សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សនយោបាយចំនួន៥ជំរុញឱ្យមានការកែប្រែច្បាប់បោះឆ្នោត

(រាប់ពីខាងឆ្វេងដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង់ សាំងកុមារ ប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន កាលពី ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ នៅ រាជធានីភ្នំពេញ ។ ខេមបូចា/ព្រីង សំរាំង
(រាប់ពីខាងឆ្វេងដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក យ៉ង់ សាំងកុមារ ប្រធានក្រុមប្រឹក្សាភិបាលនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក សុន ឆ័យ អនុប្រធានគណបក្ស ភ្លើងទៀន លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន កាលពី ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ នៅ រាជធានីភ្នំពេញ ។ ខេមបូចា/ព្រីង សំរាំង

គណ​បក្ស​​ប្រឆាំង​​ចំនួន​​ប្រាំ​​ ​បាន​​និង​​កំពុង​​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាប់​បោះ​ឆ្នោត ព្រម​ទាំង​អំពាវ​នាវ​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដើម្បីកំណែ​ទម្រង់​សមាជិកភាព​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃចន្ទ នៅរាជធានីភ្នំពេញ មេដឹកនាំបក្សជាច្រើនរូប ដែលមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លើងទៀន បានអំពាវនាវឱ្យមានកំណែទម្រង់ការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ កាលពី ខែមិថុនា កន្លងទៅ ដែលត្រូវបានគេចាត់ទុកថាជាការបោះឆ្នោតដែលមានភាពមិនមានប្រក្រតី។ អ្នកតំណាង​ពីគណបក្សកម្ពុជា​និយម​មិន​មាន​វត្តមាន​ទេ ប៉ុន្តែ​ពួកគេ​ក៏​បាន​ចូលរួម​ក្នុង​សេចក្តី​ថ្លែងការណ៍នេះ​ដែរ។

លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​ថា​ ដោយសារតែ​គណបក្ស​ប្រជាជន ដែលកំពុងកាន់​អំណាច​មិន​អើពើ​ជា​យូរ​មក​ហើយ​ចំពោះ​សំណើ​សុំ​ផ្លាស់​ប្តូរ​សមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ទើបគណបក្សក្រៅរដ្ឋាភិបាល​ជំរុញ​ឱ្យមាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញនៅពេលនេះ។​

លោក​ថ្លែង​ថា​៖ «​បន្ថែម​លើ​ការ​កែទម្រង់​ច្បាប់​បោះឆ្នោត យើង​ក៏​ទាមទារ​ឱ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ផ្លាស់ប្តូរ​សមាជិកភាព គ.ជ.ប»

គណបក្សនយោបាយទាំងនោះ តែងតែជំរុញ​ឱ្យ​ គ.ជ.ប មាន​អព្យាក្រឹត្យភាព​ ។ កន្លងមក គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវបានបង្កើតឡើងដោយចំនួនស្មើគ្នានៃបេក្ខជនគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ប៉ុន្តែការអនុវត្តនេះត្រូវបានបញ្ចប់បន្ទាប់ពី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងត្រូវបានរំលាយនៅឆ្នាំ ២០១៧ ។

អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា សមាជិក គ.ជ.ប មិនមានភាពគួរទុកចិត្តបាននោះទេ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិមក ហើយក៏ត្រូវបានអ្នកឃ្លាំមើលជាតិ និងអន្តរជាតិរិះគន់ផងដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​ដាក់​បុគ្គល​ឯករាជ្យ​មួយ​ដើម្បី [​ដឹកនាំ​] សមាជិក គ.ជ.ប»បច្ចុប្បន្ន សមាជិក គ.ជ.ប ត្រូវ​បានតែងតាំងដោយ​​រដ្ឋសភា​ដែលចេញពីសមាជិក​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានកត់សម្គាល់ថា គណបក្សរបស់លោកទទួលបានសំឡេងគាំទ្រប្រហែល ២លានសំឡេងនៅក្នុងការបោះឆ្នោតចុងក្រោយនេះ ដែលផ្តល់ឱ្យពួកគេនូវកម្លាំងគ្រប់គ្រាន់ក្នុងការចរចាជាមួយគណបក្សកាន់អំណាច។

លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលយើងរួមគ្នា យើងប្រាកដជាអាចដោះស្រាយបញ្ហានានាបាន ហើយយើងត្រូវដោះស្រាយបញ្ហាអាទិភាពជាមុនសិន ដើម្បីធានានូវអព្យាក្រឹត្យភាពរបស់សមាជិក គ.ជ.ប ដើម្បីឱ្យពួកយើងអាចធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ»។

លោក​បាន​បន្ថែម​ថា ការ​ដក​ផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធរបស់​សហភាព​អឺរ៉ុប​ ចេញពីប្រទេសកម្ពុជា «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ក៏​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​ចរចា​ផង​ដែរ ខណៈ​សមាជិក​សភា​សហភាព​អឺរ៉ុប​បាន​និយាយ​ថា អ្នក​សង្កេតការណ៍​នឹង​ត្រូវ​តាម​ដាន​ថា តើ​ការ​បោះ​ឆ្នោត​នៅ​តែ​សេរី និងមានភាព​យុត្តិធម៌ដែរឬទេ។

លទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៧៤,៣ ភាគរយ ធៀបនឹងគណបក្សប្រឆាំងភ្លើងទៀន ២២,៣ ភាគរយ។

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តំណែង​មេឃុំ​ចំនួន ១,៦៤៨ ក្នុង​ចំណោម​តំណែង​មេឃុំ​សរុប ១,៦៥២ ដោយ​គណបក្ស​​ភ្លើងទៀន​ទទួល​បាន​តែ ៤ ប៉ុណ្ណោះ។

ក្នុងចំណោមគណបក្សចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត កាលពីថ្ងៃទី ៥ ខែមិថុនា គណបក្សកាន់អំណាចទទួលបាន ៩,៣៧៦ អាសនៈ បន្ទាប់មក គណបក្សភ្លើងទៀន ទទួលបាន ២,១៩៨ អាសនៈ ចំណែកឯគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបាន ១៩ អាសនៈ។ គណបក្សខ្មែររួបរួមជាតិ ទទួលបាន១៣ អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបាន៦អាសនៈ គណបក្សខ្មែរស្រលាញ់ជាតិ ទទួលបាន ៥អាសនៈ និងគណបក្សយុវជនកម្ពុជា បាន៣អាសនៈ។ គណបក្ស​កម្ពុជា​និយម និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួល​បានម្នាក់១​អាសនៈ​។

អ្នកសារព័ត៌មានចូលរួមសន្និសីទសារព័ត៌មានរបស់គណបក្សនយោបាយប្រឆាំងនៅទីក្រុងភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សនយោបាយចំនួន៥ គឺជាសំឡេងភាគតិច មានន័យថា ពួកគេមិនអាចធ្វើឱ្យរដ្ឋាភិបាល ឬរដ្ឋសភាពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឬរដ្ឋធម្មនុញ្ញបានទេ។

លោក​មានប្រសាសន៍​ថា​៖ «​តាម​គំនិត​ខ្ញុំ វា​ទៅមិនរួចទេសម្រាប់​គណបក្ស​បួន​ឬ​ប្រាំ​នោះ [​ស្នើសុំ​ការ​ផ្លាស់ប្តូរ ក្បាលម៉ាស៊ីន ​គ.ជ.ប​] ​»​

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​​ថា​គណបក្ស​ប្រជាជនគ្មាន​បំណងនឹង​ជួប​ពួកគេ​ទេ​ព្រោះ​យើង​មាន​ទស្សនៈ​ខុស​គ្នា​»​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា គណៈកម្មាធិការបច្ចុប្បន្នមិនទាន់បញ្ចប់អាណត្តិទេ ដូច្នេះសំណើសុំផ្លាស់ប្តូរសមាជិកភាពមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។

លោកបានមានប្រសាសន៍ថា៖ «មិនមានការបោះឆ្នោតណាដែលធ្វើបានល្អឥតខ្ចោះនោះទេ នៅលើពិភពលោកយើងនេះ រួមទាំងសហរដ្ឋអាមេរិក និងប្រទេសបារាំងផងដែរ»។

លោក​ថា គ.ជ.ប ស្វាគមន៍​រាល់​សំណើ​ដែល​បានពីគ្រប់ភាគី​​ពាក់ព័ន្ធ ប៉ុន្តែវា​មិនបានឆ្លើយតបទៅនិងការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទេ។

លោក ​កន សាវាង្ស​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​កា​របោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​(ខុម​ហ្វ្រែល) បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ឱ្យការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។

លោក​ថ្លែង​ថា​៖ «​បញ្ហា​ដែល​ក្រុម​សង្គម​ស៊ីវិល​រក​ឃើញ​មាន​សារៈសំខាន់​សម្រាប់​ដំណើរការ​បោះឆ្នោត»។

ខុមហ្វ្រែល អង្គការ​កម្មវិធី អភិវឌ្ឍន៍ធនធាន​យុវជន​ ហៅកាត់ថា(YRDP) មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព អាដហុក និងសង់ត្រាល់ កាលពីខែមុនបានចេញផ្សាយរបាយការណ៍បឋមដែលរៀបរាប់ពីភាពមិនប្រក្រតី ដែលអ្នកឃ្លាំមើលរបស់ពួកគេបានឃើញនៅពេលបោះឆ្នោត។

ភាពមិនប្រក្រតីទាំងនេះរួមបញ្ចូលទាំងអ្នកសង្កេតការណ៍ការិយាល័យបោះឆ្នោតដែលត្រូវបានហាមឃាត់មិនឱ្យចូល ឬថតរូប។ ការិយាល័យមួយចំនួនបានបិទបង្អួច ខណៈពេលកំពុងរាប់សន្លឹកឆ្នោត ដើម្បីរារាំងមនុស្សមិនឱ្យមើល ខណៈខ្លះទៀតមិនបានបង្ហាញលទ្ធផលជាសាធារណៈបន្ទាប់ពីរាប់សន្លឹកឆ្នោត៕ (រាយការណ៍បន្ថែមដោយ ឃាង សុខមាន)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Five parties urge changes to the electoral laws

519 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម