កម្មករកាត់ដេរម្នាក់នៅថ្ងៃទី២៣ ខែមីនា ត្រូវបានរកឃើញថាមានទោសពីបទញុះញង់ ដោយសាររិះគន់ជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រព័ន្ធបណ្ដាញសង្គម និងប្រមាថមន្ត្រីរាជការ។
អ្នកស្រី ហ៊ុល មុន្នីសាមន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនបួនលានរៀល ឬប្រហែល ១ ០០០ដុល្លារ។
យោងតាមអង្គការ លីកាដូ អ្នកស្រីត្រូវបានចាប់ខ្លួននៅពេលយប់ ខណៈពេលកំពុងជិះកង់ទៅទិញថ្នាំនៅឱសថស្ថានមួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប៉ូលិសស្លៀកពាក់ស៊ីវិលក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ឆេង ចន្ធា ស្វាមីរបស់អ្នកស្រី មុន្នីសាមន បាននិយាយថា គាត់មិនអាចទទួលយកបានចំពោះការសម្រេចរបស់តុលាការនេះទេ ហើយនឹងប្តឹងឧទ្ធរណ៍។
លោកបានលើកឡើងថា៖ «ខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ព្រោះវាអយុត្តិធម៌ចំពោះគ្រួសារខ្ញុំ»។
លោក ចន្ធា បានបន្ថែមថា៖ «ខ្ញុមិនដឹងច្បាស់ថាគាត់បានសរសេរអ្វីនៅលើហ្វេសប៊ុកទេ ប៉ុន្តែខ្ញុំគិតថាសេរីភាពនៃការបញ្ចេញមតិរបស់យើងកំពុងត្រូវបានរឹតត្បិត។ យើងគ្រាន់តែចែករំលែកមតិតាមអ៊ីនធឺណិតប៉ុណ្ណោះ ប៉ុន្តែពួកគេបានកាត់ទោសយើងដូចជាយើងមិនមែនជាពលរដ្ឋ»។
មនុស្សប្រហែល ៣០នាក់ រួមទាំងសមាជិកគណបក្សប្រឆាំង សកម្មជន និងអ្នកកាសែត និងគ្រូបង្រៀនសាលាឯកជនម្នាក់ ត្រូវបានចាប់ខ្លួនចន្លោះខែកក្កដា ឆ្នាំ២០២៥ និងខែកុម្ភៈ ឆ្នាំនេះ ពីបទបង្ហោះមតិយោបល់នៅលើបណ្តាញសង្គមអំពីការប៉ះទង្គិចគ្នាតាមព្រំដែនជាមួយប្រទេសថៃ ដែលបានកើតឡើងនៅក្នុងខែកក្កដា និងខែធ្នូ មុនពេលឈានដល់បទឈប់បាញ់។
ការចាប់ខ្លួនទាំងនេះកើតឡើង ខណៈដែលភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃនៅតែបន្ត ហើយក្រុមសិទ្ធិមនុស្សនៅតែបន្តរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះការកាត់ទោសអ្នករិះគន់ និងការប្រើប្រាស់នយោបាយនៃការចោទប្រកាន់ពីបទញុះញង់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការងារទូទៅនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ «យើងមានការព្រួយបារម្ភអំពីស្ថានភាពនៃការបញ្ចេញមតិ ជាពិសេសលំហសម្រាប់សេរីភាពសារព័ត៌មានដែលកំពុងរួមតូច។ អ្នកសារព័ត៌មានដែលបំពេញការងារវិជ្ជាជីវៈរបស់ពួកគេគួរតែត្រូវបានការពារក្រោមច្បាប់សារព័ត៌មាន ហើយមិនគួរត្រូវបានចាប់ខ្លួន ចោទប្រកាន់ពីបទឧក្រិដ្ឋ ឬផ្តន្ទាទោសនោះទេ»។
លោកបានបន្ថែមថា៖ «បញ្ហានេះ [ទាក់ទងនឹងព្រំដែន] មិនគួរនាំឱ្យមានការចាប់ខ្លួនទេ ព្រោះវាជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិតាមរយៈបណ្តាញសង្គម»។
លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ រួមទាំងសកម្មជនដែលបញ្ចេញមតិលើបញ្ហាព្រំដែន មិនគួរត្រូវបានចាប់ខ្លួនទេ ហើយរដ្ឋាភិបាលគួរតែធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
កាលពីឆ្នាំមុន ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានការអនុវត្តទាបបំផុតនៅលើពិភពលោកនៅក្នុងសន្ទស្សន៍នីតិរដ្ឋសកល ដោយទទួលបានពិន្ទុ១៦១ ក្នុងចំណោម ១៨១ប្រទេសនៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០២៥។ រដ្ឋាភិបាលតែងតែរិះគន់របាយការណ៍ពីក្រុមសិទ្ធិមនុស្សអន្តរជាតិថាមានភាពលំអៀង។
អង្គការ លីកាដូ បានចងក្រងថា «អ្នកទោសផលប្រយោជន៍» ចំនួន៩៦នាក់នៅក្នុងប្រទេសកម្ពុជា ដែលពួកគេកំពុងត្រូវបានឃុំខ្លួន ដោយសារតែសកម្មភាព ឬការបញ្ចេញមតិ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment Worker Jailed for Comment on Cambodia-Thailand Border Clash










