អ្នកស្រី ផ្លឹក ភីរម្យ មើលឃើញអត្តសញ្ញាណរបស់អ្នកស្រីជាជនជាតិដើមភាគតិចពូនង ដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈដើមឈើ ជ្រោះជ្រលងដងអូរ និងស្រះទឹកនៃឃុំសុខដុម ខេត្តមណ្ឌលគិរី។
អ្នកស្រីចងចាំឈ្មោះទីកន្លែងជាភាសាពូនង ដូចជាផ្នែកមួយនៃតំបន់ចម្ការរបស់ពួកគេដែលមានឈ្មោះថា «ក្រុមយ៉ង់» ដែលបកប្រែថា «តាមដងព្រៃ»។ ប៉ុន្តែអ្នកស្រីនិយាយថា ការចងចាំភាគច្រើនរបស់អ្នកភូមិទៅលើទីកន្លែងទាំងនេះកំពុងរលាយបាត់ទៅហើយ ដោយសារដីនោះត្រូវបានសម្បទានដីសេដ្ឋកិច្ចយកមកកាន់កាប់។
អ្នកស្រីបាននិយាយថា៖ «ឥឡូវគ្មានអ្នកណាហៅឈ្មោះបែបនោះទេ សូម្បីតែក្មេងៗក៏មិនដឹងដែរ»។
ប្រហែលសហគមន៍របស់អ្នកស្រីនៅចងចាំឈ្មោះតំបន់នេះជាឈ្មោះពូនង ប្រសិនបើពួកគេនៅតែអាចចូលទៅដល់តំបន់នោះ។
ជនជាតិភាគតិចពូនងភាគច្រើននៅភូមិឡៅកា នៅតែព្យាយាមធ្វើចម្ការ គោរពបូជា និងរស់នៅលើដីដែលពួកគេនិយាយថាពួកគេបានកាន់កាប់ជាច្រើនជំនាន់មកហើយ ប៉ុន្តែផលប្រយោជន៍ដែលប្រទាញប្រទង់គ្នាពីរ គឺបានទាមទារកាន់កាន់លើតំបន់ខ្លះនៃដីធ្លីរបស់ពួកគេ។ ជម្លោះផ្លូវច្បាប់ជាច្រើនឆ្នាំពីរដាច់ដោយឡែកពីគ្នាបានកើតឡើង ដែលជនជាតិដើមភាគតិចជាង១០០ គ្រួសារនឹងមិនសុខចិត្តបោះបង់ដីនោះបានទេ ព្រោះសម្រាប់ពួកគេ ដីនោះគឺជាចំណុចសំខាន់ចុងក្រោយដែលភ្ជាប់ពួកគេទៅនឹងអត្តសញ្ញាណរបស់ពួកគេ។
អ្នកភូមិឡៅកា និយាយថា ពួកគាត់បានចុះបញ្ជីដីសហគមន៍ព្រៃការពារក្នុងឆ្នាំ ២០១៤ ប៉ុន្តែអ្នកសារព័ត៌មានមិនអាចផ្ទៀងផ្ទាត់ថា ព្រៃនោះត្រូវបានកំណត់ជាផ្លូវការនោះទេ។ ពួកគេនៅមិនទាន់អាចទទួលបានកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច ដែលជាដំណើរការមួយអនុញ្ញាតឱ្យក្រុមជនជាតិដើមភាគតិចរស់នៅជាសហគមន៍ដោយមិនយកមកប្រើជាបណ្ណកម្មសិទ្ធិឯកជននោះទេ ទោះបីជាតាមជាក់ស្តែង សហគមន៍កម្រអាចបំពេញលក្ខខណ្ឌទាំងនោះបានក៏ដោយ។
ផ្នែកមួយនៃការសម្រេចចិត្តរបស់ពួកគេក្នុងការព្យាយាមបំពេញលក្ខខណ្ឌកម្មសិទ្ធដីធ្លី គឺដើម្បីរារាំងអ្នកទាមទារកាន់កាប់ដីធ្លីដែលប្រទាញប្រទង់គ្នា ពោលគឺមួយទទួលបានដីសម្បទានពីរដ្ឋាភិបាលក្នុងឆ្នាំ២០១១ និងមួយទៀតមិនបានបង្ហាញបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនដល់អាជ្ញាធរមូលដ្ឋាន។ បុគ្គលទាំងពីរបានប្ដឹងអ្នកភូមិឡៅកាមួយចំនួន ឬទាំងអស់ ដោយអ្នកភូមិត្រូវតុលាការកាត់ឲ្យជាប់ទោសទៅលើដីធ្លីខ្លួនឯង។ បន្ទាប់ពីចាញ់ក្តីក្តាំនៅតុលាការកាលពីពេលថ្មីៗនេះ អ្នកស្រីភីរម្យនិយាយថា អ្នកស្រីបារម្ភពីអ្នកភូមិដទៃទៀតដែលព្យាយាមការពារដីធ្លីរបស់ខ្លួន។
អ្នកស្រីបាននិយាយថា៖ «យើងបន្តជំរុញរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់យើង ហើយនេះជារឿងធម្មតា។ ឥឡូវនេះ យើងគិតថាគេលេងសើចជាមួយយើង ប៉ុន្តែអ្វីដែលគេលេងសើចជាមួយ គឺគ្រោះថ្នាក់សម្រាប់យើង»។
ប្តឹងអ្នកការពារព្រៃឈើទៅតុលាការ
ផ្លូវដីក្រហម និងព្រៃរបោះៗនៃភូមិឡៅកា និងព្រៃសហគមន៍ក្បែរនោះ គឺជាកម្មវត្ថុនៃជម្លោះផ្លូវច្បាប់ដាច់ដោយឡែកពីគ្នាចំនួនពីរដែលមានរយៈពេលយូរឆ្នាំ។
រដ្ឋាភិបាលបានផ្តល់ដីឲ្យក្រុមហ៊ុនវីឡាអភិវឌ្ឍន៍ (Villa Development) ដែលជាក្រុមហ៊ុនជាប់ទាក់ទងនឹងភរិយាអតីតអភិបាលរងខេត្តមណ្ឌលគិរី មានដីសរុប ៧២៨ ហិកតាកាលពីឆ្នាំ ២០១១។ ទោះបីជាក្រុមហ៊ុននោះហាក់ដូចជាមិនមានការចុះបញ្ជីពាណិជ្ជកម្មនៅក្នុងក្រសួងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអ្នកភូមិនិយាយថា ក្រុមហ៊ុនបានយកគ្រឿងចក្រឈូសឆាយចូលដីក្នុងតំបន់ការពារព្រៃឈើរបស់ភូមិឡៅកា ដោយថ្មីៗនេះពួកគេបានចោទបុគ្គលិកក្រុមហ៊ុនថាបានបំពុលសត្វគោរបស់ខ្លួន។
អ្នកអភិវឌ្ឍន៍ម្នាក់ទៀតដែលមានឈ្មោះថា ទ្រឿង យុន អះអាងថាជាម្ចាស់កម្មសិទ្ធិដីចម្ការភូមិឡៅកាមួយផ្នែក ដាច់ដោយឡែកពីតំបន់ព្រៃរបស់ពួកគេ។ អ្នកភូមិនិយាយថា ពួកគេមិនដែលឃើញបណ្ណកម្មសិទ្ធិរបស់ម្ចាស់ដីនោះទេ ហើយលើសពីនេះទៅទៀត ពួកគេភ្ញាក់ផ្អើលចំពោះទំហំដីដែលទាមទារដោយអ្នកភិវឌ្ឍន៍រូបនោះ។
អ្នកស្រីផ្លឹក ណាវី អាយុ៤១ឆ្នាំ ជាបងស្រីរបស់អ្នកស្រីភីរម្យបាននិយាយថា៖ «គាត់តែម្នាក់ឯងទេ ហើយចង់បានដី ៦០ ឬ ៧០ ហិកតា។ យើងមានគ្នារាប់សិបគ្រួសារ»។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការតតាំងទាំងពីរនេះបានផ្លាស់ប្តូរពីទាស់ទែងគ្នាទៅកាន់ផ្លូវតុលាការ។
អ្នកភូមិនិយាយថា អ្នកអភិវឌ្ឍន៍ឯកជនដែលជាអ្នករស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្តឹងពួកគេទៅតុលាការជាច្រើនលើកច្រើនសាចាប់តាំងពីឆ្នាំ ២០១៥ ទាំងនៅតុលាការខេត្តមណ្ឌលគិរី និងសាលាឧទ្ធរណ៍នៅខេត្តត្បូងឃ្មុំ។
អ្នកស្រីភីរម្យ និងអ្នកភូមិផ្សេងទៀតត្រូវបានគេកំណត់មុខសញ្ញាជាអ្នកញុះញង់ប្រឆាំងនឹងសកម្មភាពរបស់ក្រុមហ៊ុនវីឡាអភិវឌ្ឍន៍ គឺនៅឆ្នាំ២០២១ អ្នកស្រី និងអ្នកភូមិពីរនាក់ទៀតត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកពីរឆ្នាំពីបទរុះរើរបងនៅលើដីក្រុមហ៊ុន។ នៅឆ្នាំបន្ទាប់មក នាយកក្រុមហ៊ុន លោក កក់ រតនា បានប្តឹង អ្នកស្រី ភីរម្យ និងអ្នកភូមិបីនាក់ទៀត ពីបទដាក់ពាក្យបណ្តឹងប្រឆាំងនឹងការចោទប្រកាន់របស់ក្រុមហ៊ុន ពីការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច។
ជាការឆ្លើយតប អ្នកស្រី ភីរម្យ បានប្តឹងបកក្រុមហ៊ុន ដោយបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំវិញនៅឆ្នាំនេះ។ ពេលជួបអ្នកកាសែតនៅថ្ងៃទី២០ ខែមីនា អ្នកស្រីបាននិយាយថា អ្នកស្រីបានដឹងនៅថ្ងៃនោះថា បណ្តឹងទាស់របស់អ្នកស្រីត្រូវបានតុលាការបដិសេធចោល ដូច្នេះទើបអ្នកស្រីគ្រោងប្តឹងទៅតុលាការកំពូល។
មេធាវីរបស់អ្នកស្រី គឺលោក សឺន ជុំជួន បានបញ្ជាក់ពីការសម្រេចរបស់សាលាឧទ្ធរណ៍ ហើយបាននិយាយថា ពួកគេគ្រោងនឹងប្តឹងរឿងនេះទៅតុលាការកំពូល។ ទោះយ៉ាងណា លោកបារម្ភថា រឿងក្តីនេះបានប្រព្រឹត្តទៅមិនត្រឹមត្រូវនៅតុលាការជាន់ទាបទាំងពីរ ដោយអះអាងថា មិនអនុវត្តតាមនីតិវិធីនៃច្បាប់ទេ។
លោកបាននិយាយថា៖ «ផ្អែកតាមអង្គហេតុ វាជាសំណុំរឿងរដ្ឋប្បវេណី ប៉ុន្តែវាបានក្លាយជាសំណុំរឿងព្រហ្មទណ្ឌនៅតុលាការខេត្តមណ្ឌលគិរី។ ក្នុងនាមជាមេធាវីការពារកូនក្តី យើងបានស្នើឱ្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បដិសេធចោលសាលក្រម ហើយប្រែសំណុំរឿងនេះទៅជាសំណុំរឿងរដ្ឋប្បវេណីវិញ។ ដូច្នេះ យើងក៏សោកស្ដាយដែលសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំតម្កល់សាលក្រមនេះ»។
ទាំងក្រុមហ៊ុនវីឡាអភិវឌ្ឍន៍ (Villa Development) និងទ្រឿង យុន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
មេឃុំសុខដុម អ្នកស្រី នេត្រ ឆាយ៉ា បាននិយាយថា អ្នកស្រីមិនអាចធ្វើអត្ថាធិប្បាយលើវិវាទជាមួយក្រុមហ៊ុន វីឡាអភិវឌ្ឍន៍បានទេ ដោយសារដីមានជម្លោះនេះ គឺស្ថិតនៅក្រៅដែនសមត្ថកិច្ចឃុំរបស់អ្នកស្រី។ ប៉ុន្តែអ្នកស្រីបានព្យាយាមធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយជម្លោះជាមួយអ្នកវិនិយោគឯកជន ឈ្មោះយុន។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនអាចដោះស្រាយបានជោគជ័យទេ ព្រោះ ទ្រឿង យុន នៅតែទទូចថា គាត់មានលិខិតកាន់កាប់ ខណៈអ្នកភូមិរស់នៅទីនោះយូរមកហើយ។ ទោះយ៉ាងណា ទ្រឿង យុន មិនដែលបង្ហាញបណ្ណកម្មសិទ្ធិដីធ្លីរបស់គាត់ដល់ខ្ញុំទេ»។
ការចំណាយពេលនៅក្នុងតុលាការ និងការនៅឆ្ងាយពីព្រៃឈើ និងចម្ការរបស់ពួកគេ គឺជារឿងគួរឲ្យខឹងសម្បាសម្រាប់អ្នកស្រី នាត ឡាត អាយុ៣០ ឆ្នាំ ជាអ្នកភូមិ និងជាអ្នកដើរល្បាតព្រៃស្ម័គ្រចិត្តនៅព្រៃសហគមន៍ឡៅកា។
អ្នកស្រីបាននិយាយថា៖ «យើងយកអាហារមកតុលាការដោយខ្លួនឯង ព្រោះយើងគ្មានប្រាក់ទិញអាហារទេ ហើយយើងក៏គ្មានប្រាក់ស្នាក់នៅផ្ទះសំណាក់ដែរ។ ហើយតុលាការតែងតែនិយាយថា យើងមានទោស»។
អ្នកស្រីណាវី ដែលមានឈ្មោះគេប្តឹងជាមួយបងស្រីរបស់អ្នកស្រីក្នុងបណ្តឹងទាំងពីរនោះបានកត់សម្គាល់ថា វាកាន់តែពិបាកក្នុងការថែរក្សាចម្ការរបស់ពួកគេក្រោមសម្ពាធនៃការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។
អ្នកស្រីបាននិយាយសំដៅលើប្រាក់ឧបត្ថម្ភដែលផ្តល់ឱ្យអ្នកការពារព្រៃឈើសហគមន៍នៅក្នុងកម្មវិធីផ្លូវការដូចជាគម្រោងរ៉េដបូក ថា៖ «ខ្ញុំមិនសប្បាយចិត្តសោះដែលមន្ត្រីនិយាយថាយើងកំពុងប្រើអំពើហិង្សា… តាមពិតយើងជាអ្នកការពារព្រៃឈើស្ម័គ្រចិត្ត ហើយយើងមិនទទួលបានប្រាក់ខែទេ ។ ប៉ុន្តែនៅក្រោមមន្ទីរបរិស្ថាន មន្ត្រីបានកាត់ដីធ្វើអាជីវកម្ម និងបំផ្លាញព្រៃឈើរបស់យើង»។
អ្នកស្រីបាននិយាយថា៖ «វាអយុត្តិធម៌ណាស់សម្រាប់យើង»។
ការលុបបំបាត់អត្តសញ្ញាណ
អ្នកភូមិឡៅកា បានឮពីអង្គការក្រៅរដ្ឋាភិបាលថា ដំណោះស្រាយអាចមានកំណត់នៅក្នុងបណ្ណកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិច ដែលនឹងបញ្ជាក់ និងប្រកាសដែនដីរបស់ពួកគេជាផ្លូវការ។
ពួកគេបានចាប់ផ្តើមដំណើរការចុះបញ្ជីនេះនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ ប៉ុន្តែអ្នកស្រី ភីរម្យ អ្នកសម្របសម្រួលជនជាតិដើមភាគតិចពូនង បាននិយាយថា ពួកគេបានជួបការជំទាស់ពីមេឃុំសុខដុម និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលត្រួតពិនិត្យការលើការយល់ព្រមជាលើកដំបូងនៅក្នុងដំណើរការនៃកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច។
អ្នកស្រីបាននិយាយថា៖ «ឥឡូវនេះយើងបានដឹងថាដីព្រៃសហគមន៍មិនមែនជាកម្មសិទ្ធិរបស់យើងទេ ដូច្នេះហើយទើបយើងចង់បានដីសហគមន៍។ អ្វីដែលយើងចង់បាន គឺការចុះបញ្ជីអត្តសញ្ញាណសហគមន៍របស់យើង ប៉ុន្តែពួកគេមិនទាន់ទទួលស្គាល់យើងនៅឡើយទេ»។
អ្នកស្រី ឆៃយ៉ា ជាមេឃុំ បាននិយាយថា សហគមន៍ឡៅកាបានទៅជួបមេឃុំចាស់ ប៉ុន្តែមិនមែនអ្នកស្រីទេ ដែលទាក់ទងនឹងការចុះបញ្ជីកម្មសិទ្ធិដីធ្លី។
អ្នកស្រីបានបន្តថា៖ «ខ្ញុំមិនដឹងថាហេតុអ្វីបានជាមេឃុំមុនមិនចុះបញ្ជីដីនោះទេ ប៉ុន្តែខ្ញុំគិតថា សហគមន៍មិនបានបំពេញគ្រប់លក្ខខណ្ឌទាំងអស់»។
សហគមន៍ជនជាតិដើមភាគតិចនៅទូទាំងប្រទេសបានព្យាយាម និងបរាជ័យម្តងហើយម្តងទៀតក្នុងការទទួលបានបណ្ណកម្មសិទ្ធិសហគមន៍ រហូតដល់អង្គការសហប្រជាជាតិបានអំពាវនាវម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជាសម្រួលដំណើរការ និងអនុញ្ញាតឱ្យសហគមន៍កាន់តែច្រើនទទួលបានសិទ្ធិលើដីធ្លីរបស់ពួកគេ។ ដំណើរការល្អិតល្អន់កាន់តែមានភាពស្មុគស្មាញ ដោយការកើនឡើងតម្លៃដីធ្លី និងដំណើរការចុះបញ្ជីដីធ្លីជាប្រព័ន្ធរបស់រដ្ឋាភិបាល ដែលពលរដ្ឋត្រូវបានផ្តល់ឱកាសឲ្យបំប្លែងដីដែលពួកគេបានកាន់កាប់ទៅជាបណ្ណកម្មសិទ្ធិចុះបញ្ជីថ្នាក់ជាតិវិញ។
អ្នកស្រីភីរម្យ បានចាត់ទុកការតតាំងសុំចុះបញ្ជីសហគមន៍មិនបានសម្រេចថា ជាការប្រមាថចំពោះដូនតារបស់ខ្លួន។
អ្នកស្រីបាននិយាយថា៖ «អ្វីដែលអាក្រក់បំផុតនោះ គឺគេមិនប្រើឈ្មោះរបស់យើងនោះទេ។ ឈ្មោះយើងមិនមែនជាឈ្មោះជនជាតិដើមភាគតិចទៅវិញ។ គេបានប្តូរទៅជាឈ្មោះខ្មែរដូចជាកញ្ញា រំដួល វិច្ឆិកា ឬ សីហា»។
ឈ្មោះពិតរបស់អ្នកស្រី គឺ ម៉ូ អា រ៉ុងហ្គំ។ អ្នកស្រីបាននិយាយថា៖ «ឥឡូវនេះខ្ញុំដូចជាខ្មាសអៀនដែលបានប្តូរឈ្មោះ ព្រោះ [ឈ្មោះទាំងអស់] ក៏មានអត្ថន័យសម្រាប់យើងដែរ»។
ភូមិក និងកន្លែងសម្គាល់ទីតាំង ដូចជាភ្នំក៏បានបាត់បង់ឈ្មោះពូនងដែរ ដោយបានផ្លាស់ប្តូរ ខណៈដែលមន្ត្រីបានចាប់ផ្តើមចងក្រងឯកសារទីកន្លែងនៅទូទាំងប្រទេសតាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០មកម្ល៉េះ។ យ៉ាងហោចណាស់នៅលើដីនោះ គ្រួសារជនជាតិពូនងនៅតែបន្តធ្វើកសិកម្មបែបប្រពៃណី ប៉ុន្តែបច្ចុប្បន្នគ្រួសារជាច្រើនបានជ្រើសរើសផ្ទះបែបខ្មែរជំនួសឲ្យខ្ទមឈើបែបបុរាណ។
នៅទីបញ្ចប់ អ្នកស្រី ភីរម្យ មិនដឹងច្បាស់ថា តើការទទួលបានបណ្ណកម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច នឹងពិតជាអាចរារាំងអ្នកមានអំណាច ដែលចាប់អារម្មណ៍លើដីរបស់ពួកគេបានឬយ៉ាងណាទេ។
អ្នកស្រីបានពន្យល់ថា ហេតុផលតែមួយគត់ដែលសហគមន៍ឡៅកាសម្រេចចិត្តបន្តសុំកម្មសិទ្ធដីធ្លីសហគមន៍ គឺដើម្បីទទួលបានអត្តសញ្ញាណមួយចំនួនមកវិញ។
អ្នកស្រីបានពន្យល់ថា៖ «ដំបូងយើងមិនដឹងពីរបៀបចុះឈ្មោះ [បណ្ណកម្មសិទ្ធិដីធ្លី] ទេ ប៉ុន្តែយើងគ្រាន់តែចង់រស់នៅដូចមុន។ ឥឡូវនេះ យើងឃើញថា វាជាជំហានដំបូង បើយើងចង់ស្វែងរកអត្តសញ្ញាណរបស់យើង»។
ប៉ុន្តែ អ្នកស្រី ភីរម្យ បានបន្តថា ភូមិក និងទឹកដី ដែលសហគមន៍របស់អ្នកស្រីសង្ឃឹមថាការពារ គឺលែងមានទៀតហើយ។
ឈ្មោះភូមិឡៅកាកើតមកពីពាក្យពូនង «ងាវកា» ដែលមានន័យថា «ស្រះសម្បូរត្រី»។ ឈ្មោះថ្មីដែលគេបានអនុញ្ញាតឲ្យប្រើនៅដើមទសវត្សរ៍ឆ្នាំ២០០០ គឺមិនមានអត្ថន័យសម្រាប់សហគមន៍ជនជាតិដើមភាគតិចពូនងទេ។
អ្នកស្រី ភីរម្យ បានបន្ថែមថា ពីមុនមានស្រះមួយសម្បូរត្រី ប៉ុន្តែកន្លែងសម្គាល់ទីតាំងនោះ ឥឡូវនេះស្ថិតនៅក្នុងដីរបស់ក្រុមហ៊ុនវីឡាអភិវឌ្ឍន៍ទៅហើយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស For Indigenous Bunong, Land Rights Are Key to their Identity