ស្ត្រីវ័យកណ្តាលម្នាក់ដែលមានសម្បុរស្រអែម ពាក់អាវពណ៌ផ្កាឈូកនិងស្លៀកសំពត់ពណ៌លឿងបានត្អូញត្អែរពីផលប៉ះពាល់ផ្សេងៗលើដីស្រែគាត់ដែលកើតឡើងដោយសារតែការជីករណ្តៅជ្រៅៗដែលអាជ្ញាធរអះអាងថា នេះជាការស្តារបឹងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទឹក ប៉ុន្តែបែរជាប្រគល់ឱ្យទៅក្រុមហ៊ុនផលិតទឹកស្អាតទៅវិញ។
ស្រ្ដីម្នាក់នោះឈ្មោះថា អ្នកស្រី លី ម៉ារី អាយុ៥៦ឆ្នាំ រស់នៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំ ខណៈដែលគាត់និយាយបណ្តើរលើកដៃចង្អុលដីស្រែដែលបានបោះបង់ចោលជាច្រើនឆ្នាំបណ្ដើរថា ពីមុនអ្នកស្រីតែងតែអាស្រ័យផលលើដីស្រែដែលមានទំហំជិត២០អា ហើយមិនសូវខ្វះខាតដូចសព្វថ្ងៃនោះទេ។ អ្នកស្រីបន្តថា មិនដែលទិញអង្ករអ្នកដទៃហូបទេពីព្រោះតែអ្នកស្រីអាចធ្វើស្រែបាននិងអាចជួយជីវភាពរស់បានគួរសមដែរ។
អ្នកស្រី ម៉ារី ថ្លែងទាំងទឹកមុខអស់សង្ឃឹមថា៖ «ពិបាករឿងទឹកហ្នឹងកូន ទឹកវាច្រើនមិនអាចបង្ហូរទៅណាបាន មិនអាចធ្វើស្រែអីកើត ហើយយើងវាខ្វះខាតអត់មានស្រូវអង្ករហូបចឹងទៅ អូនឯងជិះដើរមើលទៅលិចទាំងអស់ ហើយម្នាក់ៗមិនអាចធ្វើអីបាន សូម្បីម្ដុំនេះពីមុនធ្លាប់ធ្វើបាន ឥឡូវមានអ្នកណាធ្វើ ពីមុនគេធ្វើស្រែប្រាំង៣ទៅ៤ដង ឥឡូវគ្មានបានណាម្ដងក៏អត់ទេ»។
អ្នកស្រីបន្ដថា បើនិយាយពីស្រែដែលមិនអាចធ្វើបានមានច្រើនបើសរុបប្រហែល៣០ទៅ៤០ហិកតាដែលត្រូវបានទុកចោលដោយទៅប្រកបមុខរបរផ្សេងៗជំនួសវិញ ដូចជាធ្វើសំណង់និងស៊ីឈ្នួលធ្វើការអ្វីផ្សេង ពីព្រោះតែមិនអាចធ្វើស្រែបាន ដើម្បីយកមកទិញអង្ករនិងផ្គត់ផ្គង់ជីវភាព អ្នកស្រីបន្ដថាចាប់តាំងពីមានរណ្ដៅដី រណ្ដៅខ្សាច់ជុំវិញស្រែរបស់ពួកគាត់មកគឺអ្វីៗត្រូវចប់ ព្រោះតែម្ចាស់រណ្ដៅខ្សាច់យកប្រឡាយដែលពលរដ្ឋធ្លាប់ប្រើទៅលាងខ្សាច់ ហើយទឹកមិនអាចប្រើបានព្រមទាំងរណ្ដៅដីក៏បិទជិតឈឹងមិនឱ្យពលរដ្ឋបង្ហូរចូល ដូច្នេះបណ្តាលឱ្យពលរដ្ឋជួបបញ្ហាជីវភាពខ្លាំង។
អ្នកស្រី ម៉ារី បញ្ជាក់ថា៖ «ពីមុនធ្វើស្រែធម្មតា ច្រូតកាត់អីធម្មតាចឹងទៅ ឥឡូវអត់ទេតាំងពីសម្បូររណ្ដៅដីហ្នឹងមកធ្វើអត់កើតទេកូន ពីមុនធ្វើបានធ្វើបាន។ ឥឡូវប្រឡាយគេលាងខ្សាច់គេ ហើយពួកខ្ញុំយកមកធ្វើស្រែម៉េចកើត ហ៊ានតែបូមចូលស្រែលោមើលអាលួយស្រូវអស់ ដូច្នេះម្នាក់ៗគឺទុកចោល»។
អ្នកស្រី ម៉ារី បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២២ខែតុលាកន្លងទៅ ប្រជាពលរដ្ឋទាំង៥ភូមិក្នុងឃុំទ្រាជាង១០០នាក់បាននាំគ្នាតវ៉ានិងទាមទារយកបឹងមកជាសម្បត្ដិរួមវិញ ដោយសារតែអាជ្ញាធរពីមុនអះអាងថា គ្រាន់តែស្ដារយកអាចម៍ដីជម្រៅត្រឹម១៥ម៉ែត្រអីទេ ហើយថានឹងប្រគល់ឱ្យពលរដ្ឋអាស្រ័យផលទើបពលរដ្ឋម្នាក់ៗព្រមផ្ដិតមេដៃឱ្យកាយដោយសង្ឃឹមថាបានបឹងមកវិញ ប៉ុន្ដែមានឯណាក្រៅតែពីស្ដារជ្រៅជាងសន្យាហើយ បែរជាប្រគល់ទៅឱ្យក្រុមហ៊ុនទឹកស្អាតធ្វើបន្ដដោយមិនព្រមប្រគល់ឱ្យពលរដ្ឋ ទើបបានជាពលរដ្ឋផ្ទុះការតវ៉ានឹងអាជ្ញាធរនិងក្រុមហ៊ុនមិនឱ្យធ្វើសកម្មភាពអ្វីលើបឹងទ្រាដែលកំពុងមានជម្លោះ។
មិនខុសពីអ្នកស្រី ម៉ារី នោះទេ អ្នកស្រី យឹម ស៊ីមន អាយុ៥៥ឆ្នាំ រស់នៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង បានថ្លែងប្រាប់ខេមបូចាដោយផ្ទាល់ថា មូលហេតុដែលពួកអ្នកស្រីមិនអាចធ្វើស្រែបានដោយសារតែរណ្ដៅដីនិងរណ្ដៅខ្សាច់ទប់និងកាយបិទមិនឱ្យទឹកហូរចេញរួច។
អ្នកស្រីបន្តថា ពេលដែលអត់បានធ្វើស្រែ ហើយពលរដ្ឋពឹងផ្អែកតែធ្វើការផ្សេងៗ ដូច្នេះវាធ្វើឱ្យជីវភាពជួបផលលំបាកច្រើន ដោយសារគ្រួសារអ្នកស្រីរកចំណូលបានតិចទៀត ហើយណាមួយចំណាយលើម្ហូបណាមួយត្រូវចំណាយលើអង្ករ បើសិនជាបានធ្វើស្រែខ្លះក៏បានជួយជីវភាពអ្នកស្រីបានខ្លះដែរ។
អ្នកស្រី ស៊ីមន បញ្ជាក់ថា៖ «ប៉ះពាល់ជីវភាពដូចថាខ្វះខាតអត់លុយទិញស្រូវអង្ករហូបចឹងទៅ អាអូនណា ព្រោះយើងវារកចំណូលវាបានតិច យើងបានធ្វើស្រែខ្លះដូចមុនវាមិនសូវជាលំបាកដូចពេលអត់បានធ្វើស្រែទេ»។
អ្នកស្រីឱ្យដឹងទៀតថា ពលរដ្ឋចង់បានបឹងទ្រាទុកជាសម្បត្ដិរួម ដោយសារពលរដ្ឋធ្វើស្រែបាននិងអាចរកត្រីរកក្ដាមរកខ្យងបេះព្រលឹត ដាក់មង បង់សំណាញ់អីក្នុងបឹងហ្នឹងវាគ្រាន់ចឹញ្ចឹមឆ្នាំងបាយបាន។ ដូច្នេះទើបបានជាប្រជាពរដ្ឋមូលមតិគ្នាទាមទារយកបឹងទ្រាហ្នឹងមកវិញ ប៉ុន្ដែបើសិនជាខាងទឹកស្អាតចង់បានបឹងហ្នឹងធ្វើទឹកស្អាត ទាល់តែខាងក្រុមហ៊ុនផ្ដល់ជាសំណងដល់ប្រជាជនតាមសំណើក្នុងមួយគ្រួសារចាប់ពី ១ ០០០ដុល្លារទៅ ២០០០ដុល្លារ ទើបប្រជាជនទាំង៥ភូមិហ្នឹងព្រម។
អ្នកស្រីបន្ថែមថា៖ «រាល់ថ្ងៃកំពុងតវ៉ាថាចង់បានបឹងហ្នឹងវិញ ប៉ុន្ដែមិនដឹងខាងគេ[អាជ្ញាធរនិងក្រុមហ៊ុន] គេគិតម៉េច ខ្ញុំអត់ទាន់ដឹង។ អាហ្នឹង[ក្រុមហ៊ុនគិតជាលុយ]ទាល់តែប្រជាពលរដ្ឋស្រុះគ្នាដែរអាអូន ខ្ញុំមិនអាចឆ្លើយម្នាក់ឯងបានទេ ហើយអារឿងក្នុង១គ្រួសារទារ១០០០ដុល្លារគេបានដាក់សំណើទៅមែន ប៉ុន្ដែគេអត់ឱ្យទេ»។

ជុំវិញរឿងស្នើបឹងទ្រាមកជាសម្បត្ដិរួមនេះត្រូវបានលោក គ្រុយ ម៉ាឡែន អភិបាលរងនិងជាអ្នកនាំពាក្យខេត្ដកណ្ដាល បានលើកឡើងថា ជាទូទៅទន្លេ បឹងបួ សុទ្ធសឹងតែជាសម្បត្ដិរដ្ឋ បើទោះបីជាពលរដ្ឋបានអាស្រ័យផលលើតំបន់អស់ហ្នឹងក៏ដោយ។ លោកថា ករណីដែលពលរដ្ឋនាំគ្នាទាមទារបឹងរដ្ឋមកគ្រប់គ្រងវាជារឿងមិនត្រឹមត្រូវនោះទេ ជាពិសេសរដ្ឋមានសិទ្ធិក្នុងការឱ្យបឹងទាំងនោះទៅក្រុមហ៊ុនឯកជនក្នុងការវិនិយោគហើយការអភិវឌ្ឍត្រូវតែអភិវឌ្ឍនៅហ្នឹងកន្លែងនឹងផ្ដល់ផលប្រយោជន៍ឱ្យប្រជាជនវិញហើយរឿងពលរដ្ឋផ្ទុះការតវ៉ាកន្លងមកលោកមិនទាន់បានដឹងទេ ប៉ុន្ដែលោកបានដឹងថាបឹងត្រូវបានចុះបញ្ជីរួចហើយ។
លោកបន្ដថា៖ «បឹងទ្រាត្រូវបានចុះបញ្ជីជាបឹងរបស់រដ្ឋត្រឹមត្រូវហើយ ហើយកន្លងមកការផ្ដល់ធ្វើអាជីវកម្មទឹកស្អាតដោយសារតែបឹងជាប្រភពទឹក កាលណាបឹងជាប្រភពទឹកគឺយើងអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយបើយើងមិនឱ្យមានការវិនិយោគយកប្រភពទឹកពីបឹងតើយើងយកប្រភពពីណា?»។
លោកអភិបាលរងបានពន្យល់ថា រាល់ការតវ៉ារបស់ប្រជាពលរដ្ឋថាមិនឱ្យមានការវិនិយោគឬក៏មានការទាមទារយកបឹងទៅគ្រប់គ្រងវិញឬក៏យ៉ាងណានោះ លោកថា ក្នុងនាមអាជ្ញាធរខេត្ដសុំបដិសេធមិនឱ្យយកបឹងរដ្ឋទៅគ្រប់គ្រងជាដាច់ខាត គឺមិនបានទេ។ លោកបន្តថា រាល់ការវិនិយោគទាំងអស់វាមានកម្រិតរបស់វា តែអាជីកម្មទឹកស្អាតនេះលោកមិនទាន់បានពិនិត្យថាវាចេញអាជ្ញាបណ្ណត្រឹមខេត្ដឬក៏ក្រសួងនោះទេ ប៉ុន្ដែឱ្យតែមានច្បាប់ត្រឹមត្រូវក្រុមហ៊ុនទាំងនោះមានសិទ្ធិប្រើប្រាស់។
លោកបន្ដថា៖ «ក្នុងនាមជារដ្ឋបាលខេត្ដខ្ញុំសុំលើកទឹកចិត្ដបងប្អូនប្រជាពលរដ្ឋថារាល់ការវិនិយោគដែលស្របច្បាប់យើងត្រូវជួយសហការគាំទ្រដើម្បីប្រយោជន៍បងប្អូននៅក្នុងមូលដ្ឋាន អ៊ីចឹងចំពោះការអនុវត្ដរបស់ក្រុមហ៊ុនដោយសារខ្ញុំមិនដឹងថាតើអាជ្ញាបណ្ណរបស់គាត់នៅដល់ឆ្នាំណាទេ ទាល់តែពិនិត្យមើលបន្ដិច បើជាគាត់នៅមានសុពលភាពអ៊ីចឹងគាត់មិនមានអីខុសច្បាប់ទេ»។
យ៉ាណាមិញលោកបានលើកឡើងទៀតថា ក្រុមហ៊ុនពេលដែលធ្វើអ្វីមួយត្រូវជូនដំណឹងនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីឱ្យអាជ្ញាធរបានដឹងឮហើយនៅពេលជួបបញ្ហាតវ៉ាខុសប្រក្រតីណាមួយគឺត្រូវរាយការណ៍ទៅអាជ្ញាធរឬក៏ស្នើសុំកិច្ចអន្ដរាគមន៍។ លោកថារាល់ការស្នើសុំរបស់ប្រជាពលរដ្ឋមិនមែនចេះតែស្នើសុំទេ។
លោក ម៉ាឡែន បន្ថែមថា បើសិនជាក្រុមហ៊ុនបានធ្វើប៉ះពាល់ទៅលើដីកម្មសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋ ពួកគាត់ទារសំណងពីក្រុមហ៊ុនបាន បើសិនជាក្រុមហ៊ុនមិនដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋមានសិទ្ធិប្ដឹង ប៉ុន្ដែបើក្រុមហ៊ុនមិនបានប៉ះពាល់និងបានអនុវត្ដនូវអ្វីទៅតាមលក្ខន្ដិកៈឬក៏ច្បាប់ដែលអនុញ្ញាតគឺអត់មានអ្វីត្រូវទទួលដោះស្រាយនោះទេ។
ជុំវិញរឿងនេះដែរ លោក ម៉េង មេការក្រុមហ៊ុន សៀមរាប ហ្រី្គន វ៉តធើរ សឹបផ្លាយ របស់ លោក ម៉ៅ សុផល បានឱ្យដឹងថា មុននឹងក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណពីរដ្ឋ មានក្រុមហ៊ុនចំនួន៣ដែលបានកាន់កាប់និងជីករណ្ដៅធំៗ បន្ទាប់ពីបានកាយអាចម៍ដីអស់ហើយបានរដ្ឋចេញ សជណ (សេចក្ដីជូនដំណឹង)ឱ្យមកខាងក្រុមហ៊ុនលោកបន្ដក្នុងគោលបំណងសម្រាប់ផ្គត់ផ្គង់ទឹកស្អាតក្នុងឃុំនិងស្រុក។
លោកមេការបន្តថា ប៉ុន្ដែក្រោយពីទទួលបានអាជ្ញាបណ្ណពីរដ្ឋនៅខែមីនាឆ្នាំ២០២២ ពួកលោកយកគ្រឿងចក្របម្រុងនិងបន្ដសកម្មភាពនិងស្ដារដើម្បីរៀបចំឱ្យបានស្អាតស្រាប់តែពលរដ្ឋចេញមកទប់ស្កាត់និងមិនឱ្យខាងក្រុមហ៊ុនលោកធ្វើសកម្មភាពរហូតពេលនេះមានរយៈពេល៧ខែមកហើយដែលខាងក្រុមហ៊ុនលោកមិនទាន់បានធ្វើអ្វីឡើយ។
លោកបន្ដថា៖ «ពួកខ្ញុំតាំងពីបាន សជណ [សេចក្ដីជូនដំណឹង] ពីរដ្ឋមកមិនដែលបានធ្វើអ្វីនោះទេ៧ខែហើយដែល ពួកគាត់បានមិនឱ្យពួកខ្ញុំធ្វើអី ហើយថែមទាំងយកពីពួកខ្ញុំសុទ្ធតែ ២០០០ដុល្លារ មិនមែនតិចណាបង៥ភូមិលុយមិនតិចទេបង ដូច្នេះពួកខ្ញុំទុកឱ្យខាងរដ្ឋដោះស្រាយឱ្យពួកខ្ញុំវិញ»។
លោក ម៉េង បន្ដថា កន្លងមកខាងក្រុមហ៊ុនលោកធ្លាប់បានព្យាយាមសម្របសម្រួលនឹងប្រជាពលរដ្ឋដែរ ប៉ុន្ដែពួកគាត់ទាមទារច្រើនពេកដូច្នេះខាងលោកមិនមានលទ្ធភាពនោះទេ។ លោកថា ក្រោយពីមានជម្លោះកើតឡើងប្រជាពលរដ្ឋបាននាំគ្នាកាប់ផ្ដាច់ផ្លូវមិនឱ្យគ្រួសារលោកមានផ្លូវចេញ។ លោកបន្ថែមថា លោកគ្រាន់តែជាបុគ្គលិកស៊ីប្រាក់ខែក្រុមហ៊ុនដែរទេដូច្នេះពលរដ្ឋគួរតែគិតគូរពីបញ្ហារបស់លោកផង បើសិនជាពលរដ្ឋផ្ដាច់ផ្លូវលោកដូច្នេះតើលោកបានផ្លូវឯណាចេញទៅទិញម្ហូប ហើយកូនលោកត្រូវទៅរៀនរាល់ថ្ងៃ។ ការណ៍នេះលោកថាបានបង្កផលលំបាកជាច្រើនដល់លោក។

ពេលដែលអ្នកសារព័ត៌មានខេមបូចាចុះទៅសង្កេតឃើញថា នៅជុំវិញបឹងដែលមានជម្លោះសុទ្ធសឹងតែរណ្ដៅដីដែលបានកាយហើយនិងរណ្ដៅខ្សាច់ដែលកំពុងតែបូមដោយមានគ្រឿងចក្រជាច្រើនកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកនិងមានឡានធំៗដឹកដីនិងខ្សាច់នៅតំបន់កំពុងមានជម្លោះចេញជាហូរហែ រីឯក្រុមហ៊ុនដែលមានជម្លោះឃើញមានគ្រឿងចក្រដូចជាអាអិច៣គ្រឿង និងអាប៊ុល១គ្រឿងដែលដាក់នៅជាប់ផ្ទះថ្មមួយក្បែរមាត់រណ្ដៅដីដោយមិនធ្វើសកម្មភាពអ្វីនោះទេ។
បើតាមអ្នកស្រី តន់ ស៊ុនណារី មេឃុំទ្រា បានប្រាប់ខេមបូចាឱ្យដឹងថា បញ្ហាពលរដ្ឋតវ៉ាទាមទារវាជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែកន្លងមកអ្នកស្រីធ្លាប់បានដោះស្រាយបញ្ហាទាំងអស់នេះម្ដងរួចមកហើយ ដោយអ្នកស្រីថា ការស្ដារបឹងទ្រានេះកាលពីឆ្នាំ២០២០ខាងរដ្ឋបាលខេត្ដមានគម្រោងស្ដារបឹងទ្រាដើម្បីយកអាចម៍ទៅចាក់នៅក្រវាត់ក្រុងទី៣ និងរៀបចំបឹងទ្រាហ្នឹងជាកន្លែងកម្សាន្ដសម្រាប់អ្នកឃុំទ្រានេះបើតាមគម្រោងរបស់រដ្ឋកន្លងមក ទើបពលរដ្ឋព្រមផ្ដិតមេដៃទៅឱ្យក្រុមហ៊ុនចំនួន៣ស្ដារ មានក្រុមហ៊ុន លឹម ប៊ុនណា និងក្រុមហ៊ុនឈ្មោះម៉ាប់ និងក្រុមហ៊ុន ទ្រី ស៊ីវម៉ី។
អ្នកស្រីបន្ដថា៖ «ខ្ញុំជាអាជ្ញាធរមូលដ្ឋានបានដោះស្រាយជាមួយពលរដ្ឋកាលពីវគ្គមុនរួចហើយ ដោយសម្របសម្រួលនិងពលរដ្ឋដោយឱ្យក្នុ១នាក់៥០ដុល្លារ កាលពីក្រុមហ៊ុនចាស់នៅ ប៉ុន្ដែពេលប្ដូរក្រុមហ៊ុនថ្មីចូលមកទៀត ខ្ញុំអត់ដឹងទេ វាការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ដនិងរដ្ឋាភិបាល រឿងនេះវាហួសការដោះស្រាយថ្នាក់មូលដ្ឋានខ្ញុំហើយ»។
បើតាម លោក សាន់ ម៉ាឡា មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា (CYN) បានលើកឡើងថា ការដែលរដ្ឋនិងក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យារបស់ខ្លួនវាជាបង្ហាញឱ្យឃើញថាពលរដ្ឋអស់ជំនឿនិងទំនុកចិត្ដនិងអំពើឆបោកលើរដ្ឋក៏ដូចជាក្រុមហ៊ុនហ្នឹង ដូច្នេះការទាមទាររបស់ពលរដ្ឋយកមកជាសម្បត្ដិរួមវិញវាជារឿងដែលអាជ្ញាធរគួរគិរលើបញ្ហារបស់ពួកគាត់ហ្នឹងឡើងវិញ។
លោក ម៉ាឡា ថ្លែងថា៖ «ក្នុងនាមជាអាជ្ញាធររដ្ឋដែលប្រព្រឹត្ដអំពើមិនគប្បីបែបនេះ ហើយខ្ញុំលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋគាត់ប្រមូលគ្នាដើម្បីធ្វើការតវ៉ាទាមទារឱ្យអាជ្ញាធរមូលដ្ឋានគោរពពាក្យសម្ដីរបស់ខ្លួនឡើងវិញនិងដកសិទ្ធិអភិវឌ្ឍន៍ចេញពីក្រុមហ៊ុនទឹកស្អាត»។
ម្យ៉ាងទៀតលោកបានបន្ថែមថា អាជ្ញាធររដ្ឋតែងតែប្រគល់ទីកន្លែងសាធារណៈដែលបម្រើដល់ផលប្រយោជន៍រួមហ្នឹងជាទូទៅ ទៅឱ្យក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍ លោកថានេះមិនបានឆ្លុះបញ្ចាំងអំពីអាជ្ញាធរដែលទទួលបានការបោះឆ្នោត និងការជឿទុកចិត្តពីប្រជាពលរដ្ឋ ព្រោះមិនបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ។
យោងតាមការលើកឡើងរបស់មេឃុំទ្រា អ្នកស្រី តន់ ស៊ុនណារី បានអះអាងថា នៅឆ្នាំ២០២០មានក្រុមហ៊ុនចំនួន៣ដែលអនុញ្ញាតពីរដ្ឋបាលខេត្ដកណ្ដាលដោយមានចុះហត្ថលេខាពីអតីតអភិបាលខេត្ដកណ្ដាល គឺលោក ម៉ៅ ភារុណ ក្នុងការឱ្យក្រុមហ៊ុនស្ដារយកអាចម៍ដីដើម្បីទៅចាក់នៅក្រវាត់ក្រុងទី៣ ហើយខាងរដ្ឋបាលខេត្ដបានឱ្យប្រជាពលរដ្ឋចំនួន៥ភូមិដែលមានជាង៧០០គ្រួសារចូលរួមដឹងឮថាគម្រោងរដ្ឋគ្រាន់តែស្ដារឱ្យជ្រៅនិងរៀបចំឱ្យស្អាតដោយមានក្រវាត់ត្រឹមត្រូវនៅជុំវិញមាត់រណ្ដៅនិងមានដាំដើមឈើព័ទ្ធជុំវិញផងដែរ។
អ្នកស្រី ស៊ុនណារីបន្តថា ក្រុមហ៊ុនក៏បានគិតជាសំណងឱ្យពលរដ្ឋទាំង៥ភូមិក្នុង១នាក់២០ម៉ឺនរៀលដើម្បីកុំឱ្យពលដ្ឋថាពួកគាត់មិនបានអ្វីសោះពីការស្ដារបឹងនេះក្រោយពីកាយយកអាចម៍ដីអស់ ស្រាប់តែនៅដើមឆ្នាំ២០២២នេះរដ្ឋបាលខេត្ដកណ្ដាលបានប្រគល់រណ្ដៅដីដែលកំពុងមានជម្លោះនេះទៅឱ្យក្រុមហ៊ុនសៀមរាប ហ្រី្គន វ៉តធើរ សឹបផ្លាយ របស់ លោក ម៉ៅ សុផល ក្នុងការអភិវឌ្ឍលើការផលិតទឹកស្អាតដើម្បីផ្គត់ផ្គង់នៅក្នុងឃុំនិងស្រុកកណ្ដាលស្ទឹងដោយសារប្រជាជនកើនឡើងច្រើន។
ប៉ុន្ដែមេឃុំរូបនេះបន្ថែមថា កាលពីវគ្គមុនបានសម្របសម្រួលចប់សព្វគ្រប់អស់ហើយ នៅឡើយតែវគ្គនេះទេ ដោយសារខាងរដ្ឋបាលខេត្ដនិងរដ្ឋបានចេញសេចក្ដីជូនដំណឹង(សជណ)ឱ្យក្រុមហ៊ុនទឹកស្អាត ដូច្នេះវាលែងជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានទៀតហើយ ការដោះស្រាយនិងការចរចាយ៉ាងណា វាជារឿងថ្នាក់ខេត្ដនិងរដ្ឋាភិបាលជាអ្នកដោះស្រាយចំណែកឯអាជ្ញាធរមូលដ្ឋានសុំតែសុខនិងសុំមិនពាក់ព័ន្ធនោះទេ៕