សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋ៤គ្រួសាររងផលប៉ះពាល់គម្រោងប្រឡាយទឹកខេត្តស្វាយរៀង ប្ដឹង​អង្គការសិទ្ធិមនុស្សថា​អាជ្ញាធរប្រើហិង្សា

អាជ្ញាធរកំពុងប្រទូសរ៉ាយគ្នាជាមួយអ្នកស្រី ពេជ សាម៉ុន នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ
អាជ្ញាធរកំពុងប្រទូសរ៉ាយគ្នាជាមួយអ្នកស្រី ពេជ សាម៉ុន នៅភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋ៤គ្រួសារដែលមិនព្រមទទួលយកសំណងបានប្ដឹងទៅសមាគមការពារសិទ្ធិ​មនុស្ស អាដហុក ដោយអះអាងថា រងអំពើហិង្សានិងបៀតបៀនផ្លូវភេទពីអាជ្ញាធរ អំឡុងពេល​ពួក​គាត់​ទៅមើលការឈូសឆាយដីស្រែរបស់គាត់ដែលរងផលប៉ះពាល់ក្នុងគម្រោង​ស្ដារ​ប្រឡាយ​ទឹកនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។

គម្រោងស្តា​រប្រព័ន្ធ​​ប្រឡាយ​ទឹក​កំពង់ជ្រៃ​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រ​សួង​ធនធានទឹក បាន​ប៉ះពាល់​ប្រ​ជា​ពល​រដ្ឋ​១២០​គ្រួសារ​លើ​ផ្ទៃ​ដី​ជាង​៩៩​ហិកតា ក្នុង​ឃុំ​ឈើទាលនិង​ឃុំស្វាយធំ ​ក្នុង​ស្រុក​ស្វាយ​ជ្រំ​។ វិវាទនេះកើតឡើងតាំងពី​ឆ្នាំ២០០៩ តែដោយសារការតវ៉ា​ពីប្រជាពលរដ្ឋទើបត្រូវពន្យាពេល ហើយអីឡូវនេះមាន៤គ្រួសារដែលនៅពុំទាន់ទទួល​យក​សំណងក្នុងតម្លៃ៩០០រៀលក្នុងមួយម៉ែត្រការ៉េ។

អ្នកស្រី ពេជ​ សាម៉ុន នៅភូមិធ្នង់ ឃុំស្វាយធំ និយាយថា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ អាជ្ញាធរ​យកគ្រឿងចក្រទៅឈូសឆាយដីស្រែ៧ហិកតារបស់ពលរដ្ឋ៤គ្រួសារ ដែលមិនព្រម​ទទួល​យក​សំណង។ អ្នកស្រី សាម៉ុន បន្ថែមថា អាជ្ញាធរបីនាក់ចាប់គាត់ដើម្បីយកទូរសព្ទកុំឱ្យថត ដែលបណ្ដាលឱ្យមានការប្រទូសរ៉ាយគ្នាកើតឡើង។

អ្នកស្រី បញ្ជាក់ថា៖ «វា(អាជ្ញាធរ)ថាមើលហោប៉ៅខោវាក្រែងមានទូរសព្ទថត។ ខ្ញុំថាអត់មាន​ទូរសព្ទ​ថតហ្នឹងទេ។ ខ្ញុំថាហែងមកលូកអីប្រដាប់ភេទអញ។ វា(អាជ្ញាធរ)លូកខ្វេះ​ខោខ្ញុំ​ឡើង​រហែកអស់រលីង»

ល្ងាចថ្ងៃកើតហេតុអ្នកស្រី សាម៉ុន បានជូនដំណឹងនេះដោយផ្ទាល់មាត់ទៅកាន់មន្ត្រី​សមាគម​សិទ្ធិមនុស្ស អាដហុក ដែលចុះមកធ្វើកំណត់ហេតុ។ ស្រ្តីវ័យ៥០ឆ្នាំមានកូនពីរ​រូបនេះ ឱ្យដឹងថា មូលហេតុអ្នកស្រីមិនព្រមទទួលសំណងដែលផ្ដល់នេះ ដោយសារមានតម្លៃទាប ពុំអាចយក​ទៅទិញដីស្រែដែលនៅក្បែរនោះបាន ហើយគ្រួសារអ្នកស្រីមានតែដីស្រែជាង១ហិកតា​រង​ផល​ប៉ះពាល់នេះប៉ុណ្ណោះ។ អ្នកស្រី សាម៉ុន បន្តថា ដីស្រែនេះជួយឱ្យធ្វើស្រូវ​ដោយរកប្រាក់​បាន៤លានរៀលក្នុងមួយឆ្នាំ។

អ្នកស្រី សាម៉ុន និយាយថា៖ «ខ្ញុំមានដីប៉ុណ្ណឹង ចិញ្ចឹមជីវិតតកូនចៅទៅជំនាន់ក្រោយ។ ដី​ប៉ុណ្ណឹង​ហើយស៊ីមិនគ្រប់ទៀត។ ក្នុងមួយថ្ងៃគេឱ្យទទួលទានអាហារ៣ពេល។ ខ្ញុំបានតែ​ពីរ​ពេលខ្វះមុខក្រោយនៅមិនគ្រាន់ទៀត។

អ្នកស្រី ប៉ុល សៀ រស់នៅភូមិស្វាយធំ ឃុំស្វាយធំ លើកឡើងថា អ្នកស្រីថ្លោះដៃ​និងរហែក​ខោអាវ​ បន្ទាប់ពីប្រទូសរ៉ាយជាមួយអាជ្ញាធរដែលចង់ចាប់យកទូរសព្ទ។

អ្នកស្រី សៀ និយាយថា៖ «ប៉េអឹមថាចាប់ៗមានណាទូរសព្ទចុចពិល។ មានទូរសព្ទណាថត ខ្ញុំថា អ្នកលូកប្រដាប់ភេទខ្ញុំមិនបានទេ»។

ពលរដ្ឋតវ៉ាស្នើឱ្យថ្នាក់ដឹកនាំជួយរកដំណោះស្រាយ នៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ ​រូបភាពផ្ដល់ឱ្យ

លោក ព្រីង សុគាន់ មន្ត្រីអង្គេតនៃសមាគមអាដហុកប្រចាំខេត្តព្រៃវែង និងស្វាយរៀង ថ្លែងថា លោកពុំមានការឆ្លើយតបទៅនឹងអ្វីដែលពលរដ្ឋអះអាងនោះឡើយ ហើយប្រជាពលរដ្ឋ​ចង់ប្ដឹង​គឺជាសិទ្ធិរបស់ពលរដ្ឋ លោកមានតួនាទីត្រឹមអ្នកឃ្លាំមើលសិទ្ធិមនុស្សប៉ុណ្ណោះ។

លោក សុគាន់ និយាយថា៖ «(ពលរដ្ឋ)គាត់គ្រាន់តែនិយាយប្រាប់យើងទេ ហើយគ្រាន់តែ​និយាយ​ថាលោកគ្រូត្រង់កន្លែងហ្នឹងគេប្រតាយប្រតប់ខ្ញុំតើវាខុសដែរទេ ប៉ះពាល់ផ្លូវភេទ​របស់​គាត់តើវាខុសដែរឬទេ។…សូមឱ្យជួយពួកគាត់ទាក់ទងដីធ្លីនិងអំពើហិង្សាហ្នឹងតើសកម្មភាពហ្នឹងវាម៉េចដែរលោកគ្រូ ខុសកម្រិតណាត្រូវកម្រិតណា។ តែខ្ញុំអត់ហ៊ានឆ្លើយតប​ជាមួយគាត់​យ៉ាង​ម៉េចដែរ»

មន្រ្តីអាដហុកបន្ថែមថា៖ «ខ្ញុំគ្រាន់តែដើរតួនាទីឃ្លាំមើលសកម្មភាពរបស់គាត់ បើសិនជាគាត់​ចេញមុខតតាំងចង់ប្ដឹងផ្ដល់អី អាហ្នឹងជាសិទ្ធិរបស់គាត់ ពួកខ្ញុំក៏គ្នានសិទ្ធិជំរុញ​ឱ្យពួកគាត់​ទៅ​ធ្វើដាក់ពាក្យបណ្ដឹងអីដែរ អាស្រ័យសាមីខ្លួនគាត់ បើគាត់ចង់ប្ដឹងក៏ប្ដឹងទៅពាក់ព័ន្ធនឹងកន្លែង​ហ្នឹងយើងតាមដានបន្តទៀត»

អធិការនគរបាលស្រុកស្វាយជ្រំ លោក សោម សោភ័ណ បដិសេធក្នុងការឆ្លើយសំណួរ ដោយប្រាប់ឱ្យអ្នកសារព័ត៌មានខេមបូចាខលសួរលោកអភិបាលស្រុកវិញ។ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បដិសេធចំពោះការឆ្លើយសំណួរ​អ្នកសារព័ត៌មាន​ជុំវិញការ​ចោទប្រកាន់របស់ពលរដ្ឋ ដោយប្រាប់អ្នកសារព័ត៌មានឱ្យទៅមើលព័ត៌មាន​ដែលផុសនៅ​លើហ្វេសបុកផេករដ្ឋបាលស្រុកស្វាយជ្រំជំនួស។

បើយោងតាមហេ្វសបុកផេករដ្ឋបាលស្រុកស្វាយជ្រំ ឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការ និងក្រុមការងារស្រុកស្វាយជ្រំ សហការជាមួយក្រុមការងារ​អន្តរ​ក្រសួងចុះអនុវត្តវិធានរដ្ឋបាលចំពោះពលរដ្ឋ៤គ្រួសារដែលពុំទទួលយកសំណង ដោយអះ​អាង​ថា ដើម្បីជាផលប្រយោជន៍រួមរបស់​ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ​ដែលទទួលផល​ពីអាង​ទឹកជាង១លានម៉ែត្រគូបស្រោចស្រពជាង​១ម៉ឺនហិកតា។

ពលរដ្ឋតវ៉ាស្នើឱ្យថ្នាក់ដឹកនាំជួយរកដំណោះស្រាយ នៅភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ ​រូបភាពផ្ដល់ឱ្យ

អ្នកស្រី យស សុភ័ណ្ឌ ប្រធានសហគមន៍​សាមគ្គីចេកមាសនៅឃុំឈើទាល ស្រុកស្វាយជ្រំ ឱ្យដឹងថា ប្រជាពលរដ្ឋ៤គ្រួសារដែលពុំទទួលសំណងនេះ ដោយសារតម្លៃទាប​មិនអាច​ទិញ​ដីស្រែក្បែរនោះ ហើយពួកគេមានតែដីស្រែដែលកំពុងរងផលប៉ះពាល់ ដោយខុសពីពលរដ្ឋ​ជាង១០០គ្រួសារទៀតដែលទទួលយកសំណង ព្រោះពួកគេទាំងនោះ​មានដីផ្សេងទៀត​សម្រាប់បង្កបង្កើនផល។

អ្នកស្រី សុភ័ណ្ឌ ឱ្យដឹងទៀតថា កាលពីខែកក្កដា ឆ្នាំ២០២១ នៅពេលអាជ្ញាធរឃុំខ្លួនអ្នកស្រី និងអ្នកស្រី ឥន​ សូត្រ ចំនួន២០ថ្ងៃទាក់ទិននឹងការប្រមូលផ្ដុំគ្នាខុសទៅ​នឹងច្បាប់ស្ដីពីការ​ទប់​ស្កាត់​ជំងឺឆ្លងកាច​សាហាវបណ្ដាលឱ្យពលរដ្ឋជាង១០០គ្រួសារ​ទទួលយក​សំណង​៩០០​រៀល​ក្នុងមួយ​ម៉ែត្រ​ការ៉េ។

អ្នកស្រី បញ្ជាក់ទៀតថា៖ «ដោយសារពួកគាត់(៤គ្រួសារ)គឺអស់រលីងតែម្ដងគាត់សល់តែដីភូមិ​ទេ ដីបង្កបង្កើនផលគឺអស់រលីងម្ដង។ បើសិនជាពួកគាត់ទទួលសំណងហ្នឹង​អត់អាចទៅ​ទិញ​ដី​កន្លែងផ្សេងបានទេសំណងតិចពេក»

លោក ញ៉ិល ភាព មន្រ្តីសម្របសម្រួលនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថ្លែងថា លោក​គ្រាន់តែទទួលដំណឹងថាមានអំពើហិង្សាកើតឡើងលើពលរដ្ឋពុំទទួលយកសំណង ប៉ុន្តែ​លោកពុំដឹងទេថាករណីនេះឈានដល់ការបៀតបៀនផ្លូវភេទ។

មន្រ្តីសមាគមរូបនេះ គូសបញ្ជាក់ថា ពលរដ្ឋរងអំពើហិង្សាទាំងបួននាក់នោះ​ជាសមាជិក​សមាគម​របស់លោក ហើយសមាគមនឹងចាត់វិធានការតាមផ្លូវច្បាប់​បើពិតជា​មាន​ករណី​បៀតបៀនផ្លូវភេទនេះកើតមាន។

លោក ភាព មានប្រសាសន៍ថា៖ «ប្រសិនបើមានករណីការប្រើប្រាស់អំពើហិង្សាលើ​ប្រជាពលរដ្ឋដែលគាត់ជាជនរងគ្រោះបាត់បង់ដីធ្លីដោយសារគម្រោងអភិវឌ្ឍក្នុងការស្ដារ​ប្រឡាយរហូតដល់ការបៀតបៀនកេរ្តិ៍ខ្មាស់។ សមាគមយើងនឹងចាត់វិធានការ​ដាក់ពាក្យ​បណ្ដឹងទៅតាមនិតិវិធីច្បាប់ចំពោះជនដែលប្រព្រឹត្តិបទល្មើសជាក់ស្ដែង ហើយអាជ្ញាធរ​ឬ​ស្ថាប័នពាក់ព័ន្ធនឹងដើម្បីចាប់ជនហ្នឹង យកមកផ្ដន្ទាទោសឬអនុវត្តតាមនិតិវិធីច្បាប់»៕

842 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម