អ្នកស្រី ផុន ទូច និងអ្នកស្រី ទៀង ស្រីតូច បានធ្វើការនៅក្នុងវិស័យកាត់ដេរអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែឥឡូវនេះ អ្នកទាំងពីរព្រួយបារម្ភថា អាចបាត់បង់ការងារដូចកម្មកររាប់ពាន់នាក់ទៀតនៅក្នុងវិស័យកាត់ដេរ ដោយមិនមានសំណងសមរម្យ។
អ្នកស្រី ទូច អាយុ ៣៩ឆ្នាំ ដែលធ្វើការនៅរោងចក្រ Canteran Apparel (Cambodia) Co. Ltd ក្នុងរាជធានីភ្នំពេញ បាននិយាយថា៖ «ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ យើងមិនមានការងារធ្វើនៅរោងចក្រនោះទេ។ យើងគ្រាន់តែមកអង្គុយលេងតែប៉ុណ្ណោះ ហើយដល់ម៉ោងចេញទៅផ្ទះ»។
សហការីរួមការងារ អ្នកស្រី ស្រីតូច ក៏បានបន្តថា៖ «យើងព្រួយបារម្ភថា ប្រសិនបើរោងចក្របិទ នោះនឹងមិនមានសំណង»។
រដ្ឋាភិបាលនិយាយថា វិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជានៅតែមានភាពរឹងមាំ បើទោះបីជាមានវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ កាលពីខែមេសា អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានប្រាប់ទៅបណ្តាញផ្សព្វផ្សាយក្នុងស្រុកថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានកើនឡើងជិត ១៥ភាគរយ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០២២ ដែលមានតម្លៃសរុបប្រមាណ ៣ពាន់លានដុល្លារ។
លោក ហេង សួរ បានបន្តថា ស្របពេលកម្លាំងការងារនៅក្នុងវិស័យកាត់ដេរបានថយចុះអំឡុងពេលវិបត្តិជំងឺកូវីដ១៩ មកប្រមាណ ៨០០.០០០នាក់ បើប្រៀបជាមួយនឹងប្រមាណ ៨៥០.០០០នាក់ កាលពីឆ្នាំ ២០១៩ ចំនួនកម្លាំងការងារបានកើនឡើងសាជាថ្មី ហើយរោងចក្រនានាត្រូវការកម្មករបន្ថែម។
ទោះបីយ៉ាងណាក៏ដោយ មេដឹកនាំសហជីពបាននិយាយថា ស្ថានភាពកម្មករនៅក្នុងវិស័យកាត់ដេរ ដែលបានរួចចំណែកពី ១០ ទៅ ២០ភាគរយនៃផលិតផលក្នុងស្រុកសរុប គឺនៅតែជួបនឹងបញ្ហាប្រឈម។
ប្រធានសហភាពការងារកម្ពុជាលោក អាត ធន់ បាននិយាយថា រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារ ដោយធ្វើឲ្យប្រាក់ខែសរុបរបស់ពួកគេកើនដល់ ១៩៤ដុល្លារ។ លោកថ្លែងថា៖ «ប្រាក់ឈ្នួលបានកើនឡើងតិចតួចប៉ុណ្ណោះ» ។
ប៉ុន្តែលោកបានបន្តថា កម្មករត្រូវធ្វើការលំបាកជាងមុន និងច្រើនជាងមុន។ លោកបានបន្ថែមថា ច្បាប់និងការរឹតត្បិតផ្សេងៗប្រឆាំងនឹងសហជីពលើការតវ៉ានានាក៏បានធ្វើឲ្យកម្មករជួបការពិបាកក្នុងការទាមទារតាមសិទ្ធិរបស់ពួកគេផងដែរ។
លោកបានថ្លែងថា៖ «មានការកើនឡើងនៃការធ្វើការដោយបង្ខំ និងអំពើហិង្សា ដែលប៉ះពាល់លើកម្មករ ស្របពេលនិយោជកបង្កើនការដាក់សម្ពាធបន្ថែម»។
លោក អាត ធន់ បានឲ្យដឹងថា រោងចក្រខ្លះបានប្រកាសក្ស័យធន់ ជាការដោះសារដើម្បីអាចបិទ និងមិនផ្តល់សំណង ហើយបន្ទាប់មក ពួកគេបានបើករោងចក្រថ្មីនៅកន្លែងមួយទៀត។

ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សឿ យល់ស្របថា ស្ថានភាពរបស់កម្មករកាត់ដេរមានភាពប្រសើរ ប្រៀបជាមួយនឹងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ រយៈពេល ២ឆ្នាំមកនេះ។
ប៉ុន្តែអ្នកស្រីបានបន្ថែមថា ស្របពេលរោងចក្រមួយចំនួនបានបិទទ្វារ កម្មករខ្លះបានបាត់បង់ការងារ ហើយកំពុងប្រឈមការលំបាកផ្នែកហិរញ្ញវត្ថុ ខណៈទំនិញបានឡើងថ្លៃ។
អ្នកស្រីបានថ្លែងថា៖ «កម្មករនៅតែប្រឈមបញ្ហាផ្សេងៗ ជាពិសេសពាក់ព័ន្ធប្រាក់ឈ្នួលអប្បបរមា ស្របពេលការចំណាយរបស់ពួកគាត់មានច្រើនជាងចំណូល ហើយពួកគាត់ភាគច្រើនជាប់បំណុល»។
កាលពីថ្ងៃទី២០ ខែមេសា កម្មករជាង ១.០០០នាក់មកពីរោងចក្រ Rosing Garment Factory ក្នុងសង្កាត់ទួលសង្កែ រាជធានីភ្នំពេញ បានទាមទារឲ្យភាគីនិយោជកផ្តល់អត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ការងារ បន្ទាប់ពីរោងចក្របានបិទទ្វារ។ ហើយអតីតកម្មករពីរោងចក្រ Evergreen Apparel ក្នុងរាជធានីភ្នំពេញនៅតែមិនទាន់ទទួលបានប្រាក់សំណង ក្រោយពីរោងចក្របានបិទកាលពីឆ្នាំ ២០១៩។
ប៉ុន្តែរបាយការណ៍ក្រសួងពាណិជ្ជកម្មបាននិយាយថា កាលពីឆ្នាំ ២០២១ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង បានកើនឡើង ៨ភាគរយ និងកើន២៥ភាគរយ បើប្រៀបជាមួយឆ្នាំ ២០២០។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បាននិយាយថា៖ «ផលិតផលស្បែកជើងនឹងអាចកើនឡើង ស្របពេលបណ្តាប្រទេសនានាលើសកលលោកបានបើកបញ្ជាទិញឡើងវិញ ដែលនឹងជំរុញតម្រូវការក្នុងទីផ្សារ»។
យ៉ាងណាក្តី លោកបានបន្តថា អំឡុងពេលវិបត្តិជំងឺកូវីដ១៩ រោងចក្រស្បែកជើងចំនួនប្រាំបានបិទទ្វារ ហើយមិនមានរោងចក្រថ្មីបើកដំណើរការនោះទេ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា( GMAC) បាននិយាយថា ការបិទខ្ទប់ទ្រង់ទ្រាយធំដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសចិន បានប៉ះពាល់ដល់ការផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជា ដែលបង្កឲ្យមានការធ្លាក់ចុះបន្តិចក្នុងការផលិតអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ លោកក៏បានលើកឡើងថា សង្រ្គាមនៅអ៊ុយក្រែនក៏អាចបង្កការប៉ះពាល់ផងដែរ។
លោកបានថ្លែងថា៖ «អ្នកបញ្ជាទិញមួយចំនួនត្រូវកែតម្រូវការបញ្ជាទិញរបស់ពួកគេ ដោយសារស្ថានភាពនៅអឺរ៉ុប»។
ក្រៅពីកូវីដ១៩ វិស័យកាត់ដេរក៏បានរងការប៉ះពាល់ដោយសារការអស់សុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក និងការដកចេញប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយ របស់សហភាពអឺរ៉ុប៕ (រាយការណ៍បន្ថែម ដោយ ស៊ើង និមល់)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment Exports Up, But Workers Worried About Factory Closures