រដ្ឋាភិបាលនៅថ្ងៃអង្គារ បានសម្រេចដំឡើងប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើងចំនួនពីរដុល្លារបន្ថែមទៀត ដែលជាសរុបប្រាក់ខែគោលប្រចាំខែឡើងដល់១៩៤ដុល្លារ ។ ការសម្រេចនេះមិនទាន់ធ្វើឲ្យសហជីព និងកម្មករ ពេញចិត្តនៅឡើយ ដោយពួកគេចង់បានតួលេខខ្ពស់ជាងនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអន្តរាគមន៍លើការចរចានេះ ដោយបានជំរុញឲ្យក្រសួងដំឡើងតួលេខប្រាក់ឈ្នួលគោលបន្ថែមបន្តិច នៅក្នុងកិច្ចប្រជុំចរចារប្រាក់ឈ្នួលគោលរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមា។ តាមរយៈការប្រជុំចរចាជាបន្តបន្ទាប់ ក្រុមសហជីពនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមាបានស្នើឲ្យដំឡើងប្រាក់ឈ្នួលគោល១២ដុល្លារបន្ថែមលើប្រាក់ឈ្នួលគោលឆ្នាំ២០២១ ខណៈខាងនិយោជកបានស្នើឲ្យបន្ថយចំនួន១៦ដុល្លារ។
ប្រាក់ឈ្នួលគោលអប្បបរមានឹងត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមា មានបីភាគីចូលរួម សហជីព រដ្ឋាភិបាល និងនិយោជក ក្នុងនោះភាគីនីមួយៗមានសមាជិកស្នើគ្នា ដែលធ្វើឲ្យចំនួនសមាជិកសរុបមាន៥១រូប។
ក្នុងចំណោមសមាជិក៥១រូប មាន៤៥រូបបានបោះឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៩២ដុល្លារ និងមានប្រាំមួយសំឡេងគាំទ្រតួលេខរបស់សហជីព ២០៤ដុល្លារ។ ចំណែកតួលេខរបស់តំណាងភាគីនិយោជកចំនួន១៨៨ដុល្លារមិនមានសំឡេងគាំទ្រនោះទេ។
ទោះបីជាប្រាក់ខែបានឡើងបន្តិចក្ដី កម្មករ និងតំណាងសហជីព បានប្រាប់ខេមបូចាថា ប្រាក់ឈ្នួលគោលថ្មីនេះនឹងមិនគ្រប់គ្រាន់សម្រាប់ការចំណាយលើជីវភាពប្រចាំថ្ងៃនោះទេ ស្របពេលដែលបញ្ហាប្រឈមជាច្រើនកើតមានឡើងនៅក្នុងវិបត្តិកូវីដ-១៩ នេះ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ថា ការស្រាវជ្រាវបានរកឃើញថាប្រាក់ចំណូលសរុបរបស់គ្រួសារកម្មករបានធ្លាក់ចុះអំឡុងពេលកូវីដ-១៩ និងក្នុងវិបត្តិសេដ្ឋកិច្ចដែលកើតមានជាបន្តបន្ទាប់នេះ។
លោកបានឲ្យដឹងថា៖ «[រដ្ឋាភិបាល]ផ្ដល់ប្រាក់ឈ្នួលគោលអប្បបរមាចំនួន១៩៤ដុល្លារដល់កម្មករ មិនទាន់អាចឆ្លើយតបនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេបានទេ»។ លោកបន្ថែមថា ទោះបីជាមិនអាចបានដូចបំណង តែខាងសហជីពមិនអាចបដិសេធសំឡេងភាគច្រើនដែលព្រមទទួលយកតួលេខនេះទេ។ លោកបន្តថា៖ «យើងឃើញហើយថា កម្មករយើងជួបការលំបាកច្រើន ពីព្រោះប្រាក់ខែតិច ហើយពួកគេញ៉ាំតែអាហារមានតម្លៃថោក និងមិនមានអនាម័យ»។
លោកឲ្យដឹងទៀតថា កម្មករសព្វថ្ងៃរស់នៅក្នុងបន្ទប់ជួលតូចចង្អៀតមានគ្នាច្រើន ដោយសារតែតម្រូវការចំណាយមានច្រើន។ លោកថា ទាំងនិយោជក និងរដ្ឋាភិបាល គួរតែពិនិត្យឡើងវិញនូវលទ្ធភាពដែលអាចផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗបន្ថែមលើប្រាក់ឈ្នួលគោលអប្បបរមា ដូចជាបន្ថែមលើប្រាក់ថ្លៃអាហារ ធ្វើដំណើរ និងថ្លៃជួលផ្ទះជាដើម។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងដែរថាការដំឡើងពីរដុល្លារនេះមិនគ្រប់គ្រាន់សម្រាប់កម្មករនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាចំនួននេះមិនអាចដោះស្រាយការលំបាករបស់កម្មករបានទេ»។
លោក បន្ថែមទៀតថា ក្នុងចំណោមភាគីសហជីពមានគ្នា១៧រូប នៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមា ប៉ុន្តែមានតែប្រាំមួយរូបប៉ុណ្ណោះបានគាំទ្រការដំឡើងប្រាក់ឈ្នួល១២ដុល្លារ។ ចំណែក១១សំឡេង ផ្សេងទៀត បានគាំទ្រតួលេខដែលដាក់ចេញដោយរដ្ឋាភិបាល។ ត្រង់ចំណុចនេះ លោក អាត់ ធន់ ថា វាជាភស្តុតាងមួយបញ្ជាក់ថាតំណាងសហជីពខ្លះមិនបានការពារផលប្រយោជន៍កម្មករនោះទេ។
ទោះជាលោកថា តួលេខដែលលើកឡើងដោយសហជីពអាចជួយឲ្យជីវភាពកម្មករមានការប្រសើរឡើង តែថាបើតាមការរាយការណ៍ការចំណាយក្នុងជីវភាពប្រចាំថ្ងៃរបស់កម្មករមានចន្លោះពី២៥០ដុល្លារ ទៅ៣០០ដុល្លារ ដែលលោកហៅថា ទោះបីជាបានតួលេខដែលខាងសហជីពដាក់ ក៏មិនទាន់គ្រប់គ្រាន់ដែរ។ លោក អាត់ ធន់ នៅតែបន្តទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលគោលបន្ថែមទៀត បូករួមនឹងផលប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និងថារដ្ឋាភិបាលក៏គួរព្យាយាមទប់តម្លៃទំនិញចាំបាច់មួយចំនួនផងដែរ។
លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រដាក់ដេរនៅកម្ពុជា ហៅកាត់ថា GMAC មានប្រសាសន៍ថា ការចរចាលើប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករ ជាទូទៅត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យស្តង់ដារបច្ចេកទេសទាំងប្រាំពីរ ដើម្បីធានាថាមានភាពត្រឹមត្រូវ។
លោកបន្ថែមថា៖ «សម្រាប់ពីរដុល្លារនេះ សម្តេច [ហ៊ុន សែន] មានចិត្តល្អ ហើយលោកចង់ជួយដល់កម្មករ»។ លោកបានលើកទឹកចិត្តដល់កម្មករថា គួរដឹងគុណលោកនាយករដ្ឋមន្ត្រីដែលបានបន្ថែមប្រាក់ឈ្នួលគោលនេះ។
លោក វ៉ាន់ សូអៀង ឲ្យដឹងទៀតថា និយោជកនឹងខាតបង់ថវិការបស់ខ្លួនចំពោះការដំឡើងប្រាក់ឈ្នួលគោលនេះ ប៉ុន្តែពួកគេត្រូវតែធ្វើដូចនេះដើម្បីជួយដល់កម្មករ កុំឲ្យពួកគាត់លំបាកពេកក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ។ ប៉ុន្តែ លោក ក៏បានមានប្រសាសន៍ទៀតថា ទៅអនាគត ការដំឡើងប្រាក់ឈ្នួលដែលធ្វើឡើងខុសពីលក្ខណៈវិនិច្ឆ័យស្តង់ដារទាំងប្រាំពីរ នឹងអាចធ្វើឲ្យបាត់បង់អ្នកវិនិយោគ ដែលកំពុងធ្វើការរកស៊ីនៅក្នុងប្រទេសកម្ពុជា
លោកបន្ថែមថា៖ «បើសិនមិនមានភាពយុត្តិធម៌ និងមានភស្តុតាងជាក់លាក់ អ្នកទិញនិងអ្នកផ្គត់ផ្គង់នឹងមិនពេញចិត្ត ហើយពួកគេនឹងទៅ[វិនិយោគ]ប្រទេសផ្សេង»។
លោក សូអៀង បន្តទៀតថា ប្រទេសមួយចំនួនផ្សេងទៀតមិនបានដំឡើងប្រាក់ឈ្នួលគោលអប្បបរមានៅអំឡុងកូវីដ-១៩ នេះទេ នឹងថាមានតែកម្ពុជាបានធ្វើរឿងនេះ។
លោកបញ្ជាក់ថា៖ «ជាការពិត យើងគិតថាប្រាក់ឈ្នួលគោលគួរតែត្រូវកាត់…ពីព្រោះពិភពលោកគិតថា កូវីដ-១៩ គឺជាវិបត្តិ ដូចនេះវាត្រូវតែកាត់បន្ថយ»។
ការដំឡើងប្រាក់ឈ្នួលគោលនេះមិនធ្វើឲ្យកម្មករសប្បាយចិត្តប៉ុន្មាននោះទេ ដោយកម្មករមួយចំនួនប្រាប់ខេមបូចា ថាការដំឡើងនេះមិនទាន់គ្រប់គ្រាន់សម្រាប់ថ្លៃចំណាយប្រចាំថ្ងៃនៅឡើយ។
អ្នកនាង យ៉ុង ស្រីលីន វ័យ២២ឆ្នាំ កម្មករនៅរោងចក្រកាត់ដេរ Horizon Outdoor ក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការឡើងថ្លៃទំនិញចាំបាច់មួយចំនួនធ្វើឲ្យចំណូលដែលរកបានមិនអាចបំពេញតម្រូវការគ្រប់គ្រាន់។
អ្នកនាង បន្ថែមថា៖ «ខ្ញុំគិតថា ទាំងខ្ញុំ និងកម្មករផ្សេងទៀតនៅតែជួបការលំបាកក្នុងជីវភាព ពីព្រោះតម្លៃទំនិញ និងម្ហូបអាហារកើនឡើងខ្ពស់ទៅៗ ប៉ុន្តែប្រាក់ខែកើនឡើងតែពីរដុល្លារ»។ អ្នកនាង បន្តថាគ្រួសាររបស់ខ្លួនក៏ត្រូវសងបំណុលប្រចាំខែចំនួនជាង១០០ដុល្លារ លើកម្ចីធ្វើផ្ទះចំនួន៣ ០០០ដុល្លារ។
លោក ម៉ៃ សាមិត្ត វ័យ៣៥ឆ្នាំ ជាកម្មករនៅរោងចក្រកាត់ដេរ YTC Corporation ក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងដែរថា លោកបានធ្វើការជាង១០ឆ្នាំមកហើយនៅក្នុងរោងចក្រនេះ និងថាការដំឡើងប្រាក់ឈ្នួលថ្មីបន្ថែមនេះមិនគ្រប់គ្រាន់សម្រាប់ការទិញគុយទាវមួយចានផង។
លោកបន្ថែមថា៖ «ខ្ញុំគិតថា កម្មករយើងមិនពេញចិត្តទេនឹងចំនួននេះទេ ប៉ុន្តែយើងគ្មានជម្រើស»។ លោកបន្តទៀតថា៖ «ខ្ញុំគិតថា គ្រប់ភាគីទាំងអស់ គួរតែទៅជួបកម្មករផ្ទាល់ ដើម្បីពិនិត្យពីជីវភាពកម្មករ មុនពេលប្រជុំចរចារឿងប្រាក់ឈ្នួលគោល»។
កញ្ញា សួន រិទ្ធី វ័យ២៧ឆ្នាំ ធ្វើការនៅរោងចក្រ អ៊ិចអូ នៅផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានប្រាប់ខេមបូចា ដែរថាកញ្ញាចំណាយច្រើនជាង១៦០ដុល្លារក្នុងមួយខែៗ គ្រាន់តែលើថ្លៃឈ្នួលបន្ទប់ និងអាហារ ដោយមិនទាន់គិតពីការសងធនាគារជាង ១០០ដុល្លារទៀតផង។
កញ្ញាបន្ថែមថា៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែផ្ដល់ប្រាក់ឈ្នួលគោលដល់២១៤ដុល្លារ ពីព្រោះតម្លៃទំនិញ និងម្ហូបអាហារបានឡើងថ្លៃច្រើន»។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទទួលស្គាល់ថា សំនួរនៅតែមានដែលចោទសួរថាដំឡើងប្រាក់ឈ្នួលប៉ុន្មានទើបអាចជួយកម្មករបាន ប៉ុន្តែលោកបានលើកឡើថាកម្ពុជាបានដំឡើងប្រាក់ឈ្នួលគោលទាំងនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ខណៈដែលប្រទេសផ្សេងទៀតក្នុងតំបន់មិនបានធ្វើដូចនេះទេ។
លោកបន្តថា៖ «អ៊ីចឹងតួលេខពីមួយឆ្នាំទៅមួយឆ្នាំ វាធំជាងមុនបន្តិច អ៊ីចឹងត្រង់ថាប្រសើរ វាប្រាកដជាប្រសើរហើយ ប៉ុន្តែត្រង់ថាប្រសើរកំរិតណា? វាជារឿងមួយដោយឡែក»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធី របស់អង្គការសង់ត្រាល់ មិនបានចាត់ទុកថាការដំឡើងប្រាក់ឈ្នួលនេះជារឿងឈ្នះនោះទេ។ លោកកត់សម្គាល់ថា តំណាងកម្មករមួយចំនួនមិនបានគាំទ្រតួលេខដែលបានស្នើដំឡើងដោយភាគីសហជីពខ្លួនឯងចំនួន១២ដុល្លារនោះទេ ហើយលោកបន្តថា តំណាងសហជីពខ្លះមិនបានដើរតួជាអ្នកការពារកម្មករឡើយ។ លោក លើកឡើងថា៖ «វាជារឿងគួរឲ្យសោកស្ដាយសម្រាប់កម្មករយើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment industry minimum wage raised $2 for 2022 amidst criticism from unions and workers