សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អតីតមន្ត្រីCNRPអះអាងថា សមត្ថកិច្ចបង្ខំធ្វើកិច្ចសន្យាបញ្ឈប់សម្មភាពគាំទ្រការវិលត្រឡប់ មូរ សុខហួរ

កម្លាំងនគរបាលជិះរថយន្តចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ។ រូបភាព៖ហ្វេសប៊ុកស្នងការដ្ឋានខេត្ត
កម្លាំងនគរបាលជិះរថយន្តចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ។ រូបភាព៖ហ្វេសប៊ុកស្នងការដ្ឋានខេត្ត

អតីតមន្ត្រីមូលដ្ឋាន​នៅតាមបណ្ដាស្រុកនានា​របស់គណបក្សសង្គ្រោះជាតិ​ប្រចាំខេត្តកំពង់ឆ្នាំងត្រូវបានកម្លាំងនគរបាល​ក្នុងខេត្តនេះហៅ​សាកសួរ និងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់សកម្មភាពនយោបាយ និងគាំទ្រការវិលត្រឡប់របស់ លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សប្រឆាំង កាលពីចុងខែធ្នូកន្លងទៅ។

អតីតមន្ត្រីCNRP​ចំនួនប្រាំបីនាក់ ត្រូវបាននគរបាល​ព្រមានថា ពួកគេប្រឈម​នឹងការឃាត់ខ្លួន ប្រសិនបើ​ពួកគេធ្វើសកម្មភាពគាំទ្រ​អតីមេដឹកនាំបក្សប្រឆាំង និង​គាំទ្រ​​គម្រោង​ដំណើរត្រឡប់មកវិញ លោកស្រី មូរ សុខហួរ។ ពួកគេមួយចំនួន​ត្រូវបានលួងលោម​ឲ្យចុះចូលគណបក្ស​ប្រជាជនកម្ពុជា​ផងដែរ​ ប៉ុន្តែ​ពួកគេ​បដិសេធ។

អតីតក្រុមប្រឹក្សា និងជាអតីតសមាជិកប្រតិបត្តិCNRP ស្រុកបរិបូរណ៍ វ័យ៧២ឆ្នាំ ​លោក ហេង ប៊ុនហៀង មានប្រាប់ថា លោកត្រូវបានសាកសួរដោយ​អធិការគរបាលស្រុក កាល​ពីថ្ងៃទី២៣ខែធ្នូ តាមការកោះហៅ។ លោកបន្តថា ក្រុមនគរបាល បាន​គំរាម​ថា​នឹងចាប់​ខ្លួនលោកបើ​សិនជា គាំទ្រលោកសម រង្ស៊ី ឬសកម្មភាព​វិលចូល​ស្រុកវិញ​របស់​ លោកស្រី មូរ​​ សុខហួរ។

លោក ប៊ុនហៀង មានប្រសាសន៍ថា៖ «ខាងប៉ូលីសពីខេត្តតំណាងស្នងការហ្នឹង គាត់ជាអ្នកដឹកនាំសួរចម្លើយខ្ញុំ។ ពួកគេហាមខ្ញុំមិនឱ្យប្រមូលគ្នាបាតុកម្មឬគាំទ្រសកម្មភាពរបស់អ្នកស្រីមួរសុខហួរទេ បើហានធ្វើអីមិនត្រូវគេនឹងចាប់ដាក់គុក»

លោកបញ្ជាក់ថា លោកមិនបានធ្វើសកម្មភាពនយោបាយណាមួយឡើយ ចាប់​តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧មកនោះ។

លោកបន្ថែម៖«ខ្ញុំគិតថា ការកោះហៅព្រមាននេះ ជាការគំរាមកំហែងខ្ញុំ ធ្វើបាបផ្លូវចិត្ត និងរំលោភបំពានសិទ្ធិរបស់ខ្ញុំ ក្នុងនាមជាពលរដ្ឋសាមញ្ញម្នាក់ »

អតីតសមាជិកក្រុមប្រឹក្សាស្រុកនិងជាអតីតសមាជិកប្រតិបត្តិ CNRP ស្រុករលា

​ប្អៀរ វ័យ៦៣ឆ្នាំ លោក មាស ស្រូយ រៀបរាប់ថា លោកបានទៅជួបអធិការ នគរបាលស្រុករលារប្អៀរ កាលពីថ្ងៃទី២១ខែធ្នូ។ លោកថា ក្រុមមន្ត្រីនគរបាល​ទាំងនោះលួងលោមឱ្យរូបលោក ចុះចូលជាមួយគណបក្សកាន់អំណាច​ ប៉ុន្តែលោកបដិសេធ។

លោក ស្រូយ មានប្រសាសន៍ថា៖«ដំបូងហ្នឹងគេសុំឱ្យខ្ញុំចូលធ្វើនយោបាយជាមួយគណបក្សប្រជាជន ! ខ្ញុំតបថាអត់ចង់ធ្វើអីទេចង់រកស៊ីធម្មតារកលុយសងម្ចាស់បំណុល។ បន្ទាប់មកប៉ូលីស ឱ្យធ្វើកិច្ចសន្យាមួយ គេប្រាប់ថា បើខ្ញុំហ៊ានរំលោភកិច្ច​​សន្យានោះគេនឹងចាប់ខ្ញុំ។»

លោក មាស ស្រូយ បន្ថែមថា ទង្វើរបស់សមត្ថកិច្ចមកលើរូបលោកគឺ​ជាគំនាបមួយទៀតលើសតិអារម្មណ៍និងសិទ្ធិរបស់លោក ក្នុងនាមជា​ពល​រដ្ឋ​​​រស់​ក្នុងសង្គម​ប្រជាធិបតេយ្យ។

ខ្លឹមសារកិច្ចសន្យាដែលអតីតមន្ត្រីCNRPផ្ដិតមេដៃចំពោះមុខនគរបាលខេត្ត​កំពង់​ឆ្នាំង​រួមមាន  មិនឲ្យចូលរួមបានកម្មខុសច្បាប់ មិនឲ្យ​កៀងគរកម្លាំងធ្វើបាតុកម្ម មិន​ប្រ​មាថ​ព្រះមហាក្សត្រ​  និងត្រូវគោរច្បាប់រដ្ឋធម្មនុញ្ញ។ល។

អតីតអនុប្រធានCNPR ប្រចាំខេត្តកំពង់ឆ្នាំង ដែលកំពុងនិរទេសខ្លួននៅក្រៅ​ប្រ​ទេស លោក ​ដួង ចន្ត្រា មានប្រសាសន៍ថា លោកបានទទួលព័ត៌មានមកថានគរ​បាលតាមស្រុកនានាក្នុងខេត្តកំពង់ឆ្នាំងបានកោះហៅអតីតមន្ត្រីបក្សប្រឆាំងជាង​១០នាក់ ដើម្បីព្រមាននៅមុនដំណើរត្រឡប់មកប្រទេសវិញរបស់ លោកស្រី មូរ សុខហួរ។

លោក ដួង ចន្ត្រា ៖«ខ្ញុំបានឃើញលិខិតកោះហៅហ្នឹងចំនួន៨ច្បាប់ប៉ុណ្ណោះ តែធាតុពិតមានរហូតដល់ជាង១០នាក់គ្រាន់តែអតីតកូនចៅខ្ញុំមួយចំនួន គាត់អត់ហ៊ានប្រាប់ គេខ្លាចខ្ញុំបញ្ចេញព័ត៌មានអីទេពួកគេមានបញ្ហា។ខ្ញុំយល់ថា ទង្វើនេះជាការគំរាមកំហែងថ្មីមួយទៀត មកលើអ្នកដែលមានជំហរជំទាស់ នឹងCPP»។

លិខិតចេញពីអធិការស្រុកចំនួន៤បានកោះហៅអតីតមន្ត្រីមូលដ្ឋានCNRPចំនួន៨នាក់។ ក្នុងនោះអធិការនគរបាលស្រុកបរិបូរណ៍ កោះហៅមនុស្ស៣នាក់ អធិការនគរបាលស្រុកទឹកផុសកោះហៅមនុស្សម្នាក់ អធិការនគរបាលស្រុកកំពង់លែងកោះហៅមនុស្សម្នាក់ និងអធិការនគរបាលស្រុករលាប្អៀរកោះហៅ​មនុស្ស៣នាក់។ ក្នុងលិខិតបញ្ជាក់ថា ការកោះហៅនេះគឺយោងតាមមតិនិង​បទបញ្ជារបស់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន មានប្រ​សា​សន៍ថា ការកោះហៅប្រជាពលរដ្ឋមកសួរនាំនាពេលកន្លងទៅនេះ ជាការពង្រឹងសន្តិសុខ​ធម្មតាប៉ុណ្ណោះ មិន​មែនជាការដាក់គំនាបឬគំរាមកំហែងលើអ្នកទាំងអស់នោះឡើយ។

លោក អៀរ ប៊ុនធឿន មានប្រសាសន៍ថា៖ «ករណីនេះជាករណីដែលអធិការដ្ឋាននគរបាលតាមស្រុកនានា អធិការនគរបាលគាត់បំពេញតួនាទី សួរនាំស្រាវជ្រាវមុខសញ្ញានានាដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពមូលដ្ឋានប៉ុណ្ណោះ​មិនមែនពាក់ព័ន្ធរឿងនយោ​បាយ​ឬ​ការរំលោភសិទ្ធិអីនោះទេ»។

លោក ប៊ុនធឿន អះអាងថាលោកមិនបានដឹងពីកិច្ចសន្យា​ជាប្រព័ន្ធ ដែលអធិការនគរបាលតាមស្រុកនានា តម្រូវឱ្យអ្នកដែលត្រូវចូលខ្លួនទៅបំភ្លឺផ្ដិតមេដៃចំពោះមុខ​សមត្ថកិច្ចនោះ​ឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត អះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានគោលការណ៍បង្ខិតបង្ខំឬអូសទាញអតីតអ្នកគាំទ្របក្សប្រឆាំងឱ្យចុះចូលនោះទេ។

 លោក សុខ ឥសាន្ត៖ «CPPជាបក្សធំជាងគេដែលមានសមាជិកចំនួនជាង៦លាននាក់ ដូច្នេះយើងមិនត្រូវការបង្ខំឱ្យអ្នកណាចូលបក្សយើងទេ តែទ្វារយើងបើកចំហរទទួលអ្នកភ្ញាក់រលឹកនិងស្ម័គ្រចិត្តចូលរួមនយោបាយ»។

លោក បន្ថែមថា៖ «ការណ៍ដែលចោទថាប៉ូលីសហៅពលរដ្ឋទាំងនោះចូលបក្សCPPនោះជាការមិនពិតឡើយ ខ្ញុំយល់ថាប៉ូលីសនៅកំពង់ឆ្នាំងនោះគាត់ធ្វើការងាររដ្ឋបាលរបស់គាត់ប៉ុណ្ណោះ »

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា សមត្ថកិច្ចអាច​មាន​សិទ្ធិសាកសួរព័ត៌មានជាមួយប្រជាពលរដ្ឋបាន បើសិនណាឃើញ​តម្រុយនៃការប្រព្រឹត្តិបទល្មើស។ប៉ុន្តែលោកមិនអត្ថាធិប្បាយចំពោះករណីកោះ​ហៅអតីតសមាជិកCNRPនៅកំពង់ឆ្នាំងនេះទេ។

នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការធ្វើទុក្ខ​បុក​ម្នេញទៅលើសមាជិកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហាក់មិន​ឃើញ​សញ្ញា​ថយចុះនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបញ្ជាក់ថា ការប្រើតួនាទី អំណាចក្នុងជួររាជការដើម្បីគំរាមកំហែងអ្នកមានជំហរនយោបាយផ្ទុយពីក្រុមខ្លួននោះ​គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោក អំ សំអាត មានប្រសាសន៍ ៖ «បើប្រជាពលរដ្ឋ​គាត់អត់​ធ្វើអី អត់ពាក់ព័ន្ធបទល្មើស​ជាក់​ស្ដែង​អីសោះ គាត់​គ្រាន់​តែ​ធ្លាប់គាំទ្របក្សជំទាស់​ឬអតីត មន្ត្រីបក្សជំទាស់ បែរ​ជាត្រូវហៅសួរនាំ​ចុះឡើង​គឺជាការរំខាននិងបង្ករ​ការភ័យខ្លាច មួយផ្នែកដែរ ហើយនេះចាត់ទុក​ជាការបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋដែរ»។

អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និងក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួន គ្រោងត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី០៤ខែមករាកន្លងទៅ ប៉ុន្តែលោកស្រីបានលើកពេលទៅថ្ងៃទី១៧មករាវិញ ក្រោមហេតុផលជើងហោះហើរប្រែប្រួលទាក់ទងនឹងវិធានការ ការពារជំងឺកូវីដ១៩។

លោកស្រី ជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទជាង១៣០នាក់ផ្សេងទៀត ក្នុង​បទចោទញុះញង់ ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើក​សវ​នាការទ្រង់ទ្រាយធំមិនធ្លាប់មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

អតីតសមាជិក សកម្មជននិងអ្នកគាំទ្រ គណបក្សប្រឆាំងយ៉ាងតិចណាស់ចំនួន២០នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន កាលពីចុងខែធ្នូ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងខេត្តកណ្ដាល ទាក់ទងនឹងបទចោទថា បានគាំទ្រដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ ក្នុងនោះមនុ​ ស្សចំនួន១០នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ និងមនុស្ស១០ផ្សេងទៀតបានធ្វើកិច្ចសន្យា និងដោះលែងវិញ៕

304 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម