សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករបានចាប់ផ្តើមនៅក្រុងភ្នំពេញ

កម្មករម្នាក់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅរោងចក្រមួយក្នុងក្រុងភ្នំពេញ អំឡុងពេលថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មកររោងចក្រ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/បញ្ញា ឆព័ណ្ណ
កម្មករម្នាក់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅរោងចក្រមួយក្នុងក្រុងភ្នំពេញ អំឡុងពេលថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មកររោងចក្រ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/បញ្ញា ឆព័ណ្ណ

យុទ្ធនាការ​ចាក់​វ៉ាក់សាំងជូន​​កម្មករ​រោងចក្រ​ឲ្យ​បាន​រហូត​ដល់​ទៅ ៨០​ភាគរយ​ បាន​ចាប់​ផ្តើម​នៅ​ទីក្រុង​ភ្នំពេញ ​នៅថ្ងៃ​ពុធនេះ​ ដោយ​មាន​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​រាប់ពាន់​នាក់​​​​តាម​តំបន់​ឧស្សាហកម្ម​ធំៗ​ក្នុងទី​ក្រុង​។

​អ្នក​នាំពាក្យ​ក្រសួង​ការងារ ​លោក ហេង សួរ បាន​មានប្រសាសន៍​ថា រដ្ឋាភិបាល​អាច​ចាក់វ៉ាក់សាំង​ដល់​កម្មករ​ចំនួន ២៤.០០០​នាក់​ក្នុង​មួយ​ថ្ងៃ សម្រាប់​វិស័យ​កាត់ដេរ។​ ស្របពេលយុទ្ធនាការនេះចាប់ផ្តើម  លោកថា មានកម្មករកាត់ដេរ១៨នាក់ បានឆ្លងជំងឺកូវីដ១៩ ដោយគិតត្រឹមព្រឹកថ្ងៃពុធ។

លោក ​ហេង សួរ​ បាន​ថ្លែង​ថា៖ «កម្មករ​នៅ​ក្នុង​ប្រព័ន្ធ​មាន​ន័យ​ថា ទិន្នន័យ​ដែល​ក្រសួង​ការងារ​គ្រប់គ្រង​បាន​គឺ ១លាន​៨សែន​នាក់។ ហើយ​យើង​សង្ឃឹម​ថា មនុស្ស​ពី ៧០ ទៅ​៨០ ភាគរយ​ដែល​គាត់​មាន​លក្ខខណ្ឌ​សុខភាព​​គ្រប់គ្រាន់​ ​អាច​ទៅ​ចាក់វ៉ាក់សាំង​បាន។ អញ្ចឹង​មាន​ន័យ​ថា ចំនួន​មនុស្ស​ដែល​អាច​មក​ចាក់វ៉ាក់សាំង​អាច​មាន ១លាន​៤សែន​ទៅ ១លាន​៥​សែន​នាក់»។ ​

លោកបានបន្តថា៖ «ជំហានដំបូង យើងចាប់ផ្តើមចាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មកាណាឌីយ៉ា ឧស្សាហកម្មISI ហើយនៅថ្ងៃសុក្រ យើងនឹងបើកប្រាំកន្លែងទៀត ដើម្បីពង្រីការចាក់វ៉ាកសាំងជូនដល់កម្មករ» ដោយលោកបន្ថែមថា នឹង​ត្រូវ​ការ​ពេលវេលា​ពី​បី​ទៅប្រាំមួយ​ខែ​ដើម្បី​សម្រេច​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​រូប​នេះ​បន្ត​ថា ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន​ ១៨​ករណី​ គឺ​ជា​ ការ​ឆ្លង​មក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ ហើយ​មិនមាន​លទ្ធភាព​ច្រើន​ចំពោះ​ការ​ឆ្លង​នៅ​តាម​រោងចក្រ​នោះ​ទេ។

អ្នកស្រី មី រ៉ាណា អាយុ ៣៩​ឆ្នាំ គឺ​ជា កម្មការនី​មួយ​រូប​នៅ​រោងចក្រ Trillion Garment ប៉ុន្តែ​អ្នកស្រី​បាន​មក​តំបន់​ឧស្សាហកម្ម​នៅ​ព្រឹកព្រលឹម​​ថ្ងៃ​ពុធ ដើម្បី​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។

​អ្នកស្រី បាន​ថ្លែង​ប្រាប់​ CamboJA ថា៖ «ការ​ចាក់វ៉ាក់សាំង​នឹង​ជួយ​ដល់​ខ្ញុំ និង​គ្រួសាររបស់ខ្ញុំ» ដោយ​បន្ថែម​ថា ការ​ទទួល​បាន​វ៉ាក់សាំង​នឹង​​ជាការ​ជួយ​សម្រួល​យ៉ាង​ធំ​មួយ​សម្រាប់​អ្នកស្រី ដោយសារ​តែ​កន្លែង​ធ្វើការ​មាន​សភាព​ក្តៅ​និង​កកកុញ​នៅ​រោងចក្រ។ ប៉ុន្តែ​អ្នក​ស្រី​បាន​លើកឡើង​ថា អ្នកស្រី​នឹង​បន្ត​គោរព​តាម​វិធានការ​អនាម័យ និង​ការ​រក្សា​គម្លាត​សុវត្ថិភាព។

កម្មកររោងចក្ររង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កម្មករបានចាប់ផ្តើមនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។
កម្មកររោងចក្ររង់ចាំទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កម្មករបានចាប់ផ្តើមនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

លោក​ ប៉ាវ​ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​និយាយ​ថា ជា​រឿង​វិជ្ជមាន​មួយ​ដែល​កម្មករ​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​ចាក់វ៉ាក់សាំង ខណៈ​វិស័យកាត់ដេរ​នៅ​បន្ត​​ដំណើរ​ទៅ​មុខ​អំឡុងពេល​​ការ​រាតត្បាត​ជំងឺ​​ ​ដោយ​មិន​មាន​ការ​បង្អាក់។

លោក ស៊ីណា បាន​ថ្លែង​ថា«ខ្ញុំ​គិត​ថា​នេះ​ជា​ឱកាស​ល្អ​មួយ» ដោយ​លោក​ស្នើ​ឲ្យ​កម្មករ​ទាំងអស់​នៅ​ក្នុង​វិស័យ​នេះ​ស្ម័គ្រចិត្ត​ទទួល​ការ​ចាក់វ៉ាក់សាំង។

​​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​កម្មករ​ទាំងអស់​ចូលរួម​ចាក់វ៉ាក់សាំង​ដើម្បី​បង្ការ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ប្រសិន​បើ​មាន​កម្មករ​ខ្លះ​ចាក់​ ហើយ​ខ្លះ​មិនបាន​ចាក់ នេះ​ហានិភ័យ​នៅ​តែ​មាន»

លោក​ ខេន លូ អគ្គលេខាធិការ​សមាគម​កាត់ដេរ​កម្ពុជា (GMAC) បាន​ស្នើឲ្យ​ថ្នាក់​គ្រប់គ្រង​រោងចក្រ​អប់រំ​នយោជិត​ពី​អត្ថប្រយោជន៍​នៃ​ការ​ចាក់វ៉ាក់សាំង បន្ទាប់​ពី​មាន​ការ​របាយការណ៍​មួយ​ចំនួន​ស្តី​ពី​កម្មករ​មាន​ការ​សង្ស័យ​ជុំវិញ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង។​​

លោក​ខេន លូ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ស្នើ​ឲ្យ​សមាជិក​រោងចក្រ និង​កម្មករ​ទាំង​អស់​ កុំ​ឲ្យ​ជឿ​ព័ត៌មាន​ក្លែងក្លាយ»

លោក​បាន​បន្ត​ថា លោក​មិនដឹង​ថា មាន​កម្មករ​ប៉ុន្មាន​​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​វ៉ាក់សាំង​នោះ​ទេ។

បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ថ្មី ​ចំនួន​៩១​ករណី​ នៅថ្ងៃ​ពុធ ក្នុងនោះមាន៩០ករណី ឆ្លងក្នុងសហគមន៍​ ដោយ​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​កើន​ដល់​ ២៩១៥ករណី នឹងមាន​អ្នកស្លាប់២២​នាក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment Worker Vaccinations Begin in Phnom Penh

487 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម