គណបក្សនយោបាយចំនួន៤ស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្កើត ការិយាល័យបោះឆ្នោតពិសេសនៅក្បែរព្រំដែនប៉ោយប៉ែតដើម្បីកាត់បន្ថយការចំណាយនិងពេលវេលាសម្រាប់ពលរដ្ឋខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃដើម្បីពួកគេអាចមកចូលរួមបោះឆ្នោតជាតិខាងមុខ។
ការស្នើនេះធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នាមួយនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ រវាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សភ្លៀងទៀន។
លោក អ៊ី មុយលី អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ ថ្លែងថា ពលរដ្ឋខ្មែរដែលចំណាកស្រុកភាគច្រើនជាប់បំណុលនិងមិនសូវមានប្រាក់សម្រាប់ធ្វើដំណើរមកបោះឆ្នោត ការណ៍នេះនាំឱ្យចំនួនអ្នកទៅបោះឆ្នោតមានត្រឹមជាង៨០ភាគរយប៉ុណ្ណោះនៃពលរដ្ឋមានឈ្មោះបោះឆ្នោតសរុប។
លោក មុយលី ថ្លែងថា៖ «បងប្អូនកម្មករគាត់ចំណាកស្រុកទៅប្រទេសថៃ…គាត់ចង់បោះឆ្នោតត្រូវឆ្លងកាត់ព្រំដែនមួយតង់ ត្រូវបន្តមកភ្នំពេញ ដើម្បីរកមធ្យោបាយត្រលប់ទៅស្រុកកំណើត។ សួរថារយៈពេលបីថ្ងៃ[ឈប់បោះឆ្នោត]គាត់អាចមានពេលគ្រប់គ្រាន់ក្នុងការទៅបោះឆ្នោតបានដែរឬទេ ហើយបញ្ហាធំមួយទៀតគឺគាត់ត្រូវចំណាយ[ថវិកា]ច្រើន»។
លោក មុយលី ពន្យល់ថា ការិយាល័យបោះឆ្នោតពិសេសនេះគឺមួយការិយាល័យតំណាងឱ្យខេត្តមួយ ហើយរាល់ពលរដ្ឋមកពីខេត្តមួយណាអាចបោះឆ្នោតនៅការិយាល័យតំណាងខេត្តខ្លួនបាន។ ដោយឡែកអំឡុងពេលបោះឆ្នោត មន្រ្តីការិយាល័យអាចគូសឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ និងបោះឆ្នោតចប់ មន្រ្តីអាចបញ្ជូនលទ្ធផលបោះឆ្នោតទៅបូកសរុបនៅតាមបណ្ដាខេត្តពួកគេរៀងៗខ្លួន។
លោក រឿន វឿត អាយុ៣៨ឆ្នាំ ជាពលករផ្សារដែកដែលធ្វើការនៅប្រទេសថៃជិត១០ឆ្នាំ និយាយថា បើមានការិយាល័យបោះឆ្នោតក្បែរព្រំដែននឹងធ្វើឱ្យលោកសល់ប្រាក់ ដោយពុំចាំបាច់ធ្វើដំណើរដល់ផ្ទះ។
ពលករស្រុកថ្មពួកខេត្តបន្ទាយមានជ័យរូបនេះ និយាយថា៖ «បោះឆ្នោតឆ្នាំ២០២២ចំណាយ១៥០០បាត ថ្លៃសោហ៊ុយបានដល់ភូមិស្រុក»។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា ប្រជាពលរដ្ឋជាង៧លាននាក់ឬស្មើនឹង៨០,១៩ភាគរយនៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន២សែននាក់ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០២២នេះ។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា មានកត្តាពីរនាំឱ្យ គបជ ពុំអាចបើកការិយាល័យបោះឆ្នោតពិសេសតាមការស្នើសុំពីគណបក្សទាំងនោះ។
លោក សូរីដា គូសបញ្ជាក់ថា ពុំមានច្បាប់អនុញ្ញាតឱ្យ គជប អាចបើកការិយាល័យបោះឆ្នោតពិសេសបានឡើយ និងលក្ខណៈបច្ចេកទេសដែលត្រូវប្រមូលឈ្មោះដាក់ក្នុងបញ្ជីការិយាល័យបោះឆ្នោតពិសេសនោះ ក៏ពុំអាចដឹងដែរថាតើពលរដ្ឋណាខ្លះទៅធ្វើការនៅក្រៅប្រទេស។
លោក សូរីដា មានប្រសាសន៍ថា៖ «ទេគឺអត់អាចទៅរួចទេ លក្ខណៈបច្ចេកទេសក៏ដូចជាលក្ខណៈច្បាប់ដែរ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) យល់ឃើញថា នេះជាចំណុចល្អសម្រាប់លើកទឹកចិត្តពលករខ្មែរនៅក្រៅប្រទេស ឱ្យមកបោះឆ្នោត ហើយក្នុងករណីច្បាប់ពុំមានចែងវាតម្រូវឱ្យមានការចូលរួមពីរាជរដ្ឋាភិបាល។
លោក សាវាង្ស និយាយថា៖ «ខ្ញុំគិតថា គជប នឹងមានការបើកផ្លូវជជែកឬសាកល្បងនៅក្នុងចំណុចនេះ»។
ក្នុងសន្និសីទកាសែតព្រឹកនេះដែរ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្លាស់ប្ដូរពីការគូសសញ្ញាលើសន្លឹកឆ្នោតទៅជាការប្រើត្រាបោះលើសន្លឹកឆ្នោត ដើម្បីចៀសវាងករណីខុសឆ្គងណាមួយកើតឡើងអំឡុងពេលបោះឆ្នោត។
លោក វីរៈ បញ្ជាក់ថា៖ «[ត្រាអុក]ការបោះឆ្នោតវាជួយចៀសវាងឆ្គងទៅបក្សនេះ បក្សនោះ ការគូសខុសអី វាលែងមានការបង្រៀនឱ្យគូស[ធិក]។ ត្រាអុកដាក់ទៅចំកណ្ដាល»។
ករណីស្រដៀងគ្នានេះដែរ គជប ធ្លាប់ឆ្លើយតបតាមការស្នើសុំបកស្រាយពីលោក វិទិត មុនតាប៊ន (Mr Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្ដីពីការបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេសដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះបានបោះឆ្នោត ដោយប្រធាន គជប លើកឡើងថា ច្បាប់តម្រូវឱ្យ គជប រៀបចំការិយាល័យបោះឆ្នោតនៅតាមឃុំសង្កាត់ ក្នុងប្រទេសម្ពុជា ហើយប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ណា ត្រូវអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់នោះ។ គជប លើកទឹកចិត្តប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសឱ្យអញ្ជើញមកបោះឆ្នោតនៅក្នុងប្រទេស ដោយធ្វើការផ្សព្វផ្សាយតាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា៕