សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បន្ទប់ពិគ្រោះយោបល់កុមារមេត្រីចំនួនប្រាំនៅខេត្តកំពង់ចាម នឹងផ្ដល់កន្លែងសុវត្ថិភាពសម្រាប់កុមារនិយាយរឿងក្នុងចិត្ត

បន្ទប់ពិគ្រោះយោបល់កុមារមេត្រីនៅសាលារៀនមួយកន្លែងក្នុងខេត្តកំពង់ចាម។ (រូបភាព៖ Save the Children)
បន្ទប់ពិគ្រោះយោបល់កុមារមេត្រីនៅសាលារៀនមួយកន្លែងក្នុងខេត្តកំពង់ចាម។ (រូបភាព៖ Save the Children)

ដើម្បី​ធានា​សុវត្ថិភាព និង​ឯកជន​ភាព​ដល់​កុមារ​ក្នុង​ការ​ពិភាក្សា​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​លើ​ពួក​គេ អង្គការ​ Save the Children ប្រចាំ​កម្ពុជា និង​ក្រ​សួង​អប់​រំ បាន​បង្កើត​ជា​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​ចំនួន​ប្រាំ​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​។

នាយក​កម្មវិធី​របស់​ អង្គការ​ Save the Children ប្រចាំ​កម្ពុជា លោក ម៉ូត សាណា បាន​ឲ្យ​ដឹង​ថា​បន្ទប់​​​ទាំង​នេះ​អនុញ្ញាត​ឲ្យ​កុមារ​ចែក​រំលែក​ពី​កង្វល់​របស់​ពួក​គេ​ទៅ​កាន់​លោក​គ្រូអ្នកគ្រូ ជនបង្គោលកិច្ចគាំពារកុមារ និងមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តផ្សេងទៀត។

លោក​បន្ថែម​ថាការ​រក្សា​ការ​សម្ងាត់​គឺ​ជា​រឿង​សំខាន់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​សុវត្ថិភាព​សម្រាប់​កុមារ​ក្នុង​ការ​ចែក​រំលែក​កង្វល់​របស់​ពួក​គេ​។​

​កម្មវិធី​​នេះបង្កើត​ឡើង​ដោយគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន (EVACiS) ដែលផ្តល់មូលនិធិដោយក្រសួងការបរទេសជប៉ុន​។​

លោក​បន្ថែម​ថា៖ «យើងសង្ឃឹមថា បន្ទប់នេះ នឹងធ្វើឱ្យកុមារមានអារម្មណ៍សុវត្ថិភាព និងបង្កើនឱកាសសម្រាប់កុមារក្នុងការស្វែងរកការគាំទ្រពីមនុស្សពេញវ័យ ដោយមិនស្ទាក់ស្ទើរនៅពេលចាំបាច់»។

​លោក​កត់​​សម្គាល់​ថា​បន្ទប់​ទាំង​នេះ​បង្ហាញ​ពី​សារសំខាន់​នៃ​ការ​មាន​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​នៅ​តាម​សាលា​រៀន។ លោក​សង្ឃឹម​ថា​គម្រោង​នេះ​នឹង​អាច​កើត​មា​នៅ​តាម​សាលា​ផ្សេង​ៗ​ទៀត ដែល​អាច​ជួយ​ក្មេង​ៗ​កាន់​តែ​ច្រើន​ក្នុង​ការ​ស្វែង​រក​ការ​គាំ​ទ្រ​។​

លោក ស៊ូ សៀ នាយក​សាលាបឋមសិក្សា​ថ្លុកជ្រៅ​ក្នុង​ស្រុក​កងមាស​ខេត្ត​កំពង់​ចាម ប្រាប់ខេមបូចា​ថា គម្រោង​ដែល​ទើប​តែ​អនុវត្ត​ថ្មីៗ​នេះ គឺ​ «ពិត​ជាមាន​សារសំខាន់» សម្រាប់​សិស្សស្រី​ចំនួន​៣៥០​នាក់​នៅ​ក្នុង​សាលា​រៀន​របស់​លោក​ ដែល​អ្នក​ខ្លះ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ រួម​ទាំង​រឿង​ក្នុង​គ្រួរសារ ឬរឿង​គេធ្វើបាប​នៅ​សាលា​។ គម្រោង​នេះ​នឹង​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ «​ចែក​រំលែក ពិភាក្សា​ជាមួយ​ជន​បង្គោល​ដើម្បី​ស្វែង​រក​ដំណោះស្រាយ និង​ជំរុញ​ទឹក​ចិត្ត​ពួក​គេ»។​

លោក​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា​បន្ទប់​ទាំង​នោះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​សិស្ស​ស្រីៗ គ្រួសារ​ពួក​គាត់ និង​សហគមន៍​ ជា​ពិសេស​​សម្រាប់​កេ្មង​ស្រី​ដែ​ល​បាន​​ជួប​បញ្ហា​អំពើហិង្សា​​នៅ​ឯផ្ទះ ឬ​ការ​បៀតបៀន​។ ពួក​គាត់​អាច​ប្រាប់​បញ្ហា​ទាំង​នេះ​ដោយ​មាន​ការ​រក្សា​ការ​សម្ងាត់ និង​ស្វែង​រក​ដំណោះស្រាយ»។​

កញ្ញា​ ទិត្យ ស្រីលាប់ ជា​ជនបង្គោលកិច្ចគាំពារកុមារ​នៅ​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​នៅ​ក្នុង​សាលា​នោះ​បាន​ឲ្យ​ដឹង​ថា​សិស្ស​អាច​ជជែក​ពី​កង្វល់​ក្នុង​ចិត្ត​របស់​ពួក​គេ​។ ​នៅ​ក្នុង​បន្ទប់ពិគ្រោះយោបល់កុមារមេត្រីចែក​ចេញ​ជា​ពីរ​ផ្នែក​។ ផ្នែក​ទី​មួយ​គឺ​ជា​កន្លែង​ពិគ្រោះ​អំពី​សុខ​ភាព​ផ្លូវ​ចិត្ត និង​ផ្នែក​ទី​ពីរ​គឺ​​សម្រាប់​ព្យាបាល​ផ្នែក​សុខ​ភាព​ទូទៅ​។​

​កញ្ញា បន្ត​ថា៖ «​សិស្ស​អាច​ចែ​ក​រំលែក​ពី​កង្វល់​របស់​ពួក​គេ​ទៅ​កាន់​ជនបង្គោលកិច្ចគាំពារកុមារ ​ទាក់​ទង​នឹង​អំពើ​ហិង្សា ការ​ធ្វើបាប និង​ការ​បៀត​បៀន​ផ្សេងៗ​។ មាន​បន្ទប់​នេះ ដូច​ជា​មាន​ប្រព័ន្ធ​គាំទ្រពួក​គេ»។​

​កញ្ញា​ឲ្យ​ដឹង​ដែរថា​គម្រោង​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គ្រួសារ និង​សហគមន៍​គិត​អំពី​សុខភាព​ផ្លូវ​ចិត្ត​របស់​កុមារ​ដែល​អាច​រង​ផល​ប៉ះពាល់​ពី​បញ្ហា​ផ្សេងៗក្នុងសង្គម​។​ បើ​សិន​ជា​កូន​សិស្ស​ក្មេងៗ​ប្រឈម​នឹង​បញ្ហា វា​ប៉ះពាល់​ដល់​សុខ​ភាព​ផ្លូវ​ចិត្ត និង​ការ​សិក្សា ហើយ​ពួកគេ​ក៏​អាច​នឹង​មិន​មាន​ភាព​ក្លាហាន​ចែក​រំលែក ឬ​ប្រាប់​បញ្ហា​ទៅ​កាន់​អ្នក​ផ្សេង​។​

ក្នុងនាម​ជា​ជន​បង្គោល​មួយ​រូប កញ្ញា ស្រីលាប់ ចង់​ឃើញ​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី ​មាន​ចំនួន​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ព្រោះ​ថា​វា​នឹង​អាច​លុប​បំបាត់​អត្រា​បោះបង់​ការសិក្សា​របស់​សិស្ស​​ផង​ដែរ។ ដូច​គ្នា​ដែរ វា​ទំនង​ជា​អាច​ចូល​រួម​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​បៀតបៀន ឬ​ការ​ធ្វើ​បាប​គ្នា​នៅ​សាលា និង​អាច​នាំ​ឲ្យ​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បន្ថែម​ទៀត​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​កុមារ។​

កញ្ញា ស្រីលាប់ បន្ត​ថា៖ «​ពីមុន យើង​មិនដែល​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​ផ្លូវ​ចិត្ត​កុមារ​ដែល​រក​​ផល​ប៉ះពាល់​ពី​អំពើហិង្សា ការ​ធ្វើ​បាប​ ឬ​ការ​បៀត​បៀន​ទេ។ ប៉ុន្តែ​ពេល​យើង​ចាប់​ផ្ដើម​គិត​ពី​បញ្ហា​នេះ យើង​រក​ឃើញ​ថា​សិស្ស​ខ្លះ​ឈប់​រៀន​ក៏​ព្រោះ​តែ​បញ្ហា​ទាំងនេះ»។​

បើ​តាម​អង្គការ Save the Children ប្រចាំ​កម្ពុជា មាន​សាលា​បឋមសិក្សា​ចំនួន​​៤៣​ក្នុង​ខេត្ត​កំពង់​ចាម​បាន​អនុវត្ត​គម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន (EVACiS)​ ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ។ ​គម្រោង​នេះ​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៃ​ប្រព័ន្ធ​គាំពារ​កុមារ រួម​ទាំង​យន្ត​ការ​នៃ​ការ​រាយការណ៍​នៅ​ក្នុង​សាលា​ និង​សហគមន៍​។​

លោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា​នៃក្រ​សួង​អប់​រំ ទទួលស្គាល់​ពី​តួនាទី​សំខាន់​របស់​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​ ដោយ​ថា​វា​ជា​ផ្នែក​មួយ​នាំ​ការ​គាំពារ​កុមារ និង​យន្ត​ការ​នៃ​ការ​រាយការណ៍​របស់​កុមារ​នៅ​ក្នុង​សាលា​រៀន​។​

លោក​មាន​ប្រសាសន៍​ថា៖ «​ក្រ​សួង​អប់​រំ​សង្ឃឹម​ថា​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​នឹង​ត្រូវ​ប្រើ​ប្រាស់ និង​បន្ត​ជា​កន្លែង​សុវត្ថិភាពសម្រាប់​កុមារ ហើយ​សាលា​ផ្សេង​ទៀត​នឹង​អាច​ចែក​រំលែកបទពីសោធន៍​របស់​ពួកគេ​ពី​ការ​អនុវត្ត​នៅ​ពេល​ខាង​មុខ»។​​

លោក Kamegai Einosuke លេខា​ទី​២​នៃ​ស្ថានទូតជប៉ុន​ប្រចាំ​កម្ពុជា ជឿ​ថា​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​នឹង​ជួយ​ឲ្យ​សិស្សហ៊ាន​និយាយ​រឿង​ទុក្ខ​ព្រួយ​នៅ​ក្នុង​ចិត្ត​ ដូច​ជា​អំពើ​ហិង្សា ជាមួយ​អ្នក​ដែល​អាច​ទុក​ចិត្ត​បាន និង​អាច​ជួយ​ពួក​គេ​បាន​។​

លោក​មាន​ប្រសាសន៍ថា៖ «​ខ្ញុំ​ជឿ​ថា​បន្ទប់​ទាំង​នោះតំណាង​ឲ្យ​ «ស្ពាន» ​មួយ​ទៀត​រវាង​ពួក​យើង​ដែល​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​ពួក​យើង​ទៅ​ថ្ងៃ​អនាគត»។​

ការ​ស្ទង់មតិ​មួយ​ធ្វើ​ឡើង​ដោយ​អង្គការ​ Save the Children ប្រចាំ​កម្ពុជា នៅ​ដើម​គម្រោង​ក្នុង​ឆ្នាំ​២០២២ បានកំណត់​គោលដៅ​លើ​សាលា​បឋមសិក្សា​ចំនួន​៤៣ និង​បាន​រក​ឃើញ​ថា​៣០​ភាគរយ​នៃសិស្ស​ទាំង​អស់​បាន​ជួប​​អំពើហិង្សា​ក្នុង​ទម្រង់​ផ្សេងៗ​ក្នុង​ខែ​កន្លង​ទៅ​។​

​អំពើ​ហិង្សា​លើ​កុមារ​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​​ដែល​អាច​ប៉ះពាល់​​ជីវិត​របស់​ពួក​គេ​នៅពេល​ខាង​មុខ​។ ​រាល់​អំពើ​ហិង្សា​ បាន​រួម​ចំណែក​ក្នុង​ការ​បោះបង់​ការសិក្សា​របស់​កុមារ និង​ធ្វើ​ឲ្យ​សិស្ស​ទទួល​បាន​លទ្ធផល​សិក្សា​មិន​ល្អ​ផង​ដែរ។​

សិស្ស​វ័យ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សិស្ស​នៅ​សាលា​បឋម​សិក្សា​ថ្លុកជ្រៅ​ ​ បាន​និយាយ​ថា​បន្ទប់ពិគ្រោះយោបល់កុមារមេត្រី​របស់​ខ្លួន​បាន​ជួយ​​លើក​​កម្ពស់​ចំណេះដឹង​សិស្ស​អំពីសិទ្ធិ​កុមារ និង​របៀប​ការ​ពារ​ខ្លួន​ពី​អំពើ​ហិង្សា។​

សិស្សស្រី​ដដែល​បន្ត​ថា៖ «​ខ្ញុំ​បាន​កត់​សម្គាល់​ថា​សិស្ស​ភាគ​ច្រើន​បាន​យល់​ដឹង​ពី​សិទ្ធិ​កុមារ របៀប​ការពារ​ខ្លួន​ពី​ហានិភ័យ​ផ្សេងៗ និង​របៀប​រាយការណ៍​ [បញ្ហា] នៅ​ក្នុង​សាលា​» ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Five Child-friendly Consultation Rooms in Kampong Cham Offer Children A Safe Space To Open Up

ព័ត៌មានថ្មី

អត្ថបទពេញនិយម