សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រយៈពេលបួនខែបន្ទាប់ពីដាក់ញត្តិទៅរដ្ឋាករទឹកក្រុងភ្នំពេញ អ្នកភូមិនៅតំបន់ផ្លូវរថភ្លើងអំពាវនាវសុំទឹកស្អាតម្តងទៀត

តំណាងសហគមន៍ដីថ្មី ភូមិប៉ប្រកតាមបណ្តោយផ្លូវរថភ្លើង ប្រមូលផ្តុំគ្នានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសាកសួរអំពីការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកទៅសហគមន៍របស់ពួកគាត់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
តំណាងសហគមន៍ដីថ្មី ភូមិប៉ប្រកតាមបណ្តោយផ្លូវរថភ្លើង ប្រមូលផ្តុំគ្នានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសាកសួរអំពីការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកទៅសហគមន៍របស់ពួកគាត់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ប្រជាពលរដ្ឋជិត៥០នាក់មកពីភូមិប៉ប្រក​ខាងជើងបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បន្ទាប់ពីរង់ចាំរយៈពេលបួនខែ នៃការយល់ព្រមពីរដ្ឋាករ​ទឹក​ថានឹងផ្គត់ផ្គង់ទឹក​ទៅ​តំបន់នោះ។ ខណៈប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងភ្នំពេញ នៅតែបន្តរង់ចាំរដ្ឋាករ​ទឹកតភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកស្អាត​នោះ ពួកគាត់និយាយថា ពួកគាត់កំពុង​ដោះ​ស្រាយ​​​បញ្ហាអនាម័យនិងបញ្ហា​សុខភាព ហើយកំពុងជួបការលំបាកក្នុងការចំណាយទិញ​ទឹកពីអ្នក​ផ្គត់ផ្គង់ឯកជន។

 ពល​រដ្ឋ​​រស់នៅ​ក្បែរផ្លូវ​រថភ្លើងម្នាក់​ដែល​​ប្រាប់ត្រឹម​តែ​នាម​ខ្លួនថា ឈ្មោះ​ សុវណ្ណ អាយុ៥៤ឆ្នាំបាន​និយាយថា៖«[រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ] បានសន្យាថា នឹងតភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកសម្រាប់យើង ប៉ុន្តែឥឡូវនេះ យើងមិនបានឮអ្វីទាំងអស់​។ នោះហើយជាមូលហេតុដែលយើងមកទីនេះ។ តើយើងអាចរស់នៅដោយគ្មានទឹកយ៉ាងម៉េច?»។

 នៅខែតុលា ឆ្នាំ២០២៣ អ្នកភូមិបានដាក់ញត្តិទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលនាំឱ្យមានកិច្ច​ប្រជុំពីរសប្តាហ៍បន្ទាប់ ជាមួយចៅសង្កាត់និងតំណាងរដ្ឋាករ​ទឹក។ រដ្ឋាករ​ទឹកបានយល់ព្រមផ្តល់​​ទឹកទៅ​តំបន់នោះ។ ក្រុម​មន្ត្រីបាននិយាយថា អាជ្ញាធរបានសិក្សារួចហើយនូវអ្វីដែលចាំបាច់សម្រាប់តភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកទៅកាន់តំបន់នោះ ហើយតំណាង​សហគមន៍ចំនួនបីនាក់ត្រូវបានជ្រើសរើសឱ្យសហការជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការចែកចាយទឹកស្អាត​ដល់សហគមន៍នេះ​។

 សហគមន៍ទាំងនេះដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើងមិនមានប័ណ្ណកម្មសិទ្ធិដី​ធ្លីនៅក្នុងតំបន់ដែលពួកគាត់​រស់នៅ ដែអាចប្រឈមនឹងការបណ្តេញចេញនៅក្នុងតំបន់នៅពេលមានការអភិវឌ្ឍ​។ ប្រជាពលរដ្ឋនៅភូមិ​ប៉ប្រក​ខាងជើងបានប្រាប់ខេមបូចា​ថា ភូមិនេះ​មិនមានការផ្គត់ផ្គង់ទឹកស្អាតដោយផ្ទាល់ទេ ក្រៅពីអ្នកផ្គត់ផ្គង់ពីឯកជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

នៅឯកិច្ចប្រជុំកាលពីថ្ងៃអង្គារ តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញម្នាក់​ ដែលមិនបាន​​ឆ្លើយតបនៅពេលអ្នកយកព័ត៌មានខេមបូចា​សុំឈ្មោះ​របស់​ខ្លួន​​បាននិយា​​យថា អ្នកភូមិនឹងមានទឹកស្អាតប្រើប្រាស់មុនខែមេសា។

 លោកនិយាយ​ថា រដ្ឋា​ករ​ទឹក​​ត្រូវ​ធ្វើ​តាម​នីតិវិធី ដើម្បី​ឲ្យ​ស្រប​ទៅ​​តាម​ច្បាប់ រួម​ទាំង​​ការ​រៀបចំ​ឯកសារនិង​លក្ខខណ្ឌ​ចាំបាច់មុន​នឹង​អាច​ផ្គត់ផ្គង់​ទឹក​ទៅ​​តំបន់​នោះ​​បាន​។​

 ជំហានបន្ទាប់ក្នុងដំណើរការនេះ គឺការរៀប​ចំ​កិច្ចសន្យាឲ្យ​បាន​រួច​រាល់​រវាងតំ​ណាង​សហគមន៍ និងរដ្ឋាករ​ទឹក ដែលលោកនិយាយថា ជិតរួចរាល់ហើយ។ លោកពន្យល់ថា​ គម្រោងនេះទាមទារឲ្យ​មាន​ការសិក្សាជាក់លាក់ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ ដោយសារមានការរឹតត្បិត​ខាង​ផ្លូវច្បាប់លើការជីកដីសម្រាប់ដាក់បំពង់ទឹកនៅជិតផ្លូវរថភ្លើង។

 តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាននិយាយថា ប្រជាពលរដ្ឋ«នៅតែមិនជឿ​យើង» ទាក់ទងនឹងការងាររបស់រដ្ឋាករ​ទឹក ដើម្បី​ផ្គត់ផ្គង់ទឹកដល់ភូមិ ទោះបី​ជា​បានជួបជាមួយអ្នកភូមិ និងធ្វើការសិក្សាអំពីតំបន់នោះហើយក៏ដោយ។

 អ្នកស្រី ជ័យ គន្ធី អ្នក​ភូមិ​ប៉ប្រក​បាន​ឆ្លើយ​តប​ថា៖«យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ជឿ​លោក​ ប៉ុន្តែ​វា​យូរ​ពេក ហើយ​មិន​យូរ​ប៉ុន្មាន ​យើង​នឹង​ខ្វះ​ទឹក [នៅ​រដូវប្រាំង]។ ការរង់ចាំរបស់យើង គឺយូរពេក»។

តំណាង​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្ថែមថា អ្នកភូមិគួរតែជឿជាក់លើព័ត៌មានពីតំណាងសហគមន៍ដែលត្រូវ​បានជ្រើសរើស ជាជាងអ្នកសារព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពនៃការផ្គត់ផ្គង់ទឹក។

 លោក​និយាយ​​ថា​៖ «នៅ​ពេល​សម្ពាធ​ទឹក​ខ្សោយ បងប្អូន​​ប្រាប់​អ្នក​កាសែត​ពេល​យើង​ជួយ​អ្នក​រួច​ហើយ។ ប្រសិនបើបងប្អូន​មិនជឿពួកគាត់​ [តំណាងសហគមន៍] ខ្ញុំមិនដឹងថា បងប្អូន​ជឿអ្នកណាទេ។ ជឿ​អ្នក​កាសែត ប៉ុន្តែ​អ្នក​កាសែត​គ្មាន​ទឹក​ឲ្យ​បងប្អូន​​ទេ»។

តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជួបជាមួយអ្នកភូមិសហគមន៍ដីថ្មី ដើម្បីពិភាក្សាអំពីការតភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកទៅ​សហគមន៍នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា​/សុវណ្ណ ស្រីពេជ្រ)​

 លោក សោម សុវណ្ណ ប្រធាននាយកដ្ឋាន​​​អាជីវកម្មនៅ​រដ្ឋាករទឹកស្វយ័ត​ភ្នំពេញ​ បញ្ជាក់​ថា អ្នក​ភូមិ​នឹង​ទទួល​បាន​ទឹកស្អាត​​មុន​ខែ​មេសា ព្រោះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធ្វើ​​កិច្ចសន្យា​ស្រប​ច្បាប់។

 លោក សោម សុវណ្ណ មាន​ប្រសាសន៍ថា៖«យើង​ចង់​តភ្ជាប់​ទឹក​នៅ​ពេល​ណា​ក៏​បាន​​។ រឿងសំខាន់គឺ​យើងត្រូវយល់ព្រមលើកិច្ចសន្យានេះ ដូច​ដែល​បុគ្គលិករបស់​យើងបានត្រៀមរួចរាល់»។

 ជារៀងរាល់ឆ្នាំ អំឡុង​រដូវប្រាំង ប្រជាពលរដ្ឋដែលរស់នៅជាយក្រុងភ្នំពេញ និងតំបន់មួយចំនួនក្នុងទីក្រុងតែងតែខ្វះទឹកប្រើប្រាស់ក្នុងរយៈពេលខ្លី។ រដ្ឋាករ​​ទឹក​បាន​​អះអាង​ថា បញ្ហា​ទាំង​នេះ​ គឺ​ដោយសារ​កំណើន​ប្រជាជន និង​ការ​អភិវឌ្ឍ។

 រដ្ឋាភិបាលបានសន្យាម្តងហើយម្តងទៀតក្នុងការផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជា​​ទាំងអស់នៅត្រឹម​ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញកាល​ពីខែមីនា ឆ្នាំ២០២៣ អះអាងថា នៅឆ្នាំ២០២៤ ប្រជាពលរដ្ឋរាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់។

 លោកស្រី ទៀប វណ្ណ​រឿង ចៅសង្កាត់​កាកាប១ ដែល​ក្នុង​នោះ​មាន​ទាំងភូមិប៉ប្រក​ផងដែរ​មានប្រសាសន៍ថា លោកស្រីមិនបានទទួលព័ត៌មានថ្មីបន្ថែមអំពីការផ្គត់ផ្គង់ទឹកស្អាត​ទេ ចាប់តាំងពីអ្នកភូមិបានជួបជាមួយរដ្ឋាករ​ទឹកកាលពីខែតុលា​។ លោកស្រីបានបន្ថែមថា ប្រជាពលរដ្ឋចំនួន៨៨គ្រួសារដែលមាន​តំណាងចូល​រួម​កាលពីថ្ងៃអង្គារ កំពុងរស់នៅក្នុងតំបន់មិនទាន់រៀបរយ ដែលរដ្ឋាបាលរាជធានី​​ភ្នំពេញគ្រោងនឹងអភិវឌ្ឍ។

 លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានប្រាប់ខេមបូចាថា ការអភិវឌ្ឍគម្រោងផ្លូវដែក គឺ​ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ហើយក្រសួងនេះនឹងអញ្ជើញរដ្ឋបាលរាជធានីភ្នំពេញ«ចូលរួមកិច្ចប្រជុំ» ប្រសិនបើគម្រោងនេះប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 អ្នកភូមិឈ្មោះ សុវណ្ណ បានជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ដោយនិយាយថា ដោយ​សារតែបែបនេះ ធ្វើ​ឲ្យ​សុខភាពប្តីរ​បស់​អ្នក​ស្រី​មាន​បញ្ហា​ មុនពេលគាត់ស្លាប់នៅក្នុង​ឆ្នាំ២០២១។ អ្នកស្រី​បន្ថែម​ថា អាកាសធាតុ​នៅ​ឆ្នាំ​នេះ​ក្តៅ ហើយ​តម្លៃ​ទឹក​ឯកជន​ថ្លៃ។ អ្នកស្រី​ចំណាយ​១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ប្រហែល​​២៤​ដុល្លារ​ ដើម្បី​ទិញ​ទឹក​​ប្រើប្រាស់​ពី​អ្នក​​ផ្គត់ផ្គង់ទឹក​​ឯកជន។អ្នក​ស្រី សុវណ្ណ ដែលរស់នៅតំបន់នោះ​តាំងពីឆ្នាំ២០០៣មកបាន​និយាយថា៖«ខ្ញុំមានចៅៗ។ ទឹកមានសារៈសំខាន់ណាស់ អត់មានភ្លើងអគ្គិសនី​ពីរបីថ្ងៃមិនអីទេ​ ប៉ុន្តែស្រមៃមើល បើយើង​អត់មានទឹកមួយថ្ងៃ»។

សហគមន៍ដីថ្មី តាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌពោធិ៍សែនជ័យ រាជ​ធានីភ្នំពេញ ទី​ដែលអ្នកភូមិអំពាវនាវឲ្យមានការផ្គត់ផ្គង់ទឹកស្អាត នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

 អ្នកភូមិម្នាក់ទៀតឈ្មោះ សែម រដ្ឋា អាយុ៥៨ឆ្នាំបានប្រាប់ខេមបូចា​ថា អ្នក​ស្រី សប្បាយចិត្តដែលបានឮ អំឡុង​កិច្ចប្រជុំកាលពីថ្ងៃអង្គារថា គ្រួសាររបស់អ្នក​ស្រី​នឹងមានទឹកស្អាតប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។

 អ្នក​ស្រី​និយាយ​ថា​៖«ពេល​ខ្ញុំ​ឮ​ថា​ យើង​នឹង​មាន​ទឹក​មុន​ខែ​មេសា ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ​ព្រោះ​ខ្ញុំ​បាន​ប្រើ​ទឹក​ពី​អ្នក​ផ្គត់ផ្គង់​ឯកជន​ជិត​៣០​ឆ្នាំ​មក​ហើយ។ វា​ពិបាក​ណាស់​នៅ​ពេល​​យើង​ជា​គ្រួសារ​ធំ​មាន​កូន​តូចៗ​ដែល​ត្រូវ​ការ​ទឹក»។

 អ្នកស្រី សែម រដ្ឋា បានបន្ថែមថា ការទិញ​ទឹកពីអ្នកផ្គត់ផ្គង់ឯកជនមានតម្លៃថ្លៃ ហើយ​គ្រួសាររបស់អ្នកស្រី​ជារឿយៗមិនមានលទ្ធភាពទិញ​ទឹក​បាន​គ្រប់គ្រាន់សម្រាប់តម្រូវការទេ​។ ដើម្បីប្រើ​ប្រាស់​ទឹកឲ្យ​បាន​យូរ​ គ្រួសាររបស់អ្នក​ស្រី​បានរក្សាទុកទឹកដែលសល់​ពីការបោកគក់ និងលាងបន្លែយកទៅប្រើប្រាស់ម្តងទៀត​នៅក្នុងបន្ទប់​ទឹក​។ អ្នកស្រី​និយាយថា សម្ពាធ​ទឹក​ដែល​ទិញ​ពី​អ្នក​ផ្គត់ផ្គង់​ឯកជន​ក៏​ចេញ​ខ្សោយ​​ដែរ។

 លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍និងសន្តិភាពជាអង្គការ​ក្រៅរដ្ឋាភិបាល​មានប្រសាសន៍ថា រដ្ឋាភិបាលមានកាតព្វកិច្ចផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ មិនថាពួកគាត់​រស់នៅទីណានោះទេ។ ប្រសិន​បើរដ្ឋាភិបាលខកខានក្នុងការផ្តល់សេវាមូលដ្ឋានដូចជាទឹកស្អាត វានឹងប៉ះពាល់ដល់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។

 លោកបានមានប្រសាសន៍ថា៖«ទោះបីជាពួកគាត់​កំពុង​រស់នៅក្នុងតំបន់អនា​ធិបតេយ្យ​ក៏ដោយ ពួកគាត់​សមនឹងទទួលបានសេវាទាំងនោះដោយស្វ័យប្រវត្តិ។ នៅពេលណា​ដែលពួកគេមិនបានទទួលសេវាទាំង​នោះ​ ពួកគាត់​ក្លាយជាជនរងគ្រោះ ហើយរដ្ឋាភិបាលគួរឆ្លើយតបចំពោះបញ្ហានេះ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Four Months After Petitioning Water Authority, Railway Villagers Again Call for Clean Water

339 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម