ទោះបីកំពុងជាប់ឃុំក្នុងពន្ធនាគារក្ដី ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្ដល់ជូននូវពានរង្វាន់ Per Anger Prize ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែមេសា សម្រាប់ការប្ដេជ្ញាចិត្តរបស់កញ្ញាក្នុងការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនិងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ។
យោងតាមវេទិកាប្រវត្តិសាស្ត្ររស់ ឬ Forum för levande historia ពានរង្វាន់ Per Anger Prize ប្រចាំឆ្នាំ២០២៤ គឺជាការទទួលស្គាល់នូវតម្លៃដ៏ធំធេងដែលកញ្ញា ស៊ីថរ បានលះបង់ដើម្បីការពារសិទ្ធិសហជីព ព្រមទាំងការបៀតបៀននិងការគំរាមកំហែងដែលអ្នកនាងបានទទួលរងអស់រយៈពេលជាច្រើនឆ្នាំដោយសារតែការងារជាសកម្មជនរបស់អ្នកនាង ។
ប៉ុន្តែ ជាអកុសល ដោយសារអ្នកនាងកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ កញ្ញាមិនអាចធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែតដើម្បីទទួលពានរង្វាន់នេះដោយផ្ទាល់បានឡើយ ។
Forum för levande historia ឬវេទិកាប្រវត្តិសាស្ត្ររស់ គឺជាទីភ្នាក់ងាររដ្ឋមួយដែលស្ថិតនៅក្រោមក្រសួងវប្បធម៌របស់ប្រទេសស៊ុយអែត ដែលជំរុញនិងលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ។
ពានរង្វាន់ Per Anger Prize ត្រូវបានផ្ដល់ឱ្យជារៀងរាល់ឆ្នាំ ទៅឱ្យបុគ្គល ឬស្ថាប័នណាមួយសម្រាប់បុព្វហេតុមនុស្សធម៌និងកិច្ចប្រឹងប្រែងធំៗក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកំណើតរបស់ពួកគេ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា ស៊ីថរ បានតស៊ូជំរុញឱ្យមានលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិកកម្មករនៅណាហ្គាវើល ដែលជាកាស៊ីណូនិងសណ្ឋាគារដ៏ធំបំផុតមួយនៅកម្ពុជា ។ កញ្ញាគឺជាអ្នកតស៊ូមតិដ៏សំខាន់មួយរូប ដែលតស៊ូមតិឱ្យមានសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមនិងការគោរពច្បាប់ការងារ និងបន្តតស៊ូដើម្បីយុត្តិធម៌ បើទោះបីខ្លួនទទួលរងការរំលោភបំពាន ការគំរាមកំហែង និងអំពើហិង្សាជាហូរហែមកក្ដី ។
សេចក្ដីថ្លែងការណ៍មួយដែលចេញដោយគណៈកម្មការពានរង្វាន់បានសរសេរថា៖ «ស៊ីថរ ត្រូវបានផ្ដល់ជូននូវពានរង្វាន់ Per Anger Prize ប្រចាំឆ្នាំនេះ ដោយសារ[ការងារ]និងការប្ដេជ្ញាចិត្តឥតខ្លាចនឿយហត់របស់កញ្ញានៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា» ។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមថា កញ្ញា ស៊ីថរ គឺជាប្រភពនៃការគាំទ្រដ៏សំខាន់បំផុតសម្រាប់ស្ត្រីកម្ពុជាដែលត្រូវគេបង្ខំឱ្យធ្វើការងារនៅក្នុងលក្ខខណ្ឌមិនល្អ ។ «នៅថ្ងៃនេះ កញ្ញាកំពុងជាប់នៅក្នុងពន្ធនាគារ ប៉ុន្តែ កញ្ញាមិនព្រមបោះបង់ចោលទេ ។ ទោះបីស្ថិតក្នុងពន្ធនាគារក្ដី កញ្ញាលើកទឹកចិត្តនិងគាំទ្រអ្នកជាប់ឃុំដូចគ្នា ។ សេចក្ដីក្លាហាននិងការលះបង់ដ៏ធំធេងរបស់កញ្ញា គឺជាគំរូនៃការជំរុញទឹកចិត្តដ៏អស្ចារ្យ ។ ជាមេដឹកនាំស្ត្រីវ័យក្មេងម្នាក់ កញ្ញាគឺជាជនគំរូសម្រាប់យើងទាំងអស់គ្នា» ។
កាលពីឆ្នាំ២០២៣ កញ្ញា ស៊ីថរ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ពីបទចោទប្រកាន់ញុះញង់និងបង្កភាពចលាចលសង្គម ដោយការធ្វើកូដកម្មកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលបានបន្តចាប់ពីពេលនោះរហូតមកដល់សព្វថ្ងៃ ។
អនុប្រធានសហជីព LRSU អ្នកស្រី ឈឹម សុខន បានប្រាប់ ខេមបូចា ថា កញ្ញា ស៊ីថរ ស័ក្ដិសមនឹងទទួលបានពានរង្វាន់នេះ ដោយសារតែការតស៊ូអត់ធ្មត់និងការមិនបោះបង់របស់កញ្ញា និងការតស៊ូគ្មានទីបញ្ចប់របស់កញ្ញាដើម្បីសិទ្ធិនិងផលប្រយោជន៍របស់កម្មករ ។
អ្នកស្រីបាននិយាយថា ពានរង្វាន់នេះគឺជាការលើកទឹកចិត្តមួយសម្រាប់សហជីពនានាដើម្បីបន្តការតវ៉ារបស់ខ្លួន ប៉ុន្តែ បើទោះបីគ្មានពានរង្វាន់នេះក៏ដោយ ក៏ពួកគេនៅតែបន្តទាមទាររកដំណោះស្រាយ ។
អ្នកស្រី សុខន បាននិយាយថា៖ «យើងសប្បាយចិត្តដែលទទួលបានពានរង្វាន់នេះ ប៉ុន្តែ អ្វីដែលយើងចង់ឃើញ ហើយនឹងកាន់តែសប្បាយរីករាយជាងនេះនោះ គឺចង់ឃើញនូវដំណោះស្រាយ ។ យើងមិនមែនកំពុងតវ៉ាដើម្បីចង់បានពានរង្វាន់នោះទេ» ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី អ្នកស្រី សុខន មានអារម្មណ៍ថា រដ្ឋាភិបាលអាចនឹងមិនសប្បាយចិត្តជាមួយនឹងពានរង្វាន់របស់កញ្ញា ស៊ីថរ ទេ ។ ពានរង្វាន់នេះអាចជាការឆ្លុះបញ្ចាំងមួយឱ្យឃើញពីចំណុចខ្សោយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហារបស់កម្មករនិយោជិត នៅក្នុងសណ្ឋាគារនិងកាស៊ីណូ ណាហ្គាវើល និងអាចជាការជំរុញទឹកចិត្តឱ្យកម្មករនិយោជិតបន្តការតវ៉ាដើម្បីស្វែងរកដំណោះស្រាយដោយខ្លួនឯង ជាបន្តទៀត ។
អ្នកស្រីបាននិយាយថា៖ «ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយវា ពានរង្វាន់នេះមិនជាបញ្ហានោះទេ» ។ ប៉ុន្តែ អ្នកស្រីបានបន្ថែមថា រដ្ឋាភិបាលហាក់ធ្វើដូចជាខ្លួនមិនបានដឹងពីបញ្ហាដែលបានកើតឡើង ដូច្នេះ ពានរង្វាន់ដែលផ្ដល់ឱ្យកញ្ញា ស៊ីថរ អាចនឹងធ្វើឱ្យរដ្ឋាភិបាលមិនសប្បាយចិត្តទេ ។ «វាបង្ហាញថា រដ្ឋាភិបាលអសមត្ថភាពក្នុងការដោះស្រាយបញ្ហា» ។
អ្នកស្រីលើកឡើងថា កញ្ញា ស៊ីថរ នឹងមិនអាចធ្វើដំណើរទៅកាន់ប្រទេសស៊ុយអែតដើម្បីទទួលពានរង្វាន់នេះបានទេ ប៉ុន្តែ អ្នកស្រីក៏មិនប្រាកដដែរថាតើអ្នកណានឹងទៅទទួលជំនួស ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធផ្ដល់អត្ថាធិប្បាយ។
ចំណែកឯអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានលើកឡើងថា កញ្ញាស៊ីថរ ជាអ្នកជាប់ឃុំតាមអំណាចសាលក្រមតុលាការចំពោះបទល្មើសដែលគាត់បានប្រព្រឹត្ត ប៉ុន្តែបែរជា ប្រទេសស៊ុយអែតផ្ដល់ពាន់រង្វាន់ទៅអ្នកជាប់ទោសទៅវិញ។ លោកបានបន្ថែមថា ខណៈពេលមានសហជីពរាប់ពាន់ទៀតដែលបម្រើប្រយោជន៍កម្មករ ហេតុអ្វីបានជាមិនផ្ដល់ពានជូនពួកគេផង។
លោកមានប្រសាសន៍ថា៖ «វាអត់មានអ្វីពិបាលយល់ទេករណីនេះ គឺពានរង្វាន់ផ្ដល់ដល់ជនល្មើសច្បាប់។ ពាន់រង្វាន់នេះមិនមានអ្វីសំខាន់សម្រាប់ប្រជាជនកម្ពុជាទេ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅរបស់អង្គការសិទ្ធិមនុស្ស លីកាដូ បានប្រាប់ ខេមបូចា ថា ពានរង្វាន់របស់កញ្ញា ស៊ីថរ ដែលទទួលបានពីអង្គការរបស់ប្រទេសស៊ុយអែត គឺជាពានរង្វាន់អន្តរជាតិទីពីរហើយរបស់កញ្ញា ។ ពានរង្វាន់ទីមួយរបស់កញ្ញា គឺបានមកពីសហរដ្ឋអាមេរិក ដែលកញ្ញាទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សសាកល នៅឆ្នាំ២០២៣ ។
ពានរង្វាន់ Per Anger Prize ជានិមិត្តរូបតំណាងឱ្យការប្ដេជ្ញាចិត្តនិងការខំប្រឹងប្រែងរបស់កញ្ញាដើម្បីលើកកម្ពស់សិទ្ធិការងារ ព្រមទាំងការលះបង់របស់កញ្ញាក្នុងការការពារសិទ្ធិរបស់កម្មករនិយោជិតនៅណាហ្គាវើលដ៍ ។ លោក សំអាត និយាយយ៉ាងដូច្នេះថា៖ «យើងចាត់ទុកពានរង្វាន់នេះជាការលើកទឹកចិត្តដល់យុវជន សហជីព កម្មករ និងអ្នកការពារសិទ្ធិមនុស្ស […] វាជាសញ្ញាមួយនៃការគាំទ្រចំពោះអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា» ។
លោកបានបន្ថែមថា ពានរង្វាន់នេះគឺចំពេលវេលាមួយដែលករណីរបស់កញ្ញា ស៊ីថរ នឹងត្រូវពិនិត្យឡើងវិញដោយតុលាការកំពូល ។ លោកសង្ឃឹមថា អ្នកនាងនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗ ។
មេធាវីរបស់កញ្ញា ស៊ីថរ លោក ហុង សម្បត្តិ បានបញ្ជាក់ថា សវនាការនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ប៉ុន្តែ លោកពុំអាចផ្ដល់ព័ត៌មានបន្ថែមទៀតបានទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ From Harassment to Imprisonment – Union Leader Chhim Sithar Awarded Per Anger Prize For Workers Rights’ Fight