សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មករកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បារម្ភ​ពីការងារពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដំឡើងពន្ធ

អង្គការសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល កម្មករ ចូលរួមវេទិកាពិភាក្សាអំពីកង្វល់របស់កម្មករផ្លូវការ និងក្រៅផ្លូវការ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អង្គការសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល កម្មករ ចូលរួមវេទិកាពិភាក្សាអំពីកង្វល់របស់កម្មករផ្លូវការ និងក្រៅផ្លូវការ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ៤៩ ភាគរយនឹងធ្វើឱ្យពួកគេប្រឈមនឹងការបាត់បង់ការងារ លក្ខខណ្ឌការងារមិនល្អ និងការកេងប្រវ័ញ្ចកើនឡើង ខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់ពួកគេមិនអាចបន្តនឹងអតិផរណាបានទេ។

វេទិកាស្ដីពី«សំឡេងរួបរួមសម្រាប់យុត្តិធម៌សេដ្ឋកិច្ចសម្រាប់កម្មករទាំងផ្លូវការ និងក្រៅផ្លូវការ» ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលព័ត៌មានកម្មករកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ដើម្បីលើកឡើងពីកង្វល់អំពីស្ថានភាពការងារ និងផលប៉ះពាល់លើកម្មករក្រោយការដំឡើងពន្ធក្នុងវិស័យនានា។

កញ្ញា សុត សុផង មន្ត្រីស្រាវជ្រាវនៅមជ្ឈមណ្ឌលនេះ មានប្រសាសន៍ថា ការប្រកាសដំឡើងពន្ធខ្ពស់ដោយសហរដ្ឋអាមេរិក បានបង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដំឡើង​ពន្ធ​នាំ​ចូល​ប្រទេស​ចំនួន ១៦០ ដោយ​កម្ពុជា​ប្រឈម​នឹង​ការ​យក​ពន្ធ​ខ្ពស់​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលនេះ ដែលត្រូវបានបង្ហាញនៅក្នុងវេទិកានោះ កញ្ញា សុផង បាននិយាយថា វិធានការរបស់លោក ត្រាំ នឹងធ្វើឱ្យកម្មករកម្ពុជារាប់សែននាក់ ប្រឈមមុខនឹងលក្ខខណ្ឌការងារដ៏លំបាក ការកើនឡើងការកេងប្រវ័ញ្ច សុខុមាលភាព ជីវភាពរស់នៅ និងហានិភ័យនាពេលអនាគតរបស់ពួកគេ។

ក្នុងឆ្នាំ២០២៤ កម្ពុជា​បាន​នាំ​ចេញ​សម្លៀក​បំពាក់ វាយនភ័ណ្ឌ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ ១៣.៩២ ពាន់​លាន​ដុល្លារ ដែលចំនួននេះកើន​ឡើង ២៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ គិតត្រឹមឆ្នាំ ២០២៤ រោងចក្រ និងសហគ្រាសចំនួន ១៥៥៥ទីតាំង បានដំណើរការនៅទូទាំងប្រទេស ដែលមានកម្មករជិតមួយលាននាក់។

កម្មការិនីនៃរោងចក្រមួយកន្លែងក្នុងសង្កាត់ទឹកថ្លា គឺអ្នកស្រី ឡុង សុផាត អាយុ៣៨ឆ្នាំ មានការព្រួយបារម្ភថា អត្រាពន្ធនឹងធ្វើឱ្យលក្ខខណ្ឌការងារកាន់តែអាក្រក់ ជាពិសេសអ្នកដែលមានជំនាញទាប។ អ្នកស្រីបន្តថា ប្រសិនបើខ្សែសង្វាក់ផលិតកម្មត្រូវបានរំខាន កម្មករជំនាញទាបនឹងបាត់បង់ការងារមុនគេ។

ក្រៅ​ពី​ការ​ផ្គត់ផ្គង់​គ្រួសារ អ្នកស្រីក៏មានជាប់​បំណុល​ធនាគារផងដែរ ដូច្នេះ​ការ​បាត់បង់​ការងារ​នឹង​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ។

អ្នកស្រី សុផាត លើកឡើងថា៖ «ខ្ញុំខ្លាចថៅកែរបស់ខ្ញុំទៅបណ្តាក់ទុននៅប្រទេសផ្សេង ហើយលក្ខខណ្ឌការងារនឹងកាន់តែអាក្រក់ ឬធ្វើឱ្យបាត់បង់ការងារ និងប្រាក់ចំណូល។ ខ្ញុំជាអ្នករ៉ាប់រងចំពោះគ្រួសាររបស់ខ្ញុំ ហើយខ្ញុំក៏មានបំណុលធនាគារ»។

អ្នកស្រី​ក៏បានបញ្ជាក់​ដែរ​ថា ប្រាក់​ខែ​បច្ចុប្បន្នមិន​សមស្រប​តាម​អត្រា​ទីផ្សារ ​និង​ការ​ជួល​ទេ ដោយ​បន្ថែម​ថា​តម្លៃ​ទំនិញ​បន្ត​ឡើង​ថ្លៃ។ ដូច្នេះ​ហើយ​អ្នកស្រីបាន​ជំរុញឱ្យ​រដ្ឋាភិបាល និង​ម្ចាស់​រោងចក្រ​ដំឡើង​ប្រាក់​ខែឱ្យ​កម្មករ។ អ្នកស្រីបន្តថា ក្រសួងពាក់ព័ន្ធក៏គួរតែមានគោលការណ៍កំណត់តម្លៃទីផ្សារ ដើម្បីបញ្ឈប់អាជីវកម្មកុំឱ្យឡើងថ្លៃតាមចិត្ត។

អ្នកស្រីបានសង្ឃឹម​ថា ​ការ​ចរចា​ជាមួយ​អាមេរិក​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន «ទោះបីប្រាក់ខែកើនឡើងបន្តិចប្រមាណ៤ដុល្លារក៏ដោយ ប៉ុន្តែថ្លៃជួលបន្ទប់កើនឡើង៥ដុល្លារ តម្លៃទំនិញក៏កើនឡើងដែរ។ យើងត្រូវបង់ថ្លៃទឹក និងភ្លើង។ ខ្ញុំសុំស្នើឱ្យរដ្ឋាភិបាលចរចាជាមួយសហរដ្ឋអាមេរិកលើបញ្ហាពន្ធ ដើម្បីឱ្យម្ចាស់រោងចក្របន្តវិនិយោគនៅទីនេះ»។

ផ្ទាំង​រូបភាព និង​រូបភាព​គូរ​ដោយ​ដៃ​រំលេច​កង្វល់​របស់​កម្មករត្រូវបានដាក់តាំងនៅ​ក្នុង​វេទិកា​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ទន្ទឹមនឹងនេះ កញ្ញា សុផង បាននិយាយថា កម្មករជាច្រើនមិនត្រូវបានជូនដំណឹងពេញលេញអំពីការដំឡើងពន្ធ ៤៩ ភាគរយលើប្រទេសកម្ពុជានោះទេ។ អ្នកខ្លះបានដឹងពីវាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងពីមិត្តរួមការងារ។

កម្មករនៅក្នុងរោងចក្រស្បែកជើងមួយកន្លែងនៅព្រៃទា បានសម្តែងការព្រួយបារម្ភអំពីស្ថិរភាពការងាររបស់ពួកគេបន្ទាប់ពីត្រូវបានជូនដំណឹងដោយនិយោជកថាពួកគេផ្គត់ផ្គង់ទីផ្សារសហរដ្ឋអាមេរិក។ ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​ផ្អាក ឬ​បិទ​សង្វាក់​ផលិតកម្ម​ដោយ​គ្មាន​ការ​ជូន​ដំណឹង។ ក្នុងនោះ កញ្ញា សុផង បន្ត​ថា ពួក​គេ​បារម្ភ​ថា​មិន​បាន​ទទួល​ប្រាក់​សំណង​គ្រប់​គ្រាន់ ឬ​ការ​ទូទាត់​ដោយ​យុត្តិធម៌​ស្រប​តាម​ច្បាប់​ការងារ។

ប្រាក់ឈ្នួលអប្បបរមាកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែវាមិនសមាមាត្រទៅនឹងអតិផរណា អត្រាលំនៅឋាន និងថ្លៃទឹកភ្លើងឡើយ។ អ្នកស្រី​ថា ប្រសិនបើ​ការចរចា​បរាជ័យ កម្មករ​បារម្ភ​ថា​ពួកគេ​នឹង​ធ្លាក់​ទៅក្នុង​បំណុល​កាន់តែ​ជ្រៅ។

អនុប្រធានអធិការកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក តេង មុនី មានប្រសាសន៍ថា មានភាគីពាក់ព័ន្ធជាច្រើនដែលចូលរួមក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ហើយក្រសួងមិនអាចសម្រេច ឬកំណត់ប្រាក់ឈ្នួលអប្បបរមាតែម្នាក់ឯងបានទេ។ ម្យ៉ាង​វិញ​ទៀត លោក​បាន​លើក​ឡើង​ថា ក្រសួង​មិន​អាច​ទាមទារ​ប្រាក់​ខែ​ខ្ពស់​ពី​និយោជក​បាន​តាម​ការ​ទាមទារ​របស់​កម្មករ​ឡើយ។

លោក មុនី បន្តថា៖ «មានភាគីចំនួន៣ ដែលចរចាអំពីប្រាក់ឈ្នួលអប្បបរមា។ ពួកគេសិក្សាពីប្រាក់ឈ្នួលទៅតាមការចំណាយរបស់បុគ្គលម្នាក់។ ប្រសិនបើអ្នកនិយាយថាមនុស្សម្នាក់ជួយគ្រួសារទាំងមូល វាមិនអាចទៅរួចទេ»។ 

ទាក់ទិននឹងការដំឡើងពន្ធរបស់អាមេរិក លោក មុនី បានស្នើឱ្យកម្មករកុំមានការព្រួយបារម្ភ ព្រោះរដ្ឋាភិបាលកំពុងគិតគូរអំពីបញ្ហានេះ ហើយរហូតមកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាបិទទ្វារ ដោយសារការដំឡើងថ្លៃពន្ធនេះទេ ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «រដ្ឋាភិបាល​តែង​តែ​គិតគូរ​ដល់​កម្មករ។​ នៅពេលនេះគឺពុំមានបញ្ហាអ្វីឡើយ ដូច្នេះ​សូម​កុំ​បារម្ភ​ខ្លាំង​ពេក»។

វាគ្មិន​កំពុងពិភាក្សា​អំពី​កង្វល់ និង​ដំណោះស្រាយ​ក្នុង​វេទិកា​កម្មករកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា វាមានការព្រួយបារម្ភរយៈពេលវែងអំពីការនាំចេញក្នុងវិស័យកាត់ដេរ ជាពិសេសស្ថិរភាពការងាររបស់កម្មករជាងមួយលាននាក់។ ប្រសិនបើមិនមានលទ្ធផលវិជ្ជមានពីការចរចាជាមួយតំណាងពាណិជ្ជកម្មអាមេរិក (USTR) ទេនោះ វានឹងប៉ះពាល់ដល់ការនាំចេញ និងកំណើនសេដ្ឋកិច្ច។

លោក ថារ៉ូ បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា៖ «ខ្ញុំយល់ថាការពន្យារពេលក្នុងការចរចាអាចកើតឡើង។ នៅដំណាក់កាលនេះ គ្មានប្រទេសណាដែលផលិតក្នុងវិស័យនេះឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែវៀតណាមអាចនឹងមានលក្ខខណ្ឌល្អប្រសើរជាងកម្ពុជា»។

ក្នុងស្ថានភាពនេះ អ្នកទិញរបស់សហរដ្ឋអាមេរិកកំពុងរង់ចាំលទ្ធផលនៃការចរចាដើម្បីពិចារណាលើការបញ្ជាទិញ។ ជាឧទាហរណ៍ ក្រុមហ៊ុនអាមេរិក Nike បានសម្រេចចិត្តកាត់បន្ថយការបញ្ជាទិញពីប្រទេសចិន។

នៅថ្ងៃទី ២៥ ខែមិថុនា មន្ត្រីកម្ពុជាបានបើកកិច្ចប្រជុំតាមអនឡាញជាមួយអង្គភាព USTR ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងពន្ធ។ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវវឌ្ឍនភាពពីការចរចាមុនៗ ស្នើជំហានបន្ថែមទៀត និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធសម្រាប់ភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគដែលមានផលប្រយោជន៍ទៅវិញទៅមក។

កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដែលមានផលប្រយោជន៍ទៅវិញទៅមក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ទន្ទឹម​នឹង​នេះ មជ្ឈមណ្ឌល​ព័ត៌មាន​កម្មករកម្ពុជា ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឱ្យ​លើក​លែង​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា។ ស្ថាប័ននេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលពន្លឿនការចរចា ដោះស្រាយបញ្ហាដើម្បីធានាស្ថិរភាពការងារ និងការពារសុខុមាលភាពរបស់កម្មករ ដោយធានាលក្ខខណ្ឌការងារកាន់តែប្រសើរឡើង។

លើសពីនេះ កម្មករបានស្នើឱ្យរដ្ឋាភិបាលសិក្សាលើតម្លៃប្រាក់ឈ្នួលម្តងទៀត ដើម្បីធានាថាវាសមស្របនឹងអតិផរណា និងតម្លៃទីផ្សារ ដើម្បីដោះស្រាយអតុល្យភាពរវាងចំណូល និងចំណាយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment, Footwear Workers Worry About U.S Tariff Hike Costing Their Jobs

ព័ត៌មានថ្មី

អត្ថបទពេញនិយម