យោងតាមមន្ត្រីនគរបាល និងដីកាតុលាការបានឱ្យដឹងថា មន្ត្រីគណបក្សភ្លើងទៀនបួនរូបត្រូវបានចាប់ខ្លួនដែលតាមចោទថា ដោយសារញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត។
យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) បានឱ្យដឹងថា សមាជិកគណបក្សប្រឆាំងចំនួន១៧រូបត្រូវបានពិន័យ និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតយ៉ាងតិច២០ឆ្នាំផងដែរ បន្ទាប់ពីត្រូវបានកាត់ទោសកំបាំងមុខពីបទញុះញង់អ្នកបោះឆ្នោតឱ្យបំផ្លាញសន្លឹកឆ្នោត។
សមាជិកគណបក្សប្រឆាំងរួមមានអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៦រូប គឺលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក ឡុង រី លោក នុត រំដួល លោក ហ៊ូ វ៉ាន់ លោក គង់ សភា លោក អេង ឆៃអ៊ាង និងសកម្មជនចំនួន១១រូបផ្សេងទៀត រួមមាន លោក សេង ម៉េងប៊ុនរ៉ុង និងលោក ឆាម ឆានី នេះបើយោងតាមឯកសារដែលចេញផ្សាយដោយ PEC។
លោក ស៊ីម ដូនី ប្រធានPECមានប្រសាសន៍ថា គណៈកម្មការៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានពិន័យលោក សម រង្ស៊ី អាយុ៧៤ឆ្នាំ ចំនួន២០លានរៀល (៤ ៨៤៥ដុល្លារ) លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល២៥ឆ្នាំ ចំណែកសមាជិកបក្សប្រឆាំងផ្សេងទៀតត្រូវពិន័យ១០លានរៀល (២ ៤២២ដុល្លារ) លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតនិងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈពេល២០ឆ្នាំ។
លោក ស៊ីម ដូនី ប្រធាន PEC បានប្រាប់ខេមបូចាថា៖ «យើងបានជំនុំជម្រះពួកគេដោយកំបាំងមុខ ព្រោះពួកគេទាំងអស់កំពុងរស់នៅបរទេស»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនណា ដែលអំពាវនាវឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា នេះ។
កាលពីថ្ងៃសុក្រ តុលាការបានសម្រេចឃុំខ្លួនមន្ត្រីគណបក្សភ្លើងទៀនពីររូបក្នុងចំណោមបួនរូបដែលត្រូវបានឃាត់ខ្លួន។ មន្ត្រីពីរនោះមានលោក លី រី ជាសមាជិកគណៈកម្មាធិការនាយក និងលោក ប៊ុន ខេត ប្រធានប្រតិបត្តិស្តីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។
លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា អ្នកទាំងពីរឥឡូវត្រូវបានចោទប្រកាន់ពីបទញុះញង់ដោយសារអំពាវនាវឲ្យអ្នកផ្សេង «បំផ្លាញសន្លឹកឆ្នោត» ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។
គណបក្សភ្លើងទៀនក៏បានបង្ហោះសារមួយកាលពីថ្ងៃចន្ទថា លោក អេង ស្រូយ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ និងលោកស្រី វង រុន្នី ប្រធានចលនាស្ត្រីរបស់គណបក្សត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃចន្ទ។
យោងតាមដីការបស់តុលាការដែលផ្សព្វផ្សាយតាម Freshnews សារព័ត៌មានដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ចៅក្រមស៊ើបសួរ យី សុខវួច បានចោទប្រកាន់អ្នកទាំងពីរពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយបង្កចលាចលដល់ការបោះឆ្នោត។
លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានបញ្ជាក់ពីការចាប់ខ្លួននេះ ហើយបានបង្វែរឱ្យខេមបូចាទៅមើលសេចក្តីថ្លែងការណ៍របស់គណបក្សកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានការដោះលែងពួកគេ។
បណ្តាញព័ត៌មានអនឡាញ Freshnews ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបានបង្ហោះវីដេអូមួយកាលពីថ្ងៃចន្ទអំពីការសុំអភ័យទោសរបស់លោក ប៊ុន ខេត ចំពោះលោក ហ៊ុន សែន។
លោក ប៊ុន ខេត បាននិយាយនៅក្នុងវីដេអូឃ្លីបថា៖ «នៅពេលថ្មីៗនេះ ខ្ញុំបានទទួលបញ្ជាពីទណ្ឌិត សម រង្ស៊ី ឱ្យខ្ញុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតសម្រាប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ឲ្យគូសសន្លឹកឆ្នោតខ្វែងចោល»។
មិនមានសញ្ញាណាដែលថា ប៊ុន ខេត ត្រូវបានដោះលែងពីការឃុំឃាំងនោះទេ។ លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានមានប្រសាសន៍ថា លោកមិនដឹងថា តើលោក ប៊ុន ខេត បន្តស្ថិតក្នុងមន្ទីរឃុំឃាំងឬយ៉ាងណានោះទេ។ លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ដោយឡែកនៅខេត្តកំពង់ចាមឯណោះវិញ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តក៏បានពិន័យមន្ត្រីគណបក្សភ្លើងទៀនលោក លី ម៉េងហ័ង ចំនួន១០លានរៀល (២ ៤០០ដុល្លារ) និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល១០ឆ្នាំ នេះបើយោងតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក លី គឹមហៀង សមាជិកគណបក្សភ្លើងទៀនខេត្តកំពង់ចាមបានឱ្យដឹងថា លោក លី ម៉េងហ័ង គឺជាលេខាគណបក្សនៅស្រុកកោះសូទិន។
អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា លោក ម៉េងហ័ង បានបង្ហោះសារកាលពីថ្ងៃទី១ ខែកក្កដា អំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោត ដើម្បី «ផ្តល់យុត្តិធម៌សម្រាប់ខ្លួនយើង និងជនរួមជាតិ» តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Vanrith Ly។
លោក ឈឹម ចាន់ធឿន ប្រធាន PEC ខេត្តកំពង់ចាម បានបញ្ជាក់ពីការដាក់ទណ្ឌកម្មនេះ ប៉ុន្តែបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោក ហង្ស ពុទ្ធា បានបន្ថែមថា គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចពិន័យប្រាក់ពី១០ដល់១៥លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេល១០ឆ្នាំ ប្រឆាំងសមាជិកគណប្សភ្លើងទៀនពីររូបទៀតគឺ អ្នកស្រី ស៊ុន សុភា និងលោក ខឹម មុនីកុសល់ ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តបៃលិន ពីបទធ្វើសកម្មភាពញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ និងធ្វើឱ្យខូចសន្លឹកឆ្នោត។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ មានប្រសាសន៍ថា គ.ជ.ប គួរតែចេញលិខិតព្រមានមុននឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
លោកថ្លែងថា៖ «ជាគោលការណ៍ [ច្បាប់] បានលើកទឹកចិត្តពលរដ្ឋឱ្យទៅបោះឆ្នោត ហើយពួកគាត់គូសសន្លឹកឆ្នោត [បន្ទប់សម្ងាត់] បែបណានោះ វាគឺជាសិទ្ធិរបស់អ្នកបោះឆ្នោត»។
លោក សម រង្ស៊ី ឥស្សរជនគណបក្សប្រឆាំងដែលនិរទេសខ្លួននោះ បានប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថា រដ្ឋាភិបាលដឹងថា ចលនាគូសសន្លឹកឆ្នោតចោល «មានឥទ្ធិពលខ្លាំងហើយគ្រោះថ្នាក់ចំពោះពួកគេ»។
លោកមានប្រសាសន៍ថា៖ «ដោយសារការបោះឆ្នោតធ្វើឡើងដោយសម្ងាត់ វាគ្មានផ្លូវដែលថា ការគូសសន្លឹកឆ្នោតចោល ឬការញុះញង់ឱ្យគូសសន្លឹកឆ្នោតចោលអាចចាត់ទុកជាបទល្មើសនោះទេ។ បណ្តឹងតុលាការប្រឆាំងខ្ញុំ គឺគ្រាន់តែមានគោលបំណងបំភ័យប្រជាពលរដ្ឋប៉ុណ្ណោះ»។
លោក សម រង្ស៊ី បានបន្ថែមថា ការគូសសន្លឹកឆ្នោតចោល គឺជា «សកម្មភាពស្របច្បាប់មួយរបស់អ្នកបោះឆ្នោតដែលគាត់តវ៉ា» ដោយសារអវត្តមានគណបក្សប្រឆាំងខ្លាំងមួយ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបានដកសិទ្ធិមិនឱ្យចូលរួមក្នុងការបោះឆ្នោត។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានឱ្យដឹងតាមរយៈអ៊ីម៉ែលថា វិសោធនកម្មច្បាប់បោះឆ្នោតកំពុងត្រូវបានប្រើប្រាស់ជាអាវុធនយោបាយ ហើយថា «អ្នកបោះឆ្នោតមានសិទ្ធិពេញលេញក្នុងការសម្តែងឆន្ទៈរបស់ខ្លួននៅថ្ងៃបោះឆ្នោត»។
លោកស្រីអះអាងថា គ.ជ.ប ដែលដឹកនាំដោយសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែជាស្ថាប័នឯករាជ្យ ដែលមានភារកិច្ច និងតួនាទីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោកស្រី មូរ សុខហួរ បានបន្ថែមថា៖ «ការគូសសន្លឹកឆ្នោតចោល គឺជាការបដិសេធរបស់អ្នកបោះឆ្នោតចំពោះការបោះឆ្នោតក្លែងក្លាយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four Candlelight Officials Arrested, 17 Opposition Members Fined and Banned From Holding Office for Inciting Spoiled Ballots










