សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព

កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព
កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព

កម្មករកាត់ដេរនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និង​ កំពង់ឆ្នាំង បានស្នើ​ឱ្យ​ក្រុមហ៊ុន​របស់ពួកគេដំឡើងកង្ហារទឹកនៅក្នុង​រោងចក្រចំពេលមានការកើនឡើងកម្តៅ​។

ការអំពាវនាវនេះ ធ្វើឡើងភ្លាមៗ បន្ទាប់​ពី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​កាលពីថ្ងៃ​ទី៩ ខែមេសា បាន​ចេញ​សេចក្តី​ណែនាំមួយ​ឲ្យ​រោងចក្រ និងក្រុមហ៊ុន​ បាញ់ទឹកលើដំបូល និង​ដំឡើងកង្ហារឲ្យ​បាន​គ្រប់គ្រាន់ ដើម្បីបន្ថយ​កម្តៅ​។

កម្មករបានស្នើសុំកង្ហារទឹកច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មាន​ក្រុមហ៊ុនណាមួយផ្តល់​ជូននោះទេ ដោយ​​លើកឡើងថា «ចំណាយច្រើន» ដូច្នេះពួកគេ «មិនអាចមានលទ្ធភាពទិញវាបានទេ» ទោះបីជាកម្មករ​បាន​បញ្ជូន​លិខិតស្វែងរកដំណោះស្រាយទៅ​ក្រសួង និង​អតិថិជន​របស់​ក្រុមហ៊ុនក៏ដោយ​។លោក ឈន ចាន់ ដែលបានបម្រើការងារនៅរោងចក្រ​ Bowker Garment (Cambodia) Co Ltd អស់រយៈពេល ១១ឆ្នាំ បានប្រាប់ខេមបូចា​ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអាកាសធាតុក្តៅ​ខ្លាំង ជាពិសេសនៅរដូវប្រាំង ដែលកើតឡើងនៅចន្លោះខែកុម្ភៈ និង​ឧសភា។ ជាឧទាហរណ៍ សីតុណ្ហភាពនៅក្នុងរោងចក្រនេះ បានកើនឡើងដល់ជាង​៣៧អង្សា​​​​នៅពាក់កណ្តាលខែមីនា ដែលជាទូទៅមានត្រឹម​៣៤​អង្សា​​។

យោងតាមក្រសួងធនធានទឹក និងឧតុនិយមបាន​ឲ្យ​ដឹង​ថា​ រដូវប្រាំងឆ្នាំនេះ ត្រូវ​គេ​រំពឹងថា នឹងអូសបន្លាយដល់ខែឧសភា ដែលមានសីតុណ្ហភាពខ្ពស់ដល់ទៅ៤១​អង្សាសេ

លោក ឈន ចាន់​ បាននិយាយថា ជាង៥០​ភាគរយនៃកម្មករប្រហែល ៤​០០០នាក់​មាន​អារម្មណ៍​ថា ខ្សោយ​កម្លាំង​ដោយសារកម្តៅ​ព្រោះរោង​ចក្រ​នេះ​ប្រើ​តែកង្ហារធម្មតាប៉ុណ្ណោះ។

លោក ឈន ចាន់ បាន​និយាយថា៖ «វាធ្វើឱ្យ [កម្មករ] ខ្សោយ​ ដោយសារកន្លែងធ្វើការក្តៅខ្លាំង ដូច្នេះវាប៉ះពាល់ដល់សុខ​​ភាព​របស់យើង។ សាក​គិតមើល​ យើងធ្វើការប្រាំបីម៉ោងក្នុងមួយថ្ងៃ ហើយ​​បន្ថែមពីរ​ម៉ោងទៀត។ ដូច្នេះ​ សរុប​ទាំង​អស់​​១០​ម៉ោង។ យើង​មាន​អា​រម្មណ៍​​​​ថា ​ក្តៅ​​​ចាប់​ពី​ម៉ោង៨ព្រឹកដល់ម៉ោង​៥ល្ងាច»

លោក ចាន់ បន្តថា៖ «កម្តៅ​មិនថយចុះទេ។ យើងចូលទៅក្នុងអាគារនៅម៉ោង៨​ព្រឹក ហើយយើងបែកញើស។ បើ​យើង​មិន​ខំ​​​ទេ យើង​នឹង​មិនបាន​​​លទ្ធផល​ទេ ដូច្នេះ​យើង​ត្រូវតែ​ប្រឹងប្រែង​»

ដោយ​សារ​បញ្ហា​នេះ ពួក​គាត់​​បាន​ស្នើ​ទៅ​ក្រសួង​ការងារ ក្រុមហ៊ុន និង​ក្រុមហ៊ុន Adidas ដែល​ជា​អ្នក​បញ្ជា​ទិញឲ្យជួយ​ដោះ​ស្រាយបញ្ហា​​​កង្ហារ​​ទឹក​កាលពី៣ទៅ៤ឆ្នាំ​មុន ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ថ្មី​​ទេ។

លោក ឈន ចាន់ បាន​និយាយថា៖ «ខ្ញុំ​បាន​ស្នើ​ឲ្យ​គាត់​បាញ់​ទឹក​លើ​ដំបូល ឬ​ដំឡើង​កង្ហារ​ទឹក​អស់​រយៈពេល៣ ទៅ៤ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ដោះស្រាយ​ទេ ព្រោះ​វា​ចំណាយ​ច្រើន»។ 

លោក ចាន់ បាន​បន្តថា៖ «យើងបានជជែក​ជាមួយក្រសួង ហើយបានដាក់សំណើ [អំពី​កង្ហារ​ទឹក] ហើយគាត់​ថា ក្រុមហ៊ុននឹងដោះស្រាយបញ្ហា​នេះ ប៉ុន្តែដំណោះស្រាយ គឺជួសជុល​និង​សម្អាតកង្ហារចាស់​។ [វា] [មិនអីទេ] ក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែវាប្រែជាដូច​មុន​ដដែល» ដោយ​បាន​បន្ថែម​​ថា កម្មករ​ព្រួយបារម្ភថា តើ​អាកាស​ធាតុ​ក្តៅ​​ខ្លាំងនឹង​ចប់​​នៅ​ពេលណា​។

រោងចក្រកាត់ដេរមួយ​នៅភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា​/ ព្រីង សំរាំង​)

អ្នកស្រី ឆន ចន្នី អាយុ៣៥ឆ្នាំ តំណាងកម្មកររោងចក្រខេត្តកណ្តាលបាន​ឱ្យដឹងថា អ្នកស្រីមាន​អារម្មណ៍ថា សីតុណ្ហភាពឆ្នាំនេះក្តៅ​ជាងឆ្នាំមុន ដោយបន្ថែមថា កម្មកររោងចក្រប៉ះពាល់​ដោយ​សារ​​កម្តៅ​អំឡុង​ម៉ោងធ្វើការ។

អ្នក​ស្រី​ធ្វើការនៅក្រុម​ហ៊ុន​ Yi Da Manufacturer Co Ltd អស់រយៈពេលប្រាំពីរឆ្នាំ​មកហើយ​។ ក្រុមហ៊ុនដែលមានបុគ្គលិកចំនួន៤ ៦០០នាក់ផលិតខោខូវប៊យសម្រាប់នាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក។

អ្នក​ស្រីនិយាយ​​​ថា៖​ «កន្លង​មក កម្មករ​មាន​សុខភាព​ខ្សោយ ខ្លះ​ដួល​សន្លប់​ពេលកំ​ពុង​​ធ្វើ​ការ។ ស្ត្រីមានផ្ទៃពោះប្រឈម​នឹង​ស្ថានភាពលំបាកបំផុត ដោយសារពួកគេ​រងផល​ប៉ះពាល់​ដោយ​សារ​​កំដៅ ហើយត្រូវ​ស្រូប​​ក្លិន និងសារធាតុគីមី»

អ្នកស្រីបញ្ជាក់ថា៖ «សូម្បីតែមនុស្សធម្មតាក៏គិតថា វាពិបាកសម្រាប់ពួកគេ​ដែរ។ សូម​ស្រមៃ​មើលថា តើស្ត្រីមានផ្ទៃពោះមានអារម្មណ៍យ៉ាងណា។ មានតែស្ត្រីដែលធ្លាប់​មានគភ៌ប៉ុណ្ណោះ ទើបយល់អំពីរឿងនេះ» ដោយអ្នកស្រី​ជំរុញឱ្យក្រសួង និងអ្នកពាក់ព័ន្ធពិនិត្យមើលបញ្ហានេះ។

អ្នក​ស្រី​បានស្នើឱ្យក្រសួង​ជំរុញឱ្យ​រោងចក្រ​ពិនិត្យមើលលក្ខខណ្ឌការងារនៅក្នុងរោងចក្រ និង​គិតអំពីសុខុមាលភាពរបស់កម្មករនារដូវក្តៅនេះ។ អ្នកស្រី​ ចាន់នី បាន​និយាយ​ថា កន្លង​មក​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ទេ​ ដោយ​សារពួក​គេ​ខ្លាច​ខាត​​បង់​ប្រាក់​ដោយ​ការ​ទិញ​កង្ហារ​ទឹក​សម្រាប់​​កម្មករ។

លោក កាន់ សុខវី តំណាងកម្មករមកពីក្រុមហ៊ុន Can Sports Shoes Co., Ltd ប្រចាំខេត្ត​កំពង់ឆ្នាំងមានប្រសាសន៍ថា លោក​ព្រួយបារម្ភអំពីសុខភាពរបស់លោក​ បន្ទាប់​ពី​មានជំងឺ​វិលមុខ និងឈឺក្បាល ដោយសារអាកាសធាតុកាន់តែក្តៅ​ខ្លាំង​។

លោក សុខវី ដែលរោងចក្ររបស់​លោក​ផលិតស្បែកជើង​ម៉ាក​​ Adidas បាននិយាយថា ពួកគេ​ដាក់​កង្ហារទឹកនៅកន្លែង​ក្តៅក្នុងអាគារ ប៉ុន្តែពួកគេ​​គួរតែដាក់នៅគ្រប់កន្លែង​។ មាន​បុគ្គលិក​ប្រហែល ៨ ៦០០​នាក់​ធ្វើការ​នៅ​ទីនោះ។

លោក សុខវី និយាយថា៖ «ខ្ញុំសង្ឃឹមថា រោង​ចក្រ​​អាចផ្តល់កង្ហារទឹកសម្រាប់កម្មករ​ទាំងអស់ មិនត្រឹមតែនៅកន្លែងក្តៅប៉ុណ្ណោះទេ។ វាពិបាកសម្រាប់យើង ប៉ុន្តែយើងគ្មានជម្រើសទេ។ ទោះ​បីជា​ក្តៅ​ ក៏​យើង​ត្រូវ​ធ្វើ​ការ ​ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។ យើង​ត្រូវ​តែ​ស៊ូទ្រាំ​»

លោក យី វណ្ណថា អាយុ៤១ឆ្នាំ ដែលធ្វើការនៅក្រុមហ៊ុន HC Global Textile Co Ltd នៅ​ខេត្ត​តាកែវ បាននិយាយថា រោងចក្របានរៀបចំប្រព័ន្ធទឹក បន្ទាប់ពីត្រូវបាន​ស្នើ​សុំឱ្យត្រួត​ពិនិត្យ​បរិស្ថានក្នុងអគារដែលមានកម្មករជាង១០០០នាក់។

លោក វណ្ណថា ដែល​បាន​ធ្វើ​ការ​ងារនៅរោងចក្រនេះអស់រយៈ​ពេល​៥​ឆ្នាំ​បាន​និយាយថា ក្រុមហ៊ុន​នេះ​ផលិត​សម្លៀក​បំពាក់ និង​អា​វ​​ក្រៅ​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​អឺរ៉ុប​។

លោកបាននិយាយថា៖ «យើងចង់ឱ្យពួកគេយកចិត្តទុកដាក់ចំពោះយើងបន្ថែមទៀត មិ​ន​​មែន​ត្រឹមតែក្នុងរដូវក្តៅនៅពេលដែលយើងស្នើសុំនោះ​ទេ ពីព្រោះប្រាក់ចំណូល​របស់យើង​ក៏ថយ​ចុះ​ផងដែរនៅពេលដែលវា​ក្តៅ ដោយសារកម្មករមិនអាចធ្វើការថែមម៉ោងបានបើធៀបនឹងរដូវ​ត្រជាក់»

រោងចក្រនេះ​ក៏មានបញ្ហាទឹកក្នុងបន្ទប់​ទឹក​ផង​ដែរ។ លោក​បាននិយាយ​​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ​ពួក​គេ​នឹង​រក​​ដំណោះ​ស្រាយ» ដោយ​បន្ថែម​ថា បញ្ហា​បន្ទប់​ទឹក​​មិន​គ្រាន់​​​តែ​ទាក់​ទង​នឹង​បញ្ហា​ទឹក​ អំឡុង​​រដូវ​ក្តៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេញ​មួយ​ឆ្នាំ។

ទិដ្ឋភាព​ខាងក្នុង​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​បង្ហាញ​កម្មករ​កាត់ដេរ​អង្គុយ​ធ្វើការ​ក្រោម​កង្ហារ​ចំពេល​អាកាសធាតុ​ក្តៅ។ (រូបភាព​ផ្តល់ឱ្យ​)

កាលពីថ្ងៃអង្គារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់រោងចក្រទាំងអស់​ឱ្យបើកបង្អួច ឬបន្ថែមកង្ហារបឺត​ខ្យល់ បង្កើនទឹកស្អាតសម្រាប់​ទទួល​​ទាន​ បាញ់ទឹក​ដាក់​ដំបូល​ពីរដងក្នុងមួយថ្ងៃ ពិនិត្យប្រព័ន្ធបឺត​ខ្យល់ និងចាត់តាំង​បុគ្គលិកឱ្យត្រួតពិនិត្យទែម៉ូម៉ែត្រនៅ​កន្លែងធ្វើការ។ 

លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU) មាន​ប្រសា​សន៍​ថា កម្មករ​រោងចក្រ​កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​ថៅកែ​​រោងចក្រ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព​កម្មករ។

កន្លង​មក ​លោកស្រី​បាន​ដាក់​លិខិត​ទៅ​ក្រសួង និង​រោងចក្រ​ដែល​ជា​សមាជិក របស់​ CATU ដើម្បី​ដំឡើង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​បន្ថែម និង​កង្ហារ​ទឹក​ក្នុង​រោងចក្រ។

លោកស្រី សោភ័ណ្ឌ បានថ្លែងថា៖ «វាមានសារៈសំខាន់ណាស់ ពី​ព្រោះ​នៅពេល​ដែលរោង​ចក្រ​ចង់ផលិតបរិមាណជាក់លាក់មួយ ពួកគេចាំបាច់​ត្រូវផ្តល់​ឲ្យកម្មករនូវ [កន្លែង​ធ្វើការ] ដែលមានសុវត្ថិភាព ព្រោះវាពិតជាក្តៅនៅក្នុង​រដូវក្តៅ ដែលអាចជាបញ្ហាប្រឈមនឹង​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​»

លោកស្រីបានបន្ថែមថា បុគ្គលិកដែលមានបរិយាកាសការងារល្អអាចបំពេញការងារបានល្អ ដែលនឹងបង្កើនជីវភាព និងផលិតភាពរបស់ពួកគាត់​។

អ្នកស្រីបន្ថែមទៀតថា៖ «ដូច្នេះ ខ្ញុំសូមទទូច​ឱ្យថៅកែ​រោងចក្រ សហគ្រាស ក្រសួង និងភាគី​ពាក់ព័ន្ធដទៃទៀតដោះ​ស្រាយ​ស្ថានភាពកម្មករ និងធានាលក្ខខណ្ឌការងារប្រកប​ដោយ​សុវត្ថិភាព​នៅរដូវក្តៅនេះ សម្រាប់​កម្មកររោងចក្រនៅទូទាំងប្រទេសកម្ពុជា។ ពួកគេប្រ​ឈម​នឹងបញ្ហាជាច្រើនជារៀង​រាល់ថ្ងៃ។ ពួកគេ គឺជាធនធានដ៏សំខាន់ក្នុងការជួយ​សេដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន»

408 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម