បុរសវ័យ៣៥ឆ្នាំម្នាក់ សម្បុរស្រអែម សក់ស្កូវប្រូង បបូរមាត់ហើមប៉ោង កំពុងសម្រាកព្យាបាលរបួសក្នុងបន្ទប់ជួល ទំហំជាង២០ម៉ែត្រការ៉េ នាសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ លោកមិនអាចនិយាយខ្លាំងបាននោះទេ ដោយសារមានការឈឺចាប់ពីមុខរបួស។
លោក ប្រាក់ សីហា ជាអតីតចៅសង្កាត់រងទី២សង្កាត់កំបូល មកពីគណបក្សសង្គ្រោះជាតិ។ លោកបានចាប់អាជីព អ្នករត់រ៉ឺម៉កកង់បី បន្ទាប់ពីគណបក្សរបស់លោកត្រូវបានរំលាយដោយតុលារកំពូលកាលពីចុងឆ្នាំ២០១៧។
នៅវេលាម៉ោង៩ព្រឹក លោក សីហា តែងតែរង់ចាំដឹកភ្ញៀវនៅម្ដុំឈូកវ៉ា ក្នុងទីក្រុងភ្នំពេញ ប៉ុន្តែចាប់ថ្ងៃ១៧ខែកុម្ភៈ លោកមិនអាចចេញរកស៊ីដូចសព្វដងទេ ព្រោះលោកត្រូវសម្រាកព្យាបាលមុខរបួស។ លោក ត្រូវបានជនមិនស្គាល់មុខ វាយនឹងដុំឥដ្ឋ នៅស្តុបផ្សារដេប៉ូ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលលោកកំពុងដឹកភ្ញៀវ។
លោកប្រាក់ សីហា និយាយថា៖«ខ្ញុំឈប់ស្តុបផ្សារដេប៉ូ ស្រាប់តែប្រុសម្នាក់ចុះពីលើម៉ូតូយកដុំឥដ្ឋ ដាក់កណ្ដាលមុខខ្ញុំប៉័ង បាក់ធ្មេញអស់១ បែកបរបូមាត់ដេរអស់ជាង១០ថ្នេរ »។
លោក ប្រាក់សីហា ជាមនុស្សម្នាក់ក្នុងចំណោមអតីតសកម្មជនជាច្រើននាក់ផ្សេងទៀត ដែលរងនូវអំពើហិង្សាវាយដំពីជនមិនស្គាល់មុខដូចៗគ្នា។ យោងតាមកំណត់ត្រា របស់មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំងបង្ហាញថា ករណីហិង្សាលើសកម្មជនគណបក្សប្រឆាំងមានចំនួនជាង២០ករណី បើគិតចាប់តាំងពីឆ្នាំ២០១៩មកដល់ខែកុម្ភៈឆ្នាំ២០២១។ ក្នុងនោះមានករណីហិង្សាតែមួយគត់នៅខេត្តកំពង់ឆ្នាំងដែលសមត្ថកិច្ចនគរបាលចាប់បានជនសង្ស័យចំនួន៣នាក់ យកមកដាក់ទោស។ ជនរងគ្រោះដែលរងនូវអំពើហិង្សា ព្រួយបារម្ភពីសុវត្ថិភាពនៅពេលដែល ជនបង្កបន្តរស់នៅក្រៅសំណាញ់ច្បាប់។
លោក ប្រាក់ សីហា អះអាងថា លោកមិនបានដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចទេនៅពេលដែលត្រូវគេវាយ ព្រោះលោកមិនជឿថាសមត្ថកិច្ចអាចរកជនបង្កឃើញ។
លោក ប្រាក់ សីហា លើកឡើងថា ៖« ខ្ញុំអត់ បានប្ដឹងទេព្រោះឃើញករណី គេវាយមុនៗរកអត់ដែលឃើញអ្នកវាយផង»។
លោកថា ករណីហិង្សាលើរូបលោកនេះ ជាករណីដែលមានការចាត់តាំងពីក្រុមណាមួយ។
លោក សីហា បន្ត៖ «អ្នកវាយខ្ញុំនោះកម្ពស់ខ្ពស់ៗប្រហែល ១ម៉ែត្រ៧០ឡើងពាក់អាវធំ ម៉ួកសុវត្ថិភាពបិទជិត ស្បែកជើងប៊ូ មានភិនភាគ រាងរៅជាអ្នកទទួលបានការហ្វឹកហាត់ច្បាស់លាស់»។
កាលពីខែធ្នូឆ្នាំ២០២០ គណនេយ្យហ្វេសប៊ុកអនាមិកមួយឈ្មោះ «តោះទៅ
សង្គ្រោះជាតិយើង» បានបង្ហោះរូបលោក និងអតីតតំណាងរាស្ត្រលោក ហូ វ៉ាន់ដោយហៅថាជាបណ្ដាញឧទ្ទាមក្រៅច្បាប់។ លោក ប្រាក់ សីហា ជាអតីតនិស្សិតផ្នែកវេជ្ជសាស្ត្រ ដោយបញ្ចប់ ការសិក្សាថែរទាំវេជ្ជសាស្ត្រ នៅឆ្នាំ២០១៤។ លោកបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំងកាលពីឆ្នាំ២០១៥ បន្ទាប់មក ជាប់ឆ្នោតជាចៅសង្កាត់រងទី២ កាលពីឆ្នាំ២០១៧។ លោកសីហា ប្រកបរបរជាអ្នករត់រ៉ឺម៉កកង់បី ដោយម្ដងម្កាលលោកដឹកភរិយា សកម្មជនអតីតគណបក្សប្រឆាំង ដែលមកតវ៉ានៅមុខតុលាការទៀតផង។
លោកសីហា អះអាងថា៖«គេវាយខ្ញុំព្រោះតែខ្ញុំជាអតីតសមាជិកគណបក្ស
សង្គ្រោះជាតិ នេះជាការគំរាមកំហែងផ្នែកនយោបាយ»។
ករណីហិង្សាមួយផ្សេងទៀតបានកើតលើ អតីតសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ លោក ឌិន វរិន ដែលកើតឡើងតាំពីខែតុលា ឆ្នាំ២០២០។ លោកត្រូវបានជនមិនស្គាល់មុខវាយនឹងដុំឥដ្ឋប្រេះលលាដ៏ក្បាល នៅពេលដែលលោកកំពុងដើរក្នុងផ្សារចាក់អង្រែ។
ភរិយារបស់លោក គឺអ្នកស្រី ចាន់ សុភក្ដិ បានឲ្យដឹងថា មកដល់ពេលនេះប្តីអ្នកស្រីមិនទាន់ជាសះស្បើយនោះទេ ដោយលោកមានរបួសក្បាលធ្ងន់ធ្ងរ។ មកដល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់ចាប់បានជនសង្ស័យនៅឡើយនោះទេ។
អ្នកស្រី ចាន់ សុភក្ដិ ៖«យើងមិនបានទទួលដំណឹងថា អាជ្ញាធរចាប់អ្នកវាយប្ដីខ្ញុំបានឬមិនបាននោះទេ ហើយយើងក៏មិនបានទៅសួរព័ត៌មានដែរ។
អ្នកស្រីចាន់ សុភក្ដិ អះអាងថា សមាជិកក្រុមគ្រួសាររបស់គាត់កំពុងរស់ នៅដោយភាពភ័យខ្លាច។ អ្នកស្រីស្នើឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យមកផ្ទន្ទាទោសតាមច្បាប់។
អ្នកស្រី ចាន់ សុភក្តិ ៖«ខ្ញុំភ័យណាស់ បើមិនភ័យម៉េចនឹងបានបើឃើញមានគេឃ្លាំមើលយើងរហូត ពួកយើងខ្លាចណាស់មិនហ៊ាននិយាយអីច្រើនទេ»។
មេធាវីការពារក្ដីឱ្យសមាជិកគណបក្សសង្គ្រោះជាតិ លោក សំ សុខគង់ មានប្រសាសន៍ថា អាជ្ញាធរហាក់ព្រងើយកន្ដើយក្នុងការស្វែងរកជនបង្ក ក្នុងករណីហិង្សាលើអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីបក្សកាន់អំណាច។
លោក សំ សុខគង់៖«កូនក្ដីខ្ញុំមួយចំនួនដាក់បណ្ដឹងនៅប៉ូលីស រហូតដាក់ដល់តុលាការទៀតតែនៅតែរកជនបង្កមិនឃើញ។ បើសកម្មជនបក្សប្រឆាំងដែលរិះគន់រដ្ឋាភិបាលវិញទៅដល់ណាក៏ចាប់មកបានដែរ នេះហៅថាការអនុវត្តច្បាប់ស្ដង់ដារ២»។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បដិសេធចំពោះការលើកឡើងថា អាជ្ញាធរគ្មានចេតនាស្វែងរកចាប់ខ្លួនជនបង្កហិង្សា។ លោកថា នគរបាលកំពុងស៊ើបអង្កេតករណីហិង្សាលើ លោកឌិន វរិន និងសកម្មជនបក្សប្រឆាំងដ៏ទៃទៀត។
លោក សុខសីហា មានប្រសាសន៍ថា ៖ «កម្លាំងជំនាញយើងមិនបានបោះបង់ទេ ពួកយើងនៅតែធ្វើការលើរឿងទាំងអស់នេះ ឈានទៅកំណត់មុខសញ្ញា នឹងអាចទៅចាប់ខ្លួនជនបង្ក ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់នាពេលខាងមុខ»។
លោកបន្ថែមថា ជនរងគ្រោះត្រូវតែសហការណ៍ ផ្ដល់ព័ត៌មាននិងតម្រុយភស្តុតាងទៅឱ្យសមត្ថកិច្ចដើម្បីបំបែកសំណុំរឿងហិង្សាទាំងនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មាន ប្រសាសន៍ថា ការណ៍ដែលជនបង្កហិង្សារស់នៅក្រៅសំណាញ់ច្បាប់គឺជាសញ្ញាមួយដែលបង្ហាញពីនិទណ្ឌភាពឬភាពគ្មានទោសនៅកម្ពុជា។
លោក សែនករុណា មានប្រសាសន៍ថា៖ «ករណីទាំងអស់នេះ នាំឱ្យគេសង្ស័យថា ជាការរៀបចំដោយក្រុមពិសេសណាមួយដែលមានចេតនា បំភ័យមិនឱ្យជនរងគ្រោះចូលរួមសកម្មភាពនយោបាយ»។
លោកបន្ថែមថា៖«សមត្ថកិច្ចកម្ពុជាត្រូវស្វែងរកជនបង្កនិងអ្នកនៅពីក្រោយខ្នងមកដាក់ទោសតាមច្បាប់ឱ្យខាងតែបាន ដើម្បីបង្កើតទំនុករបស់ពលរដ្ឋលើការអនុវត្តច្បាប់នៅកម្ពុជា»។
របាយការណ៍អង្គការសង្គមស៊ីវិល បានឲ្យដឹងថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវរំលាយកាលពីឆ្នាំ២០១៧រួចមក សកម្មជន អ្នកគាំទ្រ និងសមាជិកគណបក្សប្រឆាំង ប្រមាណជិត២០០នាក់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ក្នុងនោះមនុស្សមួយចំនួន បាននិរទេសខ្លួនទៅក្រៅប្រទេស និងអ្នកមួយចំនួនទៀតត្រូវជាប់ពន្ធនាគារ។ តុលាការក្រុងភ្នំពេញកំពុងបន្តនិតិវិធីលើអតីតមេដឹកនាំជាន់ខ្ពស់ សមាជិកបក្ស និងសកម្មជន នៃគណបក្សសង្គ្រោះជាតិ ជាង១៣០នាក់ ជាប់ពាក់ព័ន្ធ ពីបទញុះញង់និងរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ ករណីនេះទាក់ទងទៅនឹងការប៉ុនប៉ងមិនបានជោគជ័យរបស់លោក សម រង្ស៊ី ក្នុងការវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ ២០១៩។
លោក ប្រាក់ សីហា អះអាងថា លោកអាចនឹងរងគ្រោះជាថ្មីទៀតបើសិនជាស្ថានភាពនយោបាយមិនធូរស្រាល។ ទោះជាយ៉ាងណា លោកត្រូវចេញដឹកភ្ញៀវដើម្បីបានចំណូលចិញ្ចឹមគ្រួសារ និងបង់រំលស់ថ្លៃរ៉ឺម៉កកង់បីចំនួន១៤០ដុល្លារ ក្នុងមួយខែ។
លោក សីហា៖ «ខ្ញុំប្រហែលជាត្រូវគេវាយស្លាប់តាមផ្លូវពេលចេញរកស៊ីចិញ្ចឹមកូន ពួកគេមិនជឿថាខ្ញុំឈប់ពាក់ព័ន្ធនឹងនយោបាយនោះទេ បើអ្នកធំៗមិនត្រូវគ្នាយើងច្បាស់ជារស់គ្មានក្ដីសុខឡើយ»៕