កូដករណាហ្គាវើលដ៍៤នាក់ ដែលត្រូវបានរងការចោទប្រកាន់ថារារាំងវិធានការសុខាភិបាល បានចូលខ្លួនបំភ្លឺតាមដីកាបស់ព្រះរាជអាជ្ញារងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅស្នងការនគរបាលរាជធានីភ្នំពេញ ខណៈមន្រ្តីប៉ូលិសដែលចេញមកជួបកូដករបានប្រាប់ថា សំណុំរឿងពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅដល់តុលាការហើយ។
បើតាមមន្រ្តីនៅស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់មកកូដករថា សំណុំរឿងពួកគេបានទៅដល់ដៃតុលាការហើយ។ ដោយឡែក អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញមិនអាចសុំការអត្ថាធិប្បាយបានឡើយ។
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ដូចគ្នានឹងមន្រ្តីនៅស្នងការក្រុងថា សំណុំរឿងកូដករទាំង៤នាក់ គឺបានទៅដល់ដៃតុលាការហើយ រួចក៏ចុចទូរសព្ទបិទបាត់ទៅ ដោយលោកមិនបានប្រាប់ថា កូដករទាំង៤នោះ ត្រូវបានចោទប្រកាន់ជាបឋមពីបទអ្វីនៅឡើយ។
លោកថ្លែងយ៉ាងខ្លីថា៖ «សូមជម្រាបប្អូនថា សំណុំរឿងរបស់កូដករណាហ្គាវើលដ៍ទាំង៤នាក់ គឹបានទៅដល់ដៃតុលាការហើយ ហើយស្ថិតក្នុងនិតិវិធីនៃចៅក្រមស៊ើបសួរ»។
ចំណែកមេធាវីការពារក្ដីឱ្យកូដករទាំង៤នាក់ គឺលោកស្រី សាម សុគន្ធា នៅថ្ងៃទី១៨ ខែកុម្ភៈនេះ កូដករទាំង៤នាក់ដែលព្រះរាជអាជ្ញាបានចោទ បានមកបង្ហាញខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញហើយ តែនៅពេលមកដល់ មន្ត្រីស្នងការនគរបាលក្រុងប្រមាណ៣ ទៅ៤នាក់ បានប្រាប់ថា សំណុំរឿងកូដករទាំង៤នាក់នេះ បានទៅដល់ដៃតុលាការហើយ។
លោកស្រីមេធាវី បានប្រាប់ឱ្យដឹងថា៖ «រឿងនេះបានទៅដល់តុលាការក្រុងភ្នំពេញហើយ ចឹងក្នុងនាមខ្ញុំជាមេធាវីការពារ ខ្ញុំនឹងទៅដាក់ពាក្យនៅតុលាការក្រុងដែរ ប៉ុន្តែសម្រាប់រឿងនេះ ខ្ញុំយល់ថាប្អូន[កូដករទាំង៤នាក់] គួរតែចាំមានដីកាកោះហៅពីតុលាការ ដោយសារតែមិញខ្ញុំក៏បានស្នើសំឱ្យលោកប៉ូលិសជួយចារនៅលើហ្នឹង[ដីកាបញ្ជារឱ្យចូលខ្លួន] ថាប្អូនបានចូលមកមែន ប្អូនមិនមែនរត់គេចទេ»។
លោកស្រីមេធាវីបញ្ជាក់ថា កូដករទាំង៤នាក់ ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ គួរតែចាំនដីកាពីតុលាការ ហើយក្នុងករណីមានដីកាពីតុលាការហើយ កូដករគួរប្រាប់មកខាងមេធាវី ដើម្បីឱ្យមេធាវីទៅការពារក្ដីតាមអ្វីដែលក្រុមកូដករស្នើសុំ។
ជាមួយគ្នានេះដែរ កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា ជាកូដករមួយរូបក្នុងចំណោម៤នាក់ ដែលត្រូវបានរងការចោទប្រកាន់ពីព្រះរាជអាជ្ញារងនៃសាលាដំបូងក្រុង បានឱ្យដឹងថា រូបនាងមកបង្ហាញខ្លួននៅស្នងការរាជធានីភ្នំពេញ តាមដីកាកោះហៅ ហើយនាងពិតជាមិនដឹងថាមានកំហុសដោយរបៀបណាទេ ខណៈនៅថ្ងៃទី៥កុម្ភៈកន្លងទៅ កូដករទាំងអស់ក៏ដូចជារូបនាងបានទៅធ្វើសំណាកតាមការណែនាំរបស់ក្រសួងសុខាភិបាលហើយ តែបែរជាត្រូវចោទថាបានរារាំងនឹងវិធានការសុខាភិបាលទៅវិញ។
កញ្ញា សុភ័ក្រម៉ូលីកា បានប្រាប់ថា៖ «ខ្ញុំអត់បានខុសនឹងវិធានការសុខាភិបាលណាមួយទេ ដូច្នេះហើយខ្ញុំអត់ខ្លាចដើរបំភ្លឺទេ ព្រោះពួកខ្ញុំអត់បានធ្វើអីខុស ពួកខ្ញុំបានទៅផ្ដល់សំណាកតាមលិខិតក្រសួងសុខាភិបាល និងធ្វើចត្តាឡីស័កចំនួន១០ថ្ងៃខុសពីពលរដ្ឋធម្មតា ក៏ពួកយើងព្រមធ្វើតាមទៀត»។
កូដកររូបនេះបន្ថែមថា ដរាបណាដំណោះស្រាយសម្រាប់កម្មករទាំងអស់មិនទាន់មាន ពួកគេនៅតែបន្តធ្វើកូដកម្ម។ សម្រាប់ករណីនេះ កញ្ញាបានប្រាប់ទៀតថា រូបនាងនឹងចូលទៅបំភ្លឺនៅតុលាការ នៅពេលដែលតុលាការចេញដីកាកោះហៅជាផ្លូវការ។
ចំណែក អ្នកស្រី ទូច ដាណែត អាយុ៣២ឆ្នាំ មានតួនាទីជាអ្នកចែកបៀនៅក្រុមហ៊ុនណាហ្គាវើលដ៍ រយៈពេល១០ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបាននាំគ្នាមកស្នងការនគរបាលរាជធានីភ្នំពេញ គឺដើម្បីធ្វើជាសាក្សី និងលើកទឹកចិត្តកូដករទាំង៤នាក់ ដែលរងការចោទប្រកាន់ និងការបង្គាប់ឱ្យចូលខ្លួនសាកសួរអំពីការរារាំងវិធានការសុខាភិបាល។
អ្នកស្រី ដាណែត ឱ្យដឹងទៀតថា ខ្លួនពិតជាមិនពេញចិត្តឡើយ ហើយចាត់ទុកថាទង្វើររបស់អាជ្ញាធរកាន់តែដាក់បន្ទុកម្ដងហើយម្ដងទៀតមកលើក្រុមកូដករ ខណៈពួកគេមានវិវាទការងារជាមួយក្រុមហ៊ុនសោះ បែរជាមានការរឹតត្បិតមកលើពួកគេ។
អ្នកស្រីប្រាប់ថា៖ «រយៈពេល២ខែកន្លងមកនេះ គឺពិតជាមានការរឹតត្បិតយើងខ្ញុំ ហើយបង្ហាញមកមានការរាររាំងយើងខ្ញុំមិនឱ្យទៅធ្វើកូដកម្ម មិនឱ្យទៅទាមទារអ្វីជាយុត្តិធម៌»។
អ្នកស្រីបន្តទៀតថា រូបគេនៅតែរក្សាជំហធ្វើកូដកម្មអហិង្សានៅក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍ដដែល បើទោះមានការហាមប្រាមពីសំណាក់សាលាក្រុងក្ដី និងអំពាវនាវឱ្យពួកគេទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យក្ដី ព្រោះរូបគេជាជនរងគ្រោះជួបភាពអយុត្តិធម៌។
បុគ្គលិកមិនទាន់មានឈ្មោះកាត់រូបនេះបន្ថែមថា៖ «យើងខ្ញុំនៅតែធ្វើកូដកម្មដដែល ដោយសារតែដំណោះស្រាយនៅតែមិនទាន់ដោះស្រាយនៅឡើយ យើងជួបភាពអយុត្តិធម៌នៅតែរក្សាជំហរដដែល»។
លោក ហេង សុជាតិ អាយុ៣០ឆ្នាំ ជាបុគ្គលិកផ្នែកបេឡារយៈពេល៥ឆ្នាំ បានឱ្យដឹងថា ការចោទប្រកាន់របស់អាជ្ញាធរ ជាពិសេសតុលាការមកលើក្រុមកូដករកន្លងមកជារឿងអយុត្តិធម៌ មិនអាចទទួលយកបានឡើយ ខណៈពួកគេមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ តែបែរជាមានការចោទប្រកាន់ថារារាំងវិធានការសុខាភិបាលទៅវិញ។
លោក សុជាតិ ថ្លែងថា៖ «វាជារឿងអយុត្តិធម៌មិនអាចទទួលយកបាន ហើយរឿងនេះសុទ្ធតែលាបពណ៌មកលើកូដករពួកយើង ហើយមកចោទកូដករដូចគ្នាថាជាអ្នកញុះញង់ ប្រឆាំងនឹងវិធានការកូវីដអីហ្នឹង ព្រោះជាក់ស្ដែងអត់មានអ្នករាររាំងទេព្រោះកូដករយើងទៅយកសំណាកជិត១ពាន់នាក់»។
លោក សុជាតិ បន្ថែមថា លោកមើលឃើញជាក់ស្ដែងទាំងប្រព័ន្ធតុលាការ ទាំងអាជ្ញាធរ ទាំងក្រសួង និងក្រុមហ៊ុនអី មើលទៅគេសហការគ្នាបានល្អណាស់ មួយអ្នកចោទ មួយអ្នកចាប់ មួយទៀតអ្នកចេញដីកា។ ទោះបីយ៉ាងណាលោកនៅតែតាំងចិត្ត និងតស៊ូទាមទាររកយុត្តិធម៌ ហើយបើអាជ្ញាធរចង់ចាប់ និងចោទបន្តទៀតគួរតែធ្វើដាក់កូដករទាំងអស់ ព្រោះពួកគេគ្មានអ្នកនៅពីក្រោយ ឬមេដឹកនាំញុះញង់ឡើយ។
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហជីពផ្នែកចំណីអាហារ និងសេវាកម្ម បានប្រាប់ឱ្យដឹងថា អាជ្ញាធរហាក់អនុវត្តច្បាប់មិនស៊ីសង្វាក់គ្នា ខណៈដីកាកោះហៅឱ្យចូលបំភ្លឺនៅស្នងការក្រុងផុតកំណត់ថ្ងៃទី១៩ ខែកុម្ភៈ តែខាងស្នងការប្រាប់ថាសំណុំរឿងបានទៅដល់ដៃតុលាការទៅវិញ ស្របពេលដែលកម្មករខំមកបង្ហាញខ្លួន។
លោកស្រីបានបញ្ជាក់ថា៖«យើងរំពឹងថាយុត្តិធម៌បានដោយងាយវាអត់ស្រួលទេនៅក្នុងសង្គមយើងបច្ចុប្បន្ន ប្រព័ន្ធយុត្តិធម៌វានៅឆ្ងាយសម្រាប់កម្មករ ប៉ុន្តែបើយើងអត់ធ្វើអីសោះប្រព័ន្ធយុត្តិធម៌ហ្នឹងក៏នៅតកូនតចៅ កាន់តែធ្ងន់ធ្ងរទៅៗ»។
លោក អំ សំអាត នាយករងនៃសមាគមអាដហុក បានឱ្យដឹងថា ប្រសិនបើមើលក្នុងដីកា វាសនាកូដករទាំង៤នាក់ និងអ្នក៣នាក់មុន គឺដូចតែគ្នាទេ។ យ៉ាងណាមិញលោកសង្ឃឹមថាតុលាការនឹងពិចារណាឡើងវិញ ដោយហេតុថាកម្មករទាំងអស់ហាក់ពុំមានចេតនារារាំងវិធានការសុខាភិបាលនោះឡើយ ពីព្រោះពួកគេរួមទាំងបាតុករដទៃទៀតទាំងអស់បានទៅចូលរូមធ្វើតេស្តយកសំណាករួចហើយ។
លោកសំអាត មានប្រសាសន៍ថា៖« បញ្ហាដែលកំពុងកើតមានឡើងសព្វថ្ងៃហាក់មានសភាពឃ្លាតឆ្ងាយពីឬសគល់នៃបញ្ហាដែលជាវិវាទរវាងក្រុមហ៊ុនណាហ្គានិងបុគ្គលិក។ ប៉ុន្តែបច្ចុប្បន្ននេះ បញ្ហាបែរជាវិវាទរវាងបុគ្គលិកណាហ្គាជាមួយអាជ្ញាធរ និងតុលាការទៅវិញ ដែលប្រាសចាកពីការដោះស្រាយបញ្ហាដើមទៅវិញ ដែលអាជ្ញាធរគួររកដំណោះស្រាយឱ្យក្រុមកូដករ»។
ទោះបីជាយ៉ាងណា លោក សំអាត អះអាងថា ដើម្បីដោះស្រាយវិវាទមួយនេះ អាជ្ញាធរត្រូវដោះលែងតំណាងសហជីពទាំង១១នាក់ និងទម្លាក់បទចោទប្រកាន់ ព្រមទាំងបង្កើតឱ្យមានការចរចារ។ ទន្ទឹមនឹងនេះ លោកសំអាត ក៏បានសំដែងសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទមួយនេះផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំមានមោទកភាពចំពោះរដ្ឋាភិបាលដែលកន្លងមកបានដោះស្រាយនូវបញ្ហាជាប់គាំងធំៗជាច្រើន ចំណែកបញ្ហានេះខ្ញុំមិនជឿថារដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនអាចដោះស្រាយបាននោះឡើយ»។
គួររំលឹកថា កូដករណាហ្គាវើលដ៍ បានចាប់ផ្ដើធ្វើកូដកម្មទាមទារដំណោះស្រាយចំនួន៩ចំណុចធំៗ តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទន្ទឹមនឹងនេះ ក៏មានការចាប់ខ្លួនតំណាងសហជីព និងប្រតិភូចរចា ព្រមទាំងកូដករចំនួន១១នាក់មកហើយ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសំណាក់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា អំពីការរួមតូចនៃលំហពលរដ្ឋនៅកម្ពុជា ក្រុមការងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសម្ពោធនូវគម្រោងមួយក្នុងគោលបំណងពង្រឹង និងទ្រទ្រង់លំហនេះឱ្យប្រសើរឡើង។ ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងតាមរយៈការចូលរួមពង្រឹង និងការពារលំហពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ។
តាមរយៈគម្រោងនេះ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានប្រមាណជា៧១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់អ្នកការពារសិទ្ធិមនុស្ស លើកកម្ពស់លំហពលរដ្ឋ និងពង្រឹងសិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងការចូលរួម និងដោះស្រាយបញ្ហាការរំលោភបំពានសិទ្ធិមនុស្សនានា។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ស្តីអំពីតួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានលើកឡើងពីការព្រួយបារម្ភជុំវិញការរួមតូចនៃលំហពលរដ្ឋនៅកម្ពុជានេះផងដែរ។
ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អ្នកស្រី Pauline Tamesis បានបញ្ជាក់ថា៖ «យើងជំរុញឲ្យកម្ពុជាធ្វើការបន្ថែមទៀតក្នុងការការពារសិទ្ធិរបស់សកម្មជនក្នុងការនិយាយស្ដី និងបញ្ចេញមតិរបស់ពួកគេ ក្នុងការបង្កើតសមាគម និងការជួបជុំដោយសេរី។ ការអនុវត្តសេរីភាពជាមូលដ្ឋានទាំងនេះ គឺកាន់តែមានសារៈសំខាន់ក្នុងអំឡុងឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយប្រទេសនៅក្នុងតំបន់មើលមកកម្ពុជាដើម្បីយកគំរូតាម»៕