ប្រជានេសាទ អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល លើកឡើងដូចគ្នាថាបរិមាណត្រីដែលនេសាទបាននៅលើបឹងទន្លេសាបនៅតែមានតិចនៅឆ្នាំនេះ។ មន្ត្រីរដ្ឋាភិបាលម្នាក់និយាយថា មូលហេតុចម្បង គឺដោយសារកំណើនប្រជាជន និងការនេសាទខុសច្បាប់ ប៉ុន្តែអ្នកស្រាវជ្រាវ និងសមាជិកសហគមន៍លើកឡើងថា មូលហេតុចម្បងគឺមកពីកម្ពស់ទឹកមិនទៀងទាត់ខ្លាំងដែលបង្កឡើងដោយទំនប់វារីអគ្គិសនីនៅផ្នែកខាងលើ។
នៅឃុំកំពង់ភ្លុក ដែលសហគមន៍នេសាទមួយនៅស្រុកបាគង ខេត្តសៀមរាប ផ្ទះត្រូវបានសង់ខ្ពស់ៗផុតពីដីដោយប្រើសសរខ្ពស់ៗ។
ជាធម្មតានៅរដូវវស្សា បឹងទន្លេសាបបានជន់លិចភូមិត្នោតកំបុត ដីក្រហម និងគោកក្តុល ដោយធ្វើឱ្យផ្លូវថ្នល់នៅទីនោះប្រែទៅជាប្រឡាយ។ ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១ ទឹកឡើងនិងស្រកមិនដូចមុនទេ ដោយពេលទឹកជន់មកយឺតជាងធម្មតា។ កញ្ញា ឈួន ឡាន់ អាយុ ៤៦ ឆ្នាំ បាននិយាយថា ឆ្នាំនេះ ទឹកបានកើនឡើងដូចធម្មតាក្នុងខែកក្កដា ហើយចាប់ផ្តើមស្រកទៅវិញ មុននឹងវាឡើងម្តងទៀតនៅខែសីហា។
កញ្ញាបាននិយាយថា៖ «ប្រសិនបើអ្នកភូមិរកត្រីមិនបានទេ ពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសគេ ឬទៅខេត្តផ្សេងទៀត ដើម្បីរកការងារធ្វើ។ ម្យ៉ាងទៀត ពេលធ្វើចំណាកស្រុក ពួកគាត់យកកូនទៅជាមួយ អ៊ីចឹងពួកគេមិនអាចរៀនសូត្របានទេ។ លើសពីហ្នឹងទៀត ពួកគេជំពាក់បំណុលធនាគារកាន់តែច្រើន»។ កញ្ញាបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់មួយភាគបួននៃអ្នកភូមិរបស់កញ្ញាបានបោះបង់ចោលមុខរបរនេសាទនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា ឡាន់ ដែលរស់នៅក្នុងភូមិនេះពេញមួយជីវិត និងធ្វើជាហេរញ្ញិកាសម្រាប់សហគមន៍ផងនោះ បានឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះកម្រិតទឹក និងការថយចុះនៃផលនេសាទត្រី។
កម្រិតទឹកដែលផ្លាស់ប្តូរយ៉ាងខ្លាំងបែបនេះដោយសារការប្រែប្រួលនៃប្រព័ន្ធធារាសាស្ត្រដែលបង្កឡើងដោយទំនប់វារីអគ្គិសនីនៅផ្នែកខាងលើ។ ទំនប់វារីអគ្គិសនីចំនួន ១១ នៅលើផ្នែកខាងលើទន្លេមេគង្គលើ ក្នុងប្រទេសចិន និងរាប់រយទៀតនៅលើដៃទន្លេមេគង្គក្រោម ត្រូវបានសាង់សង់។ ដោយសារទំនប់វារីអគ្គិសនីបង្កើតថាមពលដោយការប្រមូលទឹកនៅរដូវវស្សា និងបញ្ចេញនៅរដូវប្រាំង ការណ៍នេះបានផ្លាស់ដំណើរទឹកចេញនិងចូលបឹងទន្លេសាប។ នេះបើតាមការពន្យល់របស់ លោក ម៉ិញ ប៊ុនលី ប្រធានសម្របសម្រួលកម្មវិធីអភិរក្សនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT)។
លោកបានលើកឡើងបន្តថា៖ «ការកសាងទំនប់វារីអគ្គិសនី វាជាផ្នែកមួយដែលធ្វើឱ្យរបបទឹកមិនទៀតទាត់»។ លោកបានបន្ថែមថា មុនពេលការសាងសង់ទំនប់ទាំងនេះ ទឹកជន់ពេញទន្លេសាបហើយនៅខែសីហា ដោយកម្រិតមានស្ថិរភាពរហូតដល់ខែកញ្ញា និងខែតុលា មុនពេលទឹកទន្លេចាប់ផ្តើមហូរបញ្ច្រាសវិញក្នុងខែវិច្ឆិកា ប៉ុន្តែពេលនេះទឹកនៅតែទាបឬប្រែប្រួលពេញខែសីហា។
លោកបានបន្តថា៖ «អ៊ីចឹង FACT តែងតែស្នើសុំទៅឲ្យប្រទេសដទៃៗ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ធ្វើម៉េចពិចារណាឱ្យអស់លទ្ធភាពទាក់ទងនឹងការគិតគូរសាងសង់ទំនប់វារីអគ្គីសនីតាមដងទន្លេមេគង្គ»។
លោក ប៊ុនលី មានប្រសាសន៍ថា ការបង្រ្កាបជាទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលលើការនេសាទខុសច្បាប់ដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះអាចជះឥទ្ធិពលខ្លះដល់ផលនេសាទ ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាធំដែលបណ្តាលមកពីកម្រិតទឹកទាបនោះទេ។
ការជន់លិចតិចតួចមានន័យថាមានត្រីតិចជាងមុន ដោយទឹកមិនអាចទៅដល់វាលស្មៅ និងវាលស្រែដែលជាកន្លែងពងកូនសម្រាប់មច្ឆាជាតិជាច្រើន។
លោកបានបន្តទៀតថា៖ «អ៊ីចឹង លទ្ធភាពនៃការពងកូនដែលរក្សាឱ្យត្រីកើនឡើងច្រើន គឺពិបាកនៅក្នុងការប៉ាន់ប្រមាណដែរ»។
សម្រាប់អ្នកស្រី ប៉េង សាវ៉ុន វ័យ៥០ឆ្នាំ ដែលជាអ្នកនេសាទរស់នៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភ្លៀងធ្លាក់ខ្លាំងនាពេលចុងក្រោយនេះ បានធ្វើឱ្យកម្រិតទឹកប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ។
អ្នកស្រីបន្តថា៖ «ឆ្នាំនេះ រកត្រីមិនសូវបាន ដោយសារទឹកអត់សូវឡើង»។
អ្នកស្រីបន្តថា មួយរយៈចុងក្រោយនេះអ្នកស្រីនិងប្តីទៅរកត្រីពីព្រៃលិចទឹកមួយទៅព្រៃលិចទឹកមួយទៀត តែសឹងតែគ្មានត្រីជាប់មងនោះទេ។ ដោយកូនប្រាំនាក់ក្នុងចំណោមកូនប្រាំពីរនាក់របស់អ្នកស្រីនៅរៀននៅឡើយ អ្នកស្រី សាវ៉ុន បាននិយាយថាជីវភាពគ្រួសាររបស់អ្នកស្រីពេលនេះកំពុងយ៉ាប់យ៉ឺន។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំខ្វល់ថា ប្រសិនបើជាស្ថានភាពនៅតែបែបនេះទៀត អ្នកភូមិម្នាក់ៗដាច់បាយហើយ»។
អ្នកស្រី សាវ៉ុន បានមានប្រសាសន៍ថា៖ «វាឈ្មោះថាជារដូវទឹកឡើងមែន ប៉ុន្តែមិនមានទឹកឡើងទេ។ អ៊ីចឹងខ្ញុំគិតថាប្រហែលជាមានទឹកមានដែរ ប៉ុន្តែវាត្រូវបានគេស្តុកទុកនៅទំនប់វារីអគ្គីសនីគ្រប់ទីកន្លែង»។
ដើម្បីដោះស្រាយជីវភាពគ្រួសារអ្នកស្រីក៏ចិញ្ចឹមត្រីដែរ។ កាលពីឆ្នាំមុនអ្នកស្រីរកចំណូលបានប្រហែល ៣លានរៀលពីការលក់ត្រី។ ប៉ុន្តែដោយសារនៅជំពាក់បំណុលគេ៥លានដែលគាត់បានខ្ចីកាលពីឆ្នាំ២០១៩ចំនួន២ពាន់ដុល្លានោះ ចំណូល៣លាននោះមិបានជួយអ្វីច្រើនដល់គ្រួសារអ្នកស្រីទេ។
លោក លី រិទ្ធីម៉េង មន្ត្រីរដ្ឋបាលជលផលបានប្រាប់ ខេមបូចា ថា ខណៈពេលដែលទំនប់វារីអគ្គិសនីមានផលប៉ះពាល់ខ្លះដល់ផលនេសាទ ទិន្នផលត្រីក៏រងផលប៉ះពាល់ខ្លាំងដែរដោយសារចំនួនប្រជាជនកើនឡើង និងការនេសាទខុសច្បាប់។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងព្យាយាមជំរុញអ្នកនេសាទចិញ្ចឹមត្រូវដើម្បីបំពេញតម្រូវការ។
លោកបានបន្ថែមថា៖ «ដើម្បីដោះស្រាយបញ្ហាដែលប្រជានេសាទប្រឈមនោះ ស្ថាប័នពាក់ព័ន្ធដំបូងត្រូវចូលរួមការពារតំបន់នេសាទជាមួយគ្នា។ អ៊ីចឹងហើយ អ្នកដែលប្រកបរបរនេសាទត្រូវការពារធនធានទាំងអស់សម្រាប់ខ្លួនឯង ហើយពួកគេមិនត្រូវប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ណាមួយឡើយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Fishers Struggle With Declining Fish Catch, Citing Irregular Water Levels