សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋរស់នៅលើទឹកក្នុងតំបន់កំពង់លួងមិនមានទឹកស្អាតប្រើប្រាស់ បណ្ដាលឱ្យកើតជំងឺរាគ និងសើស្បែក

មណ្ឌលសុខភាពកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបភាពថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
មណ្ឌលសុខភាពកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបភាពថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកក្នុងភូមិកំពង់លួង នៅតែជួបប្រទះទៅនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដែលបង្កឱ្យកុមារតូចៗកើតជំងឺរាគរួសជាញឹកញាប់ និងជំងឺផ្សេងៗទៀតរួមមានរមាស់លើស្បែក និងព្រូន។

នៅពេលធ្វើដំណើរទៅដល់ភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ ១៥៩គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ គេនឹងឃើញផ្ទះបណ្តែតទឹករាប់ពាន់ខ្នង ហើយឃើញប្រជាពលរដ្ឋប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរក្នុងសហគមន៍។ រីឯពលរដ្ឋខ្លះយកទូកដឹកទឹកពីកណ្តាលបឹងទន្លេសាបសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលទឹកនៅជិតច្រាំងមានក្លិនស្អុយ និងល្អក់។ ទឹក និងអនាម័យ ជាបញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងៗទៀតក្នុងគ្រួសារក្រីក្រនៃសហគមន៍ផ្ទះបណ្តែតទឹកមួយនេះ។

បើតាមប្រធានមណ្ឌលសុខភាពកំពង់លួង លោក ខន ធារ៉ា  ថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅភូមិកំពង់លួង ច្រើនតែប្រទះនឹងជំងឺសើស្បែក កន្ទាលត្រអាក រាគរួស និងព្រូន ដែលបណ្ដាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងសម្បូរមេរោគ។

លោកលើកឡើងថា៖ «ទឹកហ្នឹងអត់ស្អាត សម្បូរមេរោគ គាត់បោកខោអាវ គាត់មុជ គាត់ប្រើប្រាស់ទឹកហ្នឹង ចឹងធ្វើឱ្យគាត់មានអាលេកស៊ីរមាស់ដោយសារមេរោគច្រើន។ ហើយបញ្ហារាគរួស គាត់យកទឹកហ្នឹងមកដាំបាយ គាត់យកមកបរិភោគអីផ្សេងៗ»។

ប្រធានមណ្ឌលសុខភាពរូបនេះ បញ្ជាក់ថាបញ្ហាទឹកដែលជះឥទ្ធិពលដល់សុខភាពប្រជាជន កើតមានតាមរដូវកាល និងគ្រប់វ័យ។ ជាក់ស្ដែង នៅរដូវវស្សាទឹកទន្លេឡើង ធ្វើឱ្យផ្ទៃទឹកខាងក្រៅស្អាតជាងផ្ទៃទឹកខាងក្នុង។ ដូច្នេះបញ្ហាច្រើនតែប្រទះខ្លាំងនារដូវប្រាំងដោយសារតែទឹកស្រក ដែលបណ្តាលឱ្យល្អក់ និងសំបូរមេរោគ ទើបធ្វើឱ្យប្រជាពលរដ្ឋមានជំងឺច្រើន។

លោកបានបន្តថា៖ «ភាគច្រើនដែលមានបញ្ហាសុខភាពគឺគ្រប់វ័យ ក្មេង ចាស់ គ្រាន់តែរាគរួសភាគច្រើនក្មេង តែបើសើស្បែកមានទាំងក្មេងទាំងចាស់»។

បុរសម្នាក់ដឹកទឹកសុទ្ធលក់ឱ្យពលរដ្ឋដែលមិនមានទឹកស្អាតប្រើប្រាស់ ស្ថិតនៅភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបភាពថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ទោះបីជាយ៉ាងនេះក្ដី ប្រធានមណ្ឌលសុខភាពតែងចុះអប់រំប្រជាពលរដ្ឋ អំពីការរក្សាអនាម័យក្នុងការរស់នៅ ការប្រើប្រាស់ទឹក ពិសេសនៅក្នុងរដូវប្រាំង។

 នៅក្នុងភូមិកំពង់លួងផ្ទះប្រជាពលរដ្ឋមួយចំនួនមានធុងទឹកចម្រោះ និងមានពលរដ្ឋផ្សេងទៀតទិញទឹកបរិសុទ្ធប្រើ ព្រោះមិនទាន់មានប្រព័ន្ធចម្រោះទឹកស្អាតប្រើរួមគ្នាប្រចាំភូមិឡើយ។ ដោយឡែកសម្រាប់អ្នកដែលមានជីវភាពខ្វះខាតមិនអាចមានលទ្ធភាពទិញទឹកសុទ្ធ ឬធុងចម្រោះទឹកមកប្រើឡើយ ដោយពួកគេប្រើសាច់ជូលាយជាមួយទឹកទន្លេមកប្រើតែម្ដង។

ចំណែកការរស់នៅលើទឹក ពលរដ្ឋប្រើប្រាស់ទឹកនោះសម្រាប់ជីវភាពប្រចាំថ្ងៃរួមមានដាំស្ល ពិសារ និងងូត ប៉ុន្តែពួកគេក៏បានបញ្ចេញកាកសំណល់ផ្ទះបាយ និងលាមក ចូលទន្លេ ដោយមិនខ្វល់ពីការបំពុលទឹកឡើយ។

 លោកធារ៉ាប្រាប់ថា៖ «ខែខ្លះមានអ្នកជំងឺតិច ឈឺច្រើនតាមរដូវកាល។ វាជៀសអត់ផុតទេបញ្ហាហ្នឹង ព្រោះទឹកយើងអត់ស្អាត គាត់បោះសំរាម គាត់បន្ទោបង់ចូលក្នុងទឹក ហើយគាត់យកទឹកហ្នឹងមកប្រើវិញ»។

បើតាមអ្នកស្រី វង្ស ជា អាយុ៦២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកំពង់លួង បានប្រាប់ឱ្យដឹងថាទឹកនៅក្បែរផ្ទះអ្នកភូមិមានក្លិនមិនល្អ ហើយឡើងល្អក់ ដែលធ្វើឱ្យរមាស់ស្បែក។ អ្នកស្រីថា សូម្បីតែងូតក៏មិនហ៊ានដែរ ដូច្នេះត្រូវទៅដងទឹកពីកណ្ដាលទន្លេមកប្រើប្រាស់សព្វបែបយ៉ាង។ថ្វីបើអ្នកស្រីបានដាំទឹកឱ្យពុះមុននឹងយកមកប្រើ ក៏នៅតែមានការបារម្ភអំពីបញ្ហាសុខភាពខ្លះដែរ។

អង្គុយបីចៅ នៅលើផ្ទះទូកពណ៌ខៀវបណ្ដែតលើផ្ទៃទន្លេ អ្នកស្រីថ្លែងថា៖ «ពិបាកដែរតាសរឿងទឹក បើអត់លុយទិញទឹក យើងទៅដងទឹកទន្លេហ្នឹងមកយកមកដាំស្ល។ បើឆុងទឹកដោះគោ ទិញទឹកស្អាត យើងចំណាយលុយមួយតង់ទៀត។ ទឹកហ្នឹងវារមាស់ បើមិនដាំទេរាគរួសណា៎»។

ចំណែកពលរដ្ឋមួយរូបទៀត គឺលោក ថេង រិទ្ធី អាយុ៣២ឆ្នាំ​  ប្រាប់ខេមបូចាថា សម្រាប់គ្រួសារលោក​គឺទិញទឹកសុទ្ធមកប្រើ ដោយសារតែទឹកទន្លេដែលហូរមកតាមព្រែកចូលមកភូមិកំពង់លួងមានក្លិនមិនល្អ និងមិនអាចប្រើប្រាស់បានឡើយ។ លោកបន្តថា សម្រាប់ទឹកដាំស្ល និងហូប គ្រួសារលោកទិញទឹកសុទ្ធមួយប៊ីដុង២៥០០រៀល និងប្រើទឹកភ្លៀងបន្ទាប់បន្សំ ចំណែកទឹកងូត ត្រូវជិះទូកទៅដងនៅកណ្ដលទន្លេ។ លោកថាដោយសារតែគ្មានទឹកស្អាតប្រើប្រាស់ គ្រួសារលោកចំណាយត្រូវចំណាយលើការទិញទឹកប្រើប្រាស់អស់ច្រើនគួរសមគឺ ២ថ្ងៃអស់៤ ទៅ៥ធុងឯណោះ។ ដូច្នេះក្នុងមួយខែៗអស់ប្រាក់ប្រមាណ ១៥ម៉ឺនរៀលសម្រាប់ថ្លៃទឹកប្រើប្រាស់។

កុមារាម្នាក់ដាំបាយនៅលើផ្ទះបណ្តែតទឹក ស្ថិតនៅភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបភាពថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

លោកបន្ថែមថា កូនតូចៗរបស់លោកក៏ធ្លាប់រាគរួសផងដែរ ដោយសារតែហូបទឹកមិនស្អាត តែមិនជាញឹកញយទេ ព្រោះបានដាំឱ្យពុះមុននឹងបរិភោគ។ ចំណែកមនុស្សធំក៏មានបញ្ហារមាស់ស្បែកផងដែរ។

ពលរដ្ឋរូបនេះថ្លែងថា៖ «កាលពីមុនក្នុងភូមិគេមានប្រដាប់ចម្រោះទឹកប្រើប្រចាំភូមិ តែឥឡូវវាខូចអស់អត់មានអ្នកធ្វើឡើងវិញ។ គេនៅលើគោកជារឿងមួយ យើងនៅទន្លេនេះយើងសុំានឹងទឹក តែបញ្ហាមាស់ស្បែកសម្បូរ ជាងរាគរួសវាអីចឹងទៅណា»។

ពលរដ្ឋរូបនេះ ក៏បានលើកជាសំណូមពរផងដែរ ឱ្យអាជ្ញាធររៀបចំធុងទឹកស្អាតប្រចាំភូមិឡើងវិញ ដើម្បីឱ្យពលរដ្ឋដែលគ្មានលទ្ធភាពអាចប្រើប្រាស់ទឹកដោយមិនអស់ប្រាក់ និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះបានមួយកម្រិតធំ។

យ៉ាងណាមិញ ប្រធានមណ្ឌលសុខភាពកំពង់លួង អះអាងថា បញ្ហាខាងលើមិនអាចប្រសើរបានឡើងដរាបណាពលរដ្ឋនៅតែរស់នៅតាមលំនាំចាស់។ ដូច្នេះបញ្ហារាគរួស បញ្ហាសើស្បែកនៅតែកើតមានដដែល។ លោកបន្ថែថា ដោយសារតែទឹកមានមេរោគ និងទឹកមានសារធាតុគីមីពេលដែលកូរសាច់ជូ អាចបណ្ដាលឱ្យមានបញ្ហារលាកប្រព័ន្ធអាហារ រលាកក្រពះ ជាដើម។

លោកក៏បានសម្ដែងក្ដីបារម្ភអំពីសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថាអាចនឹងមានបញ្ហាប្រឈមនៅថ្ងៃខាងមុខ ពិសេសបញ្ហារាគរួស និងជំងឺព្រូនជាដើម។ ដោយសារតែបញ្ហាជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះមានការខ្វះខាតច្រើន ទើបពួកគេមិនបានយកចិត្តទុកដាក់លើការបរិភោគទឹកស្អាត។ លោកស្នើសុំឱ្យមានអង្គការដៃគូមកជួយផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត និងផ្សព្វផ្សាយអប់រំពីអនាម័យផងដែរ។

ប្រធានភូមិកំពង់លួង៣ លោកជុំ សុផល បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិកំពង់លួងទាំង៥ភូមិ ដែលមានប្រជាជនរស់នៅប្រមាណជិត១ពាន់គ្រួសារ ពិតជាប្រទះនឹងកង្វះទឹកស្អាតប្រើប្រាស់ពិតមែនជាពិសេសនៅរដូវប្រាំង ខណៈវស្សាឆ្នាំនេះ​ក៏នៅតែខ្វះទឹកស្អាតប្រើប្រាស់ដូចគ្នា។ លោកអះអាងថា ធ្លាប់បានលើកអំពីបញ្ហានេះទៅអ្នកពាក់ព័ន្ធដែរ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានជាលទ្ធផលអ្វីឡើយ។

លោកថា៖ «វាមានមែនហ្នឹងហើយ រាល់ថ្ងៃប្រើប្រាស់តែទឹកទន្លេ ជួនកាលទិញទឹកគេប្រើ។ខ្ញុំធ្លាប់បាននិយាយដែរ តែវាអត់ឃើញយូរឆ្នាំដែរហើយ ប្រព័ន្ធទឹកស្អាតនៅក្នុងភូមិខ្ញុំអត់មានអ្នកធ្វើអ្នកអីទេ»។

ប្រធានភូមិរូបនេះបន្តថា អ្នកដែលមានជីវភាពធូរធារ ពួកគេអាចទិញទឹកប្រើប្រាស់។ ចំណែកអ្នករកបានមួយថ្ងៃរស់មួយថ្ងៃ សូម្បីទឹកមួយធុង៣ពាន់រៀល ក៏ជាបញ្ហាសម្រាប់គ្រួសារអ្នកទាំងនោះដែរ។ លោកក៏បានស្នើសុំអ្នកពាក់ព័ន្ធ ឱ្យមានចំណាត់ការចំពោះបញ្ហាដែលប្រជាជនប្រទះរឿងទឹកស្អាត។

លោក សុផល បានបន្ថែមថា៖ «ខ្ញុំចង់ឱ្យភូមិខ្ញុំមានប្រព័ន្ធទឹកស្អាត»។

ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់  លោក​ ធីម​ សុធារ៉ា​ មានប្រសាសន៍ថា ចំពោះបញ្ហានេះ ខាងមន្ទីរធ្លាប់បានប្រគល់ធុងចម្រោះទឹកស្អាត ក៏ដូចជាបង្គន់អនាម័យទៅឱ្យប្រជាជននៅតំបន់នោះដែរតាមរយៈម្ចាស់ជំនួយនានាផ្ដល់ឱ្យក្រសួង។ហើយបញ្ហាទឹកស្អាតនេះ មិនមែនមានតែនៅភូមិកំពង់លួងមួយឡើយ គឺមាននៅភូមិផ្សេងៗដែលមានពលរដ្ឋរស់នៅលើទឹក។

លោកថ្លែងថា៖ «កន្លងមកក៏មានអង្គការផ្សេងៗចុះទៅពាក់ព័ន្ធនឹងទឹកធុងប្រើប្រាស់ កន្លងមកខាងមន្ទីរបើមានអង្គការណាឱ្យយើងមក យើងតែងផ្ដល់ជូនគាត់ហើយ តែឥឡូវនេះវាអត់»។

លោកបន្ថែមថា ដោយសារតែបញ្ហាទឹកស្អាតនេះ ថ្នាក់ខេត្តធ្លាប់ឱ្យពលរដ្ឋទាំងនោះរុះរើទៅនៅគោក តែពួកគាត់មិនទៅ។ 

លោកថា៖ «គាត់នៅផ្ដុំគ្នាចឹង យើងចែកដីចែកធ្លីបានម្នាក់ៗមួយហិកតាកន្លះដែរ តែពួកគាត់អត់មកនៅ អាហ្នឹងជាផលលំបាកដែរ។ មន្ទីរក៏គិតដែរគូរដែរបញ្ហាហ្នឹង តែមិនទាន់មានដំណោះស្រាយណាសមស្របមួយឱ្យគាត់ជៀសវាងការប្រើប្រាស់ទឹកហ្នឹង»។

សិស្សសាលាស្រីប្រុសកំពុងចេញលេង និងច្រកទឹកចេញពីធុងទឹកខៀវមួយជាប់បន្ទប់រៀន ខណៈទឹកទន្លេក្បែរនោះមានពណ៌ខៀវ  និងមានក្លិនស្អុយ ដែលស្ថិតនៅភូមិកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបភាពថ្ងៃទី១៣ កក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

តាមរយៈតំណាងអង្គការលីវ អេនឡើន (LIVE & LEARN CAMBODIA) ប្រចាំកម្ពុជា បានថ្លែងប្រាប់ខេមបូចា តាមអ៊ីម៉ែលថា បញ្ហាកង្វះទឹកស្អាតប្រើប្រាស់ មិនត្រឹមតែប៉ះពាល់ទៅលើសុខភាពនោះទេ ថែមទាំងប៉ះពាល់ទៅលើសេដ្ឋកិច្ចគ្រួសារទៀតផង។

អង្គការនេះថ្លែងថា៖ «យើងមិនអាចកំណត់ថាតើមធ្យោបាយណាមួយល្អនោះទេ ប៉ុន្តែវាអាស្រ័យទៅលើបរិបទជាក់ស្ដែង។ ដូចជាពេលកន្លងទៅ នៅតាមសហគមន៍ដាច់ស្រយាល និងជនបទ ពួកយើងបានផ្តល់លទ្ធភាពឱ្យសហគមន៍មួយចំនួនអាចប្រើប្រាស់ទឹកដើរដោយ ថាមពលពន្លឺព្រះអាទិត្យនៅថ្នាក់ភូមិ ខណៈដែលមនុស្សមួយចំនួនទៀតនឹងទទួលបានទឹកស្អាតប្រើប្រាស់»។

បើតាមធនាគារពិភពលោក ធ្លាប់បានអះអាងថា កង្វះអនាម័យនិងទឹកស្អាតត្រូវបានគេប៉ានប្រមាណថា កម្ពុជាខាតបង់ប្រាក់ប្រមាណ៥៤០លានដុល្លារជារៀងរាល់ឆ្នាំ ឬអាចនិយាយបានថាក្នុងចំណោមប្រជាពលរដ្ឋម្នាក់ត្រូវខាតបង់ប្រាក់៣២ដុល្លារក្នុងមួយឆ្នាំ តាមរយៈការព្យាបាលជំងឺដែលបង្កឡើងដោយកង្វះអនាម័យ និងទឹកស្អាត។

ចំណែកតាមរបាយការណ៍របស់អង្គការ​យូនីសេហ្វ និយាយថា ទោះបីជាប្រព័ន្ធទឹកស្អាត និង​អនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត  និងអនាម័យមា​នភាពល្អប្រសើរជាងមុនក៏ដោយ កម្ពុជា គឺជាប្រទេសដែលមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់ជាងគេនៅក្នុងតំបន់។ ទម្លាប់បែបនេះ បន្តជាបញ្ហាប្រឈមដ៏សែនគ្រោះថ្នាក់មួយ ព្រោះថាលាមក​របស់មនុស្សដែលនៅជិតផ្លូវទឹក និងផ្ទះសម្បែង នាំឲ្យមានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឱ្យកុមារ និងគ្រួសាររបស់ពួកគេប្រឈមនឹងហានិភ័យ។

គួររំលឹកថា នៅឆ្នាំ២០០៣ រដ្ឋាភិបាលបានកំណត់គោលនយោបាយវិស័យអនាម័យនិងការផ្គត់ផ្គង់ទឹកថ្នាក់ជាតិជាមួយនឹងទស្សនវិស័យដែលគ្រប់គ្រងលើវិស័យនេះទាំងមូលត្រឹមឆ្នាំ២០២៥។យុទ្ធសាស្ត្រទឹកប្រើប្រាស់ជនបទ និងអនាម័យ ២០១០-២០២៥ ក៏ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០៕

599 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម