សកម្មជនបរិស្ថានមាតាធម្មជាតិចំនួនបួននាក់ក្នុងចំណោម១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២ ខែកក្កដា ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង១០នាក់ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកាលពីឆ្នាំ២០២១។ សកម្មជនបួននាក់រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី និង កញ្ញា ឡុង គន្ធា ត្រូវបានចាប់ខ្លួនភ្លាមៗនៅខាងក្រៅតុលាការ ក្រោយពីប្រកាសសាលក្រម។ ជនជាប់ចោទបីនាក់ រួមមាន លោក Alex Gonzalez-Davidson សហស្ថាបនិកអង្គការមាតាធម្មជាតិ, យឹម លាងហ៊ី និងស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ចំណែក ប្រាំពីរនាក់ទៀតត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួនប្រាំមួយឆ្នាំ ពីបទរួមគំនិតក្បត់ ប៉ុន្តែមិនតម្រូវបង់ប្រាក់ពិនិន័យនោះទេ ៕