សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា-បារាំង​ពង្រឹងទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម មុន​ដំណើរទស្សនកិច្ច​លោក ម៉ាក្រុង មក​កម្ពុជា

ប្រតិភូ​រដ្ឋមន្ត្រី​បារាំង​លោក Nicolas Forissier ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថានទូតបារាំង​ក្នុង​ក្រុង​ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
ប្រតិភូ​រដ្ឋមន្ត្រី​បារាំង​លោក Nicolas Forissier ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថានទូតបារាំង​ក្នុង​ក្រុង​ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្ពុជា-​បា​រាំង​ចង់​ពង្រឹង​ទំនាក់ទំនង​ពានិជ្ជកម្ម និង​វិនិយោ​គ​បន្ថែម​ក្រោយ​មើល​ឃើញ​ពី​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ។ ជាមួយ​គ្នា​នេះ ​រដ្ឋមន្ត្រី​ប្រតិភូបារាំង លោក Nicolas Forissier បាន​ថ្លែង​នៅ​​ថ្ងៃ​សុក្រ ទី១០ ខែកក្កដា ថា ប្រទេស​ទាំងពីរ​កំពុង​​រៀប​ចំ​កិច្ចសហការ​លើ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ជំហាន​ថ្មី​មួយ​ទៀត មុន​ការ​អញ្ជើញមក​ដល់​របស់​ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែល​នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងខែ​វិច្ឆិកា ខាង​មុខ​។​

លោក Forissier ថែ្លង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទសារព័ត៌មាន​នៅ​ស្ថានទូតបារាំង​ក្នុង​ក្រុង​ភ្នំពេញ​ថា វត្តមាន​របស់​​លោក​មក​កម្ពុជា​នាពេល​នេះ គឺ​ចំពេល​ដែល​មាន​ជំនួប​ជាន់​ខ្ពស់​ជា​បន្ត​បន្ទាប់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កាន់តែស៊ីជម្រៅ​ជាមួយ​កម្ពុជា និង​បន្ត​ពង្រីក​កិច្ច​សហការ និង​វិនិយោគ​ក្នុង​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត​។​

លោក​បញ្ជាក់ថា ​ក្រុម​ហ៊ុន​បារាំង​បាន​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ដឹក​ជញ្ជូន ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ទេសចរណ៍ និង​សំណង់។ លោក​បន្ត​ថា៖ «ខ្ញុំ​ជឿ​ថា​កិច្ច​ហសការ​នេះ​គឺ​ជា​យុទ្ធសាស្រ្ត​ឈ្នះៗ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​របស់​បារាំង​លើ​ការពង្រឹង​ភាព​ជា​ដៃគូសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ»។​

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​បារាំង​បាន​ឡើង​ដល់​ប្រហែល​២,០៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥ កើត​ឡើង​១៧,៥​ភាគ​រយ ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើង​២៥​ភាគរយ​​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល​៨១០​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៤​។​

លោក​បានលើកឡើង​ថា៖​ «​យើង​ត្រូវ​តែ​បន្ត​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ព្រោះថា​ទំនាក់ទំនង​នេះ​មាន​សារសំខាន់​ណាស់​រវាង​ប្រទេស​ទាំងពីរកម្ពុជា-បារាំង»។ លោកបន្តថា៖ «បារាំង​បន្ត​គាំទ្រ​ការនាំចូល​អង្ករ​ និង​កង់​ពី​កម្ពុជា ខណៈបារាំងមាន​ការ​នាំចេញ​ផលិត​ផល​អាកាសចរណ៍ ទំនិញ​ប្រភេទ​កសិឧស្សាហកម្ម និង​ឱសថ​»។​

កាល​ពីថ្ងៃពុធ លោក Forissier បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រ​សួង​រ៉ែ និង​ថាម​ពល ​របស់​កម្ពុជា លោក កែវ រតនៈ ដោយ​បាន​ពិភាក្សា​អំពីគម្រោង​វារីអគ្គិសនី​៨០០​មេហ្គាវ៉ាត់ ដែល​មាន​តម្លៃ​១,២​ពាន់​លាន​​ដុល្លារ និង​គម្រោង​បំប្លែង​កាក​សំណល់​ទៅ​ជា​ថាមពល​ក្នុង​ក្រុង​ភ្នំពេញ​ផង​ដែរ​។

ទាក់ទង​នឹង​គម្រោង​ថាមពល​នេះ​ដែរ លោក Forisier បន្តទៀតថា ​បារាំង​គ្រោង​នឹង​សិក្សាលម្អិត មុន​នឹង​សម្រេច​ចិត្ត​វិនិយោគ។ លោក​បន្ថែម​ថា ប្រទេស​របស់​លោកនឹង​​ផ្តល់​នូវ​បច្ចេក​វិទ្យា និង​អ្នក​ជំនាញ​បច្ចេកទេស​សម្រាប់គម្រោង​ទាំងនេះ ហើយ​អ្វីទាំង​នេះ​អាច​នឹង​មាន​ការ​វិវត្ត​ច្រើ​ន​​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក ម៉ាក្រុង​ នាពេល​ខាង​មុខ។​

បច្ចុប្បន្ន​បារាំង​បាន​គាំទ្រ​គម្រោង​ថាមពល​ក​កើត​ឡើង​វិញ​ប្រហែល​៧ភាគរយ​នៃ​គម្រោង​ថាមពល​កកើត​ឡើង​វិញ​របស់​កម្ពុជា​សរុប និង​រួម​ទាំង​គម្រោង​ធំៗ​ជាច្រើន​ផ្សេង​ទៀត​។​

លោក Forisier និង​លោក កែវ រតនៈ ក៏​បាន​ពិភាក្សា​លើ​កិច្ច​សហការ​ក្នុងវិស័យ​ប្រេង និង​ឧស្ម័ន និង​បាន​ធានា​ពី​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រា​យ​បញ្ហា​​ជម្លោះ​​ជាមួយ​ថៃ​លើ​តំបន់​ត្រួតស៊ីគ្នា​តាម​រយៈ​​យន្តការ​សន្តិវិធី និង​ច្បាប់​អន្តរជាតិ​។​

បន្ថែម​ពីនេះ លោក Forisier ក៏បានលើក​ឡើង​ថា បារាំង​គាំទ្រ​ការ​ដាក់​បញ្ចូល​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ និង​ថា​ក្រុម​ហ៊ុនបារាំង​ក៏​ប្តេជ្ញាអនុវត្ត​ច្បាប់​ទៅ​តាម​ស្ដង់ដារ​អន្តរជាតិ​លើ​ផ្នែក​សិទ្ធិមនុស្ស ការគាំពារ​បរិស្ថាន និង​ការ​ទទួល​ខុស​ត្រូវ​សង្គម​។​

លោក​បន្ថែម​ថា៖ «បារាំង​បាន​ប្ដេជ្ញា​ក្នុង​ការ​គាំទ្រ​គម្រោង​ដែល​ជួយ​លើក​កម្ពស់ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​នេះក៏ជា​គោល​ការណ៍គ្រឹះ​​សំខាន់​មួយ​របស់​អង្គការ​សហប្រជាជាតិ»។​

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រ​សួង​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក Forissier គឺ​ដើម្បី​ពង្រឹង​កិច្ចសហការ​​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​លោក​បន្តថា ​ដំណើរ​ទស្សនកិច្ច​នេះ​បង្កើត​នូវ​ឱកាស​ថ្មីៗ​ជាច្រើន​សម្រាប់​កិច្ច​សហការ​រវាង​ទីភ្នាក់​ងារ​រដ្ឋាភិបាល​ទាំងពីរ និង​វិស័យ​ឯកជន ក្នុង​ការ​កំណត់​ការ​វិនិយោគ​ថ្មីៗ ពង្រីក​វត្ត​មាន​ក្រុម​ហ៊ុន​បារាំង​នៅ​កម្ពុជា និង​ជួយ​កសាង​ភាពជា​ដៃគូ​យូរអង្វែង​ក្នុង​វិស័យ​អាទិភាព​ខ្ពស់​ផ្សេង​ៗ​​ទៀត​។​

លោក សុខសេនសាន បានថ្លែងថា រដ្ឋា​ភិបាល​កម្ពុជា​កំពុង​បន្ត​​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​បរិយាកាសធុរកិច្ច និង​វិនិយោគ ដោយ​បាន​​សម្រួល​នីតិវិធី ពង្រឹង​ក្រម​ខណ្ឌច្បាប់ និង​បទដ្ឋានគតិយុត្តិ​នានា និង​លើក​កម្ពស់​តម្លាភាព​​ដើម្បី​ធានាឲ្យ​មានភាព​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​​ក្នុង​ការ​ធ្វើ​ធុរកិច្ច​។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​គឺ​មិន​ត្រឹម​តែ​បង្កើន​ទំហំពាណិជ្ជកម្ម​​នោះទេ ប៉ុន្តែ​ក៏​បង្កើន​ភាព​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម​មាន​កម្លៃ​ខ្ពស់ ការ​កែច្នៃ​ផលិត​ផល​កសិកម្ម អភិវឌ្ឍធនធានមនុស្ស និង​ការ​ផ្ទរ​នូវ​បច្ចេកវិទ្យា»។​

លោក គី សិរីវឌ្ឍន៍ អ្នក​វិភាគសេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា មាន​ប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះគឺជា​ឱកាស​ក្នុង​ការ​ស្វែង​រក​កិច្ច​ហសការ​ក្នុង​វិស័យប្រេង និង​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ជាមួយ​បារាំង និង​ជំរុញ​ឲ្យ​មាន​ក្រុម​ហ៊ុន​បារាំង​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បន្ថែមថា ​​ដំណើរទស្សនកិច្ច​នេះ​ក៏​ជាការ​បើក​ផ្លូវ​សម្រាប់​ឱកាស​វិនិយោគ និង​បើកទីផ្សារ​នៅអ៊ឺរ៉ុប​ឲ្យ​កាន់តែ​ទូលាយ​។​

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-បារាំង មាន​ទឹក​ប្រាក់​៣២២​លាន​ដុល្លារ​នៅ​ឆមាសទី​១ ឆ្នាំ​២០២៦ ដែល​ចំនួន​នេះ​បាន​កើន​ឡើង​១៣​ភាគរយ​​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៥។ ​កម្ពុជា​នាំទំនិញ​ទៅ​បារាំង​កើន​ឡើង​១៣,៥ភាគរយ ដែល​មាន​ទំហំទឹកប្រាក់​ជិត​ដល់​២៦០​លាន​ដុល្លារ ​ខណៈ​​ដែល​បារាំង​នាំទំនិញ​មក​កម្ពុជា​មាន​ទំហំទឹក​ប្រាក់​៦៣,៧​លាន​ដុល្លារ​អាមេរិក កើន​ឡើង​​​​​១០,៥ភាគរយ​​​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ France, Cambodia To Strengthen Trade, Economic Ties Ahead of Macron’s Visit

ព័ត៌មានថ្មី

អត្ថបទពេញនិយម