សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរទ្បើង៤ដុល្លាបន្ថែមសម្រាប់​ឆ្នាំ២០២៤

កិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាសភាពត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងការងារ រាជធានីភ្នំពេញ។ (ខេមបូចា/ ឃួន ណារីម)
កិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាសភាពត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងការងារ រាជធានីភ្នំពេញ។ (ខេមបូចា/ ឃួន ណារីម)

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរចំនួន​៤ដុល្លារ​​​បន្ថែម ដែលសរុបប្រាក់ឈ្នូលអប្បបរមាប្រចាំខែទ្បើងដល់២០៤ដុល្លាសម្រាប់ឆ្នាំ២០២៤​ ខណៈកម្មករ និងសហជីពឯករាជ្យ​មិនទាន់ពេញចិត្តតួលេខនេះនៅឡើយ។

តាម​រយៈ​កិច្ច​ប្រជុំចុងក្រោយរបស់​​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាដែលមានសមាសភាពត្រីភាគី នៅថ្ងៃទី២៨ ខែកញ្ញា សំឡេងភាគច្រើនក្នុងចំណោម៥១សំឡេងគាំទ្រតួលេខ២០២ដុល្លារ ​ដែល​រដ្ឋាភិបាល​​បាន​​ស្នើបន្ថែម​លើ​ប្រាក់ឈ្នូលអប្បបរមា​បច្ចុប្បន្ន​ ខាងនិយោជកក៍បានបោះឆ្នោតគាំទ្រតួលេខនេះ​ដែរ។

ក្នុង​ចំណោម​សមាជិក​៥១​រូប រួមមានសមាជិក៤៦​រូប​បាន​បោះ​ឆ្នោត​គាំទ្រតួលេខប្រាក់ឈ្នួល​​អប្បបរមា​ចំនួន​២០២​ដុល្លារ និង​​៥​សំឡេង​គាំ​ទ្រ​តួលេខ​របស់​សហជីពចំនួន២១៣ដុល្លារ ហើយតួលេខចំនួន​២០៤​ដុល្លារ​របស់សហជីពផ្សេងទៀត មិនមានសំឡេងបោះឆ្នោតគាំទ្រទេ។ បន្ទាប់ពីបោះឆ្នោតរួច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់ឱ្យចំនួន២ដុលារបន្ថែមលើតួលេខ២០២ដុល្លារ ដូច្នេះសរុបប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករកាត់ដេរសម្រាប់ឆ្នាំ២០២៤​ មានចំនួន២០៤ដុល្លារ។​

រដ្ឋមន្ត្រីក្រសួងការងារ លោក​ ហេង សួរ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បានអន្តរាគមន៍លើការចរចានេះ ដោយបានន្ថែម២ដុល្លា​បន្ថែមលើតួលេខដែលក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​​អប្បបរមាបានសម្រេចបោះឆ្នោតគាំទ្រ២០២​ដុល្លា។

លោកបន្តថា៖ «ចឹងប្រាក់​ឈ្នួល​​អប្បបរមាសម្រាប់ឆ្នាំ២០២៤នេះគឺមានចំនួន២០៤ដុល្លារអាមេរិក​ក្នុងមួយខែ»

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនឹងត្រូវចាប់អនុវត្តពីថ្ងៃទី១​ ខែមករា ឆ្នាំ២០២៤។

លោក ទូច គឹមថត អាយុ៣០ឆ្នាំ កម្មកររោងចក្រមួយកន្លែង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ យល់​ឃើញ​ថា ប្រាក់ឈ្នួលអប្បបរមាត្រឹមតែ២០៤ដុល្លារនេះ វាមិនទាន់អាចជួយសម្រាលជីវិតកម្មករបាន​នៅ​ឡើយ​ទេ ព្រោះកម្មកររាល់ថ្ងៃ ពួកគាត់ត្រូវការចំណាយច្រើន ដូចជាលើបន្ទប់ជួលផង លើម្ហូប​អាហារ​ហូប​ចុកផង លើថ្លៃកូនរៀនសូត្រផង និងត្រូវសងបំណុលធនាគារ ដែលជំពាក់គេផង។

លោក គឹមថត បន្តថា លោកចង់បានប្រាក់ឈ្នួលអប្បបរមា២១៥ដុល្លារ ទើបសមរម្យ ប៉ុន្តែលោក​ថា នេះ​គឺ​ជាការសម្រេចចិត្តរបស់រដ្ឋាភិបាលទៅហើយ ដែលលោកមិនអាចបដិសេធបាន។ កម្មករ​រូបនេះ បានឱ្យ​ដឹង​ថា គាត់មានកូនពីរនាក់នៅក្នុងបន្ទុក ហើយមួយផ្នែកធំ ត្រូវចំណាយ និងផ្គត់ផ្គង់កូនៗឱ្យទៅ​រៀនសូត្រ និង​មួយ​ផ្នែកធំទៀត គឺត្រូវសងបំណុលធនាគារ ដែលលោកចាត់ទុកថានេះគឺជាការប្រឈម និងទុក្ខកង្វល់​របស់​លោកជារៀងរាល់ថ្ងៃ

លោកបញ្ជាក់ថា៖ «បើតាមខ្ញុំមិនទាន់បានសមរម្យទេប៉ុណ្នឹង(២០៤$) ដោយសារយើងឥឡូវ វាស្អីក៏ថ្លៃ​ទាំងអស់ បន្ទប់ជួលក៏ឡើងថ្លៃ ការចំណាយក៏ច្រើន»។

អ្នកស្រី យឿន ចាន់ធឿន អាយុ៣២ឆ្នាំ ជាកម្មការិនី ក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេសនៃក្រុងប៉ោយប៉ែត លើកឡើងប្រាក់ឈ្នួលអប្បបរមាដែលសម្រេចយក២០៤ដុល្លារនេះ តិចតួចមែនទែន ស្របពេលទំនិញក្នុង​ទីផ្សារ​ឡើងថ្លៃគ្រប់មុខ​ ទាំងថ្លៃសាំង ថ្លៃធ្វើដំណើរ និងថ្លៃអគ្គិសនីជាដើម។ ជាមួយគ្នានេះ រោងចក្រ​លែង​មាន​ការងារឱ្យកម្មករធ្វើការងារថែមម៉ោងដូចមុន ដូច្នេះប្រាក់ឈ្នួលអប្បបរមាក៏តិច ហើយប្រាក់ថែម​ម៉ោង​ក៏គ្មាន ជាហេតុឱ្យកម្មករកាន់តែលំបាក ហើយជីវិតកាន់តែធ្ងន់ធ្ងរថែមទៀត។ អ្នកស្រីបន្តថា អ្នកស្រីមាន​កូនពីរ​នាក់​នៅ​ក្នុងបន្ទុកដែលម្នាក់នៅតូចកំពុងបំបៅទឹកដោះគោ និងម្នាក់បានទៅសាលារៀន ដែលមាន​តម្រូវ​ការជា​ច្រើន​ក្នុងការចំណាយប្រចាំថ្ងៃ។

លោកស្រីអះអាងថា៖ «និយាយរួមទៅ រាល់ថ្ងៃមានន័យថា ចាយអត់គ្រប់ទេ ខ្ចីគេថែម បើកមកសងគេៗ ហើយខ្ចីគេទៀត»

កម្មករ​កាត់​ដេរ​ជិះ​លើ​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ធ្វើ​ការ​នៅ​ខេត្ត​តាកែវ។ រូបថតថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ដោយឡែកលោក ផាន បូរី ប្រធានសហជីពការពារសិទ្ធិកម្មកររបស់រោងចក្រមួយ ក្នុងរាជធានីភ្នំពេញ យល់ឃើញថា ប្រាក់ឈ្នួលប៉ុណ្នឹង មិនទាន់អាចជួយសម្រួលជីវភាព និងទុក្ខលំបាករបស់កម្មករបាននៅឡើយទេ ដោយរាល់ថ្ងៃនេះទំនិញ​ក្នុងទីផ្សារ​ឡើងថ្លៃហួស​ពេក ជាមួយនេះកម្មករភាគច្រើនណាស់ មិនហ៊ានទិញ ឬហូបម្ហូបអាហារ​ដែលមានតម្លៃថ្លៃ និងឆ្ងាញ់ទេ។

លោកបន្តថា៖ «ប្រាក់ឈ្នួល២០៤ដុល្លារនេះ យើងមើលឃើញថាវានៅតែមិនទាន់ផ្គត់ផ្គង់​ ក៏ដូចជា​ធ្វើឱ្យ​កម្មករ​និយោជិកយើងដែលនៅប្រទេសកម្ពុជាយើង ទទួលបាននៅការប្រើប្រាស់ ឬក៏ប្រាក់ចំណូល​មួយ​ដែលសមរម្យ វាមិនទាន់អាចធានាបាននៅក្នុងការរស់នៅ ដោយសមរម្យ»

រដ្ឋមន្ត្រីការងារ លោក ហេង សួរ ក៍បានបញ្ជាក់មន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា​មិនមែន​ជា​ដំណោះ​ស្រាយតែមួយទេ​ ក៍ប៉ុន្តែការខិតខំកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូន​កម្មករ​និយោជិត​ដែល​ក្រសួងនឹងយកចិត្តទុកដាក់ធ្វើបន្ថែមទៀត។​

លោករដ្ឋមន្ត្រីបន្ថែមថា៖ «ប្រាក់ឈ្នួលកំណើននេះ​ទៀតសោត​ ក៏យើងបានយកទៅប្រៀធៀប​ជាមួយ​នឹង​បណ្តាប្រទេសផ្សេងៗទៀតដែលផលិតនូវផលិតផលសំលៀកបំបាក់ ស្បែកជើង ក៏ដូចជាផលិតផល​ធ្វើ​ដំណើរ ជារួមកដល់ម៉ោងនេះកម្ពុជា​យើងនៅតែជាប្រទេសតែមួយគត់​ដែលដំទ្បើងប្រាក់ឈ្នួល​អប្បបរមា​ក្នុងចំណោមប្រទេសដែលផលិតនូវសំលៀកបំពាក់ ស្បែកជើង ​និងកាបូបនៅអាស៊ីរបស់យើង»

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា លោកបាន​តាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយ​លើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺ​ជាអាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួល​ជូនទៅភាគី​និយោជក។

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំបានសម្រេចបន្ថែម២ដុល្លារក្នុង១ខែទៅលើតួលេខ២០២ដុល្លារ ដែល​ជា​លទ្ធផល​បោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារក្នុង១ខែ (កើន៤ដុល្លារប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម​២០០​ដុល្លា)»

កម្មករ​កាត់​ដេរ​ជិះ​លើ​ឡាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ធ្វើ​ការ​នៅ​ខេត្ត​តាកែវ។ រូបថតថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មាន​ប្រសាសន៍​ថា​ លោកពិបាក​ទទួល​យកដែរ​តួលេខ​នេះ ខណៈអតិផរណាទីផ្សារមានការកើនទ្បើង២,៥ភាគរយ ដូច្នេះការដំឡើង​នេះ​វាអត់ស្មើនឹងតម្លៃ​អតិផរណាផង ហើយវានឹងធ្វើឱ្យការចំណាយបងប្អូនកម្មករ​ជួបនូវការខ្វះខាតមន្ថែមទៀត។

លោកបញ្ជាក់ថា៖ «ការផ្តល់ជូនវាហាក់ដូចជាអត់ទាន់បានឆ្លើយតបនឹងជីវភាពរស់នៅនៅទ្បើយទេ»

លោកបន្ថែមថា បើនោះបីវិបត្តិសេដ្ឋកិច្ចពិភពលោកទាក់ទងសង្គ្រាមរុស្សី និងអ៊ុយក្រែន ក៏ប៉ុន្តែភាគីនិយោជក​បានទទួលការអនុគ្រោះច្រើនពីរាជរដ្ឋាភិបាលទៅលើដំណើរសង្វាក់ផលិតកម្មការងាររបស់គាត់ផងដែល។

​លោក ណាង សុធី​​ អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ពុជា ដែលតំណាងឱ្យ​និយោជក​ថ្លែងថា ខាងនិយោជកយល់ស្របតាមរដ្ឋាភិបាលដែលបានកំណត់​និងដំឡើងតួលេខ។

លោក សុធី បន្តថា៖ «ខាងនិយោជកយើងអាចទទួលយកបាន បាទ ស័ក្តិសមដែលអាចទទួលយកបាន»

លោកបានបន្ថែមថា មានការដោះដូរពីរាជរដ្ឋាភិបាលក្នុងការសម្រួល​តម្លៃភស្តុភាកម្ម​ដែលកន្លងមក​រដ្ឋាភិបាល​​​មិនបានយកចិត្តទុកដាក់ ហើយសង្ឃឹមថា អាណត្តិទី៧នេះ លោកនាយករដ្ឋមន្ត្រី​នឹងពិចារណា​កាត់បន្ថយភស្តុភារកម្មដែលជាបន្ទុកបន្ថែមលើថ្លៃដឹកជញ្ជូនរបស់វាយនភណ្ឌនោះ អាចថយដែល​នយោជក​ស្នើ​សុំ៣០ភាគរយ។

គូសបញ្ជាក់ផងដែរថា តាមរយៈកិច្ចពិភាក្សាត្រីភាគី កាលពីព្រឹកថ្ងៃទី១៨នេះ ខាងភាគីនិយោជកដំឡើង​ប្រាក់ឈ្នូលបន្ថែមចំនួន១,៥០ដុល្លារ (២០១,៥០ដុល្លារ) ចំណែកឯខាងភាគីរាជរដ្ឋាភិបាលដំឡើង​ឱ្យត្រឹម​២ដុល្លារ (២០២ដុល្លារ) ខណៈពេលខាងភាគីសហជីពឯករាជ្យស្នើ១៣ដុល្លារ (២១៣ដុល្លារ) និងសហជីព​ផ្សេងទៀតស្នើដំឡើងត្រឹម៤ដុល្លារ (២០៤ដុល្លារ)៕

1,103 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម