សមាគមនិស្សិតបញ្ញវន្តខ្មែរកំពុងរៃអង្គាសថវិកាពីសប្បុរសជនដើម្បីជួយប្រធានរបស់ខ្លួន ដែលកំពុងជាប់ឃុំជាលើកទីពីរបន្ទាប់ពីបានទៅជួបប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
បងស្រីលោក កើត សារ៉ាយ គឺអ្នកស្រី កើត យី វ័យ៣៥ឆ្នាំ បានប្រាប់ខេមបូចាថាអ្នកស្រីបានទៅមើលប្អូននៅពន្ធនាគារ និងមានគម្រោងទៅមើលម្ដងទៀតនៅសប្ដាហ៍ក្រោយ។ យ៉ាងណា អ្នកស្រីកំពុងខ្វះខាតថវិកាក្នុងការធ្វើដំណើរទៅមកដើម្បីទៅសួរសុខទុក្ខលោក កើត សារ៉ាយ នៅខេត្តព្រះវិហារ ហើយពេលនេះលោកក៏ប្រឈមនឹងបញ្ហាលំបាកក្នុងពន្ធធនាគារដោយសារតែអាកាសធាតុក្ដៅ។
អ្នកស្រីយល់ឃើញថា ការចាប់ខ្លួនប្អូនប្រុសអ្នកស្រីជាលើកទីពីរនេះ គឺជាចេតនាក្នុងការបន្ទច់បង្អាក់ដល់សកម្មភាពរបស់សកម្មជនពីការបញ្ចេញមតិ និងបម្រើប្រយោជន៍សធារណៈ។
គួរបញ្ជាក់ថា លោក កើត សារ៉ាយ ត្រូវបានចោទប្រកាន់ពីបទញុះញង់ម្ដងកាលពីខែតុលា ឆ្នាំ២០២១ និងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ ដែលកាលនោះលោកបានចូលរួមតវ៉ាដោយសន្តិវិធីគាំទ្រឲ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហជីពដែលកំពុងជាប់ឃុំ។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំមិនគិតថាវាជាកំហុសរបស់គាត់ទេ [គាត់]គ្រាន់តែនិយាយការពិតការពារប្រជាជន។ [ការចាប់ខ្លួន] គឺមានចេតនាបំបាក់ទឹកចិត្តមនុស្សជំនាន់ក្រោយ»។
អ្នកស្រីអះអាងថា អ្វីដែលលោក កើត សារ៉ាយ បាននិយាយមិនមែនដើម្បីប្រយោជន៍បក្សនយោបាយ ឬក្រុមណាមួយនោះទេ តែវាជាប្រយោជន៍សាធារណៈ។
អ្នកស្រីបន្តថា៖ «ខ្ញុំស្គាល់ប្អូនខ្ញុំច្បាស់ណាស់ គាត់ធ្វើវាដោយចេញពីចិត្ត មិនមែនសម្រាប់ប្រយោជន៍នរណាម្នាក់នោះទេ។ ខ្ញុំសំណូមពរឲ្យតុលាការទម្លាក់ចោលបទចោលមកលើប្អូនរបស់ខ្ញុំ»។
អ្នកស្រីបន្ថែមថា ការចំណាយលើលោកកើត សារ៉ាយ មានទ្វេដងដោយសារតែអ្វីៗមានតម្លៃថ្លៃ ហើយគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់នោះទេ ដូចនេះអ្នកស្រីថា ទើបអ្នកស្រីចាប់ផ្ដើមធ្វើការរៃអង្គាសថវិកាដើម្បីផ្គត់ផ្គង់ការចំណាយនេះ។
លោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា និងរងការចោទប្រកាន់ពីបទញុះញង់បន្ទាប់ពីលោកបានទៅជួបប្រជាពលរដ្ឋនៅឃុំស្រយ៉ង់ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃក្នុងស្រុកគូលែន។ កាលពីថ្ងៃទី៥ ខែមីនា ប្រជាពលរដ្ឋ២៥នាក់ក្នុងចំណោម៣៦នាក់ត្រូវបានចាប់ខ្លួន និងរងបទចោទថា «បានឈូសឆាយ និងកាន់កាប់ដីព្រៃ» ដោយខុសច្បាប់។ ថ្មីៗនេះ អ្នកទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបន្ទាប់ពីការស៊ើបអង្កេតរកឃើញថាអ្នកទាំងនោះបានចាញ់បោកឈ្មួញដីធ្លី។
ក្រុមអង្គការសង្គមស៊ីវិល និងសហជីពប្រហែល៥០ បានអំពាវនាវឲ្យមានការដោះលែងលោក កើត សារ៉ាយ ខណៈពេលនេះលោកកំពុងជាប់ឃុំបណ្ដោះអាសន្ន។
លោក យីម លាងហ៊ី សកម្មជនបរិស្ថាន បានប្រាប់ ខេមបូចា ថា ស្ថានភាពលោក កើត សារ៉ាយ នៅក្នុងពន្ធធនាគារកាន់តែមានការលំបាក ខណៈតម្រូវការចំណាយមានច្រើនដើម្បីទិញសម្ភារៈ និងម្ហូបអាហារ ព្រោះថាលោកមិនអាចបរិភោគអាហាររបស់ពន្ធនាគារបាន។
ការជាប់ពន្ធនាគារជាលើកទីពីររបស់លោក កើត សារ៉ាយ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារជាថ្មី ព្រោះថាលោកជាបង្គោលរបស់គ្រួសារ។ ការបរិច្ចាគពីសប្បុរសជននឹងអាចជួយសម្រួលបានខ្លះដល់ជីវភាពគ្រួសារ ប៉ុន្តែពេលនេះថវិកាដែលប្រមូលបានមានចំនួនតិចតួចនៅឡើយ។
ជាមួយគ្នានេះដែរ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានជំរុញឲ្យកម្ពុជាបញ្ចប់ការយាយី និងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិល និងអនុញ្ញាតឲ្យអ្នកទាំងនោះអាចអនុវត្តសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយរបស់ពួកគេ។
ក្នុងសេចក្ដីថ្លែងការណ៍ អ្នកជំនាញបានគូសបញ្ជាក់ថាការចាប់ខ្លួនថ្មីៗនេះជាប់ពាក់ព័ន្ធនឹងការងារសង្គម និងបានលើកពីករណីឃុំខ្លួនលោក សារ៉ាយ ដែលពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាពនៃការសម្ដែងមតិ។
អ្នកជំនាញសិទ្ធិមនុស្សលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងបានឃើញយ៉ាងច្បាស់ពីការរំលោភបំពានលើសិទ្ធិនៃការបញ្ចេញមតិ ជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី ដែលបាន ធានាដោយកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។ ការណ៍នេះច្បាស់ណាស់ថានឹងប៉ះពាល់យ៉ាងខ្លាំងលើការងារសិទ្ធិមនុស្សនៅក្នុងប្រទេស និងអាចរារាំងដល់អ្នកផ្សេងជាច្រើនទៀតពីការចូលរួមក្នុងបញ្ហាសិទ្ធិមនុស្ស»។
យ៉ាងណាទាក់ទងនឹងសេចក្ដីថ្លែងការណ៍នេះ តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ប្រទេសកម្ពុជានៅទីក្រុងហ្សឺណែវ លោក អ៊ិន តារា បានបង្ហាញ «ការមិនពេញចិត្តជាខ្លាំង» ចំពោះអ្វីដែលថាជាការចោទប្រកាន់ថាមានការយាយី និងធ្វើទុក្ខបុកម្នេញនេះ។
តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា រូបនេះ បានច្រានចោលការចោទប្រកាន់ថាកម្ពុជា «បានបំពានលើសិទ្ធិនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី ដែលធានាដោយ ICCPR»។
ការចោទប្រកាន់នេះគឺ «មិនត្រឹមត្រូវ» និងពិតជាមិនបានបង្ហាញពីការពិតនៃលំហប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ការចាប់ខ្លួនលោក កើត សារ៉ាយ និងការចោទប្រកាន់គឺ «បទល្មើសព្រហ្មទណ្ឌ» មិនមែនពាក់ព័ន្ធនឹងសមាគមរបស់លោកនោះទេ។
កាលពីថ្ងៃទី២១ ខែមេសា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ក្នុងប្រទេសកម្ពុជាអ្នកការពារសិទ្ធិមនុស្សខ្លះបានបញ្ចេញមតិដោយមិនព្រមនិយាយដែនកំណត់ និងការទទួលខុសត្រូវនៃសេរីភាពនៃការបញ្ចេញមតិកំណត់ដោយច្បាប់ និងកតិកាអន្តរជាតិ។ លោកសរសេរទៀតថាអ្នកទាំងនោះគ្រាន់តែនិយាយពីសិទ្ធិ និងសេរីភាពដែលគ្មានដែនកំណត់។
លោកសរសេរថា៖ «ដើម្បីលើកតម្លៃប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ សូមអ្នកធ្វើការខាងសិទ្ធិមនុស្សទាំងឡាយមានសេចក្តីក្លាហានក្នុងការនិយាយពីការទទួលខុសត្រូវក្នុងការបញ្ចេញមតិ ដែលកំណត់ដោយច្បាប់ជាតិនិងកតិកាសញ្ញាអន្តរជាតិឱ្យបានទូលំទូលាយ»។
ជាមួយគ្នានេះដែរ សកម្មជនបរិស្ថានលោក យីម លាងហ៊ី ជឿថា ការចាប់ខ្លួនលោក កើត សារ៉ាយ មិនគ្រាន់តែជាការបំបិទសិទ្ធិសេរីភាពរបស់គាត់នោះទេ ប៉ុន្តែបានបង្ហាញឲ្យឃើញថាអាជ្ញាធរអាចមិនចង់ឲ្យសាធារណជនចង់ដឹងចង់ឮពីបញ្ហាសង្គមផងដែរ។
លោកលើកឡើងថា៖ «ការឃុំខ្លួនលោក សារ៉ាយ គឺជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។ ការចោទប្រកាន់ថាផ្ដល់ព័ត៌មានក្លែងក្លាយក្នុងបទសម្ភាសន៍ជាមួយវីអូឌី និងអាស៊ីសេរី គឺជាទម្រង់នៃការបំភិតបំភ័យ ដែលរារាំងប្រជាពលរដ្ឋផ្សេងទៀតមិនឲ្យផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានទាំងនោះ»។
លោកបន្ថែមថាសមាគមនិស្សិតបញ្ញវន្តខ្មែរ គឺជាសមាគមឯករាជ្យមិនពាក់ព័ន្ធនឹងគណបក្សនយោបាយ ឬទទួលជំនួយពីអ្នកនយោបាយ។ គោលបំណងសំខាន់របស់សមាគមគឺនិយាយពីបញ្ហាសហគមន៍ក្រោមក្របខណ្ឌច្បាប់ និងស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល។
នាយកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់ ខេមបូចា ថា វាជាការប្រសើរបើសិនជាមើលទៅលើបញ្ហា និងស្វែងរកដំណោះស្រាយ ជាជាងបដិសេធសេចក្ដីថ្លែងការណ៍ទាក់ទងនឹងករណីសិទ្ធិមនុស្ស។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាអ្នកជំនាញអង្គការសហប្រជាជាតិឃើញកម្ពុជា [ជាកន្លែងមួយ] ដែលមានការរឹតត្បិតលើមូលដ្ឋាននៃសេរីភាពបញ្ចេញមតិ»។
លោកបន្តថា ករណីលោក សារ៉ាយ គឺគាត់ការពារផលប្រយោជន៍ប្រជាពលរដ្ឋ សិទ្ធិមនុស្ស និងបរិស្ថាន ប៉ុន្តែគាត់បែរជាត្រូវចាប់ខ្លួន។ អ្នកជំនាញអង្គការសហប្រជាជាតិវាយតម្លៃដោយផ្អែកទៅលើស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិ រួមទាំងច្បាប់ដែលកម្ពុជាបានផ្ដល់សច្ចាប័ន និងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញា។
លោកបន្ថែមថា៖ «ដូចនេះ កម្ពុជាមានកាតព្វកិច្ចគោរព មូលដ្ឋាននៃសេរីភាព និងសិទ្ធិមនុស្ស»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Funds Raised to Help Koet Saray, UN Calls For End To Prosecution of Human Rights Activists