លោក តាន់ គឹមសួរ និងក្រុមអ្នកស្រលាញ់បរិស្ថានជំរុញឱ្យសមត្ថកិច្ចវែកមុខជនល្មើសដែលលួចដុតម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងនៅភ្នំឱរ៉ាល់ ដោយសង្ស័យថាការលួចដុតនេះជាស្នាដៃរបស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងពួកគាត់ កុំឱ្យឈឺឆ្អាលនឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។
លោក តាន់ គឹមសួរ ដែលគេស្គាល់ថាជាបុគ្គលសកម្មមួយរូបលើការងារបរិស្ថាន និងសង្គម បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅថ្មីៗនេះ លោក និងក្រុមយុវជនចំនួន៧នាក់ផ្សេងទៀត បានឡើងទៅលើភ្នំឱរ៉ាល់ ដើម្បីមើលទេសភាព និងផ្តិតយករូបភាពមួយចំនួន ដោយទុកម៉ូតូចំនួន៧គ្រឿងនៅជើងភ្នំ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រំលងបានមួយយប់ ពោលគឺពេលត្រឡប់មកវិញនៅថ្ងៃទី៦ ខែមេសាដដែល លោកបានឱ្យដឹងថា ម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងត្រូវបានជនល្មើសលួចដុតកម្ទេចរហូតសល់តែគ្រោងដែក។ លោកបន្ថែមថា ការដែលម៉ូតូទាំង៤គ្រឿងនេះត្រូវបានលួចដុតកម្ទេចចោល គឺក្រោយពេលដែលយុវជនមួយចំនួនបានធ្វើដំណើរដោយម៉ូតូ៣គ្រឿងទៅមុន បើពុំដូច្នេះទេ ម៉ូតូទាំង៧គ្រឿងនោះនឹងត្រូវឆេះខ្ទេចដូចគ្នាពុំខាន។
លោក គឹមសួរ យល់ថាការលួចដុតមធ្យោបាយធ្វើដំណើររបស់ក្រុមយុវជនដែលស្រលាញ់បរិស្ថាននេះ គឺកើតឡើងពីការគុំគួន និងដើម្បីគំរាមកំហែងដល់យុវជនឱ្យមានការភ័យខ្លាចក្នុងការចូលទៅតំបន់នោះ ពីសំណាក់អ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ ដែលមិនសប្បាយចិត្តនឹងការងារអភិរក្សរបស់ពួកគាត់។ យ៉ាងណា លោកក៏បានដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ឱ្យស៊ើបអង្កេតករណីនេះដែរ។
លោកថ្លែងថា៖ «នេះគឺជាគំនុំ។ នេះគឺជាការគំរាម។ នេះគឺជាការបំបាក់ស្មារតីពួកយើងកុំឱ្យទៅរំខានពួកគាត់នៅតំបន់ហ្នឹងទៀត។ ពួកគាត់ហ្នឹងគឺជាឧក្រិដ្ឋជនព្រៃឈើ ដែលកំពុងតែធ្វើសកម្មភាពនៅទីនោះតែម្តង»។
លោកបន្ថែមថា៖ «បើសិនជារឿងរ៉ាវទាំងអស់នេះ មិនអាចវែកមុខជនល្មើសបានទេ គិតថាវានឹងអាចរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងទៅដល់យុវជនមួយចំនួនទៀត ដែលគាត់តែងតែងបង្ហាញការខ្វាយខ្វល់ពីធនធានធម្មជាតិ»។
បើតាម លោក គឹមសួរ នេះមិនមែនជាលើកទី១ទេ ដែលក្រុមការងារអភិរក្សរបស់លោកត្រូវរងការគំរាមកំហែងបែបនេះ ដោយថាលោកក៏ធ្លាប់ត្រូវបានក្រុមឧក្រិដ្ឋជនព្រៃឈើគំរាមចាក់នឹងកាំបិតដែរ។ មិនតែប៉ុណ្ណោះ សមាជិកក្រុមរបស់ពួកគាត់មួយចំនួនរស់នៅតំបន់នោះក៏ត្រូវបានគេគំរាមដុតផ្ទះចោល ឬគប់ដុំថ្មពេលធ្វើដំណើរតាមផ្លូវជាដើម។
លោកឱ្យដឹងថា៖ «ពេលខ្លះគាត់ទទួលបានការគំរាមកំហែង គេចង់រកដុតផ្ទះរបស់គាត់។ ទទួលរងការគំរាមកំហែង គេចង់គប់ដុំថ្មទៅគាត់នៅពេលគាត់ជិះកាត់ភូមិម្តងៗ គឺគាត់ទទួលបានការគំរាមកំហែងជាច្រើន។ ប៉ុន្តែដោយសារឆន្ទៈគាត់មុះមុត គាត់មិនឈប់ពីការងារត្រឹមហ្នឹងទេ គាត់នៅតែបន្ត»។
ទោះបីជាបែបនេះក្តី ប៉ុន្តែលោកថាការគំរាមកំហែងក្នុងរូបភាពផ្សេងៗមិនអាចបំបាក់ស្មារតីរបស់ក្រុមយុវជន និងក្រុមអ្នកតាភ្នំ ដែលជាក្រុមមួយបង្កើតឡើង ដើម្បីការពារព្រៃឈើនៅភ្នំឱរ៉ាល់បានឡើយ ដោយថាមានតែធ្វើឱ្យពួកគាត់កាន់តែមានថាមពលខ្លាំង។ យ៉ាងណា លោកក៏ស្នើឱ្យមហាជនដែលមានធនធានចូលរួមជួយឧបត្ថម្ភថវិកាទិញម៉ូតូឱ្យក្រុមយុវជនរបស់លោកវិញ ដើម្បីបន្តបម្រើសកម្មភាពការពារព្រៃឈើនៅតំបន់នោះ។
យុវជនវ័យ២៤ឆ្នាំជាសមាជិកអភិរក្ស«អ្នកតាភ្នំ»ម្នាក់ ដែលត្រូវបានជនល្មើសលួចដុតម៉ូតូម៉ាកHONDA WAVE លោក ខ្លោង ឆន បង្ហាញការសោកស្តាយដែលឃើញសកម្មភាពនេះកើតឡើង ដោយចាត់ទុកថាជាការគំរាមមិនចង់ឱ្យក្រុមអ្នកអភិរក្សចូលទៅតំបន់នោះ ខណៈលោកក៏ធ្លាប់រងការគំរាមកំហែងច្រើនរូបភាពដែរ។
លោករៀបរាប់ថា៖ «ជាការគំរាមកំហែង ប្រហែលជាអត់ចង់ឱ្យយុវជនយើងចូលទៅកន្លែងគាត់ទៀត[..]ខ្ញុំដើរដំបូងឡើយ មានគេគំរាមថាចង់ដុតផ្ទះចោល ហើយនិងមានគេចង់គប់យើង ឬក៏គំរាមថាបើដើរទៀត ឃើញមុខកន្លែងណា គេរករឿងកន្លែងហ្នឹង»។
ទោះបីជាបែបនេះក្តី ប៉ុន្តែយុវជនដែលបានផ្លាស់ប្តូរពីអ្នកកាប់ព្រៃឈើមកជាអ្នកការពារព្រៃឈើរូបនេះ ថា មិនមានក្តីបារម្ភពេកនោះទេ ព្រោះលោកថាប្រសិនបើរុញរាការងារមួយនេះ មានន័យថាលោកក៏កំពុងចូលរួមបំផ្លាញព្រៃឈើដូចកាលលោកនៅជាអ្នកកាប់បំផ្លាញដែរ។
យុវជនដដែល ចង់ឃើញស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងគាំទ្រសកម្មភាពរបស់ពួកគាត់ ដើម្បីធានាថាពួកគាត់មិនប្រឈមហានិភ័យពីជនល្មើស។ បន្ថែមលើនេះ លោកក៏ជំរុញឱ្យស្ថាប័នទទួលពាក្យបណ្តឹងខាងលើវែកមុខជនល្មើសឱ្យបាន ដើម្បីដោះស្រាយ និងផ្តល់សំណងជូនពួកគាត់ដែលកំពុងខ្វះខាត។
មន្ត្រីសម្របសម្រួលផ្នែកធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក ប៉ាង ស៊ីវុត្ថា ចាត់ទុកថា ជាការគំរាមកំហែងដល់ក្រុមយុវជន ព្រោះពួកគាត់ឡើងភ្នំឱរ៉ាល់ដើម្បីស្រាវជ្រាវទាក់ទិននឹងធនធានធម្មជាតិនៅតំបន់នោះ។
លោកថ្លែងថា៖ «បើសិនជាដូចគាត់លើកឡើងមែន ជាបញ្ហានៃការគំរាមកំហែងហើយ ព្រោះថាគាត់ប្រាប់ថាគាត់ឡើងទៅដើម្បីស្រាវជ្រាវ និងប្រមូលព័ត៌មានទាក់ទងនឹងព្រៃធម្មជាតិហ្នឹង»។
ចំណែកមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក អូត ឡាទីន ក៏យល់ឃើញស្រដៀងគ្នានេះដែរ ដោយថា ក្រុមអ្នកប្រព្រឹត្តបទល្មើសព្រៃឈើមិនដែលត្រេកអរនឹងវត្តមានរបស់ក្រុមអ្នកការពារធនធានធម្មជាតិឡើយ។
លោកបន្តថា ករណីដុតបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមយុវជនការពារធនធានធម្មជាតិនេះ គឺជាការគំរាមកំហែងមួយ ដែលបានជះឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋ និងប្រជាសហគមន៍នៅតាមមូលដ្ឋានដែលស្រលាញ់ធនធានធម្មជាតិ ឱ្យមានអារម្មណ៍ភ័យខ្លាចក្នុងការចូលរួមអភិរក្ស។
លោកថ្លែងថា៖ «បញ្ហានេះវាអាចជាសារផ្តល់ទៅដល់ប្រជាពលរដ្ឋ ឬក៏សកម្មជននៅក្នុងតំបន់ផ្សេងដែរ ឱ្យមានការខ្លាចរអា ហើយអាចប៉ះពាល់ដល់សតិអារម្មណ៍នៅក្នុងការចូលរួមការពារធនធានធម្មជាតិ»។
លោក ឡាទីន ជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធពន្លឿនការស្រាវជ្រាវរកជនល្មើស និងអនុវត្តច្បាប់ដោយគ្មានការលើកលែង ដោយថាប្រសិនបើមិនវែកមុខជនល្មើសទេ នោះអ្នកការពារនឹងថយចុះ ហើយអ្នកប្រព្រឹត្តបទល្មើសនឹងកើនឡើង។ លោកថាពេលនោះព្រៃឈើ និងធនធានធម្មជាតិនឹងកាន់តែរងការបំផ្លាញ។
លោកសង្កត់ធ្ងន់ថា៖ «បើសិនជាយើងរកមិនឃើញអ្នកដែលប្រព្រឹត្តិបទល្មើសនេះ ហើយយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ទេ បញ្ហានេះវានឹងរីករាលដាលទៅជាបញ្ហាផ្សេងទៀត ដែលមិនអាចផ្តល់ផលល្អដល់ធនធានធម្មជាតិនៅក្នុងប្រទេសខ្មែរទេ។ ជាពិសេសចលនាក្នុងការប្រព្រឹត្តកំហុសហើយរួចខ្លួន ដែលមិនមានការស៊ើប និងចាប់យកមកធ្វើការដាក់ទោសទណ្ឌតាមផ្លូវច្បាប់ហ្នឹងឯង ដែលវាធ្វើឱ្យបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិរបស់យើងកាន់តែថមថយ»។
ខេមបូចា មិនទាន់អាចសុំការបញ្ជាក់ពីមេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ លោក សោម ពុទ្ធតារា ស្របតាមការដាក់ពាក្យបណ្តឹងរបស់ក្រុមយុវជនបាននៅឡើយទេ ដោយថាលោកជាប់ប្រជុំ។
ដោយឡែក អធិការនគរបាលស្រុកឱរ៉ាល់ លោក ប៊ុត ប៊ុនធឿន បានឱ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវលើករណីនេះ ប៉ុន្តែលោកមិនអាចរៀបរាប់លម្អិតបានឡើយ ដោយថាកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។
លោកថ្លែងថា៖ «កំពុងធ្វើការស្រាវជ្រាវ ទៅផ្សាយព័ត៌មានក៏អត់ទាន់បានដែរ ព្រោះដោយសារតែយើងកំពុងស្រាវជ្រាវ»។
ក្រសួងបរិស្ថានតាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រសួងបាន និងកំពុងបន្តសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវ រាល់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិ។ មិនតែប៉ុណ្ណោះ ក្រសួងក៏ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការពារតំបន់ធម្មជាតិឱ្យបាន១០០ភាគរយ និងបញ្ឈប់ការធ្វើកិច្ចសន្យាដោះលែងជនប្រព្រឹត្តបទល្មើស។
របាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា រយៈពេល៧ថ្ងៃ អំឡុងពេលចូលឆ្នាំខ្មែរនៃឆ្នាំ២០២៣ ជាពេលដែលពលរដ្ឋកម្ពុជាឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំ ទំហំនៃការបាត់បង់ព្រៃឈើដោយសារបទល្មើសនេះ មានទំហំជិត១០ម៉ឺនករណី(៩៥,៤៧៨ ករណី)ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណ១១៥ហិកតារ។ តួលេខនេះ តាមរយៈការរកឃើញដោយប្រព័ន្ធជូនដំណឹង។
ដោយឡែកបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) និងសាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃប្រទេសដាណឺម៉ាក (Denmark) កាលពីខែមករា ឆ្នាំ២០២២ បានរកឃើញដែរថា កម្ពុជាកំពុងបាត់បង់គម្របព្រៃឈើជិត២លាន៥សែនហិកតា ក្នុងចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២០ ដែលស្មើនឹងប្រមាណ២៨ភាគរយនៃគម្របព្រៃឈើសរុបគិតចាប់តាំងពីឆ្នាំ២០០០មក៕