឱ្យនេសាទបែបកម្សាន្តដល់រដូវបើកទើបគេអនុញ្ញាតឱ្យរាយសំណាញ់ រដូវណាក៏ដូចរដូវណាដែររកមិនសូវបានទេ»។
លោក អោម ឈិន អនុប្រធានសហគមន៍កំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានថ្លែងថា បរិមាណត្រីក្នុងរដូវនេះមានការថយចុះដោយសារតែទឹកឆ្នាំនេះមានទំហំទឹកធំធ្វើឱ្យត្រីមិនទាន់អាចប្រមូលផ្ដុំហូរចូលទន្លេនៅឡើយ តែលោកសង្ឃឹមថាត្រីនឹងសម្បូរវិញនៅរដូវប្រាំងឆ្នាំនេះ ព្រោះទឹកធំជាងរាល់ឆ្នាំធ្វើឱ្យត្រីបែកសាចទទួលបានជម្រកច្រើនតាមព្រៃកោងកាងឬជម្រកផ្សេងទៀត។
លោក ឈិន ថ្លែងថា៖ «នៅតំបន់ខ្ញុំមិនមានទេអ្នកនេសាទខុសច្បាប់ មានតែទង្វើអ្នកមកពីក្រៅតែមានមិនច្រើនទេ មានតិចតួចយើងអាចការពារនឹងទប់ស្កាត់បាន។ បើសិនមានករណីនេសាទណាមួយមិនសមប្រកបកើតឡើង ខ្ញុំចុះសិក្សាដោយខ្លួនឯងបើករណីធំខ្ញុំប្រាប់ទៅកាន់សមត្ថកិច្ច»។
លោក វ៉ា ពិសី មេឃុំរកាអារ ស្រុកកងមាស ខេត្តកំពុងចាម ថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋដែលជាអ្នកនេសាទតាមដងទន្លេមេគង្គមិនសូវមានច្រើនដោយសារពួកគាត់នេសាទមិនបានផលច្រើន និងមានអ្នកនេសាទខុសច្បាប់មកពីស្រុកដទៃ។ មកដល់ឥឡូវនេះមានប្រហែលជា១០០ទៅ២០០គ្រួសារតែប៉ុណ្ណោះ។ លោកបន្តថា អ្នកនេសាទក្នុងសហគមន៍របស់លោករងការបំផ្លាញពីសំណាក់ក្រុមនេសាទមកពីស្រុកដទៃ។ ពេលខ្លះមានការបង្កជាហិង្សាពីសំណាក់អ្នកភូមិនិងក្រុមនេសាទខុសច្បាប់ទៀតផង។
លោក ពិសី បានបញ្ជាក់ថា៖ «ខ្ញុំបានផ្តល់ព័ត៌មានទៅខាងជលផលខេត្តនិងអភិបាលស្រុករួចហើយលោកអភិបាលស្រុកក៏បានផ្តល់ដំណឹងទៅកាន់ខេត្តផងដែលតែនៅដដែល។ ខ្ញុំសំណូមពរឱ្យពួកគាត់អ្នកនេសាទខុសច្បាប់ងាកចេញពីច្រាំង១០០ទៅ២០០ម៉ែត្រ ដើម្បីឱ្យអ្នកស្រុករបស់ខ្ញុំបានរាយមង រាយសំណាញ់ បានហូបជួយសម្រួលជីវភាព»។
លោក ពិសី បានបន្ថែមថា៖ «កាលពីមុនមកក្នុងខែនេះប្រជាជនកំពុងទម្លាក់មងធ្វើត្រីប្រហុក ធ្វើត្រីផ្អក ត្រីសំបូរណាស់ ដល់ពេលក្រោយៗមកត្រីចេះតែថយទៅៗពួកគាត់រកមិនសូវបានអីផងក៏ងាកពីនេសាទទៅធ្វើការងារផ្សេងទៅ។ មកដល់ឡូវភូមិខ្ញុំនិយាយរឿងនេសាទត្រីយកមកធ្វើប្រហុកភាគតិចណាស់ បើគិតទៅសល់១០គ្រួសារអីហ្នឹង»។
លោក លី ភារី មេប៉ុស្តិ៍រកាអារ ស្រុកកងមាស ខេត្តកំពង់ចាម មានប្រសាសន៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតំបន់របស់គាត់មិនសូវមានអ្នកនេសាទឡើយ រីឯករណីនេសាទខុសច្បាប់ក៏មិនសូវមានផងដែរ។ ការនេសាទខុសច្បាប់ភាគច្រើនគឺជាការប្រើប្រាស់ឧបករណ៍ឆក់តិចតួចប៉ុណ្ណោះ។
លោក លី ភារី បាននិយាយថា៖ «ចាប់បានអ្នកប្រើប្រាស់ឧបករណ៍ខុសច្បាប់នឹងធ្វើកិច្ចសន្យាអប់រំប្រហែល៣០ករណីក្នុងឆ្នាំ២០២២តែជាករណីស្រាលៗទេ»។
លោក ឡន លន ជាអ្នកនេសាទមកពីឃុំកំពុងចិនត្បូង ស្រុកស្ទោង ខេត្តកំពុងធំ មានវ័យ៥៨ឆ្នាំ បានឱ្យដឹងថា ឆ្នាំនេះលោកនេសាទបានផលត្រីតិចជាងឆ្នាំមុន។ ក្នុងមួយថ្ងៃលោកនេសាទបានត្រឹមតែ១០ទៅ២០គីឡូក្រាមប៉ុណ្ណោះដែលកាលពីឆ្នាំទៅ លោកអាចនេសាទបានផលច្រើនជាងឆ្នាំនេះប្រហែលជា៣ទៅ៤ដង។ លោកបានបន្ថែមទៀតថា ការនេសាទខុសច្បាប់នៅក្នុងតំបន់លោកមិនសូវមានទេក៏ព្រោះតែចំនួនត្រីមានការថយចុះដូចនេះការនេសាទខុសច្បាប់ក៏មិនសូវមានផងដែរ។
លោក ឡន លន បានបន្ថែមថា៖ «កូនខ្ញុំ៦នាក់ការបែកផ្ទះអស់៣នាក់ហើយរាល់ថ្ងៃនៅកូន៣នាក់មិនទាន់ការ។ ត្រីរកមិនសូវបានទេហើយជិតដល់ខែត្រូវបង់ធនាគារទៀតពេលខ្លះឆក់ពីនេះតិចនោះតិចយកមកដោះធនាគារ»។ លោកបន្ថែមថា៖ «ពីមុនខ្ញុំលក់ត្រីមួយគីឡូបាន១០០០៛ តែឥឡូវលក់បានតែ ៨០០៛ ទេ។ វ័យខ្ញុំចាស់ហើយមិនដឹងធ្វើមុខរបរអ្វីទេមានតែនេសាទមួយមុខ ខ្ញុំនេសាទតាំងពីធំដឹងក្តីមកមានតែកូនទៅធ្វើសំណង់នៅភ្នំពេញលឺថាឥឡូវអត់មានការងារធ្វើរកមកជួយខ្ញុំនេសាទវិញ»។
លោក អ៊ាង ណាំ ប្រធានសហគមន៍អ្នកនេសាទបឹងបេប្រាំមួយ ស្រុកកងមាស ខេត្តកំពុងចាម បានមានប្រសាស៍ថា ដោយសារទឹកឡើងបានយូរធនធានត្រីច្រើនជាងឆ្នាំមុន។ ផលត្រីមានការកើនឡើង តែមានការកើនឡើងរយៈពេលខ្លីត្រឹមមួយខែអស់ត្រីហើយដោយសារត្រីដែលឡើងតាមទឹកមិនអាចនៅបានយូរទេគឺហូរតាមទឹកទៅកាន់តំបន់ផ្សេងទៀត។
លោកបានបន្តថា អ្នកនេសាទភាគច្រើននៅក្នុងសហគមន៍របស់លោកប្រើប្រាស់ឧបករណ៍ខុសច្បាប់កាន់តែច្រើនជាហេតុផលដែលមិនអាចធ្វើការនេសាទបានយូរដូចកាលពីមុន។ កាលពីមុនយ៉ាងហោចណាស់ពី៥ខែទៅ៦ខែទើបត្រីចាប់ផ្ដើមអស់។
លោក អ៊ាង ណាំ បានលើកឡើងថា៖ «បើនិយាយពីបរិស្ថានទឹកវិញកន្លែងណាក៏ដូចកន្លែងណាដែរ ការធ្វើកសិកម្មប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត ការបាញ់ថ្នាំសម្លាប់ស្មៅ និង ការបំពុលយកសត្វ ការបំពុលទាញត្រីតាមដងបឹងទន្លេសាប»។
លោក អ៊ាង ណាំ បានបន្តទៀតថា ការថយចុះនៃធនធានជលផលមានកត្តាជាច្រើនតាំងពីឆ្នាំ២០០៧រហូតដល់សព្វថ្ងៃ។
លោកបន្តទៀតថា ការថយចុះនៃធនធានជលផលមានកត្តាជាច្រើនរួមមានការប្រែប្រួលអាកាសធាតុ ព្រោះជាធម្មតាខែរដូវទឹកឡើងចាប់ពីខែមិថុនាដល់ខែតុលាតែមកដល់ពេលបច្ចុប្បន្នខែកក្កដា សីហា រឺកញ្ញា ទើបទឹកចាប់ហូរឡើង។ កត្តានេះហើយធ្វើឱ្យការបន្តពូជរបស់ត្រីមានការប្រែប្រួលដូចគ្នា។ ក្នុងរដូវវស្សាក្នុងខែឧសភា ឬមិថុនា ត្រីជាច្រើនចាប់ផ្តើមពង ហើយកូនរបស់វារសាត់ទៅតំបន់ទំនាបលិចទឹក និងដៃទន្លេ ដើម្បីរីកធំធាត់។ លោកបន្តថា ការនេសាទខុសច្បាប់ក៏ជាកត្តាសំខាន់ដែលនាំឱ្យចំនួនត្រីមានការថយចុះផងដែរ។
លោក អ៊ាង ណាំ បានបន្ថែមថា៖ «ទិន្នផលត្រីមិនបាន២០ភាគរយនៃទិន្នផលត្រីកាលពី២០ឆ្នាំមុនផង ពេលត្រីចុះមួយរដូវៗរាប់សិបតោនតែឥឡូវនេះអត់សូវមានត្រីទេ។ ទី១ ការកាប់បំផ្លាញព្រៃលិចទឹក ទី២ ការបំពុលបរិស្ថាននេះឯង និងទី៣ គឺបទល្មើសនេសាទដោយប្រើស្បៃមុងចាប់យកកូនត្រីតូច»។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកព័ត៌មានខេមបូចា ថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលក្នុងឆ្នាំ ២០២២និង២០២៣ ដែលទើបបិទបញ្ចប់បាន ១ ៤៨១តោន ចំនួននេះកើនឡើង៤០ភាគរយធៀបនឹងផលនេសាទដាយត្រីក្នុងឆ្នាំ២០២០និង២០២១ ដែលកាលនោះមានផលដាយត្រី៨៩០តោន។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា៖ «ផលត្រីមានការកើនឡើងក៏ព្រោះតែប្រសិទ្ធភាពក្នុងការបង្ក្រាបការនេសាទខុសច្បាប់នៅបឹងឬទន្លេសាបតាំងពីរដូវត្រីពងមកម៉្លេះ»។
លោក មិញ ប៊ុនលី ប្រធានសម្របសម្រួលកម្មវិធីអភិរក្សនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស ធនធានជលផល(FACT) បានថ្លែងថា លោកបានចុះណែនាំប្រជានេសាទតាមភូមិឃុំរបស់លោកទៅតាមគោលដៅ រួមមានការផ្សព្វផ្សាយអំពីសារៈប្រយោជន៍នៃតំបន់អភិរក្ស ច្បាប់ស្តីពីជលផល និងបង្រៀនដល់ប្រជាពលរដ្ឋឱ្យទាញយកសារៈប្រយោជន៍នៃការអភិរក្សមកធ្វើជាអេកូទេសចរណ៍។
លោក មិញ ប៊ុនលី បាននិយាយថា៖ «ខ្ញុំបានលើកទឹកចិត្តឱ្យប្រជាពរដ្ឋរៀបចំកន្លែងរបស់គាត់ទៅជាកន្លែងទេសចរណ៍ដូចតំបន់ កំពុងភ្លុក កំពុងឃ្លាំជាដើម»។
លោក ប៊ុនលី ក៏ធ្លាប់បានប្រាប់ខេមបូចា ថា ការផ្លាស់ប្តូរកម្រិតទឹកសដោយសារការប្រែប្រួលនៃប្រព័ន្ធធារាសាស្រ្តដែលបង្កឡើងពីទំនប់វារីអគ្គិសនីនៅផ្នែកខាងលើ។ ទំនប់វារីអគ្គិសនីចំនួន១១នៅខាងលើទន្លេមេគង្គលើនឹងរាប់រយទៀតនៅលើដៃទន្លេមេគង្គក្រោមត្រូវបានសាងសង់។ ទំនប់វារីអគ្គិសនីបង្កើតថាមពលដោយការប្រមូលទឹកនៅរដូវវស្សា និងបញ្ចេញនៅរដូវប្រាំង ដូច្នេះហើយទើបប្រព័ន្ធធារាសាស្រ្តមានការផ្លាស់ប្តូរ។
លោកបានលើកឡើងបន្តថា៖ «ការកសាងទំនប់វារីអគ្គិសនី វាជាផ្នែកមួយដែលធ្វើឱ្យរបបទឹក មិនទៀងទាត់ »។ លោកបានបន្ថែមថា៖ «មុនពេលការសាងសង់ទំនប់ទាំងនេះ ទឹកជន់ពេញទន្លេសាប ហើយខែសីហា កម្រិតទឹកមានស្ថិរភាពរហូតដល់ខែកញ្ញា និងខែតុលា មុនពេលទឹកទន្លេចាប់ផ្តើមហូរបញ្ច្រាសវិញក្នុងខែវិច្ឆិកា»។
លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលបានថ្លែងថា តាមការសង្កេតរបស់លោកឃើញថាទិន្នផលត្រីមានការកើនឡើងក៏ព្រោះតែមានទឹកធំជាងឆ្នាំមុនប្រហែលមួយម៉ែត។ ចំពោះករណីនេសាទខុសច្បាប់ធំៗមានការថយចុះក្រោយការបង្កើតគណៈកម្មការបង្ក្រាបទល្មើសជុំវិញបឹងទន្លេសាប។
លោក ហេង គង់ បានបញ្ជាក់ថា៖ «ទិន្នផលត្រីធ្លាក់ចុះមួយចំនួនមកពី ការបំលាស់ទីរបស់ត្រីគឺធ្វើឡើងរហូតដល់ខែកុម្ភៈដូច្នេះត្រីតូចមិនទាន់ហូរចូលទន្លេមេគង្គនៅឡើយទេ។ កាលណាប្រើឧបករណ៍បែបគ្រួសារធ្វើឱ្យផលត្រីដែលទទួលបានទៅតាមហ្នឹង ណាមួយគាត់មិនទាន់ដល់ពេលនេសាទទេ ទាល់តែមួយខែទៀតទើបមានត្រីច្រើនដូចជាប្រភេទត្រីប្រហុក ប្រភេទត្រីដែលបំលាស់ទី»។
សុខ ទូច ប្រធានរាជបណ្ឌិតសភា បានសរសេរក្នុងហ្វេសប៊ុករបស់លោកថា រយៈពេលជាង២ឆ្នាំមកហើយដែលអ្នករស់នៅតំបន់ជុំវិញបឹងទន្លេសាបស្អប់គាត់ ដោយសារតែគាត់ចុះសិក្សាស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ផ្សេងៗ។
លោកបានបញ្ជាក់ថា គាត់បានរួមសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធចុះហាមឃាត់អ្នកនេសាទមិនឱ្យមានការដាក់ព្រួលជាប់ៗគ្នា។ ការមិនឱ្យដាក់ព្រួលជាប់គ្នានេះ ហើយដែលអាចធ្វើឱ្យត្រីអាចបំលាស់ទីទៅកាន់ទីឆ្ងាយៗបានដើម្បីរកចំណីនិងដើម្បីពង។ មិនឱ្យមានការដាក់ស្បៃមុងក្រឡាល្អិត។ មិនឱ្យចូលនេសាទនៅតំបន់អភិរក្ស។ មិនឱ្យនេសាទនៅរដូវត្រីពង។
លោក សុខ ទូច បានបន្តថា៖ «មិនឱ្យធ្វើស្រែនៅតំបន់៣ ព្រោះពេលដែលធ្វើស្រែ បងប្អូនបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលវាប៉ះពាល់ទៅដល់សត្វត្រី និងជីវចម្រុះនានានៅក្នុងបឹងទន្លេសាប។ មិនឱ្យដាក់ស្បៃមុងក្រឡាល្អិតនៅក្នុងតំបន់ព្រៃលិចទឹក»។ លោកបន្ថែមថា៖ «មិនឱ្យបំផ្លាញព្រៃលិចទឹកដែលជាជង្រុកនៃចំណីត្រី និងជាកន្លែងផ្តល់ជម្រកសម្រាប់ត្រីពង នារដូវវស្សា។ មិនឱ្យមានបទល្មើស ឆក់ត្រីគ្រប់ប្រភេទ»។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាស៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ថា ក្រោយការត្រួតពិនិត្យវាយតម្លៃរបស់រាជរដ្ឋាភិបាលដើម្បីរក្សាផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានសម្រេចលុបចោល នៅឡូនេសាទនៅឆ្នាំ២០១២ដែលធ្វើឱ្យផ្ទៃទឹកនេសាទកាន់តែធំចំនួនប្រជានេសាទក៏កាន់តែច្រើន។
ឯកឧត្តម ឌិត ទីណា បានថ្លែងថា៖ មកដល់ពេលបច្ចុប្បន្នប្រជានេសាទយើងសរុបចំនួន១,៥លាននាក់ រួមមាន១,៤លាននាក់ជាអ្នកនេសាទទឹកសាបនិង១០ម៉ឺននាក់ជាអ្នកនេសាទទឹកសមុទ្រ»។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី ព្រោះត្រីចាប់ផ្តើមបន្លាស់ទីពីបឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគ្គង និងទន្លេបាសាក់អំណោយផលដល់ខេត្តមួយចំនួន ចាប់ពីថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣៕