បន្ទាប់ពីខកខានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លអស់រយៈពេល៣ឆ្នាំដោយសារបញ្ហាជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ឆ្នាំនេះពិធីបានរៀបចំឡើងក្នុងខេត្តកំពង់ធំ ហើយការផ្សងប្រផ្នូលរបស់គោឧសភរាជតាមជំនឿបុរាណបង្ហាញថា ដំណាំកសិកម្មនឹងមានភាពល្អប្រសើរប្រមាណ៩៥ភាគរយ ដោយសារគោឧសភរាជបានបរិភោគស្រូវ ពោត និងសណ្ដែក ច្រើនជាងគេក្នុងចំណោមអាហារទាំង៧មុខ។
នាព្រឹកថ្ងៃច័ន្ទទី៨ ខែឧសភា ឆ្នាំ២០២៣ កម្ពុជាបានប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋាន នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ ខេត្តកំពង់ធំ ក្នុងគោលបំណង ផ្សងមើលពីស្ថានភាពរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រផ្នូលក្នុងការដាំដុះដំណាំកសិកម្មក្នុងឆ្នាំថោះនេះផងដែរ។ ក្នុងនោះពិធីបានប្រព្រឹត្តទៅដោយមានការយាងចូលរួមពីព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី និងការអញ្ជើញចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជារាស្រ្តនៅក្នុងតំបន់នោះជាដើម។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ត្រូវបានចាត់តាំងជា ស្ដេចមាឃ ដើម្បីប្រារព្ធកិច្ចច្រត់ព្រះនង្គ័លនៅលើទីព្រះស្រែមុខព្រះពន្លាជ័យក្រោមអធិបតីនៃអង្គព្រះមហាមហាក្សត្រ ដោយមានលោកជំទាវជាអ្នកកាន់តួនាទី មេហួ ដើរដង្ហែពីក្រោយប្រារព្ធកិច្ចសាបព្រោះគ្រាប់ពូជស្រូវ និងពូជដំណាំនានា ទៅតាមព្រះរាជបវេណីនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គលដូចបានប្រារព្ធតាំងពីបុរាណកាលតរៀងមក។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។
យោងតាមការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ព្រាហ្មណ៍ព្រះរាជគ្រូបានបង្ហាញលទ្ធផលដែលផ្សងដោយគោឧសភរាជថា ស្រូវ ពោត សណ្ដែកគឺនៅក្នុងឆ្នាំនេះការងារបង្កបង្កើនផលទទួលបាន៩៥ភាគរយ មានន័យថាទទួលបានផលខ្ពស់ល្អប្រសើរមែនទែន។
យ៉ាងណាមិញ លោក ថាន់ ឡេង ជាកសិកររស់នៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ យល់ឃើញថា ការធ្វើពិធីនេះគឺវាជារឿងល្អដោយសារកាលពីមុន គឺទិន្នផលវាអំណោយល្អទៅតាមប្រផ្នូលនោះ។ តែលោកបារម្ភថា បញ្ហាអាកាសធាតុនឹងមិនធ្វើឱ្យប្រផ្នូលនេះមានប្រសិទ្ធភាពឡើយដោយសារសព្វថ្ងៃនេះនៅតំបន់លោកមិនមានភ្លៀងបង្អុរ មានតែខ្យល់កន្ត្រាក់ ដែលវាបានធ្វើឱ្យដីស្រែរបស់គាត់មានសភាពប្រេះហួតហែង និងមិនអាចដាំដុះបាន។
លោក ឡេង បន្តថា មូលហេតុដែលធ្វើឱ្យមានការប្រែប្រួលនេះ ក៏មានចំណែកមកពីការបាត់បង់ព្រៃឈើផងដែរ។
លោកលើកឡើងថា៖ «កាលមុនអាកាសធាតុវាអត់សូវប្រែប្រួលដូចសព្វថ្ងៃហើយនៅពេលមានពិធីច្រត់ព្រះនង្គ័ល គឺថាឈុតទៅតាមប្រផ្នូលដែលគេទាយនោះឯង។ តែដល់ពេលឥឡូវវាប្រែប្រួលអស់ហើយ។ បើនៅស្រុកភូមិគេមានធម្មជាតិច្រើនអី គេអាចទាក់ទាញទឹកភ្លៀងបានខ្លះ ប៉ុន្តែដូចខាងខ្ញុំឯណេះគឺអត់តែម្ដង»។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកនាង អ៊ឹម រចនា ពុំទាន់ឆ្លើយតបនោះទេ ដោយថាកំពុងបើកបរនៅតាមផ្លូវ។
យោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែឧសភានេះ ពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានរៀបចំឡើងតាមរាជបវេណី «ព្រះគោ» ឬ «គោឧសភរាជ» គឺនៅក្នុងឆ្នាំ១៩៩៣ ព្រះរាជពិធីនេះត្រូវបានរៀបចំនៅបរិវេណពហុកីឡាដ្ឋានអូឡាំពិច ហើយចាប់ពីឆ្នាំ១៩៩៤រហូតមក ព្រះរាជពិធីនេះតែងប្រារព្ធឡើងនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំងរាជធានីភ្នំពេញ។
លុះដល់ឆ្នាំ២០១០ ពិធីនេះបានប្រារព្ធធ្វើនៅខេត្តសៀមរាប ដូចកាលនៅចន្លោះសង្គមរាស្ត្រនិយមចាប់ពីព្រះសម្តេចព្រះករុណា នរោត្តម សីហនុ យាងសោយទីវង្គតមក ពិធីច្រត់ព្រះនង្គ័ល ក៏ត្រូវបានរៀបចំប្រារព្ធឡើងនៅតាមបណ្តាខេត្តផ្សេងៗ ដូចជា កាលពីឆ្នាំ២០១៣ ប្រារព្ធឡើងនៅខេត្តកំពង់ចាម ឆ្នាំ២០១៤នៅខេត្តកណ្តាល ឆ្នាំ២០១៥នៅខេត្តបាត់ដំបង ឆ្នាំ២០១៦នៅខេត្តសៀមរាប ឆ្នាំ២០១៧នៅខេត្តព្រៃវែង ឆ្នាំ២០១៨នៅខេត្តស្វាយរៀង ឆ្នាំ២០១៩នៅខេត្តតាកែវ។ ក្រោយមកនៅឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារស្ថានភាពឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានផ្អាកប្រារព្ធពិធីនេះ។ ប៉ុន្តែដល់ឆ្នាំ២០២៣នេះ បានចាប់ផ្តើមប្រារព្ធឡើងវិញ នៅលើទឹកដីខេត្តកំពង់ធំ។
តាមរយៈការផ្សាយបន្តផ្ទាល់នៃព្រះរាជពិធីច្រត់ព្រះនង្គ័ល បានឱ្យដឹងថា ក្រសួងបានកំពុងរៀបចំនូវផែនការសម្រាប់អនុវត្តចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ដោយមានជាវិធានការមួយចំនួនដូចជាការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដើម្បីបម្រើឱ្យផលិតកម្មកសិកម្មការបង្កើនគុណភាពនៃការផ្ដល់សេវាផ្សព្វផ្សាយបច្ចេកទេសដល់កសិករ ការស្រាវជ្រាវបច្ចេកទេសកសិកម្មសំដៅបង្កើនទិន្នផលដំណាំធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រង ប្រសិទ្ធភាពក្នុងការប្រើប្រាស់ដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ការអនុវត្តកសិកម្មតាមសន្យាព្រមទាំងការកសាង និងការពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័នជាដើម។
ការផ្សាយបន្តផ្ទាល់បញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានសមិទ្ធផលផលិតកម្មដំណាំបានចំនួន ៣៤,៧១លានតោន ក្នុងនោះដំណាំស្រូវចំនួន ១១,៦២លានតោន (សល់ស្រូវសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកចំនួន៦,២៩លានតោន) ដំណាំសាវប្បកម្ម ៤,៤២លានតោន និងដំណាំឧស្សាហកម្មចំនួន១៨,៦៧លានតោន។
ការផ្សាយបន្តផ្ទាល់ឱ្យដឹងថា កម្ពុជាបានធ្វើការនាំចេញនូវផលិតផលកសិកម្មជាផ្លូវការដែលមានតម្លៃសរុបជិត៥ពាន់លានដុល្លាអាមេរិក ស្មើនឹង៨,៦លានតោន ដោយទៅកាន់ទិសដៅ៧៤ប្រទេស កើនឡើង៧,៨ភាគរយ នេះបើធៀបនឹងឆ្នាំ២០២១។ រីឯការនាំចេញអង្ករមានការកើនឡើង ៣,២៣ភាគរយ និងកសិផលក្រៅពីស្រូវអង្ករកើន១១,៦ភាគរយ។
រីឯសមិទ្ធផលរបស់រដ្ឋបាលខេត្តកំពង់ធំផ្អែកលើវិស័យកសិកម្មក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ឱ្យដឹងដែរថា ការងារអនុវត្តការដាំដុះដំណាំស្រូវទទួលបានចំនួន ២៥០ ៩៧១ហិកតាស្មើនឹង៩៩,១ភាគរយផងដែរ។

ត្រឡប់មកកសិករស្រុកព្រះនេត្រព្រះ លោក ឡេង ឱ្យដឹងទៀតថា លោកកំពុងប្រឈមនឹងការបាត់បង់ចំណូលស្ទើរតែពាក់កណ្ដាល ដោយសារ កាលពីមុនគាត់អាចធ្វើស្រែបាន២ដងក្នុងមួយឆ្នាំ ប៉ុន្តែឆ្នាំនេះការដាំដុះស្រូវហាក់ពុំសូវអំណោយផលនោះទេ ព្រោះតែការប្រែប្រួលនៃអាកាសធាតុ។
លោក ឡេង បន្ថែមថា៖ «ឆ្នាំមុនខែនេះអីគេបង្កបង្កើនផលហើយដាំដុះបានខ្លះៗហើយ។ តែដល់ពេលឆ្នាំនេះវាអត់មានទឹកអត់មានអីនោះទេ[..]កាលពីពីរបីឆ្នាំមុនគឺធ្វើស្រែ១ឆ្នាំ២ដង តែមកដល់ឆ្នាំនេះបើតាមខ្ញុំគិតគឺបានតែម្ដងនោះទេ ដែលវាធ្វើឱ្យបាត់បង់ចំណូលសឹងពាក់កណ្ដាល»៕