សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការបារាំងទម្លាក់ចោលសំណុំរឿងដីធ្លីរបស់ជនជាតិដើមភាគតិចពូនងជិត១០០គ្រួសារ

សមាជិកជនជាតិដើមភាគតិចពូនងបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តមណ្ឌលគិរីកាលពីឆ្នាំ២០០៩ ដើម្បីស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន Socfin-KCD។រូបភាពផ្តល់ឲ្យដោយសហគន៍
សមាជិកជនជាតិដើមភាគតិចពូនងបានប្រមូលផ្តុំគ្នានៅមុខសាលាខេត្តមណ្ឌលគិរីកាលពីឆ្នាំ២០០៩ ដើម្បីស្វែងរកអន្តរាគមន៍ក្នុងជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុន Socfin-KCD។រូបភាពផ្តល់ឲ្យដោយសហគន៍

ក្រុមអង្គការការពារសិទិ្ធពលរដ្ឋសម្តែងការមិនសប្បាយចិត្តចំពោះការលុបបំបាត់សិទ្ធិដីធ្លីជនជាតិដើមភាគតិច បន្ទាប់ពីតុលាការបារាំងទម្លាក់ចោលបណ្តឹងរបស់ក្រុមជន ជាតិភាគតិចពូនងចំនួន៩៧គ្រួសារមកពីខេត្តមណ្ឌលគិរីនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុនចម្ការកៅស៊ូកម្ពុជាឈ្មោះ Socfin-KCD។

ក្រុមមេធាវីនៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូចាថា កាលពីថ្ងៃទី២ ខែកក្កដា តុលាការនៅទីក្រុងណង់ទែរ (Nanterre )បានសម្រេចថា ក្រុមគ្រួសារជនជាតិដើមភាគតិចនៅក្នុងឃុំប៊ូស្រាគ្មានសិទ្ធិឬបណ្ណកម្មសិទ្ធិស្របច្បាប់លើដីដែលមានជម្លោះនោះទេ ជាទីដែលក្រុមហ៊ុន Socfin-KCD ដែលមានក្រុមហ៊ុនមេរបស់ខ្លួនឈ្មោះ Bollore Group កំពុងអភិវឌ្ឍចម្ការកៅស៊ូ។

ក្រុមគ្រួសារជនជាតិដើមភាគតិចពូនងបានសម្តែងការមិនសប្បាយចិត្តនិងខកចិត្តចំ ពោះសេចក្តីសម្រេចតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយសរសេរថា សេចក្តីសម្រេចរបស់តុលាការខកខានមិនបានគោរពសិទ្ធិរបស់ពួកគេដែលជាជន ជាតិដើម។

សេចក្តីថ្លែងការណ៍នេះសរសេរថា៖ «ដោយសារតែរដ្ឋមិនបានចុះបញ្ជីឲ្យយើង ទើបយើងគ្មានបណ្ណកម្មសិទ្ធិដីសមូហភាព។ យើងមានសិទ្ធិផ្សេងទៀតលើដីនិងព្រៃនោះ ប៉ុន្តែក្រុមហ៊ុន Bollore តាមរយៈក្រុមហ៊ុន Socfin-KCD បានបំផ្លាញវាទាំងអស់។ យើងជាម្ចាស់ដីមុនពេលមានការបង្កើតច្បាប់ភូមិបាលកម្ពុជា។ យើងបានដាំដុះនៅលើដីនោះ [ហើយប្រមូល] ផលព្រៃឈើតាមប្រពៃណីរបស់យើង»។

លោក គ្រើង តុលា តំណាងអ្នកភូមិនៅឃុំប៊ូស្រាបានប្រាប់ខេមបូចាថា គ្រួសារទាំង អស់នឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ លោកនិយាយថា លោកបានបាត់ បង់ដីប្រហែល២ហិកតា ដោយគ្មានសំណងអ្វីទាំងអស់។

លោកបាននិយាយថា៖ «នេះគឺជាការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាតិដើម ដែលត្រូវបានចែងនៅក្នុងច្បាប់ជាតិនិងអន្ដរជាតិ»។ លោកបានបន្ថែមថា តុលា ការនៅទីក្រុងណង់ទែរបានផ្តល់ភាពអយុត្តិធម៌ដល់ក្រុមគ្រួសារជាជាតិដើមភាគ តិច «នៅពេលនេះ យើងជាម្ចាស់ដីត្រូវក្លាយជាជនរងគ្រោះ»។

កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ៥.៣០០ហិកតាទៅឲ្យក្រុមហ៊ុន Socfin-KCD និង Bollore ក្នុងលក្ខណៈជួលរយៈពេល៧០ឆ្នាំ។ ការ ធ្វើបែបនេះ បានប៉ះពាល់ដល់ពលរដ្ឋរាប់រយគ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៧ក្នុងឃុំប៊ូស្រា។

សំណុំរឿងនៅតុលាការទីក្រុងណង់ទែរនេះ ត្រូវបានប្តឹងជាលើកដំបូងនៅឆ្នាំ២០១៥ ដោយក្រុមអ្នកតំណាងចំនួន៩នាក់នៃក្រុមធំដែលមានចំនួន៩៧គ្រួសារ ដែលបានប្រមូលផ្តុំគ្នា ដើម្បីចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Socfin-KCD និងក្រុមហ៊ុន Bollore ដែលជាក្រុមហ៊ុនមេ។ សវនាការត្រូវបានគ្រោងធ្វើកាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានពន្យារពេល បន្ទាប់ពីរដ្ឋាភិបាលបារាំងមិនបានផ្តល់ទិដ្ឋាការឲ្យតំណាងអ្នកភូមិចូលប្រទេសនេះ។

របាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០២០ បានលើកឡើងថា មានពលរដ្ឋប្រមាណ៨០០គ្រួសារ ដែលភាគច្រើនជាគ្រួសារជន ជាតិភាគតិចពូនងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន Socfin-KCD ។ ប្រ ជាពលរដ្ឋជាង៦០០គ្រួសារបានពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ ដែលនាំទៅកាន់តុ លាការបារាំង។

លោក តុលា បាននិយាយថា ការតវ៉ាដំបូងៗនៅក្នុងតំបន់របស់លោកប្រឆាំងនឹងការប្រគល់ដីធ្លីទៅឲ្យក្រុមហ៊ុនរួមមានប្រជាពលរដ្ឋប្រហែល១.០០០គ្រួសារ។ ខណៈដែលគ្រួសារខ្លះនៅតែបន្តការតវ៉ា គ្រួសារខ្លះទៀតបានដោះស្រាយតាមរយៈការទទួលយកសំណង។

លោក តុលា និយាយថា អំឡុងពេលមានការឈូសឆាយកាលពីឆ្នាំ២០០៨ ក្រុមហ៊ុន Socfin-KCD បានបង្ខំសហគមន៍ឲ្យទទួលយកផែនការផ្តល់សំណង ដែលផ្តល់ជូនតែ ១០.០០០រៀលសម្រាប់ដើមឈើមួយដើមដែលដាំដោយសហគមន៍។ លោកនិយាយថា អ្នកភូមិត្រូវបានគេប្រាប់ថា ប្រសិនបើពួកគាត់មិនទទួលយក ក្រុមហ៊ុននឹងឈូសឆាយដីដោយមិនផ្តល់សំណងអ្វីទាំងអស់។

លោក តុលា បន្តថា បច្ចុប្បន្នសហគមន៍គ្មានដីចំការដែលមានគុណភាពល្អនោះទេព្រោះក្រុមហ៊ុនបានដកហូតដីដែលមានគុណភាពល្អៗ ដោយគ្មានសំណងសមរម្យទេ ។

លោក តុលា បាននិយាយថា៖ «យើងបានរត់ចេញពីភូមិហើយបានរានដីព្រៃថ្មី។ ពេល ខ្លះ ឧទ្យាននុរក្សចាប់ឃុំខ្លួន [អ្នកភូមិ] ដោយសារកាប់រានដីព្រៃ»។

លោក សេក សោភ័ណ មេធាវីតំណាងឱ្យក្រុមគ្រួសារជានជាតិដើមភាគតិចពូនងបានមានប្រសាសន៍ថា ជនជាតិដើមភាគតិចភាគច្រើនមិនបានចុះឈ្មោះធ្វើបណ្ណកម្មសិទ្ធិដីសមូហភាពទេ ប៉ុន្តែបានអនុវត្តការដាំដុះបែបវិលជុំនិងជាប្រពៃណីតាំងពីជំនាន់ដូន តារបស់ពួកគាត់មក។

លោក សោភ័ណ បានមានប្រសាសន៍ថា៖ «វាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ពីព្រោះតុលាការនៅប្រទេសបារាំងពិចារណាលើតែកម្មសិទ្ធិដីធ្លីប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានពិចារណាលើសិទ្ធិការពារផ្សេងទៀត ដូចជាសិទ្ធិប្រើប្រាស់ដីធ្លីនិងសិទ្ធិដាំដុះអាស្រ័យផលជាដើម»។  លោកថាសិទ្ធិទាំងពីរនេះមានចែងនៅក្នុងច្បាប់កម្ពុជា។

លោកបានមានប្រសាសន៍ថា អ្នកភូមិបានស្នើសុំចុះធ្វើបណ្ណកម្មសិទ្ធិសមូហភាព ប៉ុន្តែរដ្ឋមិនបានអើពើនោះទេ។ លោក សោភ័ណ បានមានប្រសាសន៍ថា ចម្ការកៅស៊ូបានបំផ្លាញដីព្រៃដូនតា ដែលមិនត្រឹមតែត្រូវបានប្រើសម្រាប់ការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងសម្រាប់គោលបំណងវប្បធម៌និងជំនឿសាសនាផងដែរ។

លោក សោភ័ណ បានបញ្ជាក់ថា សហមេធាវីនៅប្រទេសបារាំងនឹងប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់ ដើម្បីបន្តបណ្តឹងនេះតទៅទៀត។

លោក យឿត សារិន ជាមេឃុំប៊ូស្រាបានប្រាប់ខេមបូចាយ៉ាងខ្លីថា លោកទើបនឹងចូល កាន់មុខតំណែងនេះ ហើយមិនបានដឹងពីព័ត៌មានលម្អិតនៃជម្លោះនេះទេ ប៉ុន្តែលោកជឿជាក់ថា ក្រុមហ៊ុនបានផ្តល់សំណងដល់អ្នកភូមិចំពោះដំណាំដែលបាត់បង់។

លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាបានមានប្រសាសន៍ថា អង្គ ការរបស់លោកបានផ្តល់ការបណ្តុះបណ្តាលផ្នែកច្បាប់ដល់សហគមន៍ ដែលពាក់ព័ន្ធនឹងជម្លោះនេះ ប៉ុន្តែថា ជនជាតិដើមភាគតិចភាគច្រើនគ្មានបណ្ណកម្មសិទ្ធិដីធ្លីទេ ដោយសារតែលក្ខណៈនៃការប្រើប្រាស់ដីតាមបែបប្រពៃណីរបស់ពួកគាត់។

លោក វុទ្ធី បានបន្ថែមទៀតថា តុលាការបារាំងក៏បានបង្គាប់ឲ្យក្រុមគ្រួសារជនជាតិដើមបង់ប្រាក់ប្រដាប់ក្តីប្រហែល ២០.០០០អឺរ៉ូ ដែលស្មើប្រហែល២៣.៦៧០ដុល្លារ។ លោកបានមានប្រសាសន៍ថា គ្រួសារទាំងនោះគឺជាគ្រួសារក្រីក្រ ហើយមិនអាចមាន លទ្ធភាពបង់ប្រាក់នេះទេ។

លោកមានប្រសាសន៍ថា អង្គការរបស់លោកបានផ្តល់ការបណ្តុះបណ្តាលផ្នែកច្បាប់ដល់សហគមន៍ជនជាតិដើមភាគតិចពូនង ដែលជាប់ពាក់ព័ន្ធនឹងជម្លោះដីនេះ។

លោក វុទ្ធី បានមានប្រសាសន៍ថា៖ «វាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ជនជាតិដើមភាគតិចពូនង ដែលបានរងទុក្ខ។ វាប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់ ដែលបាត់បង់ដីហើយចាញ់ក្តីនៅតុលាការទៀត»។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ French court drops case of nearly 100 Bunong families in rubber plantation dispute

324 views
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »