ស្របពេលដែលការបំបៅដោះកូននៅកម្ពុជាធ្លាក់ចុះ កម្មការិនីនៅតាមរោងចក្រកាត់ដេរ បានជំរុញឲ្យមានទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅជិតរោងចក្រដែលខ្លួនធ្វើការ។ ការជំរុញនេះធ្វើឡើងស្របពេលមានការពិភាក្សាលើរបាយការណ៍ដែលថាការបំបៅដោះជួយដល់សុខភាពមាតា និងទារក ព្រមទាំងប្រសិទ្ធភាពការងារកើនឡើងផងដែរ។
អង្គការយូនីសេហ្វ អង្គការទស្សនៈពិភពលោក និងអង្គការដៃគូមួយចំនួនទៀតបានព្រមានចំពោះការធ្លាក់ចុះយ៉ាងគំហុកនៃអត្រាបំបៅដោះកូននៅកម្ពុជា ដែលអត្រានេះបានបង្ហាញក្នុងការធ្វើការស្ទង់មតិលើប្រជាជន និងសុខភាពឆ្នាំ២០២១-២០២២។
អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វលើកឡើងថាការបំបៅដោះកូនជាវិធីសាស្រ្តល្អបំផុតមួយជួយកូនឲ្យចៀសផុតពីបញ្ហាខ្វះអាហារូបត្ថម្ភ និងជួយធានាបានថាកូនមានសុខភាព និងការលូតលាស់រាងកាយបានល្អ។ អង្គការអន្តរជាតិទាំងនេះបន្តថា៖ «ម្ដាយដែលបំពៅដោះកូនមានអត្រាហានិភ័យវិវត្តទៅមានជំងឺមហារីកសុដន និងមហារីកក្រពេញអូវែ តិចជាងអ្នកមិនបំបៅដោះកូន នេះជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត»។
កម្មការិនី ធី សុផានី វ័យ៣២ឆ្នាំ ធ្វើការនៅរោងចក្រ Can Sport Shoes ក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ខេមបូចា ថាគួរតែមានការបង្កើតកន្លែងមើលក្មេង ឬកន្លែងបំបៅដោះនៅជិតរោងចក្រដែលមានបរិយាកាសល្អសម្រាប់ម្ដាយ និងកូនៗ។ ការធ្វើបែបនេះ ក៏អាចនឹងជួយឲ្យស្រ្តីជាម្ដាយអាចផ្ដោតអារម្មណ៍ធ្វើការបានល្អផងដែរ។
អ្នកស្រី សុផានី លើកឡើងទៀតថា៖ «ម្ដាយអាចជួបកូនបានពីរដងក្នុងមួយថ្ងៃ ដែលនេះនឹងធ្វើឲ្យពួកគាត់មានអារម្មណ៍ស្រណុកចិត្ត និងផ្ដោតលើការងារបានល្អ។ បន្ថែមពីនេះ ពួកគាត់នឹងមានកន្លែងសមរម្យសម្រាប់បំបៅដោះកូន និងធានាថាកូនមានសុខភាពល្អ»។
បើសិនជាម្ចាស់រោងចក្រសាងសង់ទារកដ្ឋានជាមួយនឹងបរិក្ខាសមរម្យរួមទាំងបរិស្ថាន សម្ភារៈផ្សេង និងមានអ្នកមើលថែក្មេងផង កម្មការិនីពិតជាអាចយកកូនរបស់ពួកគេមកទុកនៅទីនេះ។ យ៉ាងណា អ្នកស្រីថា ខាងរោងចក្រអ្នកស្រីមិនទាន់មានកន្លែងបែបនេះនៅឡើយ។ ដើម្បីឲ្យអ្វី ទាំងនេះកើតឡើងទៅបាន ត្រូវការការជួយគាំទ្រពីរដ្ឋាភិបាល។
អ្នកស្រីបន្តថា៖ «វាពិតជាល្អណាស់បើមានទារកដ្ឋាននៅជិតរោងចក្រ ប៉ុន្តែទាំងម្ចាស់រោងចក្រ និងរដ្ឋាភិបាលគួរជួយដល់កម្មករ។ កម្មការិនីដែលមានកូនតូច នឹងលែងសូវបារម្ភពីកូនរបស់ខ្លួន។ ជាមួយគ្នានោះ កូនៗក៏អាចទទួលបានសុខភាពល្អផងដែរ»។
អ្នកស្រីបន្តថា ការបង្កើតទារកដ្ឋាន ម្ចាស់រោងចក្រត្រូវតែគោរពតាមច្បាប់ស្ដីពីការងារ។ ចំណែករដ្ឋាភិបាលក៏គួរផ្ដល់ការគាំទ្រ និងធានារសុខុមាលភាពរបស់កម្មករកាត់ដេរបន្ថែមទៀត។ អ្នកស្រីថា៖ «វាគួរតែត្រូវបានអនុវត្តទៅតាមច្បាប់ស្ដីពីការងារ និងសុវត្ថិភាពរបស់កម្មករ»។
បើតាមការសិក្សាមួយរបស់ការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំអាស៊ី និងប៉ាស៊ីហ្វិក ស្រ្តី១០នាក់ក្នុងចំណោម១០នាក់ដែលបានសម្ភាន៍លើកឡើងថារោងចក្ររបស់ខ្លួនមិនមានទារកដ្ឋាននោះទេ ហើយមានពីរនាក់ក្នុងចំណោម១០នាក់ បានអះអាងថាការបំបៅដោះមិនអនុញ្ញាតទេក្នុងរោងចក្រខ្លួន។
ការសិក្សាក៏បានបង្ហាញដែរថា ទារកដ្ឋានដែលមានទាំងអ្នកមើលថែទារក នៅជិតរោងចក្រនឹងជួយឲ្យស្រ្តីជាម្ដាយអាចបំពេញការងារបានកាន់តែល្អ និងថែមទាំងអាចធ្វើការថែមម៉ោងបានទៀតផង។
កម្មការិនីម្នាក់ទៀតឈ្មោះ លីណា វ័យ២៧ ធ្វើការនៅរោងចក្រ Star Shoes ក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងដែរថា កម្មការិនីខ្លះបានទុកកូនតូចឲ្យនៅជាមួយឪពុកម្ដាយរបស់ខ្លួន ហើយពួកគេតែងតែបារម្ភជានិច្ចថាឪពុកម្ដាយមិនអាចមើលថែកូនរបស់ខ្លួនបានល្អ។ ហេតុនេះបើសិនជាមានទារកដ្ឋាននៅក្បែររោងចក្រនឹងជួយកម្មការិនីបានច្រើន។
លីណា លើកឡើងថា៖ «ភាគច្រើននៃពួកយើងបានទុកកូននៅជាមួយឪពុកម្ដាយ វាពិតជាល្អបើសិនជាមានទារកដ្ឋាននៅជិតរោងចក្រ»។
កម្មការិនីម្នាក់ទៀតឈ្មោះ ឡោ ស្រីមុំ វ័យ៣២ ឆ្នាំធ្វើការនៅរោងចក្រ U&Y ក្នុងខេត្តកណ្ដាលឲ្យដឹងថាអ្នកស្រី គាំទ្រនឹងគំនិតក្នុងការបង្កើតឲ្យមានទារកដ្ឋាន ព្រោះថាវាមានគុណប្រយោជន៍ដល់កម្មករ និងជួយគាំទ្រស្រ្តីក្រោយសម្រាលកូនផងដែរ។
អ្នកស្រីបន្តថា៖ «ជាធម្មតា កម្មការិនី ទុកកូនៗរបស់ខ្លួននៅជាមួយឪពុកម្ដាយ ប៉ុន្តែបើសិនជាមានទារកដ្ឋានដែលមានបរិយាកាសល្អ និងមានអ្នកថែទាំទារក ឬក្មេងៗផង យើងនឹងមានពេលច្រើនសម្រាប់ធ្វើការ និងមិនមានការបារម្ភ»។
អគ្គលេខាធិការងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង មូនីកា ប្រាប់ខេមបូចាថាការបង្កើតឲ្យមានទារកដ្ឋាននៅជិតរោងចក្រជួយដល់កម្មការិនីជាម្ដាយគឺជារឿងល្អ។
លោកឲ្យដឹងថា៖ «វានឹងជួយដល់កម្មការិនីបានច្រើន»។ លោកបន្ថែមថារយៈពេលកន្លងមករោងចក្រជាច្រើនប្រឈមនឹងបញ្ហាក្នុងការបង្កើតទារកដ្ឋាន ដោយសារតែបញ្ហាជំនាញ និងថវិកា។
លោករំឭកដែរថាកាលពីមុនក៏មិនមានទារកដ្ឋាន ឬមតេយ្យសហគមន៍ ដូចនេះលោកថាលោកនឹងបន្តចូលរួមឲ្យអស់លទ្ធភាពក្នុងការបង្កើតឲ្យមានទារកដ្ឋានអនុលោមទៅតាមគោលនយោបាយរដ្ឋាភិបាល។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ប្រាប់ខេមបូចាថាកាលគម្រោងលើកមុន ក្រសួងបានសហការជាមួយដៃគូមួយចំនួនបង្កើតទារកដ្ឋានចំនួន១៣នៅក្នុងខេត្តចំនួនពីរ។
លោកបន្តថា ពេលនេះ ក្រសួងកំពុងសិក្សារកកន្លែងបង្កើតទារកដ្ឋាននេះដែរ។ វាពិតជាមានសារសំខាន់ណាស់ដែលមានទារកដ្ឋាននៅជិតតំបន់រោងចក្រ ប៉ុន្តែមិនមែននៅក្នុងរោងចក្រ ព្រោះវាអាចប៉ះពាល់សុខភាពក្មេង។
លោកបន្ថែមថា៖ «យើងចង់ឲ្យមានទារដ្ឋាន និងមតេ្តយ្យសហគមន៍ដែលមានស្ដង់ដា ដូចនេះកម្មការិនីមិនសូវព្រួយបារម្ភពីកូនៗ ដោយកូនៗ ពួកគាត់អាចនៅក្នុងទារកដ្ឋាន និងបានរៀនសូត្រនៅក្នុងមតេ្តយ្យសហគមន៍ផង»។
ស្របពេលដែលមានគម្រោងសាងសង់ទារកដ្ឋាន ឬមតេ្តយ្យសហគមន៍ ក្រសួងបន្តស្វែងរកកិច្ចសហការពីដៃគូ និងអ្នកវិនិយោគ ព្រោះថារដ្ឋាភិបាលត្រូវការការវិនិយោគដើម្បីឲ្យគម្រោងនេះសម្រេចបាន។
លោកឲ្យដឹងថា៖ «យើងត្រូវការអ្នកវិនិយោគ។ យើងអាចមើលដែរថានិយោជកមានថវិកាសម្រាប់ជួយកម្មករ និងមើលដែរថាក្រសួង ឬរដ្ឋាភិបាលមានថវិកាសម្រាប់គម្រោងនេះឬអត់។ ដូចនេះយើងនៅតែស្ថិតក្នុងការសម្រេចចិត្ត និងបន្តការផ្សព្វផ្សាយតាមរោងចក្រ»។
អ្នកស្រី សាយ សុខនី អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ បានគត់សម្គាល់ឃើញថាមិនមានរោងចក្រច្រើនទេដែលដាក់ឲ្យដំណើរការទារកដ្ឋាន ឬមតេ្តយ្យសហគមន៍នៅក្បែររោងចក្រ។
អ្នកស្រីបន្តថា៖ «បញ្ហានេះមិនមែនជាបញ្ហានៅតែក្នុងរោងចក្រកាត់ដេរទេ ប៉ុន្តែកន្លែងធ្វើការជាច្រើនកន្លែងទៀតក៏មិនមានបន្ទប់បំបៅដោះដែរ»។
បើតាមមាត្រា១៨៤នៃច្បាប់ស្ដីពីការងារ ទារកវ័យមួយឆ្នាំចុះក្រោម ម្ដាយអាចបំបៅដោះពួកគេបានរហូតដល់រយៈពេលមួយម៉ោងក្នុងមួយថ្ងៃនៃម៉ោងធ្វើការ។
ចំណែកមាត្រា១៨៦ ចែងដែរថានាយកសហគ្រាសដែលមានកម្មករលើសពី១០០នាក់គួរតែរៀបចំឲ្យមានបន្ទប់បំបៅដោះសម្រាប់ស្រ្តីមានកូនតូច។
ស្រ្តីជាម្ដាយដែលកំពុងបម្រើការងារអាចបែងចែកម៉ោងពេលបំបៅដោះកូនជាពីរដោយអាចព្រឹក៣០នាទី និងរសៀល៣០នាទី ដោយមានការឯកភាពជាមួយនឹងនិយោជក។ បើសិនជាមិនមានការយល់ព្រមទេ ម៉ោងទាំងនោះនឹងត្រូវយកទៅប្រើនៅចុងម៉ោងនៃម៉ោងធ្វើការ។
អ្នកស្រីសុខនី បន្តថា៖ «ច្បាប់គឺល្អ ប៉ុន្តែអ្វីដែលខ្ញុំបានឮពីកម្មករ កម្មការិនីភាគច្រើនទុកកូននៅជាមួយឪពុកម្ដាយនៅឯផ្ទះ ដូចនេះទើបពួកគេអាចមកធ្វើការបានស្រួល ពីព្រោះថានៅរោងចក្រមិនមានទារកដ្ឋានទេ»។
កម្ពុជាបានប្ដេជ្ញាចិត្តជំរុញឲ្យអត្រាបំបៅដោះកូនពីអាយុសូន្យខែ ដល់ប្រាំមួយខែ ឲ្យកើនឡើងដល់៨៥ភាគរយនៅត្រឹមឆ្នាំ២០៣០។
គិតពីខែមករា ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣ កម្មការិនីចំនួន៤០០ ០០០នាក់បានសម្រាលកូន។ នេះបើតាមតាមវីដេអូឯកសាររបស់អង្គការសង់ត្រាល់ ដោយផលិតផ្អែកលើរបាយការណ៍មួយរបស់ក្រសួងការងារ។
អង្គការសង់ត្រាល់លើកឡើងថា រដ្ឋាភិបាលគួរតែរៀបចំឲ្យមានទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅជិតរោងចក្រ ព្រោះថាចំនួនកម្មករជាស្រ្តីមានច្រើន ដូចនេះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់កម្មករសម្រាប់រយៈពេលវែង ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
ក្នុងជំនួបជាមួយកម្មករកាត់ដេរកាលពីខែសីហា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងក្រសួងផ្សេងទៀតរៀបចំផែនការសកម្មភាពសម្រាប់ពីរឆ្នាំបន្ទាប់ ដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅតំបន់ឧស្សាហកម្ម។
មន្ត្រីទំនាក់ទំនងរបស់អង្គការយូណេសេហ្វ លោក ចាន់ ទី បានឆ្លើយតបមកខេមបូចាតាមអ៊ីម៉ែលថា នៅកម្ពុជាក្នុងកម្រិតថ្នាក់ជាតិអត្រាបំបៅដោះកូនមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ គឺពី៧៤ភាគរយនៅឆ្នាំ២០០៥ មកនៅ៥០ភាករយនៅឆ្នាំ២០២២។
ជាចំនួនគួរឲ្យកត់សម្គាល់ កម្លាំងពលកម្មជាស្រ្តីមានការកើនឡើង និងមានប្រហែលជា៧០ភាគរយមានអាយុ១៥ឆ្នាំឡើង។ ហេតុនេះ ការមានបរិយាកាសល្អសម្រាប់គាំទ្រដល់ការបំបៅដោះកូនគឺជារឿងចាំបាច់។
លោកសរសេរទៀតថា៖ «ទាំងអង្គការយូនីសេហ្វ អង្គការទស្សនៈពិភពលោក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បានសហការជាមួយរដ្ឋាភិបាលដោយផ្ដោតលើការកែប្រែគោលនយោបាយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការចូលរួមរបស់សហគមន៍ដើម្បីបង្កើនការបំបៅដោះ ក៏ដូចជាការបង្កើនសុខុមាលភាពម្ដាយ និងទារក»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment Workers Ask For Workplace Nurseries to Enable Breastfeeding and Protect Children’s Health